យេរេ‌មា 24

24
1ព្រះ‌យេហូវ៉ា ទ្រង់​បង្ហាញ ឲ្យ​ខ្ញុំ​ឃើញ​ផ្លែ​ល្វា​២​ល្អី ដាក់​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្នុង​ពេល​ក្រោយ​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​បាន​ចាប់​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​យូដា នាំ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​ចៅហ្វាយ​នៃ​ស្រុក​យូដា នឹង​ពួក​រចនា ហើយ​ពួក​ជាង ដឹក​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដល់​ស្រុក​បាប៊ីឡូន​ផង 2ល្អី​១​មាន​ផ្លែ​ល្វា​យ៉ាង​ល្អ​ណាស់ ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​មុន​គេ ឯ​ល្អី​១​ទៀត​មាន​ផ្លែ​ល្វា​អាក្រក់​ណាស់ ដែល​នឹង​បរិភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ក្រៃ​ពេក 3នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា យេរេមា​អើយ ឯង​ឃើញ​អ្វី​នុ៎ះ ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា ឃើញ​ផ្លែ​ល្វា ឯ​ផ្លែ​ល្អ នោះ​ល្អ​ណាស់ ហើយ​ផ្លែ​អាក្រក់ ក៏​អាក្រក់​ណាស់​ដែរ នឹង​បរិភោគ​មិន​បាន ពី​ព្រោះ​អាក្រក់​ក្រៃ​ពេក។
4នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា 5ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដូច​ជា​ឯង​បាន​ស្គាល់​ផ្លែ​ល្វា​ល្អ​នេះ អញ​ក៏​នឹង​ស្គាល់​ពួក​យូដា ដែល​ត្រូវ​គេ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ​ដែរ ដើម្បី​នឹង​ប្រោស​ឲ្យ​គេ​បាន​សេចក្ដី​ល្អ គឺ​ជា​ពួក​អ្នក​ដែល​អញ​បាន​បណ្តេញ​ចេញ​ពី​ទី​នេះ ទៅ​ដល់​ស្រុក​ខាល់ដេ​ហើយ 6ដ្បិត​អញ​នឹង​តាំង​ភ្នែក​មើល​តាម​គេ ឲ្យ​បាន​សេចក្ដី​ល្អ ហើយ​នឹង​នាំ​គេ​មក​ក្នុង​ស្រុក​នេះ​វិញ អញ​នឹង​ស្អាង​គេ​ឡើង មិន​រុះ​វិញ​ឡើយ ក៏​នឹង​ដាំ​គេ​ចុះ ឥត​រំលើង​ចេញ​ដែរ 7អញ​នឹង​ឲ្យ​គេ​មាន​ចិត្ត​ដែល​ស្គាល់​អញ​ថា ជា​ព្រះ‌យេហូវ៉ា នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ពី​ព្រោះ​គេ​នឹង​វិល​មក​ឯ​អញ ដោយ​អស់​ពី​ចិត្ត។
8ឯ​ផ្លែ​ល្វា​អាក្រក់ ដែល​នឹង​បរិភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ក្រៃ​ពេក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ជា​ប្រាកដ​ថា អញ​នឹង​ឲ្យ​សេដេគា ជា​ស្តេច​យូដា បាន​យ៉ាង​ដូច្នោះ​ដែរ ព្រម​ទាំង​ពួក​ចៅហ្វាយនឹង​សំណល់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ដែល​សល់​នៅ​ក្នុង​ស្រុក​នេះ ហើយ​នឹង​ពួក​ដែល​នៅ​ស្រុក​អេស៊ីព្ទ​ផង 9អញ​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​នគរ​នៅ​ផែនដី​វិញ ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្តាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អញ​នឹង​បណ្តេញ​ទៅ​នោះ 10អញ​នឹង​ចាត់​ប្រើ​ដាវ នឹង​សេចក្ដី​អំណត់‌អត់ ហើយ​អាសន្ន‌រោគ ឲ្យ​នៅ​កណ្តាល​ពួក​គេ ដរាប​ដល់​គេ​សូន្យ​បាត់​អស់​រលីង​ពី​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​គេ ហើយ​ដល់​ពួក​ព្ធយុ‌កោ​គេ​ទៅ។

ទើបបានជ្រើសរើសហើយ៖

យេរេ‌មា 24: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល