នាង​អេស‌ធើរ 4

4
1ចំណែក​ម៉ា‌ដេកាយ កាល​បាន​ដឹង​ពី​ការ​ដែល​កើត​មក​ទាំង​នោះ​ហើយ នោះ​គាត់​ហែក​អាវ​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ​រោយ​ផេះ​ផង រួច​ចេញ​ទៅ​កណ្តាល​ទី​ក្រុង​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ហើយ​ជូរ​ចត់ 2គាត់​ក៏​ទៅ​រហូត​ដល់​មុខ​ទ្វារ​ព្រះ‌រាជ‌វាំង ដ្បិត​គ្មាន​ច្បាប់​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌វាំង​ទាំង​ស្លៀក​សំពត់​ធ្មៃ​បាន​ឡើយ 3ហើយ​នៅ​គ្រប់​តែ​ខេត្ត ត្រង់​កន្លែង​ណា​ក៏​ដោយ ដែល​ព្រះ‌រាជ‌ឱង្ការ នឹង​បង្គាប់​នៃ​ស្តេច​បាន​ទៅ​ដល់ នោះ​មាន​សេចក្ដី​សៅ‌សោក​ជា​ខ្លាំង នៅ​ក្នុង​ពួក​សាសន៍​យូដា ព្រម​ទាំង​ការ​តម​អត់​យំ‌យែក ហើយ​ស្រែក​ទ្រហោ ក៏​មាន​គ្នា​ច្រើន​បាន​គ្រលំ​ដោយ​សំពត់​ធ្មៃ ដេក​នៅ​គំនរ​ផែះ​ផង។
4ពួក​ស្រី​បំរើ នឹង​ពួក​ភ្នាក់‌ងារ​របស់​អគ្គ‌មហេសី នាង​អេសធើរ ក៏​មក​ទូល​សេចក្ដី​នោះ​ដល់​ព្រះ‌នាង ដូច្នេះ ព្រះ‌នាង​មាន​សេចក្ដី​ថប់​ព្រួយ​ជា​ខ្លាំង ក៏​ផ្ញើ​សំលៀក‌បំពាក់​ទៅ​ជូន​ដល់​ម៉ា‌ដេកាយ ដើម្បី​ឲ្យ​គាត់​បាន​ផ្លាស់​សំពត់​ធ្មៃ​ចេញ តែ​គាត់​មិន​ព្រម​ទទួល​ទេ 5អេសធើរ​ក៏​ហៅ​ហាថាក់ ជា​ភ្នាក់‌ងារ​របស់​ស្តេច ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​បំរើ​ព្រះ‌នាង​មក​បង្គាប់​ឲ្យ​ទៅ​ឯ​ម៉ា‌ដេកាយ ដើម្បី​នឹង​សួរ​ឲ្យ​ដឹង​ពី​រឿង​នោះ ហើយ​ពី​ហេតុ​អ្វី​បាន​ជា​កើត​ដូច្នេះ 6ហាថាក់​ក៏​ចេញ​ទៅ​ឯ​ម៉ា‌ដេកាយ នៅ​ត្រង់​ទីធ្លា​ក្រុង ដែល​នៅ​មុខ​ព្រះ‌រាជ‌វាំង 7ហើយ​ម៉ា‌ដេកាយ​ប្រាប់​គាត់ ពី​គ្រប់​ទាំង​ដំណើរ​ដែល​បាន​កើត​មក​ដល់​ខ្លួន នឹង​ពី​ចំនួន​ប្រាក់​ដែល​ហាម៉ាន​បាន​សន្យា​បញ្ចេញ​ទៅ​ឯ​ឃ្លាំង​ហ្លួង​ទាំង​ប៉ុន្មាន ឲ្យ​បាន​បំផ្លាញ​ដល់​ពួក​សាសន៍​យូដា 8ក៏​ឲ្យ​សំណៅ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ ជា​សេចក្ដី​ដែល​បាន​ប្រកាស​ប្រាប់​នៅ​ក្រុង​ស៊ូសាន បង្គាប់​ឲ្យ​សំឡាប់​គេ ដល់​ភ្នាក់‌ងារ​នោះ ឲ្យ​នាំ​យក​ទៅ​បង្ហាញ​ដល់​អេសធើរ ហើយ​រាប់​រៀប​ទូល​ព្រះ‌នាង​ឲ្យ​ជ្រាប ព្រម​ទាំង​ផ្តាំ ឲ្យ​ព្រះ‌នាង​ចូល​ទៅ ទូល​អង្វរ​ចំពោះ​ស្តេច ថ្វាយ​ពាក្យ​សំណូម​ជំនួស​សាសន៍​របស់​ខ្លួន​ផង។
9ហាថាក់​ក៏​ទៅ​ក្រាប​ទូល​ដល់​អេសធើរ តាម​ពាក្យ​របស់​ម៉ា‌ដេកាយ 10រួច​អេសធើរ​មាន​សវនីយ៍​នឹង​ហាថាក់​ផ្តាំ​ឲ្យ​ទៅ​ជំរាប​ម៉ា‌ដេកាយ​ថា 11អស់​ទាំង​ពួក​បំរើ​របស់​ស្តេច នឹង​ពួក​បណ្តាជន នៅ​គ្រប់​ទាំង​ខេត្ត​របស់​ទ្រង់ សុទ្ធ​តែ​ដឹង​ថា បើ​ស្តេច​មិន​បាន​ហៅ​រក នោះ​អ្នក​ណា​ក៏​ដោយ ទោះ​ប្រុសឬ​ស្រី​ក្តី ដែល​នឹង​ចូល​ទៅ​ឯ​ស្តេច ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង នោះ​មាន​ច្បាប់​តែ​១​ចំពោះ​អ្នក​នោះ គឺ​ត្រូវ​សំឡាប់​បង់ លើក​តែ​អ្នក​ណា​ដែល​ទ្រង់​នឹង​ហុច​ព្រះ​ដំបង​មាស មក​ប្រោស​ឲ្យ​បាន​រស់​ប៉ុណ្ណោះ តែ​ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ឲ្យចូល​ទៅ​ចំពោះ​ទ្រង់​អស់​៣០​ថ្ងៃ​នេះ​ហើយ 12រួច​គេ​ក៏​ទៅ​ជំរាប​ម៉ា‌ដេកាយ តាម​ពាក្យ​របស់​អេសធើរ​វិញ។
13ឯ​ម៉ា‌ដេកាយ ក៏​ប្រាប់​ឲ្យ​គេ​ចូល​ទៅ​ទូល​ឆ្លើយ​នឹង​អេសធើរ​ថា កុំ​ឲ្យ​គិត​ស្មាន​ថាព្រះ‌នាង​នឹង​រួច​ជីវិត នៅ​ក្នុង​ដំណាក់​ស្តេច ជា​ជាង​ពួក​សាសន៍​យូដា​ឯ​ទៀត​នោះ​ឡើយ 14ដ្បិត​បើ​ព្រះ‌នាង​នឹង​ស្ងៀម​នៅ​ក្នុង​វេលា​នេះ នោះ​នឹង​កើត​មាន​សេចក្ដី​សង្គ្រោះ នឹង​សេចក្ដី​ប្រោស​ឲ្យ​រួច ដល់​ពួក​យូដា​ពី​កន្លែង​ផ្សេង​ទៀត តែ​ព្រះ‌នាង នឹង​ញាតិ‌វង្ស​របស់​បិតា​នៃ​ព្រះ‌នាង នឹង​ត្រូវ​វិនាស​វិញ ហើយ​ប្រហែល​ជា​ព្រះ‌នាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សំរាប់​ពេល​នេះ​ឯង​ទេ​ដឹង 15ដូច្នេះ អេសធើរ​ក៏​បង្គាប់ ឲ្យ​គេ​ទៅ​ជំរាប​ម៉ា‌ដេកាយ​ថា 16សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​ឲ្យ​ប្រជុំ​គ្នា​តម​អត់​ឲ្យ​ខ្ញុំ កុំ​ឲ្យ​បរិភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រវាង​៣​ថ្ងៃ ឯ​ខ្ញុំ នឹង​ពួក​ស្រី​បំរើ​របស់​ខ្ញុំ ក៏​នឹង​តម​ដូច្នោះ​ដែរ យ៉ាង​នោះ ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ 17នោះ​ម៉ា‌ដេកាយ​ក៏​ទៅ​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​អេសធើរ​បាន​បង្គាប់​មក។

ទើបបានជ្រើសរើសហើយ៖

នាង​អេស‌ធើរ 4: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល