២ សាំយូអែល 4
4
1កាលអ៊ីស-បូសែត ជាបុត្រាសូល បានជ្រាបថា អ័ប៊ីនើរស្លាប់នៅក្រុងហេប្រុនដូច្នោះ នោះព្រះហស្តទ្រង់ក៏អន់ថយកំឡាំងទៅ ហើយពួកអ៊ីស្រាអែលទាំងអស់គ្នាក៏មានសេចក្ដីរន្ធត់ 2រីឯអ៊ីស-បូសែតទ្រង់មានមេទ័ព២នាក់ ១ឈ្មោះប្អាណា ហើយ១ទៀតឈ្មោះរេកាប ទាំង២នោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងពូជអំបូរបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុត ក៏រាប់ទុកជារបស់ផងពួកបេនយ៉ាមីនដែរ 3ហើយពួកប្អៀរ៉ុតនោះ បានរត់ទៅតាំងទីលំនៅ នៅឯគីថែមវិញ ដរាបដល់សព្វថ្ងៃនេះ។
4ចំណែកយ៉ូណាថានជាបុត្រាសូលទ្រង់មានបុត្រា១នាមជាមភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្ម៥ឆ្នាំ ក្នុងខណដែលឮដំណឹងមកពីយេសរាល ពីដំណើរសូល នឹងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។
5រីឯរេកាប នឹងប្អាណា ជាកូនរីម៉ូន ពួកប្អៀរ៉ុតនោះគេក៏ទៅឯដំណាក់អ៊ីស-បូសែត ក្នុងពេលប្រហែលជាថ្ងៃពេញកំដៅ កំពុងដែលទ្រង់ផ្ទំនៅវេលាថ្ងៃត្រង់ 6គេចូលទៅក្នុងដំណាក់ ធ្វើដូចជាចូលទៅយកស្រូវភោជ្ជសាលី ក៏ចាក់ទ្រង់ត្រង់ឧទរសំឡាប់ទៅ រួចនាំគ្នារត់ទៅបាត់ 7រីឯកាលគេបានចូលទៅក្នុងដំណាក់ កំពុងដែលទ្រង់ផ្ទំនៅលើព្រះទែន ក្នុងបន្ទប់សំរាប់ផ្ទំ នោះគេបានធ្វើគុតទ្រង់ទៅ រួចកាត់យកព្រះសិរចេញ ទៅតាមផ្លូវស្រុកវាលអស់១យប់នោះ 8គេនាំយកព្រះសិរនៃអ៊ីស-បូសែត ទៅឯដាវីឌនៅក្រុងហេប្រុន ទូលថា បពិត្រព្រះរាជា នេះព្រះសិររបស់អ៊ីស-បូសែត បុត្រសូល ជាខ្មាំងសត្រូវ ដែលស្វែងរកជីវិតទ្រង់ នៅថ្ងៃនេះព្រះយេហូវ៉ាទ្រង់បានសងសឹកនឹងសូល ព្រមទាំងវង្សារបស់ទ្រង់ ជំនួសព្រះករុណាដ៏ជាម្ចាស់នៃទូលបង្គំហើយ 9តែដាវីឌទ្រង់មានបន្ទូលឆ្លើយទៅរេកាប នឹងប្អាណា ប្អូនគាត់ ជាកូនរីម៉ូន ពួកប្អៀរ៉ុតនោះថា យើងស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើង ចេញពីគ្រប់ទាំងសេចក្ដីវេទនាថា 10កាលមានម្នាក់មកប្រាប់យើងពីសូលបានសុគតហើយ ដោយស្មានថាខ្លួននាំដំណឹងល្អណាមួយមកប្រាប់ដល់យើង នោះយើងបានចាប់សំឡាប់វា នៅត្រង់ស៊ីកឡាក់ទៅ ទុកជារង្វាន់ដល់វា ដោយព្រោះដំណឹងដែលនាំមកនោះ 11ដូច្នេះ ចំណង់បើមនុស្សអាក្រក់បានសំឡាប់មនុស្សសុចរិត នៅលើដំណេក ក្នុងលំនៅរបស់ខ្លួន នោះតើមិនត្រូវឲ្យយើងសងសឹក ជំនួសឈាមអ្នកនោះ ដោយដកឯងចេញពីផែនដីទៅ លើសជាងទៅទៀតទេឬអី 12រួចដាវីឌបង្គាប់ដល់ពួកកំឡោះរបស់ទ្រង់ ហើយគេក៏សំឡាប់អ្នកទាំង២នោះទៅ ព្រមទាំងកាត់ដៃកាត់ជើង យកទៅព្យួរនៅក្បែរស្រះត្រង់ហេប្រុន តែគេនាំយកព្រះសិរនៃអ៊ីស-បូសែត ទៅបញ្ចុះនៅក្នុងផ្នូររបស់អ័ប៊ីនើរ នៅក្រុងហេប្រុនទៅ។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 4: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.