ជន‌គណនា 33

33
1នេះ​ជា​ផ្លូវ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​តាម​ពួក​ពល​គេ ដោយ​នូវ​សារ​ម៉ូសេ ហើយ​នឹង​អើរ៉ុន តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក 2ម៉ូសេ​បាន​កត់​ដំណើរ​ដែល​គេ​ដើរ​តាម​ដំណាក់​នីមួយៗ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូច្នេះ អស់​ទាំង​ដំណាក់​គេ​ដែល​គេ​ដើរ​ដំណើរ​មក 3នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ចេញ​ពី​រ៉ាមសេស មក​នៅ​ថ្ងៃ​១៥​ខែ​ចេត្រ គឺ​បាន​ចេញ​មក​នៅ​ថ្ងៃ​បន្ទាប់​នឹង​បុណ្យ​រំលង ដោយ​មាន​ជ័យ‌ជំនះ នៅ​ភ្នែក​នៃ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា 4ក្នុង​កាល​ដែល​គេ​កំពុង​តែ​កប់​ខ្មោច​ពួក​កូន​ច្បង​របស់​គេ ដែល​ព្រះ‌យេហូវ៉ា​បាន​វាយ​សំឡាប់​នៅ​ក្នុង​ពួក​គេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​បាន​ធ្វើ​ទោស​ដល់​អស់​ទាំង​ព្រះ​របស់​គេ​ដែរ។
5ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​ចេញ​ពី​រ៉ាមសេស មក​ស្នាក់​នៅ​ត្រង់​ស៊ុកូត 6គេ​ចេញ​ពី​ស៊ុកូត​មក​ស្នាក់​នៅ​ត្រង់​អេថាម​ក្បែរ​ទី​រហោ‌ស្ថាន 7គេ​ចេញ​ពី​អេថាម ក៏​បែរ​ទៅ​ខាង​ពី​ហាហី‌រ៉ុថ ទល់​មុខ​នឹង​បាល‌សេផុន រួច​ស្នាក់​នៅ​ត្រង់​មុខ​មីកដុល 8គេ​ចេញ​ពី​មុខ​ពីហា‌ហីរ៉ុថ​ដើរ​ឆ្លង​នៅ​កណ្តាល​ទឹក​សមុទ្រ​ទៅ​ក្នុង​ទី​រហោ‌ស្ថាន ក៏​ដើរ​៣​ថ្ងៃ​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​អេថាម រួច​ស្នាក់​នៅ​ត្រង់​ម៉ារ៉ា 9គេ​ចេញ​ពី​ម៉ារ៉ា​មក​ដល់​អេលីម ហើយ​នៅ​អេលីម​នោះ មាន​រន្ធ​ទឹក​១២ នឹង​ដើម​លម៉ើ​៧០ គេ​ក៏​ស្នាក់​នៅ​ទី​នោះ 10គេ​ចេញ​ពី​អេលីម​មក​ស្នាក់​នៅ​ក្បែរ​សមុទ្រ​ក្រហម 11គេ​ចេញ​ពី​សមុទ្រ​ក្រហម​មក​ស្នាក់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន 12គេ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ីន​មក​ស្នាក់​នៅ​ត្រង់​ដុបកា 13គេ​ចេញ​ពី​ដុបកា​មក​ស្នាក់​នៅ​ត្រង់​អាលូស 14គេ​ចេញ​ពី​អាលូស មក​ស្នាក់​នៅ​រេផិឌីម ជា​កន្លែង​ដែល​គ្មាន​ទឹក​ឲ្យ​គេ​ផឹក​សោះ 15គេ​ចេញ​ពី​រេផិឌីម​មក​ស្នាក់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ 16គេ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​មក​ស្នាក់​នៅ​ត្រង់​គីប្រុត-ហាតាវ៉ា 17គេ​ចេញ​ពី​គីប្រុត-ហាតាវ៉ា​មក​ស្នាក់​នៅ​ត្រង់​ហាសិរ៉ូត 18គេ​ចេញ​ពី​ហាសិរ៉ូត​មក​ស្នាក់​នៅ​ត្រង់​រីតម៉ា 19គេ​ចេញ​ពី​រីតម៉ា​មក​ស្នាក់​នៅ​ត្រង់​រីម៉ុន-ពេរេស 20គេ​ចេញ​ពី​រីម៉ុន-ពេរេស​មក​ស្នាក់​នៅ​ត្រង់​លិបណា 21គេ​ចេញ​ពី​លិបណា មក​ស្នាក់​នៅ​ត្រង់​រីសា 22គេ​ចេញ​ពី​រីសា មក​ស្នាក់​នៅ​ត្រង់​កេហេ‌ឡាថា 23គេ​ចេញ​ពី​កេហេ‌ឡាថា​មក​ស្នាក់​នៅ​ត្រង់​ភ្នំ​សាភើរ 24គេ​ចេញ​ពី​ភ្នំ​សាភើរ​មក​ស្នាក់​នៅ​ត្រង់​ហារ៉ាដា 25គេ​ចេញ​ពី​ហារ៉ាដា​មក​ស្នាក់​នៅ​ត្រង់​ម៉ាកហេ‌ឡូត 26គេ​ចេញ​ពី​ម៉ាកហេ‌ឡូត មក​ស្នាក់​នៅ​ត្រង់​តាហាត 27គេ​ចេញ​ពី​តាហាត​មក​ស្នាក់​នៅ​ត្រង់​តារ៉ាស 28គេ​ចេញ​ពី​តារ៉ាស​មក​ស្នាក់​នៅ​ត្រង់​មីតកា 29គេ​ចេញ​ពី​មីតកា​មក​ស្នាក់​នៅ​ត្រង់​ហាស្មូណា 30គេ​ចេញ​ពី​ហាស្មូណា​មក​ស្នាក់​នៅ​ត្រង់​ម៉ូសេរ៉ូត 31គេ​ចេញ​ពី​ម៉ូសេរ៉ូត​មក​ស្នាក់​នៅ​ត្រង់​បេនេ-យ៉ាកាន 32គេ​ចេញ​ពី​បេនេ-យ៉ាកាន​មក​ស្នាក់​នៅ​ត្រង់​ហោ‌គីត‌កាត់ 33គេ​ចេញ​ពី​ហោ‌គីត‌កាត់​មក​ស្នាក់​នៅ​ត្រង់​យ៉ុត‌បាថា 34គេ​ចេញ​ពី​យ៉ុត‌បាថា​មក​ស្នាក់​នៅ​ត្រង់​អាប្រូណា 35គេ​ចេញ​ពី​អាប្រូណា​មក​ស្នាក់​នៅ​ត្រង់​អេស៊ាន-គេប៊ើរ 36គេ​ចេញ​ពី​អេស៊ាន-គេប៊ើរ​មក​ស្នាក់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​ត្រង់​កាដេស 37គេ​ចេញ​ពី​កាដេស​មក​ស្នាក់​នៅ​ត្រង់​ភ្នំ​ហោរ ជា​ព្រំ​ប្រទល់​ស្រុក​អេដំម។
38នៅ​ទី​នោះ អើរ៉ុន​ដ៏​ជា​សង្ឃ​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ក៏​ស្លាប់​ទៅ នៅ​ថ្ងៃ​ដំបូង ក្នុង​ខែ​ស្រាពណ៍ នា​ឆ្នាំ​ទី​៤០ ក្រោយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក 39កាល​អើរ៉ុន​ស្លាប់​ទៅ នៅ​លើ​ភ្នំ​ហោរ នោះ​លោក​បាន​អាយុ​១២៣​ឆ្នាំ​ហើយ។
40គ្រា​នោះ អើរ៉ាត​ជា​ស្តេច​សាសន៍​កាណាន ដែល​អាស្រ័យ​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ស្រុក​កាណាន ទ្រង់​ក៏​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​មក។
41ឯ​ពួក​អ៊ីស្រាអែល​ក៏​ចេញ​ពី​ភ្នំ​ហោរ​មក​ស្នាក់​នៅ​ត្រង់​សាល‌ម៉ូន៉ា 42គេ​ចេញ​ពី​សាល‌ម៉ូន៉ា​មក​ស្នាក់​នៅ​ត្រង់​ពូណូន 43គេ​ចេញ​ពី​ពូណូន​មក​ស្នាក់​នៅ​ត្រង់​អូបូត 44គេ​ចេញ​ពី​អូបូត​មក​ស្នាក់​នៅ​ត្រង់​អ៊ីយេ-អាបារីម នៅ​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់ 45គេ​ចេញ​ពី​អ៊ីយេ-អាបារីម​មក​ស្នាក់​នៅ​ត្រង់​ឌីបូន-កាឌ់ 46គេ​ចេញ​ពី​ឌីបូន-កាឌ់​មក​ស្នាក់​នៅ​ត្រង់​អាល‌ម៉ូន-ឌីប្លា‌ថែម 47គេ​ចេញ​ពី​អាល‌ម៉ូន-ឌីប្លា‌ថែម​មក​ស្នាក់​ត្រង់​ភ្នំ​អាបារីម នៅ​មុខ​ភ្នំ​នេបូរ 48គេ​ចេញ​ពី​ភ្នំ​អាបារីម​មក​ស្នាក់​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ 49គេ​ដំឡើង​ត្រសាល​របស់​គេ​នៅ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​បេត-យេស៊ីម៉ូត រហូត​ដល់​អេបិល-ស៊ីទីម ក្នុង​ស្រុក​វាល​របស់​ម៉ូអាប់។
50ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ 51ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​ឯង​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​ហើយ 52នោះ​ត្រូវ​ឲ្យ​បណ្តេញ​អស់​ទាំង​អ្នក​ស្រុក​នោះ​ពី​មុខ​ឯង​ចេញ ព្រម​ទាំង​បំផ្លាញ​អស់​ទាំង​ព្រះ ជា​រូប​ឆ្លាក់ ជា​រូប​សិត​របស់​គេ​បង់ ហើយ​រំលាង​អស់​ទាំង​ទី​ខ្ពស់​គេ​ផង 53ឯង​រាល់​គ្នា​ត្រូវ​ចាប់​យក​ស្រុក​នោះ​ទុក​ជា​កេរ‌អាករ ហើយ​អាស្រ័យ​នៅ​ផង ដ្បិត​អញ​បាន​ឲ្យ ទុក​ជា​កេរ‌អាករ​ដល់​ឯង​រាល់​គ្នា​ហើយ 54ឯង​រាល់​គ្នា​ត្រូវ​ទទួល​ស្រុក​នោះ ទុក​ជា​មរដក ដោយ​ចាប់​ឆ្នោត តាម​គ្រួ​ឯង​នីមួយៗ ពួក​ណា​មាន​គ្នា​ច្រើន នោះ​ត្រូវ​បាន​ច្រើន ហើយ​ពួក​ណា​មាន​គ្នា​តិច នោះ​ត្រូវ​បាន​តិច​វិញ បើ​អ្នក​ណា​ចាប់​ឆ្នោត​ត្រូវ​ត្រង់​កន្លែង​ណា នោះ​ត្រូវ​តែ​បាន​កន្លែង​នោះ ឯង​រាល់​គ្នា​ត្រូវ​ស៊ី​មរដក​តាម​ពូជ​អំបូរ​នៃ​ពួក​ឰយុកោ​ឯង 55តែ​បើ​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នោះ​ពី​មុខ​ឯង​ចេញ​ទេ នោះ​ពួក​អ្នក​ដែល​ទុក​ឲ្យ​នៅ គេ​នឹង​ជា​ម្ជុល​ដល់​ភ្នែក​ឯង ហើយ​ជា​បន្លា​នៅ​ចំហៀង​ឯង​ផង គេ​នឹង​ធ្វើ​ទុក​ឯង​នៅ​ក្នុង​ស្រុក​ដែល​ឯង​អាស្រ័យ​នៅ​នោះ 56ហើយ​អញ​នឹង​ធ្វើ​ដល់​ឯង​រាល់​គ្នា ដូច​ជា​អញ​បាន​គិត​ធ្វើ​ដល់​គេ​វិញ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 33: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល