យេរេ‌មា 37

37
1សេដេគា ជា​បុត្រ​នៃ​យ៉ូសៀស​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​យេកូនា ជា​បុត្រ​របស់​យេហូយ៉ាគីម ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​តាំង​ឡើង​ជា​ស្តេច នៅ​ស្រុក​យូដា 2ប៉ុន្តែ ទោះ​ទាំង​ស្តេច ឬ​ពួក​មហា‌តលិក ឬ​បណ្តាជន​នៅ​ក្នុង​ស្រុក​នោះ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​មាន​បន្ទូល​មក ដោយ‌សារ​ហោរា​យេរេមា​ឡើយ។
3ឯ​ស្តេច​សេដេគា ទ្រង់​ចាត់​យេហ៊ូកាល ជា​កូន​សេលេមា នឹង​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ ឲ្យ​ទៅ​ឯ​យេរេមា ដោយ​ផ្តាំ​ថា ចូរ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឲ្យ​យើង​ឥឡូវ​ផង 4រីឯ​យេរេមា​លោក​ទៅ​មក​ក្នុង​បណ្តាជន ដ្បិត​គេ​មិន​ទាន់​បាន​ឃុំ​ទុក​លោក​នៅ​ឡើយ 5គ្រា​នោះ​ពល‌ទ័ព​របស់​ផារ៉ោន ក៏​លើក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក កាល​ពួក​ខាល់ដេ ដែល​កំពុង​តែ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ដំណឹង​នោះ​ហើយ គេ​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។
6ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ហោរា​យេរេមា​ថា 7ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ត្រូវ​ឲ្យ​ឯង​ឆ្លើយ​តប​នឹង​ស្តេច​យូដា ដែល​ចាត់​ឯង​ឲ្យ​មក​សួរ​ដល់​អញ​ថា មើល ពួក​ពល‌ទ័ព​របស់​ផារ៉ោន​ដែល​លើក​ចេញ​មក​ជួយ​ឯង គេ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​របស់​គេ​វិញ 8រួច​ពួក​ខាល់ដេ​នឹង​មក​ម្តង​ទៀត ច្បាំង​នឹង​ទី​ក្រុង​នេះ ហើយ​នឹង​ចាប់​យក​បាន​ផង រួច​គេ​នឹង​ដុត​ចោល 9ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ​ថា កុំ​ឲ្យ​បញ្ឆោត​ខ្លួន​ឯង​រាល់​គ្នា​ដោយ​ថា ពួក​ខាល់ដេ​នឹង​ថយ​ចេញ​ពី​យើង​ជា​ប្រាកដ​នោះ​ឡើយ ដ្បិត​គេ​នឹង​មិន​ថយ​ចេញ​ទៅ​ទេ 10ពី​ព្រោះ​ទោះ​បើ​ឯង​រាល់​គ្នា​បាន​វាយ​ពល‌ទ័ព​ទាំង​មូល របស់​ពួក​ខាល់ដេ​ដែល​ច្បាំង​នឹង​ឯង ឲ្យ​មាន​សល់​តែ​មនុស្ស​របួស​ប៉ុណ្ណោះ​ក៏​ដោយ គង់​តែ​គេ​នឹង​ក្រោក​ឡើង នៅ​ក្នុង​ត្រសាល​គេ​រៀង​ខ្លួន មក​ដុត​ទី​ក្រុង​នេះ​ចោល​ដែរ។
11នៅ​គ្រា​ដែល​ពល‌ទ័ព​របស់​ពួក​ខាល់ដេ បាន​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ដោយ​ខ្លាច​ពួក​ពល‌ទ័ព​របស់​ផារ៉ោន​ហើយ 12នោះ​យេរេមា​ក៏​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ចង់​ទៅ​ឯ​ស្រុក​បេន‌យ៉ាមីន ដើម្បី​ទទួល​ដី​ជា​ចំណែក​របស់​លោក នៅ​កណ្តាល​ពួក​អ្នក​ស្រុក​នោះ 13តែ​កាល​លោក​កំពុង​ចេញ​តាម​ទ្វារ​បេន‌យ៉ាមីន នោះ​មាន​មេ‌ទ័ព​ពួក​ល្បាត​នៅ​ទី​នោះ​ឈ្មោះ​យារីយ៉ា ជា​កូន​សេលេមា ដែល​ជា​កូន​ហាណានា អ្នក​នោះ​ក៏​ចាប់​ហោរា​យេរេមា ដោយ​ចោទ​ថា ឯង​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឬ 14យេរេមា​ប្រកែក​ថា​មិន​មែន​ទេ ខ្ញុំ​មិន​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឡើយ ប៉ុន្តែ យារីយ៉ា​មិន​ព្រម​ជឿ​លោក​សោះ ក៏​ចាប់​យេរេមា​នាំ​ទៅ​ឯ​ពួក​ចៅហ្វាយ 15នោះ​ពួក​ចៅហ្វាយ​មាន​សេចក្ដី​ក្រោធ​នឹង​យេរេមា ក៏​វាយ​លោក ហើយ​នាំ​ទៅ​ឃុំ​ទុក​ក្នុង​ផ្ទះ​ស្មៀន​យ៉ូណា‌ថាន ដ្បិត​គេ​បាន​យក​ផ្ទះ​នោះ​ធ្វើ​ជា​គុក​ហើយ។
16កាល​យេរេមា​បាន​ចូល​ទៅ​ក្នុង​បន្ទប់​នៃ​គុក នៅ​ក្រោម​ដី​នោះ រួច​បាន​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៅ 17នោះ​ស្តេច​សេដេគា​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​លោក​មក ស្តេច​ទ្រង់​សួរ​លោក​ដោយ​សំងាត់​នៅ​ក្នុង​ដំណាក់​ថា តើ​មាន​បន្ទូល​ណា​មក​ពី​ព្រះ‌យេហូវ៉ា​ឬ​ទេ យេរេមា​ទូល​តប​ថា មាន​ដែរ លោក​ក៏​ទូល​ថា ទ្រង់​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន 18មួយ​ទៀត យេរេមា​ក៏​ទូល​សួរ​ស្តេច​សេដេគា​ថា តើ​ទូលបង្គំ​បាន​ធ្វើ​ខុស​អ្វី​នឹង​ទ្រង់ ឬ​នឹង​ពួក​នាម៉ឺន​ទ្រង់ ឬ​នឹង​ពួក​ជន‌ជាតិ​នេះ បាន​ជា​ដាក់​ទូលបង្គំ​នៅ​ក្នុង​គុក​ដូច្នេះ 19ឥឡូវ តើ​ពួក​ហោរា​របស់​ទ្រង់​នៅ​ឯ​ណា​ដែល​គេ​ទាយ​ថា ស្តេច​បាប៊ីឡូន​នឹង​មិន​មក​ទាស់​នឹង​ទ្រង់ ឬ​ទាស់​នឹង​ស្រុក​នេះ​ឡើយ​នោះ 20ឥឡូវ​នេះ ឱ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ សូម​ព្រះ‌សណ្តាប់ សូម​មេត្តា​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ទូល‌អង្វរ​បន្តិច សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ ក្នុង​ផ្ទះ​របស់​ស្មៀន​យ៉ូណា‌ថាន​ទៀត​ឡើយ ក្រែង​ទូលបង្គំ​ស្លាប់​នៅ​ទី​នោះ 21ដូច្នេះ ស្តេច​សេដេគា​ទ្រង់​បង្គាប់​ឲ្យ​គេ​ឃុំ​លោក​ទុក​នៅ​ទីលាន​គុក​វិញ ហើយ​ឲ្យ​គេ​យក​នំបុ័ង​១​ដុំ ពី​ផ្លូវ​នៃ​ពួក​ដុត​នំបុ័ង​មក​ឲ្យ​លោក​រាល់ៗ​ថ្ងៃ ដរាប​ដល់​នំបុ័ង​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​បាន​អស់​ហើយ ដូច្នេះ យេរេមា​ក៏​នៅ​ជាប់​ក្នុង​ទីលាន​គុក​នោះ។

ទើបបានជ្រើសរើសហើយ៖

យេរេ‌មា 37: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល