នេហេមា 2
2
1លុះដល់ខែចេត្រ ឆ្នាំទី២០ ក្នុងរាជ្យរបស់ស្តេចអើថាស៊ើកសេស ក្នុងពេលដែលមានស្រាទំពាំងបាយជូរដាក់នៅចំពោះស្តេច នោះខ្ញុំបានលើកថ្វាយដល់ទ្រង់ ឯពីមុន ខ្ញុំមិនដែលមានសេចក្ដីព្រួយ នៅចំពោះទ្រង់ឡើយ 2ដូច្នេះ ស្តេចទ្រង់មានបន្ទូលសួរខ្ញុំថា អ្នកឥតមានឈឺសោះ ហេតុអ្វីបានជាមានទឹកមុខព្រួយដូច្នេះ នេះកើតតែពីសេចក្ដីទុក្ខក្នុងចិត្តទេ នោះខ្ញុំក៏ភ័យខ្លាចណាស់ 3តែខ្ញុំទូលដល់ស្តេចថា សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចំរើនចុះ ធ្វើដូចម្តេចមិនឲ្យទូលបង្គំមានទឹកមុខព្រួយបាន បើទីក្រុង ជាទីមានផ្នូរខ្មោចរបស់ពួកឰយុកោរបស់ទូលបង្គំនៅតែគ្រាំគ្រា ហើយទ្វារក៏ឆេះអស់ហើយដូច្នេះ 4ស្តេចទ្រង់មានបន្ទូលសួរខ្ញុំថា ដូច្នេះ តើអ្នកចង់បានអ្វី ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានសួគ៌ 5រួចខ្ញុំទូលដល់ស្តេចថា បើព្រះករុណាសព្វព្រះទ័យយ៉ាងនេះ ហើយបើទ្រង់អាណិតមេត្តាដល់ទូលបង្គំ នោះសូមទ្រង់ចាត់ទូលបង្គំ ឲ្យទៅឯស្រុកយូដា ដល់ទីក្រុង ជាទីមានផ្នូរខ្មោច របស់ឰយុកោទូលបង្គំ ឲ្យបានសង់ទីក្រុងនោះឡើងវិញចុះ 6ឯស្តេចទ្រង់មានបន្ទូលមកខ្ញុំ កំពុងដែលអគ្គមហេសីគង់នៅក្បែរទ្រង់ថា តើអ្នកចង់ទៅជាយូរប៉ុន្មាន កាលណានឹងត្រឡប់មកវិញ ដូច្នេះ ស្តេចទ្រង់សព្វព្រះទ័យនឹងចាត់ឲ្យខ្ញុំទៅ ហើយខ្ញុំក៏កំណត់ពេលថ្វាយទ្រង់ជ្រាប 7មួយទៀតខ្ញុំបានទូលដល់ស្តេចថា បើព្រះករុណាសព្វព្រះទ័យ នោះសូមឲ្យទូលបង្គំបានព្រះរាជសាសន៍កាន់យកទៅ ជូនពួកចៅហ្វាយខេត្តនៅខាងនាយទន្លេ ឲ្យលោកបានបើកឲ្យទូលបង្គំឆ្លងទៅ រហូតដល់ស្រុកយូដា 8នឹងព្រះរាជសាសន៍មួយច្បាប់ដល់អេសាភ ជាមេព្រៃហ្លួង ឲ្យលោកបានបើកឈើដល់ទូលបង្គំ សំរាប់ធ្វើធ្នឹមទ្វារបន្ទាយ ដែលនៅក្បែរព្រះវិហារ នឹងទ្វារកំផែងនៃទីក្រុង ហើយសំរាប់ផ្ទះ ដែលទូលបង្គំត្រូវអាស្រ័យនៅផង ស្តេចក៏អនុញ្ញាតឲ្យ តាមដែលព្រះហស្តល្អរបស់ព្រះនៃខ្ញុំបានសណ្ឋិតលើខ្ញុំ 9រួចមកខ្ញុំបានទៅដល់ពួកចៅហ្វាយ នៅខាងនាយទន្លេ ជូនព្រះរាជសាសន៍នោះដល់គេ ឯស្តេចទ្រង់បានចាត់មេទ័ព នឹងទ័ពសេះ ឲ្យទៅជាមួយនឹងខ្ញុំដែរ 10ដូច្នេះ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម នឹងថូប៊ីយ៉ា សាសន៍អាំម៉ូន ជាអ្នកជំនិតលោកបានឮហើយ សេចក្ដីនោះក៏នាំឲ្យទំនាស់ចិត្តគេជាខ្លាំង ដោយព្រោះមានមនុស្សមក បំរុងឲ្យពួកកូនចៅអ៊ីស្រាអែលបានសណ្ឋានល្អឡើង 11យ៉ាងនោះ ខ្ញុំបានមកដល់ក្រុងយេរូសាឡិម ក៏នៅទីនោះអស់៣ថ្ងៃ 12រួចខ្ញុំ នឹងអ្នកខ្លះឯទៀតក៏ក្រោកឡើងជាមួយគ្នានៅពេលយប់ តែខ្ញុំមិនបានប្រាប់ឲ្យអ្នកណាដឹង ពីការដែលព្រះនៃខ្ញុំ ទ្រង់បានបណ្តាលចិត្តខ្ញុំឲ្យធ្វើសំរាប់ក្រុងយេរូសាឡិមឡើយ ក៏គ្មានសត្វណានៅជាមួយនឹងខ្ញុំដែរ លើកតែសត្វមួយដែលខ្ញុំជិះប៉ុណ្ណោះ 13ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារច្រកភ្នំ ដំរង់ទៅឯអណ្តូងនាគ ដល់ទ្វារសំរាម ពិនិត្យមើលកំផែងក្រុងយេរូសាឡិម ដែលបាក់បែក នឹងទ្វារទាំងប៉ុន្មានដែលឆេះហើយ 14រួចខ្ញុំក៏ហួសទៅដល់ទ្វារក្បាលទឹក នឹងស្រះហ្លួង តែគ្មានផ្លូវឲ្យសត្វដែលខ្ញុំជិះដើរទៅបានទេ 15ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទឹក បានពិនិត្យមើលកំផែងទាំងយប់ រួចវិលទៅចូលតាមទ្វារច្រកភ្នំ យ៉ាងនោះបានដល់ផ្ទះវិញ 16ឯពួកដំរួតទីក្រុង ឥតបានដឹងជាខ្ញុំទៅឯណា ឬបានធ្វើអ្វីទេ ខ្ញុំក៏មិនទាន់បានប្រាប់ដល់ពួកយូដា ពួកសង្ឃ ឬពួកអ្នកមានត្រកូលខ្ពស់ ពួកដំរួត ឬពួកអ្នកឯទៀត ដែលរកស៊ីធ្វើការ នៅឡើយដែរ។
17រួចមក ខ្ញុំនិយាយនឹងគេថា អ្នករាល់គ្នាឃើញសណ្ឋានអាក្រក់របស់យើងរាល់គ្នានេះ ហើយថា ក្រុងយេរូសាឡិមនៅតែគ្រាំគ្រា ហើយទ្វារក្រុងទាំងប៉ុន្មានភ្លើងឆេះអស់ ដូច្នេះចូរមក យើងសង់កំផែងក្រុងយេរូសាឡិមឡើង ដើម្បីកុំឲ្យមានគេត្មះតិះដៀលដល់យើងទៀត 18រួចខ្ញុំនិយាយប្រាប់គេ ពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតនៅលើខ្ញុំ នឹងពីព្រះបន្ទូលនៃស្តេច ដែលទ្រង់បានមានបន្ទូលមកខ្ញុំ ដូច្នេះ គេក៏និយាយឡើងថា ចូរយើងលើកគ្នាធ្វើឡើង យ៉ាងនោះគេបានចំរើនកំឡាំងគ្នា ដើម្បីនឹងធ្វើការល្អនោះ 19តែកាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម នឹងថូប៊ីយ៉ា សាសន៍អាំម៉ូន ជាជំនិតលោក ហើយកេសែម ជាសាសន៍អារ៉ាប់ បានឮ នោះគេក៏សើចចំអក ហើយមើលងាយដល់យើងថា តើឯងរាល់គ្នាធ្វើអ្វីនេះ តើគិតបះបោរនឹងស្តេចឬអី 20ខ្ញុំក៏ឆ្លើយទៅគេថា ព្រះនៃស្ថានសួគ៌ទ្រង់នឹងជួយចំរើនដល់យើងរាល់គ្នា ហេតុនោះយើងរាល់គ្នា ជាពួកបំរើទ្រង់ នឹងលើកគ្នាឡើងធ្វើ តែឯអ្នករាល់គ្នាវិញ គ្មានចំណែក គ្មានច្បាប់ ឬទីនឹករឭកនៅក្រុងយេរូសាឡិមឡើយ។
ទើបបានជ្រើសរើសហើយ៖
នេហេមា 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.