សុភាសិត 8
8
1ឯប្រាជ្ញា នោះបន្លឺឡើង ហើយយោបល់ក៏បញ្ចេញសំឡេងទេតើ 2ទាំង២នោះឈរនៅកំពូលនៃអស់ទាំងទីខ្ពស់ក្បែរផ្លូវដើរ ហើយនៅកន្លែងដែលផ្លូវច្រកប្រសព្វគ្នា 3ព្រមទាំងនៅមាត់ទ្វារ ជាផ្លូវចូលទៅក្នុងទីក្រុងផង គឺនៅកន្លែងដែលមនុស្សចូលតាមទ្វារក្រុង នោះក៏ស្រែកថា 4ឱមនុស្សទាំងឡាយអើយ អញស្រែកហៅឯងរាល់គ្នា ហើយសំឡេងអញក៏ហៅរកដល់អស់មនុស្សជាតិ 5ឱមនុស្សឆោតល្ងង់អើយ ចូររៀនឲ្យដឹងសេចក្ដីឆ្លៀវឆ្លាត ឱមនុស្សចំកួតអើយ ចូរឲ្យចិត្តឯងមានយោបល់ចុះ 6ចូរស្តាប់ ដ្បិតអញនឹងពោលសេចក្ដីដ៏ប្រសើរវិសេស ហើយដែលអញបើកបបូរមាត់ នោះនឹងបញ្ចេញសេចក្ដីទៀងត្រង់ 7ពីព្រោះមាត់អញនឹងពោលសេចក្ដីពិត ហើយបបូរមាត់អញនឹងខ្ពើមចំពោះសេចក្ដីអាក្រក់ 8អស់ទាំងពាក្យនៃមាត់អញ សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ 9គឺសុទ្ធតែប្រចក្សច្បាស់ដល់អស់អ្នកដែលយល់ ហើយក៏ទៀងត្រង់ដល់អស់អ្នកដែលរកបានដំរិះដែរ 10ស៊ូទទួលយកដំបូន្មានរបស់អញ ជាជាងប្រាក់ ហើយទទួលដំរិះ ជាជាងមាសយ៉ាងវិសេសបំផុត 11ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មានដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។
12អញនេះជាតួប្រាជ្ញា អញយកគំនិតវាងវៃទុកជាលំនៅរបស់អញ ក៏មានចំណេះចេះគិតពិចារណា 13ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់សេចក្ដីអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ ហើយនឹងមាត់ពោលពាក្យវៀច នោះអញក៏ស្អប់ណាស់ 14ការជួយគំនិតជារបស់ផងអញ ព្រមទាំងការទាំងអស់ដែលមានប្រយោជន៍ផង អញជាតួយោបល់ ក៏មានឥទ្ធិឫទ្ធិដែរ 15ពួកមហាក្សត្រសោយរាជ្យ ហើយពួកមានបណ្តាសក្តិក៏សំរេចសេចក្ដីយុត្តិធម៌ ដោយសារអញ 16ពួកអ្នកគ្រប់គ្រង នឹងពួកមានត្រកូលខ្ពស់ គឺអស់ទាំងចៅហ្វាយដែលនៅផែនដី ក៏គ្រប់គ្រងដោយសារអញដែរ 17អញស្រឡាញ់ដល់អស់អ្នកដែលស្រឡាញ់អញ ហើយអស់ពួកអ្នកដែលស្វែងរកអញអស់ពីចិត្ត នោះនឹងបានជួប 18មានអស់ទាំងទ្រព្យសម្បត្តិ នឹងកិត្តិយស នៅជាមួយនឹងអញ អើ មានទាំងរបស់ទ្រព្យដ៏ស្ថិតស្ថេរ នឹងសេចក្ដីសុចរិតផង 19ផលដែលកើតពីអញ នោះវិសេសជាងមាស អើ ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកំរៃរបស់អញជាជាងប្រាក់យ៉ាងវិសេសបំផុត 20អញដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅកណ្តាលផ្លូវច្រកនៃសេចក្ដីយុត្តិធម៌ 21ដើម្បីនឹងធ្វើឲ្យអស់អ្នកដែលស្រឡាញ់អញបានទទួលរបស់ទាំងប៉ុន្មានដែលមាន ទុកជាមរដក ហើយឲ្យអញបានបំពេញឃ្លាំងរបស់គេ។
22ព្រះយេហូវ៉ាទ្រង់បានតាំងអញឡើង ជាដើមការនៃទ្រង់ គឺមុនអស់ទាំងកិច្ចការរបស់ទ្រង់ពីបុរាណ 23ទ្រង់បានសិតអញតាំងពីអស់កល្បរៀងមក គឺពីកាលនៅដើមឡើយ មុនដែលមានផែនដីផង 24ក្នុងគ្រាមុនដែលមានទីជំរៅទឹក នោះអញបានកើតហើយ គឺកាលមិនទាន់មានរន្ធទឹកណាដែលហូរចេញជាបរិបូរនៅឡើយ 25មុនដែលភ្នំទាំងឡាយបានហាប់មាំមួននៅ អញបានកើតមកមុនអស់ទាំងភ្នំតូច 26គឺក្នុងកាលដែលទ្រង់មិនទាន់បង្កើតដី ឬស្រែចំការ ឬល្អងធូលីមុនដំបូងនៅផែនដីនៅឡើយផង 27ក្នុងកាលដែលទ្រង់ប្រតិស្ឋានផ្ទៃមេឃ នោះអញបាននៅឯណោះហើយ កាលទ្រង់បានគូសវង់នៅលើទីជំរៅទឹក 28កាលទ្រង់បានតាំងឲ្យមានពពកនៅខាងលើ នឹងរន្ធទឹកទាំងប៉ុន្មាននៅទីជំរៅឲ្យបានមានកំឡាំង 29កាលទ្រង់បានកំណត់ព្រំខណ្ឌនៃសមុទ្រ ដើម្បីមិនឲ្យទឹកឡើងរំលងបង្គាប់ទ្រង់ កាលទ្រង់បានកំណត់រាងឫសនៃផែនដី 30នៅគ្រានោះ អញបាននៅជិតទ្រង់ដូចជាមេជាង ហើយអញជាទីគាប់ព្រះហឫទ័យទ្រង់រាល់ៗថ្ងៃ ព្រមទាំងមានសេចក្ដីរីករាយនៅចំពោះទ្រង់ជានិច្ច 31ក៏មានសេចក្ដីរីករាយចំពោះផែនដីទាំងដុំមូលនៃទ្រង់ ហើយបានសេចក្ដីអំណរ ដោយនៅជាមួយនឹងពួកមនុស្សលោក។
32ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់អញឥឡូវ ដ្បិតអ្នកណាដែលរក្សាអស់ទាំងផ្លូវរបស់អញ នោះមានពរហើយ 33ចូរស្តាប់ដំបូន្មាន ហើយមានប្រាជ្ញាចុះ កុំឲ្យប្រកែកមិនព្រមទាំងទទួលឡើយ 34មានពរហើយ អ្នកណាដែលស្តាប់អញ ដោយចាំយាមនៅមាត់ទ្វារអញរាល់ថ្ងៃ គឺដែលរង់ចាំនៅក្របទ្វារផ្ទះរបស់អញ 35ដ្បិតអ្នកណាដែលបានអញ នោះបានជីវិត ក៏នឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរ 36តែឯអ្នកណាដែលធ្វើបាបនឹងអញ នោះក៏ប្រទូស្តដល់ព្រលឹងខ្លួនដែរ អស់អ្នកណាដែលស្អប់អញ នោះឈ្មោះថាស្រឡាញ់សេចក្ដីស្លាប់ហើយ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 8: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.