អេសាយ 26

26
1នៅ​គ្រា​នោះ គេ​នឹង​ច្រៀង​បទ​នេះ​នៅ​ក្នុង​ស្រុក​យូដា​ថា យើង​មាន​ទី​ក្រុង​១​ដ៏​មាំ‌មួន ទ្រង់​នឹង​ដំរូវ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ទុក​ជា​កំផែង ហើយ​ជា​ទី​ការ‌ពារ​យើង 2ចូរ​បើក​ទ្វារ ដើម្បី​ឲ្យ​សាសន៍​សុចរិត ដែល​រក្សា​សេចក្ដី​ស្មោះ‌ត្រង់​បាន​ចូល​មក​ចុះ 3ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់ 4ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច 5ទ្រង់​បាន​ទំលាក់​ពួក​អ្នក​ដែល​នៅ​ទី​ខ្ពស់ ឯ​ទី​ក្រុង​យ៉ាង​ខ្ពស់​ទ្រង់​រំលំ​ចុះ គឺ​ទ្រង់​រំលំ​ក្រុង​នោះ​ចុះ​ដល់​ដី ក៏​បន្ទាប​ទៅ​ដល់​ធូលី​ដី​ផង 6ជើង​មនុស្ស​នឹង​ដើរ​ជាន់ គឺ​ទាំង​ជើង​របស់​មនុស្ស​ទាល់​ក្រ នឹង​ជំហាន​របស់​មនុស្ស​កំសត់​ទុគ៌ត​ផង 7សេចក្ដី​ទៀង​ត្រង់​ជា​ផ្លូវ​នៃ​មនុស្ស​សុចរិត គឺ​ទ្រង់ ឱ​ព្រះ​ដ៏​ទៀង​ត្រង់​អើយ ទ្រង់​ពិនិត្យ​ពិចារណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត។
8ហ្នឹង​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​បាន​រង់‌ចាំ​ទ្រង់ នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់ ព្រលឹង​យើង​ខ្ញុំ​ប្រាថ្នា​ដល់​ព្រះ‌នាម​ទ្រង់ គឺ​ដល់​សេចក្ដី​ដែល​រំឭក​ពី​ទ្រង់ 9នៅ​វេលា​យប់ ព្រលឹង​នៃ​ទូលបង្គំ​ប្រាថ្នា​ដល់​ទ្រង់​ហ្នឹង​ហើយ វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​ដោយ​ខ្មី‌ឃ្មាត​ដែរ ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ​គេ​រៀន​តាម​សេចក្ដី​សុចរិត 10បើ‌សិន​ជា​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង ឥត​ដែល​ពិចារណា​មើល​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។
11ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ទ្រង់​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ ប៉ុន្តែគេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ទ្រង់​ចំពោះ​បណ្តាជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ទ្រង់​អស់​រលីង​ទៅ 12ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សំរាប់​យើង​ខ្ញុំ ដ្បិត​អស់​ទាំង​ការ​ដែល​យើង​ខ្ញុំ​ធ្វើ នោះ​គឺ​ជា​ទ្រង់​ដែល​បាន​សំរេច​ការ​នោះ​ឲ្យ​យើង​ខ្ញុំ 13ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ពី​ដើម​មាន​ចៅហ្វាយ​ឯ​ទៀត​ក្រៅ​ពី​ទ្រង់ បាន​ត្រួត‌ត្រា​លើ​យើង​ខ្ញុំ តែ​ឥឡូវ​នេះដោយ‌សារ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​តែ​ព្រះ‌នាម​ទ្រង់​វិញ 14គេ​បាន​ស្លាប់​អស់​ហើយ ឥត​រស់​មក​វិញ​ទៀត​ឡើយ គេ​កន្លង​បង់​ហើយ ឥត​ងើប​ឡើង​វិញ​ទេ ដូច្នេះ ទ្រង់​បាន​ធ្វើ​ទោស ហើយ​បំផ្លាញ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​សេចក្ដី​នឹក​ចាំ​ពី​គេ​សូន្យ​បាត់​ទៅ 15ទ្រង់​បាន​ចំរើន​សាសន៍​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ចំរើន​សាសន៍​នេះ​ហើយ គេ​លើក​ដំកើង​ទ្រង់​ឡើង ទ្រង់​បាន​វាត​ព្រំ​ស្រុក​ឲ្យ​ធំ​ទូលាយ​ទៅ។
16ឱ​ព្រះ‌យេហូវ៉ា​អើយ ក្នុង​គ្រា​ដែល​មាន​ទុក្ខ នោះ​គេ​បាន​រក​ទ្រង់ គេ​បាន​បញ្ចេញ​ពាក្យ​អធិ‌ស្ឋាន​ជា​ហូរ‌ហែ​ក្នុង​កាល​ដែល​ទ្រង់​វាយ‌ផ្ចាល​គេ 17ឱ​ព្រះ‌យេហូវ៉ា​អើយ ស្ត្រី​មាន​គភ៌​ដែល​ហៀប​នឹង​សំរាល នាង​ឈឺ‌ចាប់ ហើយ​ស្រែក​ដោយ​ឈឺ​ជា​ខ្លាំង​យ៉ាង​ណា ឯ​យើង​ខ្ញុំ​ក៏​ដូច្នោះ នៅ​ចំពោះ​ទ្រង់​ដែរ 18យើង​ខ្ញុំ​ក៏​បាន​មាន​ភគ៌ យើង​ខ្ញុំ​បាន​ឈឺ‌ចាប់ តែ​បាន​សំរាល​ចេញ​ជា​ខ្យល់​ទទេ យើង​ខ្ញុំ​មិន​បាន​បង្កើត​ការ​ជួយ​ចំរើន​អ្វី​នៅ​ផែនដី​សោះ ហើយ​មនុស្ស​នៅ​លោកីយ​ក៏​មិន​ទាន់​ដួល​នៅ​ឡើយ​ដែរ។
19ឯ​ពួក​ស្លាប់​របស់​ឯង​គេ​នឹង​រស់​ទៀត គេ​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​សព​របស់​អញ ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចុះ ដ្បិត​ទឹក​សន្សើម​របស់​ឯង ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពេល​ព្រលឹម ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។
20ចូរ​មក ជន‌ជាតិ​ខ្ញុំ​អើយ ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ឲ្យ​ពួន​ខ្លួន​បន្តិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ 21ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចេញ​ពី​ស្ថាន​របស់​ទ្រង់​មក ដើម្បី​នឹង​សំរេច​ទោស​ដល់​មនុស្ស​នៅ​ផែនដី ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ដី នឹង​បើក​បង្ហាញ​ឈាម​គេ​ឲ្យ​ឃើញ ឥត​គ្រប​បាំង​មនុស្ស​ដែល​ត្រូវ​គេ​សំឡាប់​ទៀត​ឡើយ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 26: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល