យេរេមា 38
38
1ឯសេផាធា ជាកូនម៉ាត់ថាន នឹងកេដាលា ជាកូនផាសហ៊ើរ យេហ៊ូកាល ជាកូនសេលេមា ហើយផាសហ៊ើរ ជាកូនម៉ាលគា គេក៏ឮពាក្យដែលយេរេមាប្រាប់បណ្តាជនទាំងឡាយថា 2ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អ្នកណាដែលកៀចនៅក្នុងទីក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ឬដោយអាសន្នរោគ តែអ្នកណាដែលចេញទៅឯពួកខាល់ដេ នោះនឹងបានរស់នៅវិញ ជីវិតអ្នកនោះនឹងរាប់ទុកដូចជារបឹបដល់ខ្លួន អ្នកនោះនឹងរស់នៅតទៅ 3ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ទីក្រុងនេះនឹងត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបានជាពិត 4ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មានក៏ទូលស្តេចថា សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង នឹងពួកបណ្តាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អ ដល់ជនជាតិនេះទេ គឺរកតែឲ្យគេបានអន្តរាយវិញ 5ស្តេចសេដេគាមានបន្ទូលតបថា មើល វានៅក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ដ្បិតស្តេចមិនអាចនឹងធ្វើអ្វីទាស់ទទឹងនឹងអ្នករាល់គ្នាបានទេ 6នោះគេក៏ចាប់យកយេរេមាទៅដាក់ក្នុងគុកងងឹតរបស់ម៉ាលគា ជាកូនហាម៉ាលេក ដែលនៅទីលានគុក គេយកខ្សែសំរូតយេរេមាចុះទៅ រីឯនៅក្នុងគុកងងឹតនោះគ្មានទឹកទេ មានសុទ្ធតែភក់វិញ ហើយយេរេមាក៏ផុងទៅក្នុងភក់នោះ។
7កាលអេបេឌ-មេលេក ជាមនុស្សគំរៀវ សាសន៍អេធីយ៉ូពី ដែលនៅក្នុងវាំងហ្លួង គាត់បានឮថា គេដាក់យេរេមាក្នុងគុកងងឹតដូច្នោះ (គ្រានោះស្តេចកំពុងគង់នៅត្រង់ទ្វារបេនយ៉ាមីន) 8នោះអេបេឌ-មេលេកក៏ចេញពីព្រះរាជវាំងទៅទូលស្តេចថា 9ឱព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ក្នុងការទាំងប៉ុន្មានដែលមនុស្សទាំងនេះបានធ្វើដល់ហោរាយេរេមា គឺដែលគេបានដាក់លោកឲ្យនៅក្នុងគុកងងឹត នោះជាការអាក្រក់ណាស់ ដ្បិតមុខជាលោកនឹងស្លាប់នៅទីនោះ ដោយព្រោះអំណត់ជាមិនខាន ពីព្រោះគ្មានអាហារនៅក្នុងទីក្រុងទៀតទេ 10ដូច្នេះ ស្តេចទ្រង់បង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា ចូរនាំយកមនុស្ស៣០នាក់ពីទីនេះទៅជាមួយនឹងឯង ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់ 11អេបេឌ-មេលេកក៏នាំយកមនុស្សទាំងនោះ ទៅជាមួយចូលទៅខាងក្រោមឃ្លាំងក្នុងព្រះរាជវាំង ក៏យកកំណាត់ចាស់ៗ នឹងអាវរយ៉ីរយ៉ៃទៅសំរូតចុះដល់យេរេមានៅក្នុងគុកងងឹត 12រួចអេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ក៏ប្រាប់យេរេមាថា សូមទ្រាប់កំណាត់ចាស់ នឹងអាវរយ៉ីរយ៉ៃទាំងនេះ នៅក្រោមក្លៀកលោកពីក្រោមខ្សែពួរទៅ យេរេមាក៏ធ្វើដូច្នោះ 13រួចគេយោងទាញយេរេមាឡើងរួចពីគុកងងឹតមក ហើយលោកបាននៅជាប់ក្នុងទីលានគុកវិញ។
14គ្រានោះ ស្តេចសេដេគាទ្រង់ចាត់គេទៅនាំហោរាយេរេមាមកឯទ្រង់ នៅត្រង់ទ្វារទី៣ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ស្តេចទ្រង់មានបន្ទូលដល់យេរេមាថា យើងចង់សួរបន្តិច កុំឲ្យលាក់អ្វីនឹងយើងឡើយ 15ដូច្នេះ យេរេមាលោកទូលដល់សេដេគាថា បើសិនជាទូលបង្គំទូលទ្រង់ឲ្យបានជ្រាប នោះតើទ្រង់មិនសំឡាប់ទូលបង្គំជាប្រាកដទេឬ ហើយបើទូលបង្គំទូន្មានទ្រង់ នោះទ្រង់ក៏មិនព្រមស្តាប់តាមដែរ 16នោះស្តេចសេដេគាទ្រង់ស្បថឲ្យយេរេមាដោយសំងាត់ថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ ដែលទ្រង់បានបង្កើតព្រលឹងឲ្យយើងនេះ នោះប្រាកដជាយើងមិនសំឡាប់ ឬប្រគល់អ្នកទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ។
17រួចយេរេមាទូលដល់សេដេគាថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ បើទ្រង់យាងចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន នោះទ្រង់នឹងគង់ព្រះជន្មនៅ ហើយទីក្រុងនេះក៏មិនត្រូវដុតនឹងភ្លើងដែរ គឺទ្រង់ នឹងពួកវង្សាទ្រង់នឹងបានរួចជីវិត 18ប៉ុន្តែបើទ្រង់មិនព្រមចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទេ នោះទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ហើយគេនឹងដុតចោល ឯទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ 19ស្តេចសេដេគា ទ្រង់មានបន្ទូលនឹងយេរេមាថា យើងខ្លាចពួកសាសន៍យូដា ដែលរវាតចូលទៅខាងពួកខាល់ដេហើយក្រែងសាសន៍ខាល់ដេប្រគល់យើង ទៅក្នុងកណ្តាប់ដៃគេហើយគេត្មះតិះដៀលយើង 20តែយេរេមាទូលតបថា គេនឹងមិនប្រគល់ទ្រង់ទៅទេ ទូលបង្គំអង្វរទ្រង់ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា តាមសេចក្ដីដែលទូលបង្គំទូលដល់ទ្រង់ចុះ នោះទ្រង់នឹងបានសេចក្ដីសុខ ហើយនឹងមានព្រះជន្មនៅ 21តែបើសិនជាទ្រង់មិនព្រមយាងចេញទៅទេ នោះព្រះយេហូវ៉ា ទ្រង់បានសំដែងសេចក្ដីនេះមក ឲ្យទូលបង្គំឃើញថា 22មើល ពួកស្រីៗទាំងប៉ុន្មាន ដែលសល់នៅក្នុងដំណាក់របស់ស្តេចយូដា នឹងត្រូវនាំចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន ហើយស្រីៗទាំងនោះនឹងពោលថា ពួកជំនិតរបស់ទ្រង់បានបញ្ឆោតទ្រង់ ហើយក៏ឈ្នះទ្រង់ផង ឥឡូវនេះ ដែលស្ដេចទ្រង់ផុងជាប់ទៅក្នុងភក់ហើយ នោះគេបានងាកចេញពីទ្រង់ទៅ 23គេនឹងនាំភរិយានឹងព្រះរាជបុត្ររបស់ទ្រង់ទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយអង្គទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ គឺដៃស្តេចបាប៊ីឡូននឹងចាប់ទ្រង់បាន ហើយទ្រង់នឹងជាហេតុឲ្យទីក្រុងនេះត្រូវឆេះដោយភ្លើង។
24នោះសេដេគា ទ្រង់មានបន្ទូលដល់យេរេមាថា កុំឲ្យអ្នកណាដឹងពីពាក្យទាំងនេះឡើយ នោះអ្នកមិនត្រូវស្លាប់ទេ 25ប៉ុន្តែ បើពួកចៅហ្វាយឮថា យើងបាននិយាយនឹងអ្នក ហើយគេមកឯអ្នកដោយពាក្យថា ចូរប្រាប់យើងពីសេចក្ដីដែលអ្នកបានទូលដល់ស្តេចមក កុំឲ្យលាក់អ្វីពីយើងឲ្យសោះ នោះយើងនឹងមិនឲ្យអ្នកត្រូវស្លាប់ទេ ហើយប្រាប់យើង ពីសេចក្ដីដែលស្តេចបានមានបន្ទូលដល់អ្នកដែរ 26យ៉ាងនោះត្រូវឲ្យអ្នកប្រាប់ដល់គេថា ខ្ញុំបានគ្រាន់តែទូលអង្វរស្តេច សូមកុំឲ្យខ្ញុំត្រូវវិលត្រឡប់ទៅក្នុងផ្ទះយ៉ូណាថាន ឲ្យស្លាប់នៅទីនោះប៉ុណ្ណោះទេ 27រួចមក ពួកចៅហ្វាយទាំងប៉ុន្មាន ក៏មកឯយេរេមាសួរយ៉ាងនោះមែន ហើយលោកប្រាប់គេតាមគ្រប់ទាំងពាក្យ ដែលស្តេចបានបង្គាប់មក ដូច្នេះ គេក៏លែងនិយាយនឹងលោកទៅ ពីព្រោះការនោះមិនបានបើកឲ្យគេឃើញទេ 28ឯយេរេមាលោកក៏នៅជាប់ក្នុងទីលានគុក ដរាបដល់ថ្ងៃដែលគេចាប់យកក្រុងយេរូសាឡិមបាន ឯវេលាដែលគេចាប់យកទីក្រុងបាន នោះលោកនៅទីនោះនៅឡើយ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 38: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.