លោកុ‌ប្បត្តិ 47

47
1យ៉ូសែប​ក៏​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ឪពុក នឹង​បង​ប្អូន​ទូលបង្គំ​បាន​ចេញ​ពី​ស្រុក​កាណាន​មក​ហើយ ព្រម​ទាំង​នាំ​យក​ហ្វូង​ចៀម​ហ្វូង​គោ នឹង​របស់​ទ្រព្យ​ទាំង​អស់​មក​ផង មើល គេ​នៅ​ឯ​ស្រុក​កូសែន​ឯ​ណោះ 2គាត់​ក៏​យក​បង​ប្អូន​៥​នាក់​ទៅ​ថ្វាយ​ផារ៉ោន​ឲ្យ​ទ្រង់​ស្គាល់ 3នោះ​ផារ៉ោន​ទ្រង់​មាន​បន្ទូល​សួរ​បង​ប្អូន​គាត់​ថា ឯង​រាល់​គ្នា​មាន​របរ​រក​ស៊ី​ធ្វើ​ការ​អ្វី គេ​ក៏​ទូល​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​ទ្រង់​មាន​របរ​ជា​អ្នក​គង្វាល​សត្វ ទាំង​យើង​ខ្ញុំ នឹង​ឪពុក​យើង​ខ្ញុំ​តៗ​មក 4គេ​ទូល​ទ្រង់​ថា យើង​ខ្ញុំ​សូម​ចូល​មក​ជ្រក‌កោន​នៅ​ក្នុង​ស្រុក​នេះ​ផង ពី​ព្រោះ​នៅ​ឯ​ស្រុក​កាណាន នោះ​គ្មាន​ស្មៅ​ឲ្យ​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ជា​បាវ​ទ្រង់​ទេ ដ្បិត​នៅ​ស្រុក​នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​ណាស់ ដូច្នេះ​សូម​ឲ្យ​យើង​ខ្ញុំ ជា​បាវ​ទ្រង់ បាន​ជ្រក​កោន​នៅ​ស្រុក​កូសែន​ផង 5នោះ​ផារ៉ោន​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា ឪពុក នឹង​បង​ប្អូន​អ្នក​បាន​មក​ឯ​អ្នក​ហើយ 6ដូច្នេះ​ស្រុក​អេស៊ីព្ទ​នៅ​មុខ​អ្នក​ស្រាប់​ហើយ ចូរ​ឲ្យ​ឪពុក នឹង​បង​ប្អូន​អាស្រ័យ​នៅ​ត្រង់​កន្លែង​ដ៏​ល្អ​បំផុត​ចុះ ចូរ​ឲ្យ​គេ​នៅ​ក្នុង​ស្រុក​កូសែន​ទៅ បើ​អ្នក​ស្គាល់​អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ប្រសប់​វាង‌វៃ នោះ​ចូរ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​គង្វាល​លើ​ហ្វូង​សត្វ​របស់​យើង​ផង 7យ៉ូសែប​ក៏​នាំ​យ៉ាកុប ជា​ឪពុក​ខ្លួន ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​យ៉ាកុប​ក៏​សូម​ពរ​ថ្វាយ​ដល់​ផារ៉ោន 8រួច​ទ្រង់​មាន​បន្ទូល​សួរ​គាត់​ថា អាយុ​របស់​តា​បាន​ប៉ុន្មាន​ហើយ 9យ៉ាកុប​ទូល​ឆ្លើយ​ថា ចំនួន​ឆ្នាំ​ដែល​ទូលបង្គំ​សំចត​នៅ​នោះ​បាន​តែ​១៣០​ឆ្នាំ​ទេ អស់​ទាំង​ឆ្នាំ​អាយុ​នៃ​ទូលបង្គំ​បាន​តិច​ណាស់ ហើយ​អាក្រក់​ផង មិន​ដល់​នឹង​ចំនួន​ឆ្នាំ​អាយុ ដែល​ពួក​ឰយុកោ​របស់​ទូលបង្គំ​បាន​សំចត​នៅ​នោះ​ទេ 10យ៉ាកុប​ក៏​សូម​ពរ​ថ្វាយ​ដល់​ផារ៉ោន​ទៀត រួច​លា​ទ្រង់​ចេញ​ទៅ 11យ៉ូសែប​ក៏​ឲ្យ​ឪពុក​នឹង​បង​ប្អូន​អាស្រ័យ​នៅ​ត្រង់​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក គឺ​នៅ​ត្រង់​រ៉ាមសេស ហើយ​គាត់​ឲ្យ​គេ​មាន​កេរ្តិ៍‌អាករ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដូច​ជា​ផារ៉ោន​បាន​បង្គាប់​មក 12យ៉ូសែប​តែង​ចំណាយ​ស្បៀង​អាហារ​ចិញ្ចឹម​ដល់​ឪពុក​នឹង​បង​ប្អូន ព្រម​ទាំង​ពួក​ផ្ទះ​ឪពុក​ទាំង​អស់ តាម​គ្រួ​គេ​ផង។
13នៅ​គ្រប់​ក្នុង​ស្រុក​នោះ​គ្មាន​អ្វី​បរិភោគ​សោះ ដ្បិត​អំណត់​អត់​ជា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​ស្រុក​អេស៊ីព្ទ នឹង​ស្រុក​កាណាន​បាន​ហិន‌ហោច​ទៅ ដោយ​ព្រោះ​អំណត់​នោះ 14យ៉ូសែប​ប្រមូល​ប្រាក់​ដែល​មាន​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ស្រុក​កាណាន​ទាំង​អស់ ជា​ដំឡៃ​នៃ​ស្រូវ​ដែល​គេ​ទិញ​នោះ ក៏​បញ្ចូល​ទុក​ក្នុង​ឃ្លាំង​របស់​ផារ៉ោន 15រួច​កាល​ប្រាក់​ស្រុក​អេស៊ីព្ទ នឹង​ស្រុក​កាណាន​បាន​អស់​ហើយ​នោះ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់ ក៏​មក​ឯ​យ៉ូសែប​អង្វរ​ថា សូម​ចែក​ស្បៀង​អាហារ​ដល់​យើង​ខ្ញុំ​ផង ដ្បិត​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក ដោយ​ព្រោះ​តែ​ខ្វះ​ប្រាក់​ឬ​អី 16យ៉ូសែប​ក៏​ប្រាប់​ថា បើ​គ្មាន​ប្រាក់ ចូរ​ឲ្យ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​មក នោះ​ខ្ញុំ​នឹង​ឲ្យ​ស្បៀង​អាហារ​ប្តូរ​នឹង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​វិញ 17គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ឯ​យ៉ូសែប ហើយ​គាត់​ឲ្យ​ស្បៀង​អាហារ​ដល់​គេ​ប្តូរ​នឹង​សេះ ហ្វូង​ចៀម ហ្វូង​គោ នឹង​លា នៅ​ឆ្នាំ​នោះ​គាត់​ឲ្យ​ស្បៀង​អាហារ​ចិញ្ចឹម​គេ​ដោយ​ប្តូរ​នឹង​ហ្វូង​សត្វ 18ដល់​ផុត​ពី​ឆ្នាំ​នោះ​ទៅ ចូល​មក​ឆ្នាំ​ថ្មី​ទៀត នោះ​គេ​មក​ឯ​យ៉ូសែប​អង្វរ​ថា យើង​ខ្ញុំ​មិន​លាក់‌បាំង​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ ដ្បិត​ប្រាក់​របស់​យើង​ខ្ញុំ​អស់​រលីង​ហើយ ឯ​ហ្វូង​សត្វ​ទាំង​អស់​សោត​ក៏​បាន​ទៅ​លោក​ម្ចាស់​ដែរ គ្មាន​សល់​អ្វី​នៅ​មុខ​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ នៅ​សល់​តែ​ខ្លួន​យើង​ខ្ញុំ​នឹង​ដី​របស់​យើង​ខ្ញុំ​ប៉ុណ្ណោះ 19ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​ចំពោះ​លោក ព្រម​ទាំង​ដី​យើង​ខ្ញុំ​ផង​ដូច្នេះ សូម​ទិញ​យើង​ខ្ញុំ នឹង​ដី​របស់​យើង​ខ្ញុំ​ប្តូរ​នឹង​អាហារ​ចុះ នោះ​យើង​ខ្ញុំ ហើយ​ដី​យើង​ខ្ញុំ​នឹង​នៅ​បំរើ​ផារ៉ោន សូម​ចែក​ពូជ​មក​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់ ហើយ​កុំ​ឲ្យ​ដី​នៅ​ចោល​ទទេ​ផង។
20យ៉ូសែប​ក៏​ទិញ​ដី នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ថ្វាយ​ផារ៉ោន ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​គេ​លក់​ស្រែ​ចំការ​រៀង​ខ្លួន​ពី​ព្រោះ​គេ​អត់​ជា​ខ្លាំង ស្រុក​នោះ​ក៏​ទៅ​ជា​របស់​ផង​ផារ៉ោន​ទាំង​អស់ 21ឯ​ពួក​រាស្ត្រ គាត់​ឲ្យ​គេ​ចូល​ទៅ​នៅ​ក្នុង​ទី​ក្រុង​ពី​ព្រំ​ស្រុក​អេស៊ីព្ទ​ម្ខាង​ទៅ​ដល់​ចុង​ម្ខាង 22សល់​នៅ​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ​ដែល​គាត់​មិន​បាន​ទិញ ដ្បិត​ពួក​សង្ឃ​មាន​ចំណែក​មក​ពី​ផារ៉ោន លោក​ឆាន់​ចំណែក​ដែល​ផារ៉ោន​ប្រគេន ហេតុ​នោះ​បាន​ជា​លោក​សង្ឃ​មិន​លក់​ដី​របស់​ខ្លួន​ទេ។
23យ៉ូសែប​ប្រកាស​ដល់​ប្រជា‌ជន​ទាំង‌ឡាយ​ថា នែ​ឥឡូវ​នេះ​ខ្ញុំ​បាន​ទិញ​អ្នក​រាល់​គ្នា ព្រម​ទាំង​ដី​របស់​អ្នក​រាល់​គ្នា​ថ្វាយ​ផារ៉ោន​ហើយ នេះ​ជា​ពូជ​ឲ្យ​ដល់​អ្នក​រាល់​គ្នា ចូរ​យក​ទៅ​សាប‌ព្រោះ​ចុះ 24ដល់​រដូវ​ចំរូត នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​១​ភាគ​ក្នុង​៥​មក​ថ្វាយ​ដល់​ផារ៉ោន​វិញ ហើយ​៤​ភាគ​ទៀត​ទុក​សំរាប់​អ្នក​រាល់​គ្នា គឺ​ទុក​ជា​ពូជ​ពង្រោះ នឹង​ជា​អាហារ​ដល់​អ្នក​រាល់​គ្នា​ចុះ ព្រម​ទាំង​ពួក​គ្រួ​អ្នក​រាល់​គ្នា​ផង ហើយ​សំរាប់​នឹង​ចិញ្ចឹម​កូន​ចៅ​អ្នក​រាល់​គ្នា 25គេ​ក៏​ឆ្លើយ​ថា លោក​បាន​ជួយ​សង្គ្រោះ​ជីវិត​យើង​ខ្ញុំ​ហើយ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​លោក​ចុះ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​ជា​បាវ​បំរើ​ដល់​ផារ៉ោន 26យ៉ូសែប​ក៏​តាំង​សេចក្ដី​នោះ​ពី​ដំណើរ​ដី​ស្រុក​អេស៊ីព្ទ ទុក​ជា​ច្បាប់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ថា ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៥​ទៅ​ផារ៉ោន មាន​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ​ទេ ដែល​មិន​បាន​ទៅ​ជា​របស់​ផង​ផារ៉ោន។
27ឯ​ពួក​អ៊ីស្រាអែល គេ​នៅ​ត្រង់​កូសែន ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​បាន​កេរ្តិ៍‌អាករ​នៅ​ស្រុក​នោះ ក៏​បង្កើត​កូន​ចំរើន​កើន​ឡើង​សន្ធឹក 28យ៉ាកុប​គាត់​រស់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​១៧​ឆ្នាំ នោះ​អាយុ​យ៉ាកុប​បាន​១៤៧​ឆ្នាំ​ហើយ 29វេលា​ដែល​អ៊ីស្រាអែល​ត្រូវ​ស្លាប់ នោះ​កាន់​តែ​ជិត​ដល់ គាត់​ហៅ​យ៉ូសែប​ជា​កូន​មក​ផ្តាំ​ថា បើ​ឯង​អាណិត​ដល់​អញ​ឥឡូវ នោះ​ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅអញ​ស្បថ​ថា ឯង​នឹង​ប្រព្រឹត្ត​ចំពោះ​អញ​ដោយ​សប្បុរស​ហើយ​ពិត​ត្រង់ គឺ​មិន​កប់​សព​អញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ឡើយ 30តែ​កាល​ណា​អញ​បាន​ដេក​លក់ ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​អញ​ហើយ នោះ​ចូរ​ឯង​យក​សព​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​កប់​នៅ​ក្នុង​ផ្នូរ​របស់​ពួក​ឰយុកោ​ទៅ យ៉ូសែប​ក៏​ទទួល​ព្រម​ថា ខ្ញុំ​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​របស់​លោក​ឪពុក 31នោះ​យ៉ាកុប​ប្រាប់​ថា ចូរ​ស្បថ​ឲ្យ​អញ​ចុះ គាត់​ក៏​ស្បថ​ជូន រួច​អ៊ីស្រាអែល​ក៏​ឱន​ក្រាប​ចុះ​នៅ​លើ​ក្បាល​គ្រែ។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 47: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល