ជន‌គណនា 35

35
1ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់​ទល់​មុខ​នឹង​យេរីខូរ 2ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​ចែក​ទី​ក្រុង​ខ្លះ​ក្នុង​មរដក​ជា​កេរ‌អាករ​របស់​គេ​ដល់​ពួក​លេវី​ឲ្យ​នៅ​ផង ព្រម​ទាំង​តំបន់​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ​ដែរ 3ដូច្នេះ គេ​នឹង​មាន​ទី​ក្រុង​សំរាប់​ជា​ទី​លំនៅ​របស់​គេ នឹង​តំបន់​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន សំរាប់​ហ្វូង​សត្វ​គេ អស់​ទាំង​របស់‌របរ នឹង​សត្វ​ផ្សេងៗ​ទាំង​ប៉ុន្មាន​ផង 4ឯ​តំបន់​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ឯង​នឹង​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​វាស់​ពី​កំផែង​ក្រុង​ទៅ​១​ពាន់​ហត្ថ​គ្រប់​ជុំវិញ 5រួច​ត្រូវ​វាស់​ពី​ខាង​ក្រៅ​ទី​ក្រុង​ទៅ​ជា​២​ពាន់​ហត្ថ​នៅ​ទិស​ខាង​កើត ២​ពាន់​ហត្ថ​នៅ​ទិស​ខាង​ត្បូង ២​ពាន់​ហត្ថ​នៅ​ទិស​ខាង​លិច ហើយ​២​ពាន់​ហត្ថ​ទៅ​ទិស​ខាង​ជើង មាន​ទី​ក្រុង​នៅ​ជា​កណ្តាល នោះ​នឹង​បាន​ជា​ដី​វាល​សំរាប់​ឲ្យ​គេ​ឃ្វាល​ហ្វូង​សត្វ​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ។
6ឯ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​ឲ្យ​មាន​ទី​ក្រុង​ពំនាក់​៦ សំរាប់​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​មនុស្ស​បាន​រត់​ទៅ​ជ្រក​អាស្រ័យ ហើយ​ក្រៅ​ពី​នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ទី​ក្រុង​៤២​ទៅ​គេ​ទៀត 7អស់​ទាំង​ទី​ក្រុង​ដែល​ត្រូវ​ឲ្យ​ដល់​ពួក​លេវី នោះ​រួម​ត្រូវ​ជា​៤៨ ព្រម​ទាំង​តំបន់​នៅ​ជុំវិញ​ផង 8ឯ​ទី​ក្រុង​ក្នុង​កេរ‌អាករ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​ឯង​រាល់​គ្នា​ត្រូវ​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​យក​យ៉ាង​ច្រើន ពី​ពួក​ណា​ដែល​មាន​ទី​ក្រុង​ច្រើន ហើយ​យ៉ាង​តិច​ពី​ពួក​ណា​ដែល​មាន​តិច ត្រូវ​ឲ្យ​គ្រប់​គ្នា​ចែក​ទី​ក្រុង​ទាំង​នោះ ដល់​ពួក​លេវី តាម​មរដក​ដែល​ខ្លួន​ទទួល​ហើយ។
9ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ 10ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​ហើយ 11នោះ​ត្រូវ​ឲ្យ​ដំរូវ​ទី​ក្រុង​ខ្លះ ទុក​សំរាប់​ជា​ទី​ក្រុង​ពំនាក់ ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​មនុស្ស មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ​បាន 12ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំរាប់​ជា​ទី​ពំនាក់ ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​អ្នក​ដែល​សង‌សឹក​ចេញ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សំឡាប់​គេ​បាន​ត្រូវ​ស្លាប់​ឡើយ ដរាប​ដល់​បាន​ជំនុំ‌ជំរះ​នៅ​មុខ​ពួក​ជំនុំ​ហើយ 13ក្នុង​បណ្តា​ទី​ក្រុង​ដែល​ឯង​រាល់​គ្នា​នឹង​ឲ្យ​នោះ ត្រូវ​មាន​៦​ទុក​ជា​ទី​ក្រុង​ពំនាក់​សំរាប់​ឯង​រាល់​គ្នា 14ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ទី​ក្រុង​៣ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង‌អាយ ហើយ​ទី​ក្រុង​៣​ទៀត​នៅ​ក្នុង​ស្រុក​កាណាន ទី​ក្រុង​ទាំង​៦​នោះ ត្រូវ​ទុក​សំរាប់​ជា​ទី​ពំនាក់​អាស្រ័យ 15គឺ​ត្រូវ​បាន​សំរាប់​ជា​ទី​ពំនាក់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ហើយ​ដល់​អ្នក​ណា​ដែល​ស្នាក់​នៅ​ជា​មួយ​ផង ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​សំឡាប់​មនុស្ស​មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​បាន។
16តែ​បើ​អ្នក​នោះ​បាន​ប្រហារ​គេ​ដោយ​គ្រឿង​ដែក​អ្វី​ឲ្យ​ដល់​ស្លាប់ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ​ហើយ អ្នក​ណា​ដែល​សំឡាប់​គេ​ដូច្នេះ នោះ​ត្រូវ​តែ​សំឡាប់​វិញ​ជា​មិន​ខាន 17ឬ​បើ​អ្នក​នោះ​កាន់​ថ្ម​នៅ​ដៃ​គប់​គេ ល្មម​ឲ្យ​ស្លាប់​ទៅ​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ​ហើយ អ្នក​ណា​ដែល​សំឡាប់​គេ​ដូច្នេះ នោះ​ត្រូវ​តែ​សំឡាប់​វិញ​ជា​មិន​ខាន 18ឬ​បើ​អ្នក​នោះ​បាន​ប្រហារ​គេ​ដោយ​គ្រឿង​ឈើ​ដែល​កាន់​នៅ​ដៃ ជា​ប្រដាប់​ល្មម​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ​ហើយ អ្នក​ណា​ដែល​សំឡាប់​គេ​ដូច្នេះ នោះ​ត្រូវ​តែ​សំឡាប់​វិញ​ជា​មិន​ខាន 19ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម នោះ​ត្រូវ​តែ​សំឡាប់​អ្នក​ដែល​បាន​សំឡាប់​គេ​នោះ​វិញ កាល​ជួប​ប្រទះ​ឃើញ​អ្នក​នោះ​វេលា​ណា នោះ​ត្រូវ​តែ​សំឡាប់​ចោល​ចេញ 20បើ‌សិន​ជា​អ្នក​នោះ​បាន​ប្រហារ​គេ​ដោយ​ចិត្ត​ស្អប់ ឬ​បាន​លប​ចោល​គេ​នឹង​អ្វី​ឲ្យ​ដល់​ស្លាប់ 21ឬ​បាន​ដាល់​គេ​ដោយ​ចិត្ត​ក្នាញ់​ឲ្យ​ដល់​ស្លាប់ នោះ​ត្រូវ​តែ​សំឡាប់​អ្នក​ដែល​បាន​វាយ​គេ​នោះ ចោល​ចេញ​ជា​មិន​ខាន អ្នក​នោះ​ឈ្មោះ​ថា​បាន​សំឡាប់​គេ​ហើយ ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម នោះ​ត្រូវ​សំឡាប់​អ្នក​នោះ​វិញ ក្នុង​វេលា​ដែល​ជួប​ប្រទះ​នោះ​ឯង។
22តែ​បើ​អ្នក​នោះ ស្រាប់​តែ​វាយ​គេ ដោយ​ឥត​មាន​ចិត្ត​សំអប់​សោះ ឬ​ចោល​របស់​អ្វី ទៅ​លើ​គេ ដោយ​ឥត​មាន​ឈ្លប​លប 23ឬ​បាន​ទំលាក់​ថ្ម​ណា​មួយ​ទៅ​លើ​គេ ដោយ​មិន​បាន​ឃើញ ដែល​ល្មម​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ តែ​អ្នក​នេះ​មិន​មែន​ជា​ខ្មាំង​សត្រូវ ហើយ​ក៏​មិន​ដែល​ប៉ង​នឹង​ធ្វើ​អាក្រក់​គេ​ដែរ 24នោះ​ពួក​ជំនុំ​ត្រូវ​ជំនុំ‌ជំរះ​អ្នក​ដែល​បាន​សំឡាប់​គេ នឹង​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ 25រួច​ត្រូវ​ដោះ​អ្នក​ដែល​បាន​សំឡាប់​គេ ចេញ​ពី​កណ្តាប់​ដៃ នៃ​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ ហើយ​ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ឯ​ក្រុង​ពំនាក់ ដែល​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​វិញ ត្រូវ​ឲ្យ​គេ​នៅ​ក្នុង​ទី​ក្រុង​នោះ ដរាប​ដល់​សំដេច​សង្ឃ​ដែល​បាន​ចាក់​ប្រេង​បរិសុទ្ធ​តាំង​ឡើង​លោក​សុគត​ទៅ 26ប៉ុន្តែ​បើ​អ្នក​ដែល​សំឡាប់​គេ បាន​ចេញ​មក​ឯ​ក្រៅ​ព្រំ​ក្រុង​ពំនាក់ ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នោះ​វេលា​ណា 27ហើយ​ជួន​ជា​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម​បាន​ប្រទះ​ឃើញ នៅ​ត្រង់​ខាង​ក្រៅ​ព្រំ​ទី​ក្រុង​ពំនាក់​នោះ ហើយ​សំឡាប់​អ្នក​នោះ​ទៅ នោះ​គ្មាន​ទោស​នឹង​ឈាម​អ្នក​នោះ​ឡើយ 28ពី​ព្រោះ​ត្រូវ​តែ​នៅ​ក្នុង​ទី​ក្រុង​ពំនាក់ ដែល​ខ្លួន​ជ្រក​អាស្រ័យ​នោះ ដរាប​ដល់​សំដេច​សង្ឃ​បាន​សុគត​ហើយ​សិន លុះ​ក្រោយ​ដែល​សំដេច​សង្ឃ​នោះ​សុគត​ហើយ នោះ​ទើប​នឹង​ត្រឡប់​មក​ឯ​ស្រុក ដែល​ជា​កេរ‌អាករ​របស់​ខ្លួន​វិញ​បាន 29នេះ​ជា​បញ្ញត្ត​ច្បាប់ សំរាប់​ឯង​រាល់​គ្នា នៅ​គ្រប់​ទី​លំនៅ​របស់​ឯង នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ។
30អ្នក​ណា​ដែល​សំឡាប់​គេ នោះ​ត្រូវ​សំឡាប់​វិញ ដោយ​ពាក្យ​របស់​ស្មរ​បន្ទាល់​២ ឬ​៣​នាក់ តែ​បើ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់​វិញ នោះ​នឹង​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​ណា​ឲ្យ​គេ​ត្រូវ​ស្លាប់​មិន​បាន​ទេ 31មួយ​ទៀត មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទទួល​សំណូក​អ្វី​នឹង​លោះ​ជីវិត​អ្នក​ណា ដែល​មាន​ទោស​ជា​អ្នក​សំឡាប់​គេ​ឡើយ ត្រូវ​សំឡាប់​អ្នក​នោះ​វិញ​ជា​កុំ​ខាន 32ក៏​មិន​ត្រូវ​ទទួល​សំណូក​អ្វី​នឹង​លោះ​អ្នក​ដែល​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​ក្នុង​ទី​ក្រុង​ពំនាក់ ឲ្យ​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​វិញ ដរាប​ដល់​សង្ឃ​នោះ​បាន​សុគត​ទៅ​នោះ​ដែរ 33មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ស្រុក​ដែល​ឯង​នៅ​នោះ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ ដ្បិត​ឯ​ឈាម នោះ​រមែង​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្មោក‌គ្រោក ហើយ​នឹង​រក​អ្វី​ឲ្យ​ធួន​ស្មើ​នឹង​ស្រុក ដោយ​ឈាម​ដែល​បាន​ខ្ចាយ​ហើយ​នោះ​គ្មាន​ទេ មាន​តែ​ឈាម​នៃ​អ្នក​ដែល​បាន​កំចាយ​ឈាម​នោះ​ប៉ុណ្ណោះ​ឯង 34ដូច្នេះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ស្រុក​ដែល​ឯង​អាស្រ័យ​នៅ ហើយ​ដែល​អញ​នៅ​កណ្តាល​នោះ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 35: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល