លេវីវិន័យ 17
17
1ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ 2ឲ្យប្រាប់ដល់អើរ៉ុន នឹងពួកកូនលោក ហើយនឹងពួកកូនចៅអ៊ីស្រាអែលទាំងអស់ថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកដូច្នេះ 3គឺបើមានអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ដែលសំឡាប់គោ ឬចៀម ឬពពែ នៅក្នុងទីដំឡើងត្រសាល ឬខាងក្រៅទីដំឡើងត្រសាលក្តី 4ឥតនាំចូលមកឯទ្វារត្រសាលជំនុំ ដើម្បីនឹងថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា នៅមុខរោងឧបោសថរបស់ទ្រង់ អ្នកនោះនឹងបានរាប់ជាមានទោសនឹងឈាម ដ្បិតបានកំចាយឈាមហើយ អ្នកនោះត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ 5នេះដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបាននាំអស់ទាំងយញ្ញបូជានៃគេ ដែលតែងថ្វាយនៅវាល មកថ្វាយដល់ព្រះយេហូវ៉ានៅមាត់ទ្វារត្រសាលជំនុំវិញ គឺមកឯសង្ឃ ដើម្បីនឹងថ្វាយទុកជាយញ្ញបូជានៃដង្វាយមេត្រីដល់ព្រះយេហូវ៉ា 6នោះសង្ឃនឹងប្រោះឈាមនៅលើអាសនានៃព្រះយេហូវ៉ាត្រង់មាត់ទ្វារត្រសាលជំនុំ ហើយនឹងដុតខ្លាញ់ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាដែរ 7ដូច្នេះ គេនឹងមិនថ្វាយយញ្ញបូជារបស់គេចំពោះរូបសត្វដែលគេផិតទៅតាមនោះទៀតឡើយ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច សំរាប់គ្រប់ទាំងដំណគេតរៀងទៅ 8ត្រូវឲ្យប្រាប់គេថា អស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្តាលគេ ដែលថ្វាយដង្វាយដុត ឬយញ្ញបូជា 9ឥតនាំមកឯទ្វារត្រសាលជំនុំ ដើម្បីនឹងថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ។
10ឯអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្តាលគេ ដែលនឹងបរិភោគឈាមអ្វីក៏ដោយ នោះអញនឹងតាំងមុខទាស់នឹងអ្នកដែលបរិភោគឈាមនោះ ហើយនឹងកាត់គេចេញពីសាសន៍របស់ខ្លួន 11ដ្បិតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយអញបានឲ្យឈាមដល់ឯងរាល់គ្នា សំរាប់នឹងថ្វាយនៅលើអាសនា ដើម្បីឲ្យបានធួននឹងជីវិតឯង ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន 12ដោយហេតុនោះបានជាអញហាមដល់ពួកកូនចៅអ៊ីស្រាអែលថា កុំឲ្យអ្នកណាក្នុងពួកឯងរាល់គ្នាបរិភោគឈាមឲ្យសោះ ក៏មិនត្រូវឲ្យពួកប្រទេសក្រៅ ដែលនៅកណ្តាលឯងរាល់គ្នាបរិភោគដែរ 13ឯអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកប្រទេសក្រៅនៅជាមួយ ដែលដេញចាប់បានសត្វជើង៤ ឬសត្វស្លាបដែលបរិភោគបាន ត្រូវឲ្យអ្នកនោះសំរក់ឈាមចោលចេញ រួចយកដីគ្របវិញ 14ដ្បិតឈាមជាជីវិតនៃអស់ទាំងសត្វ ឈាម នឹងជីវិតនោះ គឺតែ១ទេ ដោយហេតុនោះបានជាអញហាមដល់ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាមិនត្រូវបរិភោគឈាមនៃសត្វណាមួយឡើយ គឺព្រោះជីវិតនៃសត្វទាំងឡាយជាឈាមនោះឯង អ្នកណាដែលបរិភោគ នោះនឹងត្រូវកាត់កាល់ចេញជាពិត 15ហើយអស់អ្នកណាដែលបរិភោគសត្វដែលស្លាប់ដោយខ្លួនឯង ឬមានសត្វណាហែកសំឡាប់ ទោះបើអ្នកនោះកើតក្នុងស្រុក ឬជាអ្នកប្រទេសក្រៅក្តី នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច នោះទើបនឹងបានស្អាតវិញ 16តែបើមិនបានបោក ឬងូតទឹកចេញទេ អ្នកនោះត្រូវទ្រាំទ្រក្នុងសេចក្ដីទុច្ចរិតរបស់ខ្លួនហើយ។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 17: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.