នាងអេសធើរ 4
4
1ចំណែកម៉ាដេកាយ កាលបានដឹងពីការដែលកើតមកទាំងនោះហើយ នោះគាត់ហែកអាវខ្លួន ហើយស្លៀកសំពត់ធ្មៃរោយផេះផង រួចចេញទៅកណ្តាលទីក្រុងស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ហើយជូរចត់ 2គាត់ក៏ទៅរហូតដល់មុខទ្វារព្រះរាជវាំង ដ្បិតគ្មានច្បាប់នឹងចូលទៅក្នុងព្រះរាជវាំងទាំងស្លៀកសំពត់ធ្មៃបានឡើយ 3ហើយនៅគ្រប់តែខេត្ត ត្រង់កន្លែងណាក៏ដោយ ដែលព្រះរាជឱង្ការ នឹងបង្គាប់នៃស្តេចបានទៅដល់ នោះមានសេចក្ដីសៅសោកជាខ្លាំង នៅក្នុងពួកសាសន៍យូដា ព្រមទាំងការតមអត់យំយែក ហើយស្រែកទ្រហោ ក៏មានគ្នាច្រើនបានគ្រលំដោយសំពត់ធ្មៃ ដេកនៅគំនរផែះផង។
4ពួកស្រីបំរើ នឹងពួកភ្នាក់ងាររបស់អគ្គមហេសី នាងអេសធើរ ក៏មកទូលសេចក្ដីនោះដល់ព្រះនាង ដូច្នេះ ព្រះនាងមានសេចក្ដីថប់ព្រួយជាខ្លាំង ក៏ផ្ញើសំលៀកបំពាក់ទៅជូនដល់ម៉ាដេកាយ ដើម្បីឲ្យគាត់បានផ្លាស់សំពត់ធ្មៃចេញ តែគាត់មិនព្រមទទួលទេ 5អេសធើរក៏ហៅហាថាក់ ជាភ្នាក់ងាររបស់ស្តេច ដែលទ្រង់បានដំរូវឲ្យបំរើព្រះនាងមកបង្គាប់ឲ្យទៅឯម៉ាដេកាយ ដើម្បីនឹងសួរឲ្យដឹងពីរឿងនោះ ហើយពីហេតុអ្វីបានជាកើតដូច្នេះ 6ហាថាក់ក៏ចេញទៅឯម៉ាដេកាយ នៅត្រង់ទីធ្លាក្រុង ដែលនៅមុខព្រះរាជវាំង 7ហើយម៉ាដេកាយប្រាប់គាត់ ពីគ្រប់ទាំងដំណើរដែលបានកើតមកដល់ខ្លួន នឹងពីចំនួនប្រាក់ដែលហាម៉ានបានសន្យាបញ្ចេញទៅឯឃ្លាំងហ្លួងទាំងប៉ុន្មាន ឲ្យបានបំផ្លាញដល់ពួកសាសន៍យូដា 8ក៏ឲ្យសំណៅព្រះរាជឱង្ការ១ច្បាប់ ជាសេចក្ដីដែលបានប្រកាសប្រាប់នៅក្រុងស៊ូសាន បង្គាប់ឲ្យសំឡាប់គេ ដល់ភ្នាក់ងារនោះ ឲ្យនាំយកទៅបង្ហាញដល់អេសធើរ ហើយរាប់រៀបទូលព្រះនាងឲ្យជ្រាប ព្រមទាំងផ្តាំ ឲ្យព្រះនាងចូលទៅ ទូលអង្វរចំពោះស្តេច ថ្វាយពាក្យសំណូមជំនួសសាសន៍របស់ខ្លួនផង។
9ហាថាក់ក៏ទៅក្រាបទូលដល់អេសធើរ តាមពាក្យរបស់ម៉ាដេកាយ 10រួចអេសធើរមានសវនីយ៍នឹងហាថាក់ផ្តាំឲ្យទៅជំរាបម៉ាដេកាយថា 11អស់ទាំងពួកបំរើរបស់ស្តេច នឹងពួកបណ្តាជន នៅគ្រប់ទាំងខេត្តរបស់ទ្រង់ សុទ្ធតែដឹងថា បើស្តេចមិនបានហៅរក នោះអ្នកណាក៏ដោយ ទោះប្រុសឬស្រីក្តី ដែលនឹងចូលទៅឯស្តេច ក្នុងព្រះរាជរោងខាងក្នុង នោះមានច្បាប់តែ១ចំពោះអ្នកនោះ គឺត្រូវសំឡាប់បង់ លើកតែអ្នកណាដែលទ្រង់នឹងហុចព្រះដំបងមាស មកប្រោសឲ្យបានរស់ប៉ុណ្ណោះ តែស្តេចមិនបានហៅខ្ញុំឲ្យចូលទៅចំពោះទ្រង់អស់៣០ថ្ងៃនេះហើយ 12រួចគេក៏ទៅជំរាបម៉ាដេកាយ តាមពាក្យរបស់អេសធើរវិញ។
13ឯម៉ាដេកាយ ក៏ប្រាប់ឲ្យគេចូលទៅទូលឆ្លើយនឹងអេសធើរថា កុំឲ្យគិតស្មានថាព្រះនាងនឹងរួចជីវិត នៅក្នុងដំណាក់ស្តេច ជាជាងពួកសាសន៍យូដាឯទៀតនោះឡើយ 14ដ្បិតបើព្រះនាងនឹងស្ងៀមនៅក្នុងវេលានេះ នោះនឹងកើតមានសេចក្ដីសង្គ្រោះ នឹងសេចក្ដីប្រោសឲ្យរួច ដល់ពួកយូដាពីកន្លែងផ្សេងទៀត តែព្រះនាង នឹងញាតិវង្សរបស់បិតានៃព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង 15ដូច្នេះ អេសធើរក៏បង្គាប់ ឲ្យគេទៅជំរាបម៉ាដេកាយថា 16សូមទៅប្រមូលពួកសាសន៍យូដា ដែលនៅក្រុងស៊ូសានឲ្យប្រជុំគ្នាតមអត់ឲ្យខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃអស់រវាង៣ថ្ងៃ ឯខ្ញុំ នឹងពួកស្រីបំរើរបស់ខ្ញុំ ក៏នឹងតមដូច្នោះដែរ យ៉ាងនោះ ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ 17នោះម៉ាដេកាយក៏ទៅធ្វើតាមគ្រប់សេចក្ដី ដែលអេសធើរបានបង្គាប់មក។
ទើបបានជ្រើសរើសហើយ៖
នាងអេសធើរ 4: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.