ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ត្រូវឲ្យឯងឆ្លើយតបនឹងស្តេចយូដា ដែលចាត់ឯងឲ្យមកសួរដល់អញថា មើល ពួកពលទ័ពរបស់ផារ៉ោនដែលលើកចេញមកជួយឯង គេនឹងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទ ជាស្រុករបស់គេវិញ រួចពួកខាល់ដេនឹងមកម្តងទៀត ច្បាំងនឹងទីក្រុងនេះ ហើយនឹងចាប់យកបានផង រួចគេនឹងដុតចោល ព្រះយេហូវ៉ា ទ្រង់មានបន្ទូលយ៉ាងដូច្នេះថា កុំឲ្យបញ្ឆោតខ្លួនឯងរាល់គ្នាដោយថា ពួកខាល់ដេនឹងថយចេញពីយើងជាប្រាកដនោះឡើយ ដ្បិតគេនឹងមិនថយចេញទៅទេ ពីព្រោះទោះបើឯងរាល់គ្នាបានវាយពលទ័ពទាំងមូល របស់ពួកខាល់ដេដែលច្បាំងនឹងឯង ឲ្យមានសល់តែមនុស្សរបួសប៉ុណ្ណោះក៏ដោយ គង់តែគេនឹងក្រោកឡើង នៅក្នុងត្រសាលគេរៀងខ្លួន មកដុតទីក្រុងនេះចោលដែរ។ នៅគ្រាដែលពលទ័ពរបស់ពួកខាល់ដេ បានថយចេញពីក្រុងយេរូសាឡិមទៅ ដោយខ្លាចពួកពលទ័ពរបស់ផារ៉ោនហើយ នោះយេរេមាក៏ចេញពីក្រុងយេរូសាឡិម ចង់ទៅឯស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែករបស់លោក នៅកណ្តាលពួកអ្នកស្រុកនោះ តែកាលលោកកំពុងចេញតាមទ្វារបេនយ៉ាមីន នោះមានមេទ័ពពួកល្បាតនៅទីនោះឈ្មោះយារីយ៉ា ជាកូនសេលេមា ដែលជាកូនហាណានា អ្នកនោះក៏ចាប់ហោរាយេរេមា ដោយចោទថា ឯងរវាតចូលទៅខាងពួកខាល់ដេឬ យេរេមាប្រកែកថាមិនមែនទេ ខ្ញុំមិនរវាតចូលទៅខាងពួកខាល់ដេឡើយ ប៉ុន្តែ យារីយ៉ាមិនព្រមជឿលោកសោះ ក៏ចាប់យេរេមានាំទៅឯពួកចៅហ្វាយ នោះពួកចៅហ្វាយមានសេចក្ដីក្រោធនឹងយេរេមា ក៏វាយលោក ហើយនាំទៅឃុំទុកក្នុងផ្ទះស្មៀនយ៉ូណាថាន ដ្បិតគេបានយកផ្ទះនោះធ្វើជាគុកហើយ។ កាលយេរេមាបានចូលទៅក្នុងបន្ទប់នៃគុក នៅក្រោមដីនោះ រួចបាននៅទីនោះជាយូរថ្ងៃទៅ នោះស្តេចសេដេគាក៏ចាត់គេឲ្យទៅនាំលោកមក ស្តេចទ្រង់សួរលោកដោយសំងាត់នៅក្នុងដំណាក់ថា តើមានបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ យេរេមាទូលតបថា មានដែរ លោកក៏ទូលថា ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន មួយទៀត យេរេមាក៏ទូលសួរស្តេចសេដេគាថា តើទូលបង្គំបានធ្វើខុសអ្វីនឹងទ្រង់ ឬនឹងពួកនាម៉ឺនទ្រង់ ឬនឹងពួកជនជាតិនេះ បានជាដាក់ទូលបង្គំនៅក្នុងគុកដូច្នេះ ឥឡូវ តើពួកហោរារបស់ទ្រង់នៅឯណាដែលគេទាយថា ស្តេចបាប៊ីឡូននឹងមិនមកទាស់នឹងទ្រង់ ឬទាស់នឹងស្រុកនេះឡើយនោះ ឥឡូវនេះ ឱព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមព្រះសណ្តាប់ សូមមេត្តាប្រោសឲ្យទូលបង្គំបានទូលអង្វរបន្តិច សូមកុំឲ្យទូលបង្គំត្រឡប់ទៅ ក្នុងផ្ទះរបស់ស្មៀនយ៉ូណាថានទៀតឡើយ ក្រែងទូលបង្គំស្លាប់នៅទីនោះ ដូច្នេះ ស្តេចសេដេគាទ្រង់បង្គាប់ឲ្យគេឃុំលោកទុកនៅទីលានគុកវិញ ហើយឲ្យគេយកនំបុ័ង១ដុំ ពីផ្លូវនៃពួកដុតនំបុ័ងមកឲ្យលោករាល់ៗថ្ងៃ ដរាបដល់នំបុ័ងទាំងប៉ុន្មាននៅទីក្រុងបានអស់ហើយ ដូច្នេះ យេរេមាក៏នៅជាប់ក្នុងទីលានគុកនោះ។
អាន យេរេមា 37
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 37:7-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ