ហាកាយ 1

1
1នៅ​ថ្ងៃ​ទី​១ ខែ​ភទ្របទ ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​ស្តេច​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា ហើយ​ដល់​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ដោយ‌សារ​ហោរា​ហាកាយ​ថា 2ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ ជន‌ជាតិ​នេះ​គេ​ពោល​ថា វេលា​ដែល​នឹង​សង់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង​វិញ មិន​ទាន់​មក​ដល់​នៅ​ឡើយ 3ដូច្នេះ ព្រះ‌បន្ទូល​នៃ​យេហូវ៉ា​ក៏​មក ដោយ‌សារ​ហោរា​ហាកាយ​ថា 4កំពុង​ដែល​ព្រះ‌វិហារ​នេះ​នៅ​ខូច​បង់​នៅ​ឡើយ នោះ​តើ​ជា​វេលា​ឲ្យ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ដែល​បិទ‌ភ្ជិត​ដូច្នេះ​ឬ 5ឥឡូវ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ 6ឯង​រាល់​គ្នា​បាន​ព្រោះ​ពូជ​ជា​ច្រើន តែ​ច្រូត​បាន​តិច​ទេ ក៏​បាន​ស៊ី តែ​មិន​ចេះ​ឆ្អែត ហើយ​បាន​ផឹក តែ​មិន​បាន​ស្កប់‌ស្កល់ ព្រម​ទាំង​ស្លៀក‌ពាក់ តែ​មិន​បាន​កក់‌ក្តៅ​ឡើយ ឯ​អ្នក​ណា​ដែល​ស៊ី​ឈ្នួល នោះ​ទទួល​ឈ្នួល​ឲ្យ​តែ​ដាក់​ថង់​ធ្លុះ​ទេ។
7ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ 8ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ចូរ​ឡើង​ទៅ​ឯ​ភ្នំ យក​ឈើ​មក​សង់​ព្រះ‌វិហារ​ចុះ នោះ​អញ​នឹង​រីក‌រាយ​ចំពោះ​វិហារ​នោះ ហើយ​នឹង​បាន​ថ្កើង​ឡើង​ផង 9ឯង​រាល់​គ្នា​បាន​សង្ឃឹម​នឹង​បាន​ច្រើន តែ​មើល​បាន​តែ​តិច​ទេ ហើយ​កាល​ណា​ឯង​បាន​នាំ​យក​ទៅ​ដល់​ផ្ទះ នោះ​អញ​បាន​ផ្លុំ​ផាត់​ទៅ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​សួរ​ថា ហេតុ​អ្វី​បាន​ជា​ដូច្នេះ គឺ​ដោយ​ព្រោះ​វិហារ​របស់​អញ ដែល​នៅ​ខូច​បង់ កំពុង​ដែល​ឯង​រាល់​គ្នា​រត់​ទៅ​ឯ​ផ្ទះ​ឯង​រៀង​ខ្លួន​នោះ 10ហេតុ​ដូច្នេះ​បាន​ជា​មេឃ​មិន​ស្រក់​ទំលាក់​សន្សើម​មក​លើ​ឯង​ទៀត ហើយ​ផែនដី​មិន​បង្កើត​ផល​ទៀត​ឡើយ 11អញ​ក៏​បង្គាប់​ឲ្យ​មាន​អំណត់‌អត់​ភ្លៀង​នៅ​ក្នុង​ស្រុក ហើយ​នៅ​លើ​ភ្នំ ឲ្យ​ឥត​មាន​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ផល​ដែល​កើត​ពី​ដី​មក ក៏​មិន​ឲ្យ​ធ្លាក់​លើ​មនុស្ស លើ​សត្វ ឬ​លើ​ការ​ដែល​ដៃ​មនុស្ស​ធ្វើ​នោះ​ផង។
12នៅ​គ្រា​នោះ សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល នឹង​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ព្រម​ទាំង​សំណល់​នៃ​បណ្តាជន ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្លួន ហើយ​តាម​ពាក្យ​ទំនាយ​របស់​ហោរា​ហាកាយ​ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ បាន​ចាត់​លោក ឲ្យ​មក​ប្រាប់​នោះ ជន​ទាំង‌ឡាយ​ក៏​កោត‌ខ្លាច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 13នោះ​ហាកាយ ជា​ទូត​របស់​ព្រះ‌យេហូវ៉ា លោក​ប្រាប់​ដល់​បណ្តាជន តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​មក គឺ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា 14ខណៈ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​ដាស់‌តឿន​ចិត្ត​របស់​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា ហើយ​នឹង​ចិត្ត​របស់​យេសួរ ជា​កូន​យ៉ូសាដាក ដ៏​ជា​សង្ឃ​ធំ ព្រម​ទាំង​ចិត្ត​របស់​សំណល់​នៃ​បណ្តាជន​ទាំង‌ឡាយ​ផង នោះ​គេ​ក៏​មក​ធ្វើ​ការ​សង់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​ខ្លួន​គេ​ឡើង 15គឺ​នៅ​ថ្ងៃ​២៤ ខែ​ភទ្របទ ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​ស្តេច​ដារី‌យុស។

ទើបបានជ្រើសរើសហើយ៖

ហាកាយ 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល