នេហេ‌មា 1

1
1នេះ​ជា​ពាក្យ​របស់​នេហេមា ជា​កូន​ហាកាលា។
នៅ​ខែ​មិគ្គសិរ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ដ៏​ជា​ស្តេច កំពុង​ដែល​ខ្ញុំ​នៅ​ស៊ូសាន ជា​ព្រះ‌រាជ‌វាំង 2នោះ​ហាណានី ជា​ពួក​បង​ប្អូន​ខ្ញុំ នឹង​មនុស្ស​ខ្លះ​ទៀត ក៏​មក​ដល់​ពី​ស្រុក​យូដា ហើយ​ខ្ញុំ​សួរ​គេ​ពី​ដំណើរ​ពួក​សាសន៍​យូដា ដែល​បាន​រួច ជា​ពួក​អ្នក​ដែល​សល់ ពី​អស់​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ហើយ​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម​ផង 3គេ​ប្រាប់​មក​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដែល​សល់​នៅ​ក្នុង​ខេត្ត​នោះ គេ​មាន​សេចក្ដី​វេទនា ហើយ​ត្រូវ​សេចក្ដី​ត្មះ‌តិះដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូ‌សាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង។
4កាល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​ក៏​អង្គុយ​យំ ហើយ​សៅ‌សោក​នៅ​អស់​ពីរ​បី​ថ្ងៃ ខ្ញុំ​ក៏​តម ហើយ​អធិស្ឋាន នៅ​ចំពោះ​ព្រះ​នៃ​ស្ថាន‌សួគ៌​ថា 5ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះ​ដ៏​ធំហើយ​គួរ​ស្ញែង​ខ្លាច ដែល​រក្សា​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​អស់​ទាំង​ក្រិត្យ‌ក្រម​របស់​ទ្រង់​អើយ 6សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​មក​ឥឡូវ ហើយ​បើក​ព្រះ‌នេត្រ​ទត​មក ដើម្បី​ឲ្យ​បាន​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ដែល​អធិស្ឋាន​ដល់​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​គ្រា​នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​ពួក​បំរើ​ទ្រង់ ដោយ​លន់‌តួ​បាប​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ប្រព្រឹត្ត​នឹង​ទ្រង់ គឺ​ទាំង​ខ្លួន​ទូលបង្គំ នឹង​វង្ស​របស់​ឰយុកោ​ទូលបង្គំ​បាន​ធ្វើ​បាប​ផង 7យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​ទ្រង់ ដោយ​ខូច​អាក្រក់​ជា​ខ្លាំង ឥត​រក្សា​ក្រិត្យ‌ក្រម សេចក្ដី​បញ្ញត្ត នឹង​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់ ដែល​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​ឡើយ 8សូម​ទ្រង់​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​ថា បើ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង នោះ​អញ​នឹង​កំចាត់‌កំចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ 9តែ​បើ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ព្រម​ទាំង​រក្សា ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រិត្យ‌ក្រម​របស់​អញ​វិញ នោះ​ទោះ​បើ​ពួក​និរទេស​របស់​ឯង​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​នៅ​ដល់​ជើង​មេឃ​បំផុត​ក៏​ដោយ គង់​តែ​អញ​នឹង​ប្រមូល​គេ​ពី​នោះ នាំ​មក​ឯ​កន្លែង ដែល​អញ​បាន​រើស សំរាប់​ឲ្យ​ឈ្មោះ​អញ​សណ្ឋិត​នៅ​វិញ 10រីឯ​ពួក​អ្នក​ទាំង​នេះ គេ​ជា​បាវ​បំរើ ហើយ​ជា​រាស្ត្រ​របស់​ទ្រង់ ដែល​ទ្រង់​បាន​លោះ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ជា​ខ្លាំង នឹង​ព្រះ‌ហស្ត​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ 11ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​អ្នក​បំរើ​ទ្រង់ ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់ ដោយ​អំណរ ហើយ​សូម​ចំរើន​ដល់​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ ដោយ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នេះ​មាន​ចិត្ត​មេត្តា ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ (រីឯ​ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច)។

ទើបបានជ្រើសរើសហើយ៖

នេហេ‌មា 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល