មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ គឺជាអ្នកដែលដើរតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា មានពរហើយ អស់អ្នកដែលរក្សាទុកនូវសេចក្ដីបន្ទាល់ របស់ទ្រង់ ជាអ្នកដែលស្វែងរកទ្រង់ឲ្យអស់ពីចិត្ត អើ ពួកនោះមិនដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺគេដើរតាមផ្លូវរបស់ទ្រង់វិញ ទ្រង់បានប្រកាសសេចក្ដីបញ្ញត្តរបស់ទ្រង់មក ដើម្បីឲ្យយើងខ្ញុំបានកាន់តាមដោយម៉ត់ចត់ ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់ កាលណាទូលបង្គំរាប់អានអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ កាលណាទូលបង្គំបានរៀនអស់ទាំងខច្បាប់ដ៏សុចរិត របស់ទ្រង់ នោះទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដោយចិត្តទៀងត្រង់ ទូលបង្គំនឹងកាន់តាមច្បាប់របស់ទ្រង់ ឱសូមកុំលះចោលទូលបង្គំឲ្យអស់រលីងឡើយ។ ៙ មនុស្សកំឡោះនឹងសំអាតផ្លូវដែលខ្លួនប្រព្រឹត្ត ដោយសារអ្វី គឺដោយប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់ ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្ត ឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់ របស់ទ្រង់ឡើយ ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ ឱព្រះយេហូវ៉ាអើយ ទ្រង់មានពរហើយ សូមបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ បបូរមាត់ទូលបង្គំបានសំដែងពីគ្រប់ទាំងច្បាប់ ដែលចេញពីព្រះឱស្ឋទ្រង់មក ទូលបង្គំបានត្រេកអរក្នុងផ្លូវប្រព្រឹត្តតាម សេចក្ដីបន្ទាល់របស់ទ្រង់ ឲ្យស្មើនឹងសេចក្ដីអំណរចំពោះទ្រព្យសម្បត្តិគ្រប់យ៉ាង ទូលបង្គំនឹងរំពឹងគិតពីសេចក្ដីបញ្ញត្តរបស់ទ្រង់ ហើយនឹងស្រឡាញ់រាប់អានអស់ទាំងផ្លូវរបស់ទ្រង់ ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ។ ៙ សូមប្រោសអ្នកបំរើរបស់ទ្រង់ ដោយគុណដ៏ប្រសើរ ប្រយោជន៍ឲ្យទូលបង្គំបានរស់នៅ ហើយកាន់តាមព្រះបន្ទូលទ្រង់ សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្ដីអស្ចារ្យ នៅក្នុងក្រិត្យវិន័យរបស់ទ្រង់ ទូលបង្គំជាមនុស្សគ្រាន់តែស្នាក់នៅផែនដីប៉ុណ្ណោះ សូមកុំលាក់សេចក្ដីបង្គាប់របស់ទ្រង់នឹងទូលបង្គំឡើយ ព្រលឹងទូលបង្គំសង្រេង ដោយនឹករឭកដល់ច្បាប់ទ្រង់គ្រប់ពេលវេលា ទ្រង់បានបន្ទោសមនុស្សឆ្មើងឆ្មៃ ដែលត្រូវបណ្តាសាហើយ ជាពួកអ្នកដែលវង្វេងចេញពីសេចក្ដីបង្គាប់របស់ទ្រង់ សូមដកយកការដំនៀល នឹងការមើលងាយពីទូលបង្គំចេញ ដ្បិតទូលបង្គំបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ទុក មានទាំងពួកអ្នកធំបានអង្គុយប្រឹក្សាគ្នា ទាស់នឹងទូលបង្គំដែរ អ្នកបំរើរបស់ទ្រង់បាននឹករំពឹងតែពីសេចក្ដីបញ្ញត្ត របស់ទ្រង់វិញ ទូលបង្គំយកសេចក្ដីបន្ទាល់ទ្រង់ ទុកជាសេចក្ដីអំណររបស់ខ្លួន ហើយជាសេចក្ដីដំបូន្មានផង។ ៙ ព្រលឹងទូលបង្គំឈ្លក់នៅនឹងធូលីដី សូមប្រោសទូលបង្គំឲ្យភ្ងារឡើង តាមព្រះបន្ទូលទ្រង់ ទូលបង្គំបានទូលសំដែងពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ ហើយទ្រង់បានឆ្លើយមក សូមបង្រៀនអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំផង សូមឲ្យទូលបង្គំបានយល់ក្នុងផ្លូវឱវាទរបស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងនឹករំពឹងពីការអស្ចារ្យទ្រង់ ព្រលឹងទូលបង្គំរលាយទៅ ដោយសេចក្ដីធ្ងន់ចិត្ត សូមចំរើនកំឡាំងដល់ទូលបង្គំ តាមព្រះបន្ទូលនៃទ្រង់ សូមដកការប្រព្រឹត្តដោយភូតភរពីទូលបង្គំចេញ ហើយអនុញ្ញាតប្រទានក្រិត្យវិន័យរបស់ទ្រង់មកទូលបង្គំ ដោយព្រះគុណ ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ហើយ ទូលបង្គំបានតាំងច្បាប់របស់ទ្រង់នៅចំពោះភ្នែកដែរ ទូលបង្គំកាន់ខ្ជាប់តាមសេចក្ដីបន្ទាល់របស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់ទ្រង់ ដ្បិតទ្រង់បានពង្រីកចិត្តទូលបង្គំឡើងហើយ។ ៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវ នៃអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំ នោះទូលបង្គំនឹងកាន់តាមដរាបដល់ចុងបំផុត សូមប្រទានឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំ នឹងកាន់តាមក្រិត្យវិន័យទ្រង់ អើ ទូលបង្គំនឹងរក្សាទុកឲ្យអស់ពីចិត្តផង សូមបណ្តាលឲ្យទូលបង្គំដើរទៅតាមផ្លូវច្រកនៃសេចក្ដីបង្គាប់ របស់ទ្រង់ ដ្បិតទូលបង្គំមានសេចក្ដីរីករាយក្នុងផ្លូវនោះ សូមធ្វើឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីបន្ទាល់ របស់ទ្រង់ កុំឲ្យល្អៀងទៅខាងសេចក្ដីលោភឡើយ សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍ ហើយប្រោសឲ្យទូលបង្គំមានកំឡាំងឡើងក្នុងផ្លូវទ្រង់ សូមសំរេចដល់អ្នកបំរើទ្រង់តាមព្រះបន្ទូល ជាសេចក្ដីដែលទុកសំរាប់ពួកអ្នកកោតខ្លាចដល់ទ្រង់ សូមបង្វែរសេចក្ដីដំនៀលដែលទូលបង្គំខ្លាចនោះ ចេញពីទូលបង្គំទៅ ដ្បិតច្បាប់នៃទ្រង់សុទ្ធតែល្អ មើល ទូលបង្គំបាននឹកអាល័យដល់បញ្ញត្តទាំងប៉ុន្មាន របស់ទ្រង់ សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ដោយសេចក្ដីសុចរិតរបស់ទ្រង់។ ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីសប្បុរសទ្រង់ផ្សាយមកដល់ទូលបង្គំ គឺជាសេចក្ដីសង្គ្រោះរបស់ទ្រង់ តាមព្រះបន្ទូលទ្រង់ យ៉ាងនោះ ទូលបង្គំនឹងមានពាក្យចំឡើយដល់អ្នកណា ដែលត្មះតិះដៀលទូលបង្គំ ដ្បិតទូលបង្គំទុកចិត្តនឹងព្រះបន្ទូលទ្រង់ សូមកុំដកព្រះបន្ទូលដ៏ពិតចេញពីមាត់ទូលបង្គំ អស់រលីងឡើយ ដ្បិតទូលបង្គំបានសង្ឃឹមដល់ច្បាប់នៃទ្រង់ យ៉ាងនោះ ទូលបង្គំនឹងកាន់តាមក្រិត្យវិន័យទ្រង់ជានិច្ច នៅអស់កល្បជានិច្ចរៀងតទៅ ទូលបង្គំនឹងដើរទៅដោយសេរីភាព ដ្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តនៃទ្រង់ ទូលបង្គំនឹងពោលពីសេចក្ដីបន្ទាល់របស់ទ្រង់ នៅចំពោះពួកស្តេច ឥតដែលត្រូវខ្មាសឡើយ ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្ដីបង្គាប់ របស់ទ្រង់ ជាសេចក្ដីដែលទូលបង្គំបានស្រឡាញ់ ទូលបង្គំនឹងលើកដៃប្រណម្យចំពោះសេចក្ដីបង្គាប់ របស់ទ្រង់ ដែលទូលបង្គំបានស្រឡាញ់ ហើយនឹងរំពឹងគិតពីបញ្ញត្តទ្រង់។ ៙ សូមទ្រង់នឹកចាំពីសេចក្ដីដែលទ្រង់មានបន្ទូល ដល់អ្នកបំរើទ្រង់ ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសេចក្ដីសង្ឃឹម នេះហើយជាសេចក្ដីកំសាន្តចិត្តដល់ទូលបង្គំ ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ គឺព្រះបន្ទូលទ្រង់បានប្រោស ឲ្យទូលបង្គំមានកំឡាំងឡើង ពួកអ្នកឆ្មើងឆ្មៃបានមើលងាយទូលបង្គំពន់ពេក ប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រិត្យវិន័យទ្រង់ឡើយ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីបញ្ញត្តទ្រង់ ដ៏មានពីបុរាណមក ជាការនាំឲ្យទូលបង្គំបានក្សាន្តចិត្ត ទូលបង្គំមានសេចក្ដីគ្នាន់ក្នាញ់មកគ្របសង្កត់ចិត្ត ដោយព្រោះមនុស្សអាក្រក់ ដែលបោះបង់ចោល ក្រិត្យវិន័យរបស់ទ្រង់ អស់ទាំងបញ្ញត្តរបស់ទ្រង់ជាបទចំរៀងរបស់ទូលបង្គំ នៅក្នុងផ្ទះដែលទូលបង្គំអាស្រ័យនៅ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីព្រះនាមទ្រង់ នៅវេលាយប់ ហើយបានកាន់តាមក្រិត្យវិន័យទ្រង់ សេចក្ដីនេះបានកើតដល់ទូលបង្គំ ដោយព្រោះបានរក្សាទុកនូវបញ្ញត្តរបស់ទ្រង់។ ៙ ឯចំណែកនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានពោលថា ត្រូវឲ្យទូលបង្គំរក្សាអស់ទាំង ព្រះបន្ទូលនៃទ្រង់ ទូលបង្គំបានទូលអង្វរដល់ទ្រង់អស់ពីចិត្ត សូមទ្រង់មេត្តាប្រោសដល់ទូលបង្គំ តាមព្រះបន្ទូលទ្រង់ ទូលបង្គំបាននឹកពីផ្លូវប្រព្រឹត្តរបស់ខ្លួន នោះបានបំបែរជើងទៅតាមសេចក្ដីបន្ទាល់របស់ទ្រង់វិញ ទូលបង្គំមិនបានបង្អែបង្អង់ឡើយ គឺបានប្រញាប់នឹងរក្សាអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំជុំវិញ តែទូលបង្គំមិនបានភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ នៅកណ្តាលអធ្រាត្រ ទូលបង្គំនឹងក្រោកឡើង ដើម្បីអរព្រះគុណដល់ទ្រង់ ដោយព្រោះអស់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់ ទូលបង្គំជាមិត្រភក្តិនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយនឹងអស់អ្នកដែលរក្សាបញ្ញត្តទ្រង់ដែរ ឱព្រះយេហូវ៉ាអើយ ផែនដីមានពេញដោយ សេចក្ដីសប្បុរសរបស់ទ្រង់ សូមបង្រៀនសេចក្ដីបញ្ញត្តទ្រង់ដល់ទូលបង្គំផង។ ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់បានប្រោសអ្នកបំរើទ្រង់ ដោយល្អ តាមព្រះបន្ទូលនៃទ្រង់ សូមបង្រៀនឲ្យទូលបង្គំមានប្រាជ្ញាឆ្លុះយល់ ហើយចេះដឹងយ៉ាងល្អ ដ្បិតទូលបង្គំបានជឿចំពោះសេចក្ដីបង្គាប់នៃទ្រង់ហើយ កាលមុនដែលទូលបង្គំកើតទុក្ខព្រួយ នោះទូលបង្គំបានវង្វេងទៅ តែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ សូមបង្រៀនបញ្ញត្តទ្រង់ ដល់ទូលបង្គំ ពួកមនុស្សឆ្មើងឆ្មៃបានបង្កើតសេចក្ដីភូតភរ ទាស់នឹងទូលបង្គំ តែទូលបង្គំនឹងរក្សាទុកនូវបញ្ញត្តទ្រង់យ៉ាងអស់ពីចិត្ត ចិត្តគេស្ពឹកដូចជាមនុស្សមានខ្លាញ់ខន់ តែទូលបង្គំមានចិត្តអំណរចំពោះក្រិត្យវិន័យទ្រង់វិញ ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់ ក្រិត្យវិន័យដែលចេញពីព្រះឱស្ឋទ្រង់មក នោះវិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ ទាំងពាន់ផង។ ៙ ព្រះហស្តនៃទ្រង់បានបង្កើត ហើយតាំងទូលបង្គំឡើង សូមប្រោសឲ្យទូលបង្គំមានយោបល់ ដើម្បីនឹងរៀនឲ្យបានស្គាល់សេចក្ដីបង្គាប់របស់ទ្រង់ ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ គេនឹងឃើញទូលបង្គំ ហើយមានសេចក្ដីអំណរ ដោយព្រោះទូលបង្គំបាន សង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងហើយថា អស់ទាំងខច្បាប់របស់ទ្រង់សុទ្ធតែសុចរិត ហើយថា ទ្រង់បានធ្វើឲ្យទូលបង្គំកើតមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់ទេ ទូលបង្គំទូលអង្វរដល់ទ្រង់ សូមឲ្យសេចក្ដីសប្បុរស របស់ទ្រង់ផ្សាយមកជួយដោះទុក្ខទូលបង្គំ តាមសេចក្ដីដែលទ្រង់មានបន្ទូលដល់អ្នកបំរើទ្រង់ហើយ សូមប្រទានសេចក្ដីមេត្តាករុណារបស់ទ្រង់មកទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិតស្ថិតស្ថេរនៅ ដ្បិតទូលបង្គំយកក្រិត្យវិន័យទ្រង់ជាសេចក្ដីអំណរដល់ខ្លួន សូមឲ្យពួកមនុស្សឆ្មើងឆ្មៃត្រូវមានសេចក្ដីខ្មាសវិញ ដ្បិតគេបានប្រព្រឹត្តក្រវិចក្រវៀននឹងទូលបង្គំ ដោយឥតហេតុ តែទូលបង្គំនឹងរំពឹងគិតពីបញ្ញត្តទ្រង់ សូមឲ្យអស់អ្នកដែលកោតខ្លាចដល់ទ្រង់ បានបែរមកឯទូលបង្គំ នោះគេនឹងស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់ផង សូមឲ្យចិត្តទូលបង្គំបានជាប់ស៊ប់នឹងបញ្ញត្តទ្រង់ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ ៙ ព្រលឹងនៃទូលបង្គំភ្លឹកទៅ ដោយប្រាថ្នាចង់បាន សេចក្ដីសង្គ្រោះរបស់ទ្រង់ ទូលបង្គំក៏សង្ឃឹមដល់ព្រះបន្ទូលទ្រង់ ភ្នែកទូលបង្គំស្រវាំងទៅ ដោយចង់បានព្រះបន្ទូលនៃទ្រង់ ហើយទូលបង្គំនិយាយថា តើកាលណាបានទ្រង់ ដោះទុក្ខទូលបង្គំទៅ ដ្បិតទូលបង្គំបានត្រឡប់ដូចជាថង់ស្បែកដែលត្រូវផ្សែង តែទូលបង្គំមិនភ្លេចបញ្ញត្តទ្រង់ឡើយ តើថ្ងៃអាយុនៃអ្នកបំរើទ្រង់បានប៉ុន្មានទៅ តើដល់កាលណាបានទ្រង់សំរេចទោស ដល់ពួកអ្នកដែលបៀតបៀនទូលបង្គំ ពួកមនុស្សឆ្មើងឆ្មៃបានជីករណ្តៅសំរាប់ចាប់ទូលបង្គំ ជាការប្រព្រឹត្តលើ្មសចំពោះក្រិត្យវិន័យទ្រង់ អស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់សុទ្ធតែស្មោះត្រង់ ឯគេៗបៀតបៀនទូលបង្គំដោយឥតហេតុ សូមជួយទូលបង្គំផង គេបានធ្វើឲ្យទូលបង្គំហៀបតែនឹងសូន្យបាត់ពីផែនដីទៅ ប៉ុន្តែទូលបង្គំមិនបានបោះបង់ចោលបញ្ញត្តទ្រង់ទេ សូមចំរើនកំឡាំងនៃទូលបង្គំ តាមសេចក្ដីសប្បុរស របស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងបានរក្សាសេចក្ដីបន្ទាល់ ដែលចេញពីព្រះឱស្ឋទ្រង់មក។
អាន ទំនុកដំកើង 119
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 119:1-88
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ