យេរេ‌មា 25

25
1នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា ពី​ដំណើរ​បណ្តាជន នៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំ​ទី​៤ នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា (ឆ្នាំ​នោះ​ជា​ឆ្នាំ​ដំបូង នៃ​រាជ្យ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន) 2ជា​សេចក្ដី​ដែល​ហោរា​យេរេមា​បាន​ប្រាប់​ដល់​បណ្តាជន​នៅ​ស្រុក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ថា 3ចាប់​តាំង​ពី​ឆ្នាំ​ទី​១៣ ក្នុង​រាជ្យ​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​អស់​២៣​ឆ្នាំ​នេះ​ហើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទាំង​ក្រោក​ពី​ព្រលឹម​ស្រាង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ 4ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បំរើ​របស់​ទ្រង់ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាងនឹង​ចាត់​គេ​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​នឹង​ស្តាប់​សោះ 5ទ្រង់​បាន​មាន​បន្ទូល​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​ពី​អំពើ​អាក្រក់​ដែល​គ្រប់​គ្នា​ប្រព្រឹត្ត​ឥឡូវ​ចុះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ដល់​ឯង នឹង​ពួក​ឰយុកោ​ឯង ចាប់​តាំង​ពី​បុរាណ ហើយ​សំរាប់​ជា​ដរាប​ត​ទៅ 6កុំ​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា​ឡើយ ក៏​កុំ​ឲ្យ​បណ្តាល​ឲ្យ​អញ​ខឹង ដោយ‌សារ​ការ​ដែល​ដៃ​ឯង​រាល់​គ្នា​ធ្វើ​ដែរ យ៉ាង​នោះ​អញ​នឹង​មិន​ប្រទូស្ត​ដល់​ឯង​រាល់​គ្នា​ទេ 7ប៉ុន្តែ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ គឺ​ជា​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង ដោយ‌សារ​ការ​ដែល​ដៃ​ឯង​បាន​ធ្វើ​វិញ ឲ្យ​អញ​បាន​ប្រទូស្ត​ដល់​ឯង 8ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ពាក្យ​អញ 9នោះ​មើល អញ​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង នឹង​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​មក ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ នឹង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ផង អញ​នឹង​បំផ្លាញ​ពួក​ស្រុក​នេះ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​ជា​ទី​ខូច​បង់​នៅ​អស់‌កល្ប‌ជានិច្ច 10មួយ​ទៀត អញ​នឹង​បំបាត់​សំឡេង​អរ​សប្បាយ នឹង​សំឡេង​រីក‌រាយ សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី នឹង​សូរ​ត្បាល់​កិន ហើយ​ពន្លឺ​ចង្កៀង​ពី​ពួក​គេ​ចេញ 11ដូច្នេះ ស្រុក​នេះ​ទាំង​មូល​នឹង​ទៅ​ជា​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង​ផង សាសន៍​ទាំង​នេះ​នឹង​ត្រូវ​បំរើ​ស្តេច​បាប៊ីឡូន​អស់​៧០​ឆ្នាំ។
12លុះ​ដល់​គ្រប់​៧០​ឆ្នាំ​នោះ​ហើយ នោះ​អញ​នឹង​ធ្វើ​ទោស​ស្តេច​បាប៊ីឡូន នឹង​ពួក​សាសន៍​នោះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ស្រុក​របស់​ពួក​ខាល់ដេ នោះ​អញ​នឹង​ធ្វើ​ឲ្យ​ស្ងាត់‌ជ្រងំ​ជា​ដរាប​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 13អញ​នឹង​សំរេច​តាម​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រកាស​ទាស់​នឹង​ស្រុក​នោះ គឺ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​នេះ​ហើយ ជា​ពាក្យ​ដែល​យេរេមា​បាន​ទាយ​ទាស់​នឹង​នគរ​ទាំង​ប៉ុន្មាន 14ដ្បិត​សាសន៍​ជា​ច្រើន នឹង​ស្តេច​ធំៗ នឹង​ចាប់​ប្រើ​សាសន៍​ខាល់ដេ​នោះ​វិញ ហើយ​អញ​នឹង​សង​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត នឹង​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ។
15ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​យក​ពែង​ស្រា​ជា​សេចក្ដី​ឃោរ‌ឃៅ​នេះ​ពី​ដៃ​អញ​ទៅ ហើយ​បំផឹក​អស់​ទាំង​សាសន៍​ដែល​អញ​ចាត់​ឯង​ឲ្យ​ទៅ​នោះ​ចុះ 16គេ​នឹង​ផឹក ហើយ​នឹង​ដើរ​វិល​វង់​ទៅ​មក ហើយ​ទៅ​ជា​ឆ្កួត​ដោយ​ព្រោះ​ដាវ ដែល​អញ​នឹង​ចាត់​ទៅ​កណ្តាល​ពួក​គេ 17ដូច្នេះ ខ្ញុំ​ក៏​យក​ពែង​នោះ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ទៅ​បំផឹក​អស់​ទាំង​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​ខ្ញុំ​ទៅ​នោះ 18គឺ​ក្រុង​យេរូ‌សាឡិម នឹង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្តេច នឹង​ពួក​ចៅហ្វាយ​របស់​គេ​ផង ដើម្បី​ឲ្យ​គេ​ទៅ​ជា​ទី​ខូច​បង់ ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​ជា​ទី​ផ្តាសា​ដូច​ជា​សព្វ​ថ្ងៃ​នេះ 19នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ពួក​មហា‌តលិក នឹង​ពួក​ចៅហ្វាយ ហើយ​ជន‌ជាតិ​របស់​គេ​ផង 20អស់​ទាំង​សាសន៍​លាយ​គ្នា ពួក​ស្តេច​នៅ​ស្រុក​អ៊ូស នឹង​អស់​ទាំង​ស្តេច​របស់​ស្រុក​ភីលីស្ទីន គឺ​ក្រុង​អាស‌កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រុន នឹង​សំណល់​នៃ​ក្រុង​អាសដូឌ 21សាសន៍​អេដំម សាសន៍​ម៉ូអាប់ នឹង​ពួក​កូន​ចៅ​អាំម៉ូន 22អស់​ទាំង​ស្តេច​ក្រុង​ទីរ៉ុស ស្តេច​ក្រុង​ស៊ីដូន នឹង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​កោះ​ខាង​នាយ​សមុទ្រ 23ពួក​ដេដាន់ ពួក​ថេម៉ា នឹង​ពួក​ប៊ូស ហើយ​អស់​ពួក​អ្នក​ដែល​កាត់​ជ្រុង​ពុក‌ចង្កា 24អស់​ទាំង​ស្តេច​សាសន៍​អារ៉ាប់ នឹង​ស្តេច​នៃ​សាសន៍​លាយ​គ្នា ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន 25ពួក​ស្តេច​ស៊ីមរី ស្តេច​អេឡាំ នឹង​អស់​ទាំង​ស្តេច​សាសន៍​មេឌី 26ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ខាង​ជើង ទាំង​ជិត​ទាំង​ឆ្ងាយ​ជា​មួយ​គ្នា ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​ក្នុង​លោកីយ ដែល​នៅ​លើ​ផែនដី​ផង រួច​ស្តេច​សេសាក​នឹង​ត្រូវ​ផឹក​ជា​ខាង​ក្រោយ​បង្អស់។
27ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ផឹក​ចុះ ហើយ​ឲ្យ​ស្រវឹង​ផង ចូរ​ក្អួត​ចេញ ហើយ​ដួល​ចុះ​ឥត​ដែល​ក្រោក​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ដាវ​ដែល​អញ​នឹង​ចាត់​ទៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា 28បើ​កាល​ណា​គេ​មិន​ព្រម​ផឹក​ពី​ពែង​នៅ​ដៃ​ឯង​ទេ នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ផឹក​ជា​ពិត 29ដ្បិត​មើល អញ​ចាប់​តាំង​ធ្វើ​ទោស​ដល់​ទី​ក្រុង ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ដូច្នេះ​តើ​ឯង​រាល់​គ្នា​នឹង​រួច​ខ្លួន​ឥត​មាន​ទោស​សោះ​បាន​ឬ អញ​នឹង​ហៅ​ឲ្យ​មាន​ដាវ​មក​លើ​គ្រប់​ទាំង​មនុស្ស​នៅ​ផែនដី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
30ដូច្នេះ ចូរ​ទាយ​អស់​ទាំង​ពាក្យ​នេះ ទាស់​នឹង​គេ​ហើយ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ទ្រង់​នឹង​គ្រហឹម​ពី​ខាង​លើ ហើយ​នឹង​បព្ចោញ​ព្រះ‌សូរ‌សៀង​ទ្រង់ ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ទ្រង់​នឹង​គ្រហឹម​ជា​ខ្លាំង​ក្រៃ‌លែង​ទាស់​នឹង​ក្រោល​ទ្រង់ ក៏​នឹង​ស្រែក​ឡើង​ទាស់​នឹង​ពួក​អ្នក​នៅ​ផែនដី​ទាំង​អស់ ដូច​ជា​សំរែក​នៃ​ពួក​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ 31នឹង​ឮ​សូរ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ការណ៍​ទាស់​ទទឹង​នឹង​សាសន៍​ទាំង​ប៉ុន្មាន ទ្រង់​នឹង​កើត​ក្តី​នឹង​គ្រប់​ទាំង​មនុស្ស ឯ​ពួក​មនុស្ស​អាក្រក់ នោះ​ទ្រង់​នឹង​ប្រគល់​ដល់​ដាវ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
32ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មើល សេចក្ដី​អាក្រក់​នឹង​ចេញ​ពី​នគរ​១​ដល់​នគរ​១ ហើយ​នឹង​កើត​មាន​ព្យុះ​សង្ឃរា​យ៉ាង​សំបើម មក​ពី​ចុង​ផែនដី​បំផុត 33នៅ​ថ្ងៃ​នោះ សាក‌សព​នៃ​មនុស្ស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ ពី​ចុង​ផែនដី​ម្ខាង ទៅ​ដល់​ចុង​ផែនដី​ម្ខាង ឥត​មាន​អ្នក​ណា​សោក​ស្តាយ​គេ ឬ​ប្រមូល​ខ្មោច​គេ​ទៅ​កប់​ឡើយ គឺ​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី 34ឱ​ពួក​អ្នក​គង្វាល​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ឱ​ពួក​ជា​ប្រធាន​ក្នុង​ហ្វូង​អើយ ចូរ​ដេក​ននៀល​ក្នុង​ផេះ​ចុះ ដ្បិត​គ្រា​ដែល​សំឡេះ​ឯង ហើយ​កំចាត់‌កំចាយ​ឯង បាន​មក​ដល់​ហើយ ឯង​រាល់​គ្នា​នឹង​ត្រូវ​ធ្លាក់​ចុះ ដូច​ជា​ភាជនៈ​មាន​ដំឡៃ 35ឯ​ពួក​អ្នក​គង្វាល នឹង​គ្មាន​ផ្លូវ​ណា​រត់​ឲ្យ​រួច​ឡើយ ហើយ​ពួក​ដែល​ជា​ប្រធាន​ក្នុង​ហ្វូង ក៏​ឥត​មាន​ផ្លូវ​នឹង​រួច​បាន​ដែរ 36មាន​ឮ​សំរែក​នៃ​ពួក​អ្នក​គង្វាល នឹង​សូរ​ទ្រហោ​យំ របស់​ពួក​ជា​ប្រធាន​ក្នុង​ហ្វូង ពី​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​បំផ្លាញ​ទី​ឃ្វាល​របស់​គេ 37ហើយ​ក្រោល​សុខ‌សាន្ត​ទាំង​ប៉ុន្មាន​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប ដោយ​ព្រោះ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​នៃ​ព្រះ‌យេហូវ៉ា 38ទ្រង់​បាន​ចេញ​ពី​ទី​លំនៅ​របស់​ទ្រង់ ដូច​ជា​សិង្ហ ដ្បិត​ស្រុក​របស់​គេ បាន​ត្រឡប់​ជា​ស្ងាត់‌ជ្រងំ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​នៃ​ពួក​រឹប​ជាន់ នឹង​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​នៃ​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

យេរេ‌មា 25: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល