ទំនុកដំកើង 18

18
ទំនុក​សំរាប់​មេ​ភ្លេង ដែល​ស្តេច​ដាវីឌ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​លើក ទ្រង់​បាន​ទូល​អស់​ទាំង​ពាក្យ​នៃ​ទំនុក​នេះ​ដល់​ព្រះ‌យេហូវ៉ា នៅ​វេលា​ដែល​ព្រះ​បាន​ជួយ​ឲ្យ​រួច​ពី​ដៃ​នៃ​គ្រប់​ទាំង​ពួក​ខ្មាំង​សត្រូវ ហើយ​ពី​កណ្តាប់​ដៃ​សូល គឺ​ទ្រង់​ទូល​ថា
1ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​ស្រឡាញ់​ទ្រង់
2ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ជា​បន្ទាយ
ហើយ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​ទូលបង្គំ
គឺ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្មដា​ដែល​ទូលបង្គំ​យក​ជា​ទី​ពឹង
ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូលបង្គំ
ហើយ​ជា​ប៉ម​យ៉ាង​ខ្ពស់​ផង
3ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា
ដែល​ទ្រង់​គួរ​សរសើរ
យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​សង្គ្រោះ
រួច​ពី​ពួក​សត្រូវ​របស់​ទូលបង្គំ។
4៙ ឯ​ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ជុំវិញ​ទូលបង្គំ
ហើយ​ជំនន់​នៃ​សេចក្ដី​ទុច្ចរិត​បាន​បំភ័យ​ទូលបង្គំ
5ចំណង​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​រួប​ជុំវិញ​ទូលបង្គំ
អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​ទាក់​ទូលបង្គំ
6ក្នុង​គ្រា​ដែល​ទូលបង្គំ​មាន​សេចក្ដី​វេទនា
នោះ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា
ទូលបង្គំ​បាន​ស្រែក​ទូល​ដល់​ព្រះ​នៃ​ទូលបង្គំ
ទ្រង់​ក៏​ឮ​សំឡេង​ទូលបង្គំ ពី​ក្នុង​ព្រះ‌វិហារ​ទ្រង់
ហើយ​សំរែក​ដែល​ទូលបង្គំ​ស្រែក នៅ​ចំពោះ​ទ្រង់
ក៏​ឮ​ដល់​ព្រះ‌កាណ៌​ទ្រង់
7នោះ​ផែនដី​បាន​កក្រើក ឫស​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រញ្ជួយ
ហើយ​រំពើក​ឡើង ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ
8មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ទ្រង់
ហើយ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​បញ្ឆេះ​បំផ្លាញ
ក៏​កាត់​ឡើង​ជា​រងើក​ដែរ
9ទ្រង់​បាន​បន្ទាប​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក
មាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់
10ទ្រង់​គង់​លើ​ចេរូប៊ីន​ហោះ​មក
អើ ទ្រង់​ក៏​សំកាំង​នៅ​លើ​ខ្យល់
11ទ្រង់​បាន​យក​សេចក្ដី​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់
ជា​ពន្លា​នៅ​ព័ទ្ធ​ជុំវិញ
គឺ​ជា​ទី​ងងឹត​នៃ​ទឹក ជា​ពពក​យ៉ាង​ក្រាស់​នៅ​លើ​មេឃ
12ពពក​យ៉ាង​ក្រាស់​របស់​ទ្រង់​ក៏​រសាត់​ចេញ
ដោយ​រស្មី​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ព្រឹល
នឹង​រងើក​ភ្លើង​ផង
13ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​នៅ​លើ​មេឃ
ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​បញ្ចេញ​ព្រះ​សូរ‌សៀង
ព្រម​ទាំង​ព្រឹល នឹង​រងើក​ភ្លើង​ផង
14ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេ
នឹង​រន្ទះ​ជា​ច្រើន ទៅ​បំបាក់​ពួក​គេ
15នោះ​បាត​ផ្លូវ​ទឹក​ក៏​លេច​ឡើង
ហើយ​ឫស​លោកីយ​បាន​បើក​ឲ្យ​ឃើញ
ដោយ​ទ្រង់​បន្ទោស ឱ​ព្រះ‌យេហូវ៉ា​អើយ
គឺ​ដោយ​ឮ​សូរ​ខ្យល់​គំហុក ចេញ​ពី​ព្រះ‌នាសា​ទ្រង់
16ទ្រង់​បាន​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់​មក
ចាប់​ស្រង់​ទូលបង្គំ​ចេញ​ពី​ទឹក​ធំ
17ទ្រង់​បាន​ដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ
ហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ​ដែរ
ដ្បិត​គេ​មាន​កំឡាំង​ជាង​ទូលបង្គំ
18នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ត្រូវ​វេទនា នោះ​គេ​បាន​សង្ខុញ
មក​លើ​ទូលបង្គំ
ប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ជន្ទល់​នៃ​ទូលបង្គំ
19ទ្រង់​បាន​នាំ​ទូលបង្គំ​ចេញ​ទៅ​នៅ​ឯ​ទី​ធំ​ទូលាយ
ទ្រង់​បាន​ដោះ​ទូលបង្គំ​ឲ្យ​រួច ដ្បិត​ទ្រង់​ស្រឡាញ់
ដល់​ទូលបង្គំ
20ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់​មក
តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ
ទ្រង់​បាន​សង​ទូលបង្គំ តាម​សេចក្ដី​បរិសុទ្ធ​នៃ​ដៃ​ទូលបង្គំ
21ដ្បិត​ទូលបង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា
ហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ទូលបង្គំ
ដោយ​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ឡើយ
22ពី​ព្រោះ​គ្រប់​ទាំង​ច្បាប់​របស់​ទ្រង់​ក៏​នៅ​ចំពោះ​មុខ​ទូលបង្គំ
ហើយ​ទូលបង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រិត្យ​ណា​មួយ
របស់​ទ្រង់​ឡើយ
23ទូលបង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ទ្រង់
ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​របស់​ទូលបង្គំ
24ហេតុ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​រង្វាន់​មក​ទូលបង្គំ
តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធ
នៃ​ដៃ​ទូលបង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់
25នៅ​ចំពោះ​អ្នក​មាន​ចិត្ត​មេត្តា នោះ​ទ្រង់​នឹង​សំដែង​អង្គ
ទ្រង់​ជា​អ្នក​មាន​ចិត្ត​មេត្តា​ដែរ
នៅ​ចំពោះ​មនុស្ស​គ្រប់​លក្ខណ៍ នោះ​ទ្រង់​នឹង​សំដែង
អង្គ​ទ្រង់​ជា​អ្នក​គ្រប់​លក្ខណ៍
26នៅ​ចំពោះ​អ្នក​បរិសុទ្ធ នោះ​ទ្រង់​នឹង​សំដែង​អង្គ​ទ្រង់​ជា
អ្នក​បរិសុទ្ធ​ដូច​គ្នា
ហើយ​នៅ​ចំពោះ​មនុស្ស​ក្រវិច‌ក្រវៀន នោះ​ទ្រង់​នឹង
សំដែង​អង្គ​ទ្រង់​ជា​អ្នក​ប្រទាំង​នឹង​គេ​វិញ
27ដ្បិត​ទ្រង់​នឹង​ជួយ​សង្គ្រោះ​មនុស្ស​ដែល​រង​វេទនា
តែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃ នោះ​ទ្រង់​នឹង​បន្ទាប​គេ​ចុះ​វិញ
28ដ្បិត​ទ្រង់​នឹង​អុជ​ប្រទីប​របស់​ទូលបង្គំ
ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី
ងងឹត​នៃ​ទូលបង្គំ​ភ្លឺ​ឡើង
29ពី​ព្រោះ​ដោយ​ពឹង​ទ្រង់ នោះ​ទូលបង្គំ​នឹង​រត់​ចូល​ទៅ
ត​នឹង​កង‌ទ័ព
ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​លោត
រំលង​កំផែង​បាន
30ឯ​ព្រះ ផ្លូវ​នៃ​ទ្រង់​គ្រប់​លក្ខណ៍
ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ហើយ
ទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់
31ដ្បិត​តើ​អ្នក​ណា​ជា​ព្រះ បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ
ហើយ​ក្រៅ​ពី​ព្រះ​នៃ​យើង​ខ្ញុំ នោះ​តើ​អ្នក​ណា​ជា​ថ្មដា
32គឺ​ជា​ព្រះ​ដែល​ក្រវាត់​ទូលបង្គំ​ដោយ​កំឡាំង
ហើយ​ក៏​ធ្វើ​ឲ្យ​ផ្លូវ​ទូលបង្គំ​បាន​គ្រប់​លក្ខណ៍​ដែរ
33ទ្រង់​ធ្វើ​ឲ្យ​ជើង​ទូលបង្គំ​បាន​ដូច​ជា​ជើង​ក្តាន់
ក៏​ដាក់​ទូលបង្គំ​ឲ្យ​ឈរ នៅ​កន្លែង​ខ្ពស់​របស់​ទូលបង្គំ
34ទ្រង់​បង្ហាត់​ដៃ​ទូលបង្គំ​ឲ្យ​ស្ទាត់​ច្បាំង
ឲ្យ​ដៃ​ទូលបង្គំ​អាច​ដំឡើង​ធ្នូ​លង្ហិន​បាន។
35៙ ទ្រង់​បាន​ប្រទាន​ខែល ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​មក​ទូលបង្គំ
ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​ទប់‌ទល់​ទូលបង្គំ
ហើយ​សេចក្ដី​ស្រទន់​របស់​ទ្រង់​ក៏​ធ្វើ​ឲ្យ​ទូលបង្គំ​បាន​ជា​ធំ
36ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូលបង្គំ​បាន​ទូលាយ​ចេញ​ទៅ
ហើយ​ជើង​ទូលបង្គំ​មិន​បាន​រឥល​ភ្លាត់​ឡើយ
37ទូលបង្គំ​នឹង​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ​ឲ្យ​ទាន់
ក៏​មិន​ងាក​បែរ​មក​វិញ ដរាប​ដល់​គេ​វិនាស​បង់​អស់​រលីង
38ទូលបង្គំ​នឹង​ចាក់​ទំលុះ​គេ ឲ្យ​គេ​ក្រោក​ឡើង​វិញ​មិន​រួច
គេ​នឹង​ដួល​នៅ​ក្រោម​ជើង​ទូលបង្គំ
39ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូលបង្គំ ដោយ​កំឡាំង
សំរាប់​ធ្វើ​ចំបាំង
ទ្រង់​បាន​បង្ក្រាប​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ
ឲ្យ​គេ​នៅ​ក្រោម​ទូលបង្គំ​វិញ
40ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង​នៅ​មុខ​ទូលបង្គំ
ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ប្រហារ​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ
41គេ​បាន​ស្រែក​ឡើង តែ​គ្មាន​អ្នក​ណា​ជួយ​សោះ
ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា
តែ​ទ្រង់​មិន​ឆ្លើយ​មក​ឡើយ
42ទូលបង្គំ​បាន​វាយ​គេ​កំទេច​ឲ្យ​ល្អិត
ដូច​ផង់​ធូលី​ដែល​ផាត់​ដោយ​ខ្យល់
ទូលបង្គំ​បាន​បោះ​គេ​ចោល​ចេញ​ដូច​ជា​ភក់​ពី​ផ្លូវ
43ទ្រង់​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​ប្រជា‌ជន
ទ្រង់​បាន​តាំង​ទូលបង្គំ​ឡើង ជា​កំពូល​លើ​អស់​ទាំង​នគរ
សាសន៍​១​ដែល​ទូលបង្គំ​មិន​ទាន់​ស្គាល់
នឹង​មក​គោរព​ប្រតិ‌បត្តិ​ដល់​ទូលបង្គំ
44វេលា​ណា​ដែល​បាន​ឮ​និយាយ​ពី​ទូលបង្គំ
នោះ​គេ​នឹង​ស្តាប់​តាម​ភ្លាម
ពួក​សាសន៍​ដទៃ​នឹង​គោរព​ចុះ​ចូល​ចំពោះ​ទូលបង្គំ
45ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅ
ហើយ​នឹង​ចេញ​ពី​ទី​សំងាត់​របស់​ខ្លួន ដោយ​ភ័យ​ញ័រ
46ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ
សូម​សរសើរ​ដល់​ថ្មដា​នៃ​ទូលបង្គំ
ក៏​សូម​ឲ្យ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូលបង្គំ បាន​ថ្កើង​ឡើង
47គឺ​ជា​ព្រះ​ដ៏​ជួយ​សង‌សឹក​ជំនួស​ទូលបង្គំ
ហើយ​បង្ក្រាប​អស់​ទាំង​សាសន៍​ឲ្យ​បាន​ចំណុះ​ទូលបង្គំ​ដែរ
48ទ្រង់​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ
អើ ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង ខ្ពស់​ជាង​ពួក​អ្នក
ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ​ទៅ​ទៀត
ទ្រង់​ក៏​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង
49ហេតុ​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​កណ្តាល
អស់​ទាំង​សាសន៍​ដទៃ
ហើយ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់
50ទ្រង់​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ​ដល់​ស្តេច​របស់​ទ្រង់
ក៏​សំដែង​សេចក្ដី​សប្បុរស ដល់​អ្នក​ដែល​ទ្រង់​បាន​ចាក់
ប្រេង​តាំង​ឲ្យ
គឺ​ដល់​ដាវីឌ នឹង​ពូជ‌ពង្ស​ត​រៀង​ទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 18: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល