នាង​អេស‌ធើរ 3

3
1ក្រោយ​នោះ​មក ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​លើក​ដំកើង​ហាម៉ាន កូន​ហាំម្តាថា ជា​សាសន៍​អ័កាក់ ទាំង​លើក​លោក​ឡើង តាំង​ឲ្យ​មាន​ងារ​ជា​ធំ​លើស​អស់​ទាំង​អ្នក ជា​ប្រធាន​ដែល​នៅ​ចំពោះ​ទ្រង់ 2ដូច្នេះ ពួក​មហា‌តលិក​របស់​ស្តេច ដែល​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង គេ​ឱន​ខ្លួន​ចុះ​គោរព​ដល់​ហាម៉ាន​ទាំង​អស់​គ្នា ពី​ព្រោះ​ស្តេច​ទ្រង់​បាន​ចេញ​បង្គាប់ ពី​ដំណើរ​លោក​យ៉ាង​នោះ តែ​ម៉ា‌ដេកាយ​មិន​បាន​ឱន​ខ្លួន​ទេ ក៏​មិន​គោរព​ផង 3ដូច្នេះ ពួក​មហា‌តលិក​របស់​ស្តេច​ដែល​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ​វាំង គេ​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ទទឹង​នឹង​បង្គាប់​ស្តេច​ដូច្នេះ 4រួច​កាល​គេ​បាន​រំឭក​ដល់​គាត់​រាល់​តែ​ថ្ងៃ តែ​គាត់​មិន​ព្រម​ស្តាប់​តាម នោះ​គេ​ក៏​ជំរាប​ដល់​ហាម៉ាន ដើម្បី​នឹង​ល​មើល​បើ​សេចក្ដី​ដែល​ម៉ា‌ដេកាយ​ប្រព្រឹត្ត​ដូច្នោះ នឹង​បាន ឬ​មិន​បាន​ពី​ព្រោះ​គាត់​បាន​ប្រាប់​ឲ្យ​គេ​ដឹង​ហើយ ថា​គាត់​ជា​សាសន៍​យូដា 5កាល​ហាម៉ាន​ឃើញ​ថា ម៉ា‌ដេកាយ​មិន​ឱន​គោរព​ដល់​ខ្លួន​ទេ នោះ​លោក​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ក្រោធ 6តែ​លោក​តោះ‌តើយ នឹង​ចង់​ចាប់​ម៉ា‌ដេកាយ​តែ​១​ប៉ុណ្ណោះ ដ្បិត​គេ​បាន​ជំរាប​ឲ្យ​លោក​ជ្រាប​ពី​សាសន៍​របស់​ម៉ា‌ដេកាយ​ហើយ បាន​ជា​លោក​រក​ឱកាស​នឹង​បំផ្លាញ​សាសន៍​យូដា​ទាំង​អស់​បង់ ដែល​មាន​នៅ​ពេញ​ក្នុង​នគរ​របស់​អ័ហា‌ស៊ូរុស​ទាំង​មូល​វិញ គឺ​ជា​ជាតិ​របស់​ម៉ា‌ដេកាយ​ទាំង​ប៉ុន្មាន។
7រីឯ​នៅ​ឆ្នាំ​១២ ក្នុង​រាជ្យ​អ័ហា‌ស៊ូរុស គឺ​នៅ​ខែ​ទី​១ ជា​ខែ​ចេត្រ នោះ​គេ​វាយ​លេខ​តាម​របៀន «ពោរ» នៅ​មុខ​ហាម៉ាន ដេញ​រក​ថ្ងៃ​ខែ ទៅ​ទល់​នឹង​ខែ​១២ ទើប​ត្រូវ គឺ​ជា​ខែ​ផល្គុន 8នោះ​ហាម៉ាន​ទូល​ដល់​ស្តេច​អ័ហា‌ស៊ូរុស​ថា មាន​សាសន៍១ ដែល​ខ្ចាត់​ខ្ចាយ​នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ក្នុង​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ទ្រង់ គេ​មាន​ច្បាប់​ខុស​ពី​ច្បាប់​នៃ​សាសន៍​ទាំង​អស់ ក៏​មិន​កាន់​តាម​ច្បាប់​របស់​ព្រះ‌ករុណា​ផង ដូច្នេះ មិន​គួរ​ឲ្យ​ព្រះ‌ករុណា​ទុក​ឲ្យ​គេ​នៅ​ទៀត​ទេ 9បើ​សិន​ជា​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ទ័យ នោះ​សូម​ទ្រង់​បង្គាប់​ឲ្យ​មាន​ច្បាប់​កត់​ទុក ឲ្យ​បំផ្លាញ​ពួក​នោះ​ចេញ យ៉ាង​នោះ​ទូលបង្គំ​នឹង​ប្រគល់​ប្រាក់​១​ម៉ឺន​ហាប​ទៅ​ក្នុង​ឃ្លាំង​ហ្លួង​ទាំង​ប៉ុន្មាន សំរាប់​ពួក​អ្នក​ដែល​ចាត់‌ចែង​ការ​នោះ 10ដូច្នោះ ស្តេច​ទ្រង់​ដោះ​ព្រះ‌ទំរង់​ពី​ព្រះ‌ហស្ត​ប្រគល់​ដល់​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ ជា​ខ្មាំង​សត្រូវ​ពួក​យូដា 11ដោយ​បន្ទូល​ថា ប្រាក់​នោះ​យើង​បាន​អនុញ្ញាត​ឲ្យ​អ្នក​ហើយ ព្រម​ទាំង​សាសន៍​នោះ​ផង ដើម្បី​ឲ្យ​អ្នក​ធ្វើ​ដល់​គេ តាម​តែ​គិត​ឃើញ​ថា​ល្អ​ចុះ។
12នៅ​ថ្ងៃ​១៣ ខែ​ចេត្រ គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក កត់​គ្រប់​ទាំង​សេចក្ដី​ដែល​ហាម៉ាន​បង្គាប់​ដល់​ពួក​ចៅហ្វាយ​ខេត្ត​របស់​ស្តេច ពួក​ចៅហ្វាយ​ដែល​ត្រួត​នៅ​គ្រប់​តែ​ស្រុក នឹង​ពួក​មេ​នៃ​គ្រប់​ទាំង​សាសន៍ គឺ​ដល់​គ្រប់​ខេត្ត​តាម​អក្សរ​ជាតិ​របស់​គេ ហើយ​ដល់​គ្រប់​សាសន៍ តាម​ភាសា​របស់​គេ ច្បាប់​នោះ​បាន​កត់​ទុក​ដោយ​នូវ​ព្រះ‌នាម​ស្តេច​អ័ហា‌ស៊ូរុស ក៏​បោះ​ត្រា​ដោយ​ព្រះ‌ទំរង់​របស់​ស្តេច​ដែរ 13ហើយ​គេ​ផ្ញើ​សំបុត្រ​ទាំង​នោះ ទៅ​គ្រប់​ទាំង​ខេត្ត​របស់​ស្តេច ដោយ‌សារ​ពួក​អ្នក​រត់​សំបុត្រ បង្គាប់​ឲ្យ​បំផ្លាញ​សំឡាប់ ហើយ​ធ្វើ​ឲ្យ​ពួក​សាសន៍​យូដា​ទាំង​អស់​វិនាស​បង់ ទោះ​ទាំង​ចាស់​ទាំង​ក្មេង នឹង​កូន‌ង៉ែត ហើយ​ស្ត្រីៗ​ផង ក្នុង​រវាង​១​ថ្ងៃ​កំណត់​នោះ ដែល​ត្រូវ​ជា​ថ្ងៃ​១៣ ខែ​១២ គឺ​ជា​ខែ​ផល្គុន ព្រម​ទាំង​រឹប​ជាន់​យក​ទ្រព្យ​សម្បត្តិ​គេ​ផង 14ឯ​សំបុត្រ​ទាំង​នោះ​មាន​ចំឡង​ព្រះ‌រាជ‌ឱង្ការ ដែល​ត្រូវ​ប្រកាស​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍ នៅ​អស់​ទាំង​ខេត្ត​ផង ឲ្យ​គេ​បាន​ប្រុង‌ប្រៀប​ជា​ស្រេច​នៅ​ថ្ងៃ​នោះ 15ពួក​រត់​សំបុត្រ​ក៏​ចេញ​ទៅ​ជា​ប្រញាប់ តាម​បង្គាប់​របស់​ស្តេច ហើយ​ព្រះ‌រាជ‌ឱង្ការ​នោះ​បាន​ប្រកាស​ប្រាប់ នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង​ដែរ រួច​ស្តេច នឹង​ហាម៉ាន​ក៏​នាំ​គ្នា​បរិភោគ​ស្រា តែ​ទី​ក្រុង​ស៊ូសាន​មាន​សេចក្ដី​ស្រឡាំង‌កាំង​នៅ។

ទើបបានជ្រើសរើសហើយ៖

នាង​អេស‌ធើរ 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ