អែសរ៉ា 10
10
1កាលអែសរ៉ាកំពុងតែអធិស្ឋាន ហើយលន់តួដោយយំ ហើយផ្តួលខ្លួនក្រាបចុះ នៅមុខព្រះវិហារនៃព្រះដូច្នោះ នោះមានពួកអ៊ីស្រាអែលយ៉ាងសន្ធឹក ទាំងប្រុសទាំងស្រី នឹងក្មេងៗប្រជុំគ្នាមកឯលោក ពីព្រោះពួកបណ្តាជនក៏យំជាខ្លាំងដែរ 2នោះសេកានា កូនយេហ៊ីអែល ជាកូនចៅអេឡាំ គាត់និយាយទៅអែសរ៉ាថា យើងរាល់គ្នាបានរំលងទាស់នឹងព្រះនៃយើងខ្ញុំហើយ ដោយបានយកប្រពន្ធជាស្រីសាសន៍ដទៃ ជាពួកស្រីនៅស្រុកនេះ ប៉ុន្តែ នៅមានទីសង្ឃឹមដល់ពួកអ៊ីស្រាអែល ពីដំណើរនេះដែរ 3ដូច្នេះ សូមឲ្យយើងរាល់គ្នាចុះសញ្ញានឹងព្រះនៃយើងឥឡូវ ឲ្យលែងអស់ទាំងប្រពន្ធ នឹងកូនទាំងប៉ុន្មានដែលកើតពីនាងទាំងនោះ តាមឱវាទនៃលោកម្ចាស់ខ្ញុំ នឹងពួកអ្នកដែលញាប់ញ័រចំពោះក្រិត្យក្រមរបស់ព្រះនៃយើងខ្ញុំ សូមឲ្យការនោះបានសំរេចតាមក្រិត្យវិន័យ 4សូមលោកក្រោកឡើង ពីព្រោះការនេះស្រេចនៅលោក ហើយយើងខ្ញុំក៏នៅជាមួយនឹងលោកដែរ សូមឲ្យមានចិត្តក្លាហានឡើង ហើយសំរេចការទៅ។
5ដូច្នេះ អែសរ៉ាក៏ក្រោកឡើង ឲ្យអស់ទាំងមេពួកសង្ឃ ពួកលេវី នឹងពួកអ៊ីស្រាអែលទាំងអស់ ស្បថនឹងធ្វើតាមពាក្យនោះ គេក៏ស្បថ 6រួចអែសរ៉ាក្រោកឡើងនៅមុខព្រះវិហារនៃព្រះ ចូលទៅក្នុងបន្ទប់របស់យ៉ូហាណាន ជាកូនរបស់អេលីយ៉ាស៊ីបទៅ តែកាលលោកបានចូលទៅហើយ លោកមិនបានបរិភោគអាហារអ្វីឡើយ ដ្បិតលោកមានសេចក្ដីសៅសោក ដោយព្រោះអំពើរំលងរបស់ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ 7ដូច្នេះ គេក៏ប្រកាសប្រាប់ទួទៅគ្រប់ក្នុងស្រុកយូដា នឹងក្រុងយេរូសាឡិម ដល់ពួកអ្នកទាំងប៉ុន្មាន ដែលរួចពីសណ្ឋានជាឈ្លើយ ឲ្យគេមូលមកឯក្រុងយេរូសាឡិមគ្រប់គ្នា 8ហើយ បើអ្នកណាមិនមកក្នុងកំណត់៣ថ្ងៃ តាមបង្គាប់របស់ពួកអ្នកជាប្រធាន នឹងពួកចាស់ទុំ នោះនឹងត្រូវរឹបយកទ្រព្យសម្បត្តិរបស់អ្នកនោះអស់រលីងទៅ ហើយខ្លួនអ្នកនោះនឹងត្រូវកាត់ចេញពីពួកជំនុំរបស់ពួកអ្នក ដែលរួចពីសណ្ឋានជាឈ្លើយផង។
9ដូច្នេះ ពួកយូដា នឹងបេនយ៉ាមីន ក៏មូលគ្នាមកឯក្រុងយេរូសាឡិមទាំងអស់ ក្នុងកំណត់៣ថ្ងៃនោះ គឺត្រូវជាថ្ងៃ២០ ខែមិគសិរ ឯមនុស្សទាំងនោះគេអង្គុយត្រង់ទីធ្លា នៅមុខព្រះវិហារនៃព្រះ ទាំងញ័រដោយព្រោះដំណើរនោះ ហើយដោយព្រោះភ្លៀងធំផង 10នោះអែសរ៉ាដ៏ជាសង្ឃ លោកឈរឡើងនិយាយទៅគេថា អ្នករាល់គ្នាបានប្រព្រឹត្តរំលង ដោយយកប្រពន្ធជាស្រីសាសន៍ដទៃ ជាការដែលចំរើនទោសដល់សាសន៍អ៊ីស្រាអែល 11ដូច្នេះ ចូរលន់តួដល់ព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោអ្នករាល់គ្នាឥឡូវទៅ ហើយប្រព្រឹត្តតាមដែលទ្រង់សព្វព្រះហឫទ័យចុះ ត្រូវឲ្យញែកខ្លួនពីពួកអ្នកនៅស្រុកនេះ ហើយពីស្រីសាសន៍ដទៃចេញ 12ពួកជំនុំទាំងអស់គ្នាក៏ឆ្លើយតបឡើង ដោយសំឡេងយ៉ាងខ្លាំងថា យើងខ្ញុំត្រូវតែធ្វើតាម ដូចជាលោកមានប្រសាសន៍ហើយ 13ប៉ុន្តែបណ្តាជននេះមានគ្នាច្រើនណាស់ ហើយនេះជារដូវភ្លៀងច្រើនផង យើងខ្ញុំឈរនៅខាងក្រៅពុំបានទេ ហើយនេះក៏មិនមែនជាការដែលសំរេចបានក្នុង១ថ្ងៃ ឬ២ថ្ងៃដែរ ពីព្រោះយើងខ្ញុំបានរំលងយ៉ាងសន្ធឹក ក្នុងដំណើរនេះហើយ 14ដូច្នេះ សូមឲ្យពួកអ្នកជាប្រធានក្នុងពួកយើងខ្ញុំបានឈរដំណាងពួកជំនុំទាំងអស់ រួចឲ្យអស់អ្នកនៅទីក្រុងយើងខ្ញុំទាំងប៉ុន្មាន ដែលបានយកប្រពន្ធ ជាស្រីសាសន៍ដទៃ មកតាមវេលាកំណត់ ហើយឲ្យមានពួកចាស់ទុំក្នុងទីក្រុងនិមួយៗ នឹងពួកចៅក្រមមកជាមួយផង ដរាបដល់សេចក្ដីក្រេវក្រោធដ៏សហ័សរបស់ព្រះនៃយើងខ្ញុំ បានបែរចេញពីយើងខ្ញុំក្នុងដំណើរនេះទៅ 15មានតែយ៉ូណាថាន ជាកូនអេសាអែល ហើយនឹងយ៉ាហាសយ៉ា ជាកូនធីកវ៉ា ដែលតាំងខ្លួនទាស់នឹងដំណើរនោះ ហើយមានមស៊ូឡាម នឹងសាបថាយ ជាពួកលេវី បានជួយខាង២នាក់នោះដែរ។
16ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ ក៏ធ្វើដូច្នោះ គេរើសអែសរ៉ាដ៏ជាសង្ឃ នឹងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយតាមគ្រួឪពុកគេ តាមឈ្មោះរៀងខ្លួន ហើយអ្នកទាំងនោះក៏ប្រជុំគ្នាពិភាក្សារឿងនោះ នៅថ្ងៃ១ខែបុស្ស 17លុះដល់ថ្ងៃ១ខែចេត្រ នោះក៏បានសំរេចដល់ពួកអ្នកទាំងអស់ ដែលបានយកប្រពន្ធជាស្រីសាសន៍ដទៃនោះ។
18រីឯក្នុងបណ្តាកូនចៅពួកសង្ឃ នោះឃើញមានខ្លះបានយកប្រពន្ធជាស្រីសាសន៍ដទៃដែរ គឺក្នុងពួកកូនចៅយេសួរ ជាកូនយ៉ូសាដាក នឹងបងប្អូនលោក មានម្អាសេយ៉ា អេលាស៊ើរ យ៉ារីប នឹងកេដាលា 19អ្នកទាំងនោះក៏សន្យាយ៉ាងមុតមាំនឹងលែងប្រពន្ធចេញ ហើយដោយព្រោះមានទោស បានជាគេថ្វាយចៀមឈ្មោល១សំរាប់លោះទោសខ្លួន 20ក្នុងពួកកូនចៅអ៊ីមមើរ នោះមានហាណានី នឹងសេបាឌា 21ក្នុងពួកកូនចៅហារីម មានម្អាសេយ៉ា អេលីយ៉ា សេម៉ាយ៉ា យេហ៊ីអែល នឹងអ៊ូស៊ីយ៉ា 22ក្នុងពួកកូនចៅរបស់ប៉ាសហ៊ើរ នោះមានអេលីយ៉ូន៉ាយ ម្អាសេយ៉ា អ៊ីសម៉ាអែល នេថានេល យ៉ូសាបាឌ នឹងអេលាសា។
23ខាងពួកលេវី នោះមានយ៉ូសាបាឌ នឹងស៊ីម៉ាយ កេឡាយ៉ា (អ្នកនោះគឺជាកេលីថា) ពេថាហ៊ីយ៉ា យូដា ហើយអេលាស៊ើរ។
24ខាងពួកចំរៀង មានអេលីយ៉ាស៊ីប ហើយខាងពួកឆ្មាំទ្វារ មានសាលូម ថេលែម នឹងអ៊ូរី។
25ខាងពួកអ៊ីស្រាអែល គឺក្នុងពួកកូនចៅប៉ារ៉ូស នោះមានរ៉ាម៉ា យីសយ៉ា ម៉ាលគា មីយ៉ាមីម អេលាសារ ម៉ាលគា នឹងបេណាយ៉ា 26ក្នុងពួកកូនចៅអេឡាំ មានម៉ាថានា សាការី យេហ៊ីអែល អាប់ឌី យេរេម៉ូត នឹងអេលីយ៉ា 27ក្នុងពួកកូនចៅសាធូរ មានអេលីយ៉ូន៉ាយ អេលីយ៉ាស៊ីប ម៉ាថានា យេរេម៉ូត សាបាឌ នឹងអ័ស៊ីសា 28ក្នុងពួកកូនចៅបេបាយ មានយ៉ូហាណាន ហាណានា សាប់បាយ នឹងអ័តឡាយ 29ក្នុងពួកកូនចៅបានី នោះមានមស៊ូឡាម ម៉ាលូក អ័ដាយ៉ា យ៉ាសុប ស្អាល នឹងរ៉ាម៉ូត 30ក្នុងពួកកូនចៅផាហាត-ម៉ូអាប់ នោះមានអ័ឌណា កេឡាល បេណាយ៉ា ម្អាសេយ៉ា ម៉ាថានា បេសាលាល ប៊ីនុយ នឹងម៉ាន៉ាសេ 31ក្នុងពួកកូនចៅហារីម នោះមានអេលាស៊ើរ យីសយ៉ា ម៉ាលគា សេម៉ាយ៉ា ស៊ីម្មាន 32បេនយ៉ាមីន ម៉ាលូក នឹងសេម៉ារីយ៉ា 33ក្នុងពួកកូនចៅហាស៊ូម នោះមានម៉ាថ្នាយ ម៉ាត់ថាត់ថា សាបាឌ អេលីផាលេត យេរេម៉ាយ ម៉ាន៉ាសេ នឹងស៊ីម៉ាយ 34ក្នុងពួកកូនចៅបានី នោះមានម្អាដាយ អាំរ៉ាម អ៊ូអែល 35បេណាយ៉ា បេឌីយ៉ា កេលូហ៊ូវ 36វ៉ានីយ៉ា ម្រេម៉ូត អេលីយ៉ាស៊ីប 37ម៉ាថានា ម៉ាថ្នាយ យ្អាសាយ 38បានី ប៊ីនុយ ស៊ីម៉ាយ 39សេលេមា ណាថាន់ អ័ដាយ៉ា 40ម៉ាកណាឌបាយ សាសាយ សារ៉ាយ 41អ័សារាល សេលេមា សេម៉ារីយ៉ា 42សាលូម អ័ម៉ារា នឹងយ៉ូសែប 43ក្នុងពួកកូនចៅនេបូរ នោះមានយីអែល ម៉ាធិធា សាបាឌ សេប៊ីណា យ៉ាដាយ យ៉ូអែល នឹងបេណាយ៉ា 44ឯមនុស្សទាំងនោះ គេបានយកប្រពន្ធ ជាស្រីសាសន៍ដទៃ ប្រពន្ធគេខ្លះក៏បានបង្កើតកូនហើយ។:៚
ទើបបានជ្រើសរើសហើយ៖
អែសរ៉ា 10: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.