នេហេ‌មា 13

13
1នៅ​ថ្ងៃ​នោះ​ឯង គេ​បាន​អាន​មើល​ក្នុង​គម្ពីរ​លោក​ម៉ូសេ នៅ​ចំពោះ​បណ្តាជន ហើយ​គេ​ប្រទះ​ឃើញ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា ពួក​សាសន៍​អាំម៉ូន នឹង​ពួក​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ 2ដោយ​ព្រោះ​គេ​មិន​បាន​រាក់‌ទាក់​ទទួល​ពួក​កូន​ចៅ​អ៊ីស្រាអែល ដោយ​នំបុ័ងនឹង​ទឹក​ទេ គឺ​បាន​ជួល​បាឡាម ឲ្យ​មក​ដាក់​បណ្តាសា​ដល់​គេ​វិញ ប៉ុន្តែព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បំផ្លាស់​សេចក្ដី​បណ្តាសា​នោះ ឲ្យ​ទៅ​ជា​ពរ​វិញ 3ដូច្នេះ កាល​គេ​បាន​ឮ​ក្រិត្យ‌វិន័យ​នោះ​ហើយ គេ​ក៏​ញែក​ពួក​លាយ​ពូជ​ចេញ​ពី​សាសន៍​អ៊ីស្រាអែល​ទៅ។
4រីឯ​កាល​មុន​ដំណើរ​នេះ អេលី‌យ៉ាស៊ីប​ដ៏​ជា​សង្ឃ​ដែល​បាន​តាំង​ឡើង ឲ្យ​ត្រួត​លើ​បន្ទប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា លោក​បាន​ភ្ជាប់​ញាតិ​នឹង​ថូប៊ីយ៉ា 5ដូច្នេះ លោក​បាន​រៀបចំ​បន្ទប់​ធំ​១ ទុក​សំរាប់​ថូប៊ីយ៉ា ជា​បន្ទប់​ដែល​ពី​ដើម​គេ​ដាក់​ដង្វាយ​ម្សៅ កំញាន គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន នឹង​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង ដែល​គេ​យក​មក​ថ្វាយ តាម​បង្គាប់​សំរាប់​ពួក​លេវី ពួក​ចំរៀង នឹង​ពួក​ឆ្មាំ​ទ្វារ ព្រម​ទាំង​ដង្វាយ​លើក​ចុះ​ឡើង សំរាប់​ពួក​សង្ឃ​ដែរ 6តែ​នៅ​អស់​រវាង​វេលា​នោះ ខ្ញុំ​មិន​បាន​នៅ​ក្រុង​យេរូ‌សាឡិម​ទេ ដ្បិត​នៅ​ឆ្នាំ​ទី​៣២​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ជា​ស្តេច​បាប៊ីឡូន នោះ​ខ្ញុំ​បាន​វិល​ទៅ​ឯ​ស្តេច រួច​ក្រោយ​យូរ​បន្តិច​មក ខ្ញុំ​បាន​សូម​ច្បាប់​ស្តេច​ឲ្យ​បាន​មក​វិញ 7កាល​ខ្ញុំ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​ខ្ញុំ​ឃើញ​ការ​អាក្រក់ ដែល​អេលី‌យ៉ាស៊ីប​បាន​ធ្វើ ដោយ​រៀបចំ​បន្ទប់​១​សំរាប់​ថូប៊ីយ៉ា នៅ​ក្នុង​ទី​លាន​ព្រះ‌វិហារ​នៃ​ព្រះ 8ការ​នោះ​បាន​ទំនាស់​ចិត្ត​ខ្ញុំ​ជា​ខ្លាំង ហេតុ​នោះ​ខ្ញុំ​ក៏​យក​អស់​ទាំង​ប្រដាប់‌ប្រដា​របស់​ថូប៊ីយ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់​ចេញ 9ខ្ញុំ​ក៏​បង្គាប់​ឲ្យ​គេ​សំអាត​បន្ទប់ រួច​ខ្ញុំ​យក​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ព្រម​ទាំង​ដង្វាយ​ម្សៅ នឹង​កំញាន ទៅ​ដាក់​ទុក​ក្នុង​នោះ​វិញ។
10ខ្ញុំ​ក៏​យល់​ឃើញ​ថាគេ​មិន​បាន​ចែក​ចំណែក​ឲ្យ​ដល់​ពួក​លេវី​ទេ បាន​ជា​ពួក​លេវី នឹង​ពួក​ចំរៀង ដែល​ធ្វើ​ការ‌ងារ គេ​បាន​រត់​ទៅ​ឯ​ស្រែ​ចំការ​របស់​ខ្លួន​វិញ 11ដូច្នេះ ខ្ញុំ​បាន​តវ៉ា​ដល់​ពួក​មេ​ថា ហេតុ​អ្វី​បាន​ជា​បោះ‌បង់​ចោល​ព្រះ‌វិហារ​នៃ​ព្រះ​ដូច្នេះ រួច​ខ្ញុំ​ក៏​ប្រមូល​ពួក​លេវី មក​តាំង​ទុក​នៅ​ដំណែង​របស់​គេ​វិញ 12ហើយ​ពួក​យូដា​ទាំង​អស់​គ្នា គេ​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង មក​ដាក់​ក្នុង​ឃ្លាំង 13ហើយ​ខ្ញុំ​ក៏​តាំង​ឲ្យ​មាន​ពួក​អ្នក​ត្រួត​លើ​ឃ្លាំង​ទាំង​នោះ គឺ​សេលេមា​ដ៏​ជា​សង្ឃ ស្មៀន​សាដុក ហើយ​ពេដាយ៉ា ជា​ពួក​លេវី បន្ទាប់​មក​មាន​ហាណាន ជា​កូន​សាគើរ ដែល​ជា​កូន​ម៉ាថានា ដ្បិត​អ្នក​ទាំង​នោះ​បាន​រាប់​ជា​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ការ‌ងារ​របស់​គេ គឺ​ជា​អ្នក​ចែក​ចំណែក​ដល់​បង​ប្អូន​ខ្លួន 14ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​រឭក​ដល់​ទូលបង្គំ ពី​ដំណើរ​ការ‌​នេះ​ផង សូម​កុំ​លុប​អំពើ​ល្អ​ដែល​ទូលបង្គំ​បាន​ធ្វើ សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ទូលបង្គំ នឹង​សំរាប់​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ចេញ​ឡើយ។
15នៅ​គ្រា​នោះខ្ញុំ​បាន​ឃើញ​មនុស្ស​ខ្លះ​នៅ​ស្រុក​យូដា​កំពុង​តែ​ជាន់​ធុង​ផ្លែ​ទំពាំង‌បាយ‌ជូរ នៅ​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​ដឹក​កណ្តាប់​ស្រូវ​ចូល​មក នឹង​ផ្ទុក​សត្វ​លា ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ផ្លែ​ទំពាំង‌បាយ‌ជូរ ផ្លែ​ល្វា នឹង​បន្ទុក​គ្រប់​មុខ​ដែល​គេ​ដឹក​មក​ក្នុង​ក្រុង​យេរូ‌សាឡិម នៅ​ថ្ងៃ​ឈប់​សំរាក ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​គេ នៅ​ថ្ងៃ​ដែល​គេ​លក់​ស្បៀង​អាហារ 16ក៏​មាន​មនុស្ស​ពី​ក្រុង​ទីរ៉ុស នៅ​ក្នុង​ទី​ក្រុង​ដែរ គេ​តែង​យក​ត្រី នឹង​ទំនិញ​គ្រប់​មុខ មក​លក់​ឲ្យ​ពួក​កូន​ចៅ​យូដា នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ក្នុង​ថ្ងៃ​ឈប់​សំរាក 17នោះ​ខ្ញុំ​តវ៉ា​ដល់​ពួក​អ្នក​ធំ​នៃ​សាសន៍​យូដា​ថា ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​បង្អាប់​ដល់​ថ្ងៃ​ឈប់​សំរាក 18ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​នេះ​ធ្វើ​អី ឯ​ពួក​ឰយុកោ​របស់​អ្នក​រាល់​គ្នា តើ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​ឬ​អី ហេតុ​នោះ​បាន​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់​នេះ មក​លើ​យើង នឹង​លើ​ទី​ក្រុង​នេះ​ផង ប៉ុន្តែអ្នក​រាល់​គ្នា​នាំ​ឲ្យ​មាន​សេចក្ដី​ក្រោធ មក​លើ​ពួក​អ៊ីស្រាអែល​ថែម​ទៀត ដោយ​បង្អាប់​ដល់​ថ្ងៃ​ឈប់​សំរាក​ដូច្នេះ។
19ក្រោយ​នោះ​មក កាល​ណា​អស់​ទាំង​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម ចាប់​តាំង​ងងឹត ហៀប​នឹង​ចូល​ថ្ងៃ​ឈប់​សំរាក​ហើយ នោះ​ខ្ញុំ​ក៏​បង្គាប់​ឲ្យ​បិទ​ទ្វារ ហើយ​ហាម​មិន​ឲ្យ​បើក​ដរាប​ដល់​ផុត​ថ្ងៃ​ឈប់​សំរាក​នោះ ខ្ញុំ​ក៏​ដាក់​ពួក​អ្នក​បំរើ​របស់​ខ្ញុំ​ខ្លះ ឲ្យ​ត្រួត​លើ​ទ្វារ​ទាំង​ប៉ុន្មាន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​យក​បន្ទុក​អ្វី ចូល​មក​នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ 20នោះ​ពួក​ឈ្មួញ នឹង​ពួក​អ្នក​ដែល​លក់​ដូរ​ផ្សេងៗ ក៏​ដេក​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម​ម្តង​ពីរ​ដែរ 21រួច​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​គេ​ថា អ្នក​រាល់​គ្នា​ដេក​នៅ​ក្បែរ​កំផែង​នេះ​ធ្វើ​អី បើ​នៅ​តែ​ធ្វើ​ដូច្នេះ​ទៀត នោះ​ខ្ញុំ​នឹង​ចាប់​អ្នក​រាល់​គ្នា​ហើយ តាំង​ពី​នោះ​ត​ទៅ គេ​ក៏​លែង​មក​នៅ​ថ្ងៃ​ឈប់​សំរាក​ទៀត 22ខ្ញុំ​ក៏​បង្គាប់​ដល់​ពួក​លេវី ឲ្យ​គេ​បាន​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ហើយ​ឲ្យ​គេ​មក​ចាំ​យាម នៅ​អស់​ទាំង​ទ្វារ​ក្រុង ដើម្បី​ញែក​ថ្ងៃ​ឈប់​សំរាក​ចេញ​ជា​បរិសុទ្ធ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ក្នុង​ការ​នេះ​ផង ហើយ​សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស​ទ្រង់​ដ៏​ធំ។
23នៅ​គ្រា​នោះ ខ្ញុំ​ក៏​ឃើញ​ពួក​យូដា​ខ្លះ ដែល​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​អាសដូឌ អាំម៉ូន នឹង​ម៉ូអាប់ 24ហើយ​កូន​គេ​ពាក់​កណ្តាល​និយាយ​ជា​ភាសា​អាសដូឌ ឥត​ចេះ​និយាយ​ភាសា​របស់​ពួក​យូដា​ឡើយ គឺ​គេ​និយាយ​តាម​តែ​ភាសា​របស់​សាសន៍​គេ​រៀង​ខ្លួន 25ខ្ញុំ​ក៏​តវ៉ា​នឹង​គេ ព្រម​ទាំង​ដាក់​បណ្តាសា ក៏​វាយ​គេ​ខ្លះ ហើយ​បោច​សក់​គេ​ផង ខ្ញុំ​ចាប់​ឲ្យ​គេ​ស្បថ​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ ហើយ​ហាម​គេ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ឲ្យ​កូន​ស្រី​ទៅ​កូន​ប្រុស​របស់​គេ ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​ខ្លួន ឬ​សំរាប់​ខ្លួន​នោះ​ឡើយ 26តើ​សាឡូម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រាអែល មិន​បាន​ធ្វើ​បាប ដោយ​អំពើ​យ៉ាង​នោះ​ឯង​ទេ​ឬ​អី នៅ​ក្នុង​អស់​ទាំង​សាសន៍​ដទៃ គ្មាន​ស្តេច​ណា​១​ដូច​ទ្រង់​ឡើយ ហើយ​ព្រះ​នៃ​ទ្រង់​ក៏​បាន​ស្រឡាញ់​ទ្រង់ ព្រម​ទាំង​តាំង​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល​ផង ប៉ុន្តែស្ត្រី​សាសន៍​ដទៃ​បាន​នាំ​ឲ្យ​ទ្រង់​ធ្វើ​បាប​ដែរ 27ដូច្នេះ តើ​គួរ​ឲ្យ​យើង​ស្តាប់​តាម​អ្នក​រាល់​គ្នា នឹង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ជា​ធំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ​នៃ​យើង ដោយ​យក​ប្រពន្ធ ជា​សាសន៍​ដទៃ​ឬ​អី។
28ឯ​យ៉ូយ៉ាដា ជា​កូន​អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ លោក​មាន​កូន​ប្រុស​១ ដែល​ជា​កូន​ប្រសា​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម ហេតុ​នោះខ្ញុំ​ក៏​បណ្តេញ​វា​ចេញ​ពី​ខ្ញុំ​ទៅ 29ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​គេ ពី​ព្រោះ​គេ​បាន​បង្អាប់​ការ‌ងារ​ជា​សង្ឃ នឹង​សេចក្ដី​សញ្ញា​នៃ​ការ‌ងារ​នោះ នឹង​ពួក​លេវី​ដែរ។
30គឺ​យ៉ាង​ដូច្នេះ​ដែល​ខ្ញុំ​បាន​ញែក​សំអាត​គេ ពី​គ្រប់​ទាំង​សាសន៍​ដទៃ ហើយ​ក៏​តាំង​ការ‌ងារ​ដែល​ពួក​សង្ឃ នឹង​ពួក​លេវី​ត្រូវ​រក្សា​ទុក​ឡើង​វិញ គ្រប់​គ្នា​តាម​ដំណែង​គេ​រៀង​ខ្លួន 31ហើយ​សំរាប់​ដង្វាយ​ឧស​នៅ​វេលា​កំណត់ នឹង​សំរាប់​ផល​ផ្លែ​ដំបូង​ដែរ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ដើម្បី​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ប្រកប​ដោយ​សេចក្ដី​ល្អ​ផង។:៚

ទើបបានជ្រើសរើសហើយ៖

នេហេ‌មា 13: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល