យេរេមា 37
37
1សេដេគា ជាបុត្រនៃយ៉ូសៀសក៏សោយរាជ្យឡើងជំនួសយេកូនា ជាបុត្ររបស់យេហូយ៉ាគីម ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានតាំងឡើងជាស្តេច នៅស្រុកយូដា 2ប៉ុន្តែ ទោះទាំងស្តេច ឬពួកមហាតលិក ឬបណ្តាជននៅក្នុងស្រុកនោះ ក៏មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់មានបន្ទូលមក ដោយសារហោរាយេរេមាឡើយ។
3ឯស្តេចសេដេគា ទ្រង់ចាត់យេហ៊ូកាល ជាកូនសេលេមា នឹងសេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃ ឲ្យទៅឯយេរេមា ដោយផ្តាំថា ចូរអធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឲ្យយើងឥឡូវផង 4រីឯយេរេមាលោកទៅមកក្នុងបណ្តាជន ដ្បិតគេមិនទាន់បានឃុំទុកលោកនៅឡើយ 5គ្រានោះពលទ័ពរបស់ផារ៉ោន ក៏លើកចេញពីស្រុកអេស៊ីព្ទមក កាលពួកខាល់ដេ ដែលកំពុងតែឡោមព័ទ្ធក្រុងយេរូសាឡិម បានឮដំណឹងនោះហើយ គេក៏ថយចេញពីក្រុងយេរូសាឡិមទៅ។
6ខណៈនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ហោរាយេរេមាថា 7ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ត្រូវឲ្យឯងឆ្លើយតបនឹងស្តេចយូដា ដែលចាត់ឯងឲ្យមកសួរដល់អញថា មើល ពួកពលទ័ពរបស់ផារ៉ោនដែលលើកចេញមកជួយឯង គេនឹងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទ ជាស្រុករបស់គេវិញ 8រួចពួកខាល់ដេនឹងមកម្តងទៀត ច្បាំងនឹងទីក្រុងនេះ ហើយនឹងចាប់យកបានផង រួចគេនឹងដុតចោល 9ព្រះយេហូវ៉ា ទ្រង់មានបន្ទូលយ៉ាងដូច្នេះថា កុំឲ្យបញ្ឆោតខ្លួនឯងរាល់គ្នាដោយថា ពួកខាល់ដេនឹងថយចេញពីយើងជាប្រាកដនោះឡើយ ដ្បិតគេនឹងមិនថយចេញទៅទេ 10ពីព្រោះទោះបើឯងរាល់គ្នាបានវាយពលទ័ពទាំងមូល របស់ពួកខាល់ដេដែលច្បាំងនឹងឯង ឲ្យមានសល់តែមនុស្សរបួសប៉ុណ្ណោះក៏ដោយ គង់តែគេនឹងក្រោកឡើង នៅក្នុងត្រសាលគេរៀងខ្លួន មកដុតទីក្រុងនេះចោលដែរ។
11នៅគ្រាដែលពលទ័ពរបស់ពួកខាល់ដេ បានថយចេញពីក្រុងយេរូសាឡិមទៅ ដោយខ្លាចពួកពលទ័ពរបស់ផារ៉ោនហើយ 12នោះយេរេមាក៏ចេញពីក្រុងយេរូសាឡិម ចង់ទៅឯស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែករបស់លោក នៅកណ្តាលពួកអ្នកស្រុកនោះ 13តែកាលលោកកំពុងចេញតាមទ្វារបេនយ៉ាមីន នោះមានមេទ័ពពួកល្បាតនៅទីនោះឈ្មោះយារីយ៉ា ជាកូនសេលេមា ដែលជាកូនហាណានា អ្នកនោះក៏ចាប់ហោរាយេរេមា ដោយចោទថា ឯងរវាតចូលទៅខាងពួកខាល់ដេឬ 14យេរេមាប្រកែកថាមិនមែនទេ ខ្ញុំមិនរវាតចូលទៅខាងពួកខាល់ដេឡើយ ប៉ុន្តែ យារីយ៉ាមិនព្រមជឿលោកសោះ ក៏ចាប់យេរេមានាំទៅឯពួកចៅហ្វាយ 15នោះពួកចៅហ្វាយមានសេចក្ដីក្រោធនឹងយេរេមា ក៏វាយលោក ហើយនាំទៅឃុំទុកក្នុងផ្ទះស្មៀនយ៉ូណាថាន ដ្បិតគេបានយកផ្ទះនោះធ្វើជាគុកហើយ។
16កាលយេរេមាបានចូលទៅក្នុងបន្ទប់នៃគុក នៅក្រោមដីនោះ រួចបាននៅទីនោះជាយូរថ្ងៃទៅ 17នោះស្តេចសេដេគាក៏ចាត់គេឲ្យទៅនាំលោកមក ស្តេចទ្រង់សួរលោកដោយសំងាត់នៅក្នុងដំណាក់ថា តើមានបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ យេរេមាទូលតបថា មានដែរ លោកក៏ទូលថា ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន 18មួយទៀត យេរេមាក៏ទូលសួរស្តេចសេដេគាថា តើទូលបង្គំបានធ្វើខុសអ្វីនឹងទ្រង់ ឬនឹងពួកនាម៉ឺនទ្រង់ ឬនឹងពួកជនជាតិនេះ បានជាដាក់ទូលបង្គំនៅក្នុងគុកដូច្នេះ 19ឥឡូវ តើពួកហោរារបស់ទ្រង់នៅឯណាដែលគេទាយថា ស្តេចបាប៊ីឡូននឹងមិនមកទាស់នឹងទ្រង់ ឬទាស់នឹងស្រុកនេះឡើយនោះ 20ឥឡូវនេះ ឱព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមព្រះសណ្តាប់ សូមមេត្តាប្រោសឲ្យទូលបង្គំបានទូលអង្វរបន្តិច សូមកុំឲ្យទូលបង្គំត្រឡប់ទៅ ក្នុងផ្ទះរបស់ស្មៀនយ៉ូណាថានទៀតឡើយ ក្រែងទូលបង្គំស្លាប់នៅទីនោះ 21ដូច្នេះ ស្តេចសេដេគាទ្រង់បង្គាប់ឲ្យគេឃុំលោកទុកនៅទីលានគុកវិញ ហើយឲ្យគេយកនំបុ័ង១ដុំ ពីផ្លូវនៃពួកដុតនំបុ័ងមកឲ្យលោករាល់ៗថ្ងៃ ដរាបដល់នំបុ័ងទាំងប៉ុន្មាននៅទីក្រុងបានអស់ហើយ ដូច្នេះ យេរេមាក៏នៅជាប់ក្នុងទីលានគុកនោះ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 37: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.