លោកុប្បត្តិ 46
46
1អ៊ីស្រាអែលក៏នាំយករបស់គាត់ទាំងអស់ ធ្វើដំណើរចេញទៅ លុះដល់បៀរ-សេបាហើយ នោះគាត់ថ្វាយយញ្ញបូជាដល់ព្រះនៃអ៊ីសាកជាឪពុកខ្លួន 2ព្រះទ្រង់មានបន្ទូលនឹងអ៊ីស្រាអែល ក្នុងការជាក់ស្តែងនៅពេលយប់ថា យ៉ាកុបៗអើយ គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់អើយ 3រួចទ្រង់មានបន្ទូលថា អញជាព្រះ គឺជាព្រះនៃឪពុកឯង កុំឲ្យខ្លាចនឹងចុះទៅឯស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ អញនឹងបង្កើតនគរ១យ៉ាងធំពីឯង 4អញនឹងចុះទៅឯស្រុកអេស៊ីព្ទជាមួយនឹងឯងដែរ ហើយនឹងនាំឯងឡើងមកវិញជាមិនខាន ឯយ៉ូសែបវានឹងបិទភ្នែកឯង 5រួចយ៉ាកុបក្រោកឡើងចេញពីបៀរ-សេបាទៅ ហើយពួកកូនចៅអ៊ីស្រាអែលក៏បញ្ជិះឪពុក នឹងប្រពន្ធកូនគេលើរទេះដែលផារ៉ោនបានផ្ញើមកសំរាប់នាំយកទៅ 6គេក៏យកហ្វូងសត្វនឹងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេបាន ពីកាលនៅស្រុកកាណាន នាំទៅស្រុកអេស៊ីព្ទដែរ គឺយ៉ាកុបនឹងពូជគាត់ទាំងអស់គ្នា 7គាត់បាននាំ ទាំងកូនប្រុស កូនស្រី នឹងចៅទាំងប៉ុន្មាន ហើយពូជពង្សទាំងអស់ទៅឯស្រុកអេស៊ីព្ទជាមួយគ្នា។
8នេះជាបញ្ជីឈ្មោះ របស់ពួកកូនចៅអ៊ីស្រាអែលដែលចូលទៅក្នុងស្រុកអេស៊ីព្ទ គឺយ៉ាកុបនឹងកូនចៅគាត់ទាំងប៉ុន្មាន ឯរូបេនជាកូនច្បងបង្អស់ 9ហើយកូនរបស់រូបេន គឺហេណុក ប៉ាលូវ ហេស្រុន នឹងកើមី 10ឯកូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ នឹងសូលជាកូនរបស់ស្រីសាសន៍កាណានម្នាក់ 11ឯកូនរបស់លេវី គឺគើសុន កេហាត់ នឹងម្រ៉ារី 12ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស នឹងសេរ៉ាស តែអ៊ើរនឹងអូណាន់បានស្លាប់នៅស្រុកកាណានទៅ ឯកូនរបស់ពេរេស គឺហេស្រុន នឹងហាមុល 13ឯកូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ូប នឹងស៊ីមរ៉ុន 14ឯកូនរបស់សាប់យូល៉ូន គឺសេរែក អេឡូន នឹងយ៉ាលាល 15នោះសុទ្ធតែជាកូនចៅរបស់លេអាដែលនាងបានបង្កើតឲ្យយ៉ាកុបនៅស្រុកប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាជាកូនស្រីផង ពួកកូនប្រុសកូនស្រីទាំងនោះមាន៣៣នាក់។
16ឯកូនរបស់កាឌ់ គឺសេផុន ហាក់គី ស៊ូនី អែសបូន អេរី អើរ៉ូត នឹងអើរេលី 17ឯកូនរបស់អេស៊ើរ គឺយីមន៉ា យីសវ៉ា យីសវី បេរា នឹងសេរ៉ាជាប្អូនស្រី ឯកូនរបស់បេរា គឺហេប៊ើរ នឹងម៉ាលគាល 18នោះសុទ្ធតែជាកូនចៅរបស់ស៊ីលផា ជាបាវស្រីដែលឡាបាន់បានឲ្យដល់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនោះឲ្យយ៉ាកុប ទាំងអស់មាន១៦នាក់។
19ឯកូនរបស់រ៉ាជែលជាប្រពន្ធយ៉ាកុប នោះគឺយ៉ូសែប នឹងបេនយ៉ាមីន 20នៅស្រុកអេស៊ីព្ទ យ៉ូសែបមានកូន២ គឺម៉ាន៉ាសេ នឹងអេប្រាអិម ដែលនាងអាសន៉ាត់ ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ 21កូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម នឹងអើឌ 22នោះសុទ្ធតែជាកូនចៅរបស់រ៉ាជែលដែលនាងបង្កើតឲ្យយ៉ាកុបទាំងអស់មាន១៤នាក់។
23ឯកូនរបស់ដាន់ គឺហ៊ូស៊ីម 24ឯកូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ នឹងស៊ីលិម 25នោះសុទ្ធតែជាកូនចៅរបស់ប៊ីលហា ជាបាវស្រីដែលឡាបាន់បានឲ្យទៅនាងរ៉ាជែលជាកូន នាងបង្កើតកូនទាំងនោះឲ្យយ៉ាកុប ទាំងអស់មាន៧នាក់ 26ពួកអ្នកដែលចូលទៅឯស្រុកអេស៊ីព្ទជាមួយនឹងយ៉ាកុប ជាពួកអ្នកដែលកើតពីគាត់ទាំងប៉ុន្មាន នោះរួមទាំងអស់មាន៦៦នាក់ ឥតរាប់ប្រពន្ធរបស់កូនយ៉ាកុបទាំងប៉ុន្មានទេ 27ហើយកូនរបស់យ៉ូសែប ដែលគាត់បង្កើតនៅស្រុកអេស៊ីព្ទ នោះមាន២នាក់ ដូច្នេះ ពួកគ្រួរបស់យ៉ាកុបទាំងអស់ដែលចុះទៅឯស្រុកអេស៊ីព្ទ នោះរួមគ្នាមាន៧០នាក់។
28គាត់ចាត់យូដាទៅឯយ៉ូសែបជាមុន ដើម្បីនឹងសួរផ្លូវដែលទៅឯស្រុកកូសែន រួចគេទៅដល់ស្រុកកូសែននោះ 29ឯយ៉ូសែបគាត់ទឹមរថរបស់គាត់ឡើងទៅទទួលអ៊ីស្រាអែលជាឪពុកនៅត្រង់កូសែន ក៏ចូលទៅឱបកឪពុក ហើយយំជាយូរ 30អ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ឥឡូវនេះ បើអញស្លាប់ក៏ស្លាប់ចុះ ដ្បិតអញបានឃើញមុខឯងដែលឯងនៅរស់នៅឡើយ 31យ៉ូសែបក៏និយាយទៅបងប្អូន នឹងពួកគ្រួឪពុកទាំងអស់ថា ខ្ញុំនឹងឡើងទៅគាល់ផារ៉ោនទូលថា ពួកបងប្អូនខ្ញុំ នឹងគ្រួឪពុកខ្ញុំដែលនៅស្រុកកាណានបានមកដល់ខ្ញុំហើយ 32អ្នកទាំងនោះជាអ្នកធ្លាប់ឃ្វាលសត្វ ពីព្រោះគេមានរបររកស៊ីដោយចិញ្ចឹមហ្វូងសត្វ ហើយគេបាននាំទាំងហ្វូងចៀម ហ្វូងគោ នឹងរបស់គេទាំងអស់មកផង 33ដូច្នេះ កាលណាផារ៉ោនមានបន្ទូលហៅបងប្អូនទៅសួរពីរបររកស៊ី 34នោះត្រូវឆ្លើយថាយើងខ្ញុំ ជាបាវបំរើទ្រង់ បានធ្លាប់ឃ្វាលសត្វតាំងតែពីក្មេងដរាបមកដល់ឥឡូវនេះ ទាំងយើងខ្ញុំនឹងឪពុកយើងខ្ញុំតរៀងមកផង នោះដើម្បីឲ្យបងប្អូនបាននៅក្នុងស្រុកកូសែននោះ ពីព្រោះគ្រប់អស់ទាំងអ្នកគង្វាលសត្វជាទីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 46: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.