ជន‌គណនា 34

34
1ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ 2ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​ហើយ (គឺ​ស្រុក​នោះ​ហើយ​ដែល​ឯង​រាល់​គ្នា​នឹង​បាន​ទុក​ជា​មរដក ជា​ស្រុក​កាណាន​តាម​ព្រំ‌ដែន​ទាំង​ប៉ុន្មាន) 3នោះ​ដែន​ស្រុក​របស់​ឯង​ខាង​ត្បូង ត្រូវ​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដំម ហើយ​ព្រំ​ស្រុក​ខាង​ត្បូង នោះ​ត្រូវ​ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល​ទៅ​ទិស​ខាង​កើត 4រួច​ត្រូវ​បត់​ទៅ​ខាង​ត្បូង​តាម​ច្រក​ចោត​ឈ្មោះ​អេក្រា‌ប៊ីម រហូត​ទៅ​ត្រឹម​ស៊ីន ហើយ​ចេញ​ទៅ​ខាង​ត្បូង​កាដេស-បារនា ដល់​ទៅ​ហាសា-អាដា រហូត​ដល់​អាសម៉ូន 5ពី​អាសម៉ូន​ត្រូវ​បត់​ទៅ​ខាង​ស្ទឹង​ស្រុក​អេស៊ីព្ទ​ទៅ​ទល់​នឹង​សមុទ្រ។
6ឯ​ព្រំ‌ដែន​ខាង​លិច នោះ​មាន​សមុទ្រ​ធំ​ជា​ព្រំ​ប្រទល់ សមុទ្រ​នោះ​ត្រូវ​បាន​ជា​ព្រំ​ស្រុក​ខាង​លិច​របស់​ឯង​រាល់​គ្នា។
7ឯ​ព្រំ‌ដែន​ខាង​ជើង នោះ​ត្រូវ​ឲ្យ​ឯង​កាត់​ដំរង់​ចាប់​តាំង​ពី​សមុទ្រ​ធំ​ទៅ​ដល់​ភ្នំ​ហោរ 8ពី​ភ្នំ​ហោរ​ត្រូវ​កាត់​ដំរង់​ទៅ​ដល់​ទ្វារ​ស្រុក​ហាម៉ាត​រៀង​ទៅ​ត្រឹម​សេដាត់ 9រួច​ត្រូវ​ចេញ​ទៅ​តាម​ស៊ីប្រុន រហូត​ដល់​ហាសា-អេណាន នោះ​ហើយ​ជា​ព្រំ​ស្រុក​របស់​ឯង​ខាង​ជើង។
10រួច​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សំរេច​ព្រំ‌ដែន​ខាង​កើត ចាប់​តាំង​ពី​ហាសា-អេណាន ទៅ​ដល់​សេផាម 11ពី​សេផាម​ចុះ​ទៅ​ដល់​រីមឡា ដែល​នៅ​ខាង​កើត​អាយីន ហើយ​ចុះ​ទៅ​ទល់​នឹង​កៀន​សមុទ្រ​គេនេ‌សារ៉ែត​ខាង​កើត 12រួច​ចុះ​ទៅ​តាម​ទន្លេ​យ័រដាន់ ទៅ​ទល់​នឹង​សមុទ្រ​អំបិល នោះ​ហើយ​ជា​ស្រុក​របស់​ឯង​រាល់​គ្នា តាម​ព្រំ​ប្រទល់​ជុំវិញ។
13ម៉ូសេ​ក៏​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា នេះ​ហើយ​ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​ត្រូវ​ទទួល​ទុក​ជា​មរដក ដោយ​ចាប់​ឆ្នោត ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ថា ត្រូវ​ចែក​ឲ្យ​ដល់​ពូជ​អំបូរ​ទាំង​៩ នឹង​១​ចំហៀង​ទៀត​នោះ 14ពី​ព្រោះ​ពូជ​អំបូរ​នៃ​កូន​ចៅ​រូបេន តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ បាន​ទទួល​មរដក​គេ​ហើយ ព្រម​ទាំង​ពូជ​អំបូរ​នៃ​កូន​ចៅ​កាឌ់ តាម​វង្សា​នុវង្ស​របស់​ឪពុក​គេ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ផង គេ​សុទ្ធ​តែ​ទទួល​មរកដ​របស់​គេ​ហើយ 15ពូជ​អំបូរ​ទាំង​២ ហើយ​នឹង​ពូជ​អំបូរ​១​ចំហៀង​ទៀត​នោះ គេ​បាន​ទទួល​មរដក​របស់​គេ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង‌អាយ ទល់​មុខ​នឹង​យេរីខូរ​ខាង​កើត​នេះ គឺ​ខាង​ទិស​ថ្ងៃ​រះ។
16ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា 17ឯ​ឈ្មោះ​ពួក​អ្នក​ដែល​ត្រូវ​ចែក​ស្រុក​នោះ ទុក​ជា​មរដក​ឲ្យ​ឯង​រាល់​គ្នា នោះ​គឺ​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នឹង​យ៉ូស្វេ​ជា​កូន​នុន 18ហើយ​ត្រូវ​យក​ម្នាក់ៗ​ដែល​ជា​កំពូល​ពី​គ្រប់​ទាំង​ពូជ​អំបូរ​មក ឲ្យ​ចែក​ស្រុក​ទុក​ជា​មរដក 19ឯ​ឈ្មោះ​ពួក​អ្នក​ទាំង​នោះ គឺ​កាលែប ជា​កូន​យេភូនេ ពី​ពូជ​អំបូរ​យូដា​១ 20សាំយូ‌អែល ជា​កូន​អាំមីហ៊ូត ពី​ពូជ​អំបូរ​ស៊ីម្មាន​១ 21អេលីដាត ជា​កូន​គីស្លូន ពី​ពូជ​អំបូរ​បេន‌យ៉ាមីន​១ 22អ្នក​ដែល​ជា​កំពូល ឈ្មោះ​ប៊ូគី ជា​កូន​យុកលី ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ដាន់​១ 23ឯ​ខាង​ពួក​កូន​ចៅ​យ៉ូសែប នោះ​គឺ​អ្នក​ដែល​ជា​កំពូល​ឈ្មោះ​ហានាល ជា​កូន​អេផូត ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ម៉ាន៉ាសេ​១ 24នឹង​អ្នក​ដែល​ជា​កំពូល ឈ្មោះ​កេមយួល ជា​កូន​ស៊ីប‌តាន ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អេប្រា‌អិម​១ 25អ្នក​ដែល​ជា​កំពូល​ឈ្មោះ​អេលី‌សាផាន ជា​កូន​ប៉ារណាក ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​សាប់‌យូល៉ូន​១ 26អ្នក​ដែល​ជា​កំពូល ឈ្មោះ​ប៉ាល‌ទាល ជា​កូន​អាស្សាន់ ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អ៊ីសាខារ​១ 27អ្នក​ដែល​ជា​កំពូល ឈ្មោះ​អ័ហ៊ីហ៊ូត ជា​កូន​សេឡូមី ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អេស៊ើរ​១ 28ហើយ​អ្នក​ដែល​ជា​កំពូល ឈ្មោះ​ពេដា‌ហិល ជា​កូន​អាំមីហ៊ូត ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ណែប‌ថាលី​១ 29នេះ​ហើយ​ជា​ពួក​អ្នក ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឲ្យ​ចែក​ស្រុក​កាណាន ទុក​ជា​មរដក ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 34: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល