អេសាយ 8
8
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ចូរយកក្តារឈ្នួន១ធំ ហើយសរសេរជាអក្សររបស់មនុស្សថា ការរឹបជាន់ជិតណាស់ហើយ គេរូតរះមកចាប់រំពា 2ហើយអញនឹងយកស្មរបន្ទាល់ស្មោះត្រង់ គឺអ៊ូរី ជាសង្ឃ នឹងសាការី ជាកូនបេរេគា ដើម្បីកត់សេចក្ដីទុក 3រួចមកខ្ញុំបានចូលទៅឯហោរាស្រី ជាប្រពន្ធខ្ញុំ ហើយនាងមានទំងន់បង្កើតបានកូនប្រុស១ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ចូរឲ្យឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស 4ដ្បិតមុនដែលកូននេះចេះហៅថា ឪអើយ ម៉ែអើយ នោះគេនឹងដឹកយកទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយនឹងរបឹបនៅស្រុកសាម៉ារី នាំទៅនៅចំពោះស្តេចស្រុកអាសស៊ើរហើយ។
5ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំទៀតថា 6ដោយព្រោះសាសន៍នេះ គេមិនព្រមយកទឹកស៊ីឡោម ដែលហូរគ្រឿនៗ តែមានសេចក្ដីរីករាយចំពោះរេស៊ីន ហើយនឹងកូនរបស់រេម៉ាលាវិញ 7នោះមើល ព្រះអម្ចាស់ទ្រង់នាំទឹកទន្លេដែលហូរខ្លាំង ហើយច្រើនមកលើគេ គឺជាស្តេចស្រុកអាសស៊ើរ នឹងឫទ្ធានុភាពទាំងប៉ុន្មានរបស់ទ្រង់ ទន្លេនោះនឹងហូរចេញតាមគ្រប់ទាំងព្រែក ហើយលិចច្រាំងទាំងអស់ 8ក៏នឹងសាយចូលទៅក្នុងស្រុកយូដាដែរ ព្រមទាំងលិចហូរកាត់ស្រុកឡើងត្រឹមក ហើយនឹងជន់រាចពេញស្រុករបស់ឯង ឱអេម៉ាញូអែលអើយ។
9ឱជនជាតិទាំងឡាយអើយ ចូរស្រែកសន្ធាប់ចុះ គង់តែឯងរាល់គ្នានឹងត្រូវបាក់បែកខ្ទេចខ្ទីវិញ នែ អស់ទាំងស្រុកដែលនៅឆ្ងាយៗអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរក្រវាត់ចង្កេះខ្លួនដែរ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទី ចូរក្រវាត់ចង្កេះចុះ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទីទៅ 10ចូរប្រឹក្សាគ្នា នោះការសំរេចរបស់ឯងនឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសំដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះទ្រង់គង់នៅខាងយើងហើយ។
11ឯព្រះយេហូវ៉ាទ្រង់មានបន្ទូលមក ដោយព្រះហស្តសង្កត់លើខ្ញុំជាខ្លាំង ទ្រង់ដាស់តឿនខ្ញុំមិនឲ្យដើរតាមផ្លូវរបស់ជនជាតិនេះ ដោយថា 12កុំឲ្យឯងថា មានការក្បត់ ក្នុងគ្រប់ទាំងការដែលជនជាតិនេះថា មានការក្បត់នោះឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះការដែលគេភ័យខ្លាចដែរ កុំឲ្យតក់ស្លុតឲ្យសោះ 13ត្រូវឲ្យរាប់ព្រះយេហូវ៉ានៃពួកពលបរិវារទុកជាបរិសុទ្ធ ព្រមទាំងយកទ្រង់ជាទីភ័យខ្លាច ហើយតក់ស្លុតវិញ 14នោះទ្រង់នឹងបានសំរាប់ជាទីបរិសុទ្ធ តែជាថ្មចំពប់ ហើយជាថ្មដាដែលបង្អាក់បង្អន់ចិត្តដល់ពួកអ៊ីស្រាអែលទាំង២វង្ស ហើយជាអន្ទាក់ នឹងជាជង់ដល់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់ 15មនុស្សជាច្រើននឹងចំពប់នឹងថ្មនោះ ហើយដួលទៅ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយចាប់បានផង។
16ចូរចងសេចក្ដីបន្ទាល់ទុក ហើយបិទត្រាបញ្ញត្តច្បាប់នៅក្នុងពួកសិស្សរបស់អញចុះ 17ឯខ្ញុំៗនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលទ្រង់លាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែទ្រង់ 18មើល ខ្ញុំ ហើយនឹងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសំរាប់ជាទីសំគាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។
19កាលបើអ្នកណាពោលដល់ឯងថា ចូររកពួកគ្រូខាប នឹងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្តាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី 20ចូរទៅបើកគម្ពីរបញ្ញត្ត នឹងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ 21គេនឹងដើរចុះឡើងក្នុងស្រុក មានទាំងទុក្ខវេទនា ហើយស្រេកឃ្លាន កាលណាគេស្រេកឃ្លាន នោះនឹងមានចិត្តក្តៅក្រហាយ ហើយនឹងប្រទេចផ្តាសាដល់ទាំងស្តេច នឹងព្រះរបស់ខ្លួន ដោយងើយមើលទៅលើមេឃផង 22រួចងាកមើលទៅផែនដីឃើញមានសុទ្ធតែសេចក្ដីលំបាក សេចក្ដីងងឹត នឹងឈ្លប់សូន្យសុងគ្របសង្កត់ ដោយវេទនាចិត្ត ហើយនឹងត្រូវបណ្តេញទៅក្នុងសេចក្ដីងងឹតយ៉ាងក្រាស់។
ទើបបានជ្រើសរើសហើយ៖
អេសាយ 8: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.