អេសាយ 6
6
1នៅឆ្នាំដែលស្តេចអ៊ូសៀសទ្រង់បានសុគត នោះខ្ញុំឃើញព្រះអម្ចាស់ទ្រង់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានដំកើងឡើង ឯរំភាយព្រះពស្ត្រទ្រង់សាយមកពេញក្នុងព្រះវិហារ 2នៅពីលើទ្រង់មានពួកសេរភីម គ្រប់គ្នាមានស្លាប៦ ក៏បាំងមុខដោយស្លាប២ បាំងជើងដោយស្លាប២ ហើយប្រើ២សំរាប់ហើរ 3មួយបន្លឺទៅកាន់១ថា បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បរិសុទ្ធ ផែនដីទាំងមូលមានពេញដោយសិរីល្អនៃទ្រង់ 4ក្របទ្វារក៏ញ័រ ដោយសូរសំឡេងនៃសេរភីមដែលបន្លឺនោះ ហើយព្រះវិហារបានពេញទៅដោយផ្សែង 5នោះខ្ញុំពោលថា វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្តាលបណ្តាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ 6ខណៈនោះ សេរភីម១បានហើរមកឯខ្ញុំ ដៃកាន់រងើកភ្លើងដែលបានយកពីអាសនាដោយដង្កៀប 7ក៏ឲ្យប៉ះនឹងមាត់ខ្ញុំ ដោយពោលថា នែរងើកនេះបានប៉ះនឹងបបូរមាត់អ្នកហើយ ឯសេចក្ដីទុច្ចរិតរបស់អ្នក នោះបានដកចេញ ហើយអំពើបាបរបស់អ្នកបានអត់ទោសឲ្យផង។
8រួចខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានបន្ទូលមកថា តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ នោះខ្ញុំទូលឆ្លើយថា ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ 9រួចទ្រង់មានបន្ទូលតបថា ចូរទៅប្រាប់ដល់ជនជាតិនេះថា ចូរឯងរាល់គ្នាស្តាប់ចុះ តែឥតយល់ ហើយមើលផង តែឥតដឹងឡើយ 10ត្រូវធ្វើឲ្យចិត្តនៃជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ ក្រែងគេមើលឃើញ ដោយភ្នែក ស្តាប់ឮដោយត្រចៀក ហើយយល់ ដោយចិត្ត រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា 11នោះខ្ញុំទូលសួរថា ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ រួចទ្រង់មានបន្ទូលតបថា គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មានត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះ បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ 12ហើយដរាបដល់វេលាណាដែលព្រះយេហូវ៉ាបានរើយកមនុស្សទាំងឡាយចេញទៅឯទីឆ្ងាយ ហើយមានកន្លែងច្រើនត្រូវចោលស្ងាត់នៅកណ្តាលស្រុក 13នោះ ទោះបើមាន១ភាគក្នុង១០សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល ហើយនឹងដើមម៉ៃសាក់ដែលសល់នៅ តែគល់ក្រោយដែលគេកាប់រំលំហើយ គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។
ទើបបានជ្រើសរើសហើយ៖
អេសាយ 6: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.