សុភាសិត 9
9
1ប្រាជ្ញាបានសង់ផ្ទះរបស់ខ្លួនរួចហើយ គឺបានចាំងសសរទាំង៧ស្រេច 2ក៏បានសំឡាប់សត្វសំរាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ នឹងរៀបតុស្រេចហើយ 3បានទាំងចាត់ពួកស្រីបំរើក្រមុំៗឲ្យចេញទៅ ក៏ស្រែកប្រកាសនៅលើទីខ្ពស់បំផុតនៃទីក្រុងថា 4អ្នកណាដែលឆោតល្ងង់ ចូរបែរចូលមកក្នុងទីនេះចុះ ឯចំណែកអ្នកណាដែលឥតមានយោបល់ នោះក៏ប្រាប់ថា 5ចូរមកបរិភោគអាហាររបស់អញ ហើយផឹកស្រាទំពាំងបាយជូរដែលអញបានលាយហើយ 6ចូរលះចោលសេចក្ដីខ្លៅល្ងង់ចេញ នោះនឹងបានរស់នៅ រួចឲ្យដើរក្នុងផ្លូវនៃយោបល់វិញចុះ។
7អ្នកណាប្រដៅដំរង់ដល់មនុស្ស ដែលរមែងមើលងាយ នោះនឹងបានតែសេចក្ដីត្មះតិះដៀលវិញទេ ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់ នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ 8កុំឲ្យបន្ទោសដល់មនុស្សដែលតែងតែមើលងាយឡើយ ក្រែងគេស្អប់ឯង ត្រូវឲ្យបន្ទោសដល់មនុស្សប្រាជ្ញវិញ គេនឹងស្រឡាញ់ឯង 9ចូរទូន្មានមនុស្សប្រាជ្ញ នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង ហើយបង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចំរើនឡើងដែរ 10សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់ 11ដ្បិតដោយសារអញ នោះអស់ទាំងថ្ងៃរបស់ឯងនឹងបានចំរើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯងនឹងបានយឺនយូរទៅ 12បើឯងមានប្រាជ្ញា នោះគឺមានសំរាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯង១នឹងត្រូវរងភារៈនោះ។
13ឯស្ត្រីដែលល្ងីល្ងើ គេតែងស្រែកឡូៗ ក៏ល្ងង់ខ្លៅឥតដឹងអ្វីសោះ 14គេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬទីអង្គុយត្រង់ទីខ្ពស់នៃក្រុង 15ដើម្បីហៅរកអស់អ្នកដែលដើរតាមទីនោះ ជាពួកអ្នកដែលដើរដំរង់តាមផ្លូវទៅ ដោយពាក្យថា 16នែ អ្នកណាដែលឆោតល្ងង់ ចូលមកទីនេះចុះ នាងនិយាយបបួលអស់អ្នកដែលគ្មានយោបល់ថា 17ទឹកដែលលួចពីគេ នោះរមែងផ្អែម ឯអាហារដែលបរិភោគដោយលួចលាក់ នោះក៏រមែងឆ្ងាញ់ 18តែគេមិនដឹងថា ពួកអ្នកស្លាប់មាននៅទីនោះ ឬថាភ្ញៀវរបស់ស្ត្រីនោះ សុទ្ធតែនៅក្នុងទីជំរៅនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 9: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.