លេវី‌វិន័យ 17

17
1ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ 2ឲ្យ​ប្រាប់​ដល់​អើរ៉ុន នឹង​ពួក​កូន​លោក ហើយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ដូច្នេះ 3គឺ​បើ​មាន​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ដែល​សំឡាប់​គោ ឬ​ចៀម ឬ​ពពែ នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ឬ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ក្តី 4ឥត​នាំ​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​នឹង​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​មុខ​រោង​ឧបោសថ​របស់​ទ្រង់ អ្នក​នោះ​នឹង​បាន​រាប់​ជា​មាន​ទោស​នឹង​ឈាម ដ្បិត​បាន​កំចាយ​ឈាម​ហើយ អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ 5នេះ​ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​នាំ​អស់​ទាំង​យញ្ញ‌បូជា​នៃ​គេ ដែល​តែង​ថ្វាយ​នៅ​វាល មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​វិញ គឺ​មក​ឯ​សង្ឃ ដើម្បី​នឹង​ថ្វាយ​ទុក​ជា​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា 6នោះ​សង្ឃ​នឹង​ប្រោះ​ឈាម​នៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​នឹង​ដុត​ខ្លាញ់​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា​ដែរ 7ដូច្នេះ គេ​នឹង​មិន​ថ្វាយ​យញ្ញ‌បូជា​របស់​គេ​ចំពោះ​រូប​សត្វ​ដែល​គេ​ផិត​ទៅ​តាម​នោះ​ទៀត​ឡើយ នេះ​ហើយ​ជា​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច សំរាប់​គ្រប់​ទាំង​ដំណ​គេ​ត​រៀង​ទៅ 8ត្រូវ​ឲ្យ​ប្រាប់​គេ​ថា អស់​អ្នក​ណា​ក្នុង​ពួក‌វង្ស​អ៊ីស្រាអែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្តាល​គេ ដែល​ថ្វាយ​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា 9ឥត​នាំ​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ។
10ឯ​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្តាល​គេ ដែល​នឹង​បរិភោគ​ឈាម​អ្វី​ក៏​ដោយ នោះ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​ដែល​បរិភោគ​ឈាម​នោះ ហើយ​នឹង​កាត់​គេ​ចេញ​ពី​សាសន៍​របស់​ខ្លួន 11ដ្បិត​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា សំរាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង ដ្បិត​គឺ​ជា​ឈាម​នោះ​ឯង​ដែល​ធួន​នឹង​ព្រលឹង​បាន 12ដោយ​ហេតុ​នោះ​បាន​ជា​អញ​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កុំ​ឲ្យ​អ្នក​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា​បរិភោគ​ឈាម​ឲ្យ​សោះ ក៏​មិន​ត្រូវ​ឲ្យ​ពួក​ប្រទេស​ក្រៅ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​បរិភោគ​ដែរ 13ឯ​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ឬ​ក្នុង​ពួក​ប្រទេស​ក្រៅ​នៅ​ជា​មួយ ដែល​ដេញ​ចាប់​បាន​សត្វ​ជើង​៤ ឬ​សត្វ​ស្លាប​ដែល​បរិភោគ​បាន ត្រូវ​ឲ្យ​អ្នក​នោះ​សំរក់​ឈាម​ចោល​ចេញ រួច​យក​ដី​គ្រប​វិញ 14ដ្បិត​ឈាម​ជា​ជីវិត​នៃ​អស់​ទាំង​សត្វ ឈាម នឹង​ជីវិត​នោះ គឺ​តែ​១​ទេ ដោយ​ហេតុ​នោះ​បាន​ជា​អញ​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ឯង​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​នៃ​សត្វ​ណា​មួយ​ឡើយ គឺ​ព្រោះ​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ​ជា​ឈាម​នោះ​ឯង អ្នក​ណា​ដែល​បរិភោគ នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ជា​ពិត 15ហើយ​អស់​អ្នក​ណា​ដែល​បរិភោគ​សត្វ​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​មាន​សត្វ​ណា​ហែក​សំឡាប់ ទោះ​បើ​អ្នក​នោះ​កើត​ក្នុង​ស្រុក ឬ​ជា​អ្នក​ប្រទេស​ក្រៅ​ក្តី នោះ​ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច នោះ​ទើប​នឹង​បាន​ស្អាត​វិញ 16តែ​បើ​មិន​បាន​បោក ឬ​ងូត​ទឹក​ចេញ​ទេ អ្នក​នោះ​ត្រូវ​ទ្រាំ‌ទ្រ​ក្នុង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន​ហើយ។

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 17: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល