អេសាយ 26
26
1នៅគ្រានោះ គេនឹងច្រៀងបទនេះនៅក្នុងស្រុកយូដាថា យើងមានទីក្រុង១ដ៏មាំមួន ទ្រង់នឹងដំរូវឲ្យមានសេចក្ដីសង្គ្រោះទុកជាកំផែង ហើយជាទីការពារយើង 2ចូរបើកទ្វារ ដើម្បីឲ្យសាសន៍សុចរិត ដែលរក្សាសេចក្ដីស្មោះត្រង់បានចូលមកចុះ 3ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់ 4ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច 5ទ្រង់បានទំលាក់ពួកអ្នកដែលនៅទីខ្ពស់ ឯទីក្រុងយ៉ាងខ្ពស់ទ្រង់រំលំចុះ គឺទ្រង់រំលំក្រុងនោះចុះដល់ដី ក៏បន្ទាបទៅដល់ធូលីដីផង 6ជើងមនុស្សនឹងដើរជាន់ គឺទាំងជើងរបស់មនុស្សទាល់ក្រ នឹងជំហានរបស់មនុស្សកំសត់ទុគ៌តផង 7សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺទ្រង់ ឱព្រះដ៏ទៀងត្រង់អើយ ទ្រង់ពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។
8ហ្នឹងហើយ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំបានរង់ចាំទ្រង់ នៅក្នុងផ្លូវនៃសេចក្ដីយុត្តិធម៌របស់ទ្រង់ ព្រលឹងយើងខ្ញុំប្រាថ្នាដល់ព្រះនាមទ្រង់ គឺដល់សេចក្ដីដែលរំឭកពីទ្រង់ 9នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ទ្រង់ហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកទ្រង់ដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ទ្រង់នៅលើផែនដី នោះពួកមនុស្សនៅលោកីយគេរៀនតាមសេចក្ដីសុចរិត 10បើសិនជាធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ។
11ឱព្រះយេហូវ៉ាអើយ ព្រះហស្តទ្រង់បានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ ប៉ុន្តែគេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ទ្រង់ចំពោះបណ្តាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវទ្រង់អស់រលីងទៅ 12ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងតាំងឲ្យមានសេចក្ដីសុខសំរាប់យើងខ្ញុំ ដ្បិតអស់ទាំងការដែលយើងខ្ញុំធ្វើ នោះគឺជាទ្រង់ដែលបានសំរេចការនោះឲ្យយើងខ្ញុំ 13ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ ពីដើមមានចៅហ្វាយឯទៀតក្រៅពីទ្រង់ បានត្រួតត្រាលើយើងខ្ញុំ តែឥឡូវនេះដោយសារទ្រង់ នោះយើងខ្ញុំនឹងអំពាវនាវដល់តែព្រះនាមទ្រង់វិញ 14គេបានស្លាប់អស់ហើយ ឥតរស់មកវិញទៀតឡើយ គេកន្លងបង់ហើយ ឥតងើបឡើងវិញទេ ដូច្នេះ ទ្រង់បានធ្វើទោស ហើយបំផ្លាញគេ ព្រមទាំងធ្វើឲ្យសេចក្ដីនឹកចាំពីគេសូន្យបាត់ទៅ 15ទ្រង់បានចំរើនសាសន៍នេះ ឱព្រះយេហូវ៉ាអើយ ទ្រង់បានចំរើនសាសន៍នេះហើយ គេលើកដំកើងទ្រង់ឡើង ទ្រង់បានវាតព្រំស្រុកឲ្យធំទូលាយទៅ។
16ឱព្រះយេហូវ៉ាអើយ ក្នុងគ្រាដែលមានទុក្ខ នោះគេបានរកទ្រង់ គេបានបញ្ចេញពាក្យអធិស្ឋានជាហូរហែក្នុងកាលដែលទ្រង់វាយផ្ចាលគេ 17ឱព្រះយេហូវ៉ាអើយ ស្ត្រីមានគភ៌ដែលហៀបនឹងសំរាល នាងឈឺចាប់ ហើយស្រែកដោយឈឺជាខ្លាំងយ៉ាងណា ឯយើងខ្ញុំក៏ដូច្នោះ នៅចំពោះទ្រង់ដែរ 18យើងខ្ញុំក៏បានមានភគ៌ យើងខ្ញុំបានឈឺចាប់ តែបានសំរាលចេញជាខ្យល់ទទេ យើងខ្ញុំមិនបានបង្កើតការជួយចំរើនអ្វីនៅផែនដីសោះ ហើយមនុស្សនៅលោកីយក៏មិនទាន់ដួលនៅឡើយដែរ។
19ឯពួកស្លាប់របស់ឯងគេនឹងរស់ទៀត គេនឹងរស់ឡើងវិញជាមួយនឹងសពរបស់អញ ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងចុះ ដ្បិតទឹកសន្សើមរបស់ឯង ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ឯដីនឹងបញ្ចេញមនុស្សស្លាប់មក។
20ចូរមក ជនជាតិខ្ញុំអើយ ចូរឲ្យចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវឲ្យពួនខ្លួនបន្តិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ 21ដ្បិតមើល ព្រះយេហូវ៉ាទ្រង់យាងចេញពីស្ថានរបស់ទ្រង់មក ដើម្បីនឹងសំរេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯដី នឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសំឡាប់ទៀតឡើយ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 26: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.