ជនគណនា 34
34
1ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ 2ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកកាណានហើយ (គឺស្រុកនោះហើយដែលឯងរាល់គ្នានឹងបានទុកជាមរដក ជាស្រុកកាណានតាមព្រំដែនទាំងប៉ុន្មាន) 3នោះដែនស្រុករបស់ឯងខាងត្បូង ត្រូវចាប់តាំងពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដំម ហើយព្រំស្រុកខាងត្បូង នោះត្រូវចាប់តាំងពីចុងសមុទ្រអំបិលទៅទិសខាងកើត 4រួចត្រូវបត់ទៅខាងត្បូងតាមច្រកចោតឈ្មោះអេក្រាប៊ីម រហូតទៅត្រឹមស៊ីន ហើយចេញទៅខាងត្បូងកាដេស-បារនា ដល់ទៅហាសា-អាដា រហូតដល់អាសម៉ូន 5ពីអាសម៉ូនត្រូវបត់ទៅខាងស្ទឹងស្រុកអេស៊ីព្ទទៅទល់នឹងសមុទ្រ។
6ឯព្រំដែនខាងលិច នោះមានសមុទ្រធំជាព្រំប្រទល់ សមុទ្រនោះត្រូវបានជាព្រំស្រុកខាងលិចរបស់ឯងរាល់គ្នា។
7ឯព្រំដែនខាងជើង នោះត្រូវឲ្យឯងកាត់ដំរង់ចាប់តាំងពីសមុទ្រធំទៅដល់ភ្នំហោរ 8ពីភ្នំហោរត្រូវកាត់ដំរង់ទៅដល់ទ្វារស្រុកហាម៉ាតរៀងទៅត្រឹមសេដាត់ 9រួចត្រូវចេញទៅតាមស៊ីប្រុន រហូតដល់ហាសា-អេណាន នោះហើយជាព្រំស្រុករបស់ឯងខាងជើង។
10រួចត្រូវឲ្យឯងរាល់គ្នាសំរេចព្រំដែនខាងកើត ចាប់តាំងពីហាសា-អេណាន ទៅដល់សេផាម 11ពីសេផាមចុះទៅដល់រីមឡា ដែលនៅខាងកើតអាយីន ហើយចុះទៅទល់នឹងកៀនសមុទ្រគេនេសារ៉ែតខាងកើត 12រួចចុះទៅតាមទន្លេយ័រដាន់ ទៅទល់នឹងសមុទ្រអំបិល នោះហើយជាស្រុករបស់ឯងរាល់គ្នា តាមព្រំប្រទល់ជុំវិញ។
13ម៉ូសេក៏បង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នេះហើយជាស្រុកដែលឯងរាល់គ្នាត្រូវទទួលទុកជាមរដក ដោយចាប់ឆ្នោត ជាស្រុកដែលព្រះយេហូវ៉ាបានបង្គាប់ថា ត្រូវចែកឲ្យដល់ពូជអំបូរទាំង៩ នឹង១ចំហៀងទៀតនោះ 14ពីព្រោះពូជអំបូរនៃកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមរដកគេហើយ ព្រមទាំងពូជអំបូរនៃកូនចៅកាឌ់ តាមវង្សានុវង្សរបស់ឪពុកគេ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងផង គេសុទ្ធតែទទួលមរកដរបស់គេហើយ 15ពូជអំបូរទាំង២ ហើយនឹងពូជអំបូរ១ចំហៀងទៀតនោះ គេបានទទួលមរដករបស់គេនៅត្រើយទន្លេយ័រដាន់ខាងអាយ ទល់មុខនឹងយេរីខូរខាងកើតនេះ គឺខាងទិសថ្ងៃរះ។
16ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា 17ឯឈ្មោះពួកអ្នកដែលត្រូវចែកស្រុកនោះ ទុកជាមរដកឲ្យឯងរាល់គ្នា នោះគឺអេលាសារដ៏ជាសង្ឃ ហើយនឹងយ៉ូស្វេជាកូននុន 18ហើយត្រូវយកម្នាក់ៗដែលជាកំពូលពីគ្រប់ទាំងពូជអំបូរមក ឲ្យចែកស្រុកទុកជាមរដក 19ឯឈ្មោះពួកអ្នកទាំងនោះ គឺកាលែប ជាកូនយេភូនេ ពីពូជអំបូរយូដា១ 20សាំយូអែល ជាកូនអាំមីហ៊ូត ពីពូជអំបូរស៊ីម្មាន១ 21អេលីដាត ជាកូនគីស្លូន ពីពូជអំបូរបេនយ៉ាមីន១ 22អ្នកដែលជាកំពូល ឈ្មោះប៊ូគី ជាកូនយុកលី ពីពូជអំបូរនៃកូនចៅដាន់១ 23ឯខាងពួកកូនចៅយ៉ូសែប នោះគឺអ្នកដែលជាកំពូលឈ្មោះហានាល ជាកូនអេផូត ពីពូជអំបូរនៃកូនចៅម៉ាន៉ាសេ១ 24នឹងអ្នកដែលជាកំពូល ឈ្មោះកេមយួល ជាកូនស៊ីបតាន ពីពូជអំបូរនៃកូនចៅអេប្រាអិម១ 25អ្នកដែលជាកំពូលឈ្មោះអេលីសាផាន ជាកូនប៉ារណាក ពីពូជអំបូរនៃកូនចៅសាប់យូល៉ូន១ 26អ្នកដែលជាកំពូល ឈ្មោះប៉ាលទាល ជាកូនអាស្សាន់ ពីពូជអំបូរនៃកូនចៅអ៊ីសាខារ១ 27អ្នកដែលជាកំពូល ឈ្មោះអ័ហ៊ីហ៊ូត ជាកូនសេឡូមី ពីពូជអំបូរនៃកូនចៅអេស៊ើរ១ 28ហើយអ្នកដែលជាកំពូល ឈ្មោះពេដាហិល ជាកូនអាំមីហ៊ូត ពីពូជអំបូរនៃកូនចៅណែបថាលី១ 29នេះហើយជាពួកអ្នក ដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យចែកស្រុកកាណាន ទុកជាមរដក ដល់ពួកកូនចៅអ៊ីស្រាអែល។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 34: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.