២ សាំយូ‌អែល 3

3
1នៅ​គ្រា​នោះ រាជ‌វង្ស​សូល នឹង​រាជ‌វង្ស​ដាវីឌ គេ​ច្បាំង​គ្នា​អស់​កាល​ជា​យូរ តែ​ដាវីឌ​ចេះ​តែ​មាន​កំឡាំង​ខ្លាំង​ឡើង ហើយ​រាជ‌វង្ស​សូល​ក៏​កាន់​តែ​ខ្សោយ​ទៅ។
2រីឯ​នៅ​ក្រុង​ហេប្រុន ដាវីឌ​បង្កើត​បាន​បុត្រា​ខ្លះ បុត្រ​ច្បង​របស់​ទ្រង់ គឺ​អាំណូន ដែល​កើត​នឹង​នាង​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល 3បុត្រ​បន្ទាប់ គឺ​គីលាប ដែល​កើត​នឹង​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ប្រពន្ធ​របស់​ខ្មោច​ណាបាល បុត្រ​ទី​៣ គឺ​អាប់‌សា‌ឡំម ជា​បុត្រ​នាង​ម្អាកា ដែល​ជា​បុត្រី​របស់​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី 4បុត្រ​ទី​៤ គឺ​អ័ដូ‌នីយ៉ា ជា​បុត្រ​របស់​នាង​ហាគីត បុត្រ​ទី​៥ គឺ​សេផាធា ជា​បុត្រ​នាង​អ័ប៊ី‌ថាល 5បុត្រ​ទី​៦ គឺ​យីតរាម ដែល​កើត​នឹង​នាង​អេកឡា ភរិយា​របស់​ដាវីឌ បុត្រ​ទាំង​នេះ​បាន​កើត​ឡើង​ដល់​ដាវីឌ​នៅ​ក្រុង​ហេប្រុន។
6នៅ​គ្រា​ដែល​រាជ‌វង្ស​សូល នឹង​រាជ‌វង្ស​ដាវីឌ​កំពុង​តែ​មាន​ចំបាំង​ដល់​គ្នា នោះ​អ័ប៊ី‌នើរ​ក៏​ចំរើន​កំឡាំង​ខ្លួន​ខាង​ឯ​រាជ‌វង្ស​សូល 7រីឯ​សូល ទ្រង់​មាន​អ្នក‌ម្នាង​ម្នាក់​ឈ្មោះ​រីសប៉ា ជា​កូន​អ័យ៉ា គ្រា​នោះ អ៊ីស-បូសែត​មាន​បន្ទូល​ទៅ​អ័ប៊ី‌នើរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​ទៅ​ឯ​ស្ត្រី​អ្នក‌ម្នាង​របស់​បិតា​យើង​ដូច្នេះ 8នោះ​អ័ប៊ី‌នើរ​ក៏​មាន​សេចក្ដី​កំហឹង​ឆួល​ឡើង ដោយ​ព្រោះ​ពាក្យ​របស់​អ៊ីស-បូសែត ហើយ​ទូល​ថា ទូលបង្គំ​ជា​ក្បាល​ឆ្កែ​របស់​ផង​ពួក​យូដា​ឬ​អី សព្វ​ថ្ងៃ​នេះ ទូលបង្គំ​កំពុង​តែ​សំដែង​គុណ ដល់​រាជ‌វង្សរបស់​សូល ជា​បិតា​ទ្រង់ ព្រម​ទាំង​វង្សា‌នុវង្ស នឹង​មិត្រ​សំឡាញ់​ទ្រង់​ផង ដោយ​មិន​បាន​ប្រគល់​ទ្រង់ ទៅ​ក្នុង​កណ្តាប់​ដៃ​ដាវីឌ​ឡើយ តែ​នៅ​ថ្ងៃ​នេះ ទ្រង់​ហ៊ាន​បន្ទោស​ទូលបង្គំ ពី​រឿង​ស្រី​នោះ​ឬ 9បើ​សិន​ជា​ទូលបង្គំ​មិន​លើក​ដាវីឌ​ឡើង តាម​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ទ្រង់​ហើយ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​អ័ប៊ី‌នើរ​ខ្ញុំ​នេះ​យ៉ាង​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង 10គឺ​ទូលបង្គំ​នឹង​ផ្ទេរ‌រាជ្យ ពី​រាជ‌វង្ស​សូលទៅ​លើ​ដាវីឌ ឲ្យ​សោយ‌រាជ្យ​ឡើង លើ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​វិញ ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា 11នោះ​ទ្រង់​រក​ឆ្លើយ​តប​នឹង​អ័ប៊ី‌នើរ​សូម្បី​តែ​១​ម៉ាត់​ក៏​មិន​បាន​ផង ដោយ​ព្រោះ​ខ្លាច​លោក។
12នោះ​អ័ប៊ី‌នើរ​ចាត់​សារ​ឲ្យ​ទៅ​ឯ​ដាវីឌ ដោយ​នូវ​ឈ្មោះ​ខ្លួន ដើម្បី​ទូល​ថា តើ​អ្នក​ណា​ជា​ស្តេច​ផែនដី សូម​តាំង​សញ្ញា​នឹង​ទូលបង្គំ​ចុះ នោះ​ទូលបង្គំ​នឹង​ចូល​ដៃ​ខាង​ទ្រង់ ដើម្បី​នឹង​នាំ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ឲ្យ​វិល​មក​ខាង​ទ្រង់ 13ដាវីឌ​ក៏​តប​ថា អើ យើង​នឹង​ចុះ​សញ្ញា​នឹង​អ្នក ប៉ុន្តែតោង​ឲ្យ​អ្នក​ធ្វើ​ការ​នេះ​សិន គឺ​អ្នក​មិន​ឃើញ​មុខ​យើង​ឡើយ ទាល់​តែ​បាន​នាំ​មីកាល ជា​បុត្រី​សូល​មក ក្នុង​កាល​ដែល​អ្នក​មក​សួរ​យើង 14ដាវីឌ​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​អ៊ីស-បូសែត ជា​បុត្រា​សូល​ថា ចូរ​ឲ្យ​មីកាល ជា​ប្រពន្ធ​ខ្ញុំ ដែល​ខ្ញុំ​បាន​ដណ្តឹង ដោយ​សារ​ស្បែក​ចុង​ស្វាស​នៃ​ពួក​ភីលីស្ទីន​១០០​នាក់​នោះ​មក​ខ្ញុំ​វិញ 15នោះ​អ៊ីស-បូសែត​ក៏​ចាត់គេ​ឲ្យ​ទៅ​នាំ​យក​នាង ពី​ប៉ាល‌ធាល ជា​កូន​ឡាអ៊ីស ប្ដី​នាង​មក 16ឯ​ប្ដី​នាង គាត់​ដើរ​មក​តាម​នាង​ទាំង​យំ​បណ្តើរ រហូត​ដល់​ភូមិ​បាហ៊ូរីម ទើប​អ័ប៊ី‌នើរ​បង្គាប់​ទៅ​ថា ចូរ​វិល​ទៅ​វិញ​ចុះ នោះ​គាត់​ក៏​ត្រឡប់​ទៅ​វិញ។
17គ្រា​នោះ អ័ប៊ី‌នើរ​មាន​ប្រសាសន៍​នឹង​ពួក​ចាស់‌ទុំ​នៃ​ពួក​អ៊ីស្រាអែល​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ចង់​បាន​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា 18ឥឡូវ​នេះ ចូរ​តាំង​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ពី​ដាវីឌ​ហើយ ថាអញ​នឹង​ជួយ​សង្គ្រោះ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ហើយ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់ ដោយ‌សារ​ដៃ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ 19អ័ប៊ី‌នើរ​ក៏​មាន​ប្រសាសន៍​ដល់​ពួក​បេន‌យ៉ាមីន​ដែរ រួច​លោក​ទៅ​ក្រាប​ទូល​ដាវីឌ នៅ​ត្រង់​ក្រុង​ហេប្រុន តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ពេញ​ចិត្ត​ដល់​ពួក​អ៊ីស្រាអែល នឹង​ពួក​គ្រួ​បេន‌យ៉ាមីន​ទាំង​អស់ 20ដូច្នេះ អ័ប៊ី‌នើរ​បាន​មក​ឯ​ដាវីឌ​នៅ​ក្រុង​ហេប្រុន មាន​ទាំង​មនុស្ស​២០​នាក់​មក​ជា​មួយ​ផង ឯ​ដាវីឌ ទ្រង់​រៀប​ជប់‌លៀង​អ័ប៊ី‌នើរ នឹង​ពួក​មនុស្ស​ដែល​មក​ជា​មួយ​ដែរ 21នោះ​អ័ប៊ី‌នើរ​ទូល​ទៅ​ដាវីឌ​ថា ទូលបង្គំ​នឹង​ឡើង​ចេញ​ទៅ​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់ ឲ្យ​មក​ឯ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូលបង្គំ ដើម្បី​ឲ្យ​គេ​ចុះ​សញ្ញា​នឹង​ទ្រង់ ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​គ្រប់​ទាំង​អស់ តាម​ព្រះ‌ហឫទ័យ រួច​ដាវីឌ​ទ្រង់​ឲ្យ​អ័ប៊ី‌នើរ​ទៅ​វិញ ហើយ​លោក​ក៏​ទៅ​ដោយ​សុខ‌សាន្ត។
22ខណ​នោះ យ៉ូអាប់នឹង​ពួក​ពល​របស់​ដាវីឌ ត្រឡប់​មក​ពី​លុក‌លុយ​ស្រុក​ក្រៅ​វិញ ក៏​នាំ​យក​របឹប​ជា​ច្រើន​មក​ជា​មួយ​ដែរ តែ​ចំណែក​អ័ប៊ី‌នើរ​មិន​នៅ​ជា​មួយ​នឹង​ដាវីឌ​ក្នុង​ក្រុង​ហេប្រុន​ទេ ដ្បិត​ទ្រង់​បាន​ឲ្យ​លោក​ទៅ​ផុត​ហើយ លោក​ក៏​បាន​ទៅ​ដោយ​សុខ‌សាន្ត 23កាល​យ៉ូអាប់ នឹង​ពួក​ពល​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក បាន​មក​ដល់​ហើយ នោះ​មានគេ​ជំរាប​យ៉ូអាប់​ថា អ័ប៊ី‌នើរ ជា​កូន​នើរ​បាន​ឡើង​មក​គាល់​ស្តេច ហើយ​ទ្រង់​បាន​ឲ្យ​ទៅ​វិញ​ដោយ​សុខ‌សាន្ត 24នោះ​យ៉ូអាប់​លោក​ចូល​ទៅ​ឯ​ស្តេច ទូល​សួរ​ថា តើ​ទ្រង់​បាន​ធ្វើ​អ្វី​ដូច្នេះ មើល អ័ប៊ី‌នើរ​បាន​មក​គាល់​ទ្រង់ តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ចេញ​ទៅ ហើយ​វា​ទៅ​បាត់​ដូច្នេះ 25ទ្រង់​ស្គាល់​អ័ប៊ី‌នើរ ជា​កូន​នើរ​ហើយ ថា​វា​បាន​មក​ដើម្បី​តែ​នឹង​បញ្ឆោត​ទ្រង់​ទេ ហើយ​ឲ្យ​បាន​ដឹង​ពី​ដំណើរ​ទ្រង់​យាង​ចេញ​ចូល នឹង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​ទ្រង់​ធ្វើ​ផង 26រួច​កាល​យ៉ូអាប់​បាន​ចេញ​ពី​ចំពោះ​ដាវីឌ​ទៅ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​តាម​ហៅ​អ័ប៊ី‌នើរ​មក គេ​នាំ​លោក​ពី​ត្រង់​អណ្តូង​ស៊ីរ៉ា មក​វិញ តែ​ដាវីឌ​មិន​ជ្រាប​ទេ។
27កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក ទៅ​ឯ​ទី​កណ្តាល​ទ្វារ​កំផែង​ក្រុង​ដោយ‌ឡែក ដើម្បី​មាន​ប្រសាសន៍​នឹង​លោក​ដោយ​សំងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេសា‌អែល ជា​ប្អូន​ខ្លួន 28កាល​ដាវីឌ​បាន​ជ្រាប នោះ​ទ្រង់​មាន​បន្ទូល​ថា ឯ​អញហើយ​នឹង​រាជ្យ​អញ ឥត​មាន​ទោស​ខាង​ឯ​ឈាម​អ័ប៊ី‌នើរ ជា​កូន​នើរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ដរាប​ទៅ 29សូម​ឲ្យ​ទោស​នោះ​ធ្លាក់​ទៅ​លើ​ក្បាល​យ៉ូអាប់ នឹង​វង្សា‌ញាតិ​របស់​គេ​ទាំង​អស់​វិញ​ចុះ សូម​កុំ​ឲ្យ​ខាន​មាន​អ្នក​ណា ក្នុង​ពូជ‌ពង្ស​យ៉ូអាប់​ដែល​ហូរ​ខ្ទុះ ឬ​កើត​ឃ្លង់ ឬ​ដែល​ត្រូវ​ច្រត់​លើ​ឈើ​ច្រត់ ឬ​ដែល​ដួល​ស្លាប់​ដោយ​ដាវ ឬ​ដែល​ខ្វះ​អាហារ​នោះ​ឡើង 30គឺ​យ៉ាង​នោះ ដែល​យ៉ូអាប់ នឹង​អ័ប៊ី‌សាយ ជា​ប្អូន​លោក​បាន​សំឡាប់​អ័ប៊ី‌នើរ​ទៅ ដោយ​ព្រោះ​សំឡាប់​អេសា‌អែល​ជា​ប្អូន នៅ​ក្នុង​ចំបាំង​ត្រង់​គីបៀន។
31គ្រា​នោះ ដាវីឌ​ទ្រង់​ត្រាស់​បង្គាប់​ដល់​យ៉ូអាប់ នឹង​បណ្តា​ទ័ព​រាល់​គ្នា ដែល​នៅ​ជា​មួយ​នឹង​លោក​ថា ចូរ​ឯង​រាល់​គ្នា​ហែក​សំលៀក‌បំពាក់​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ រួច​យំ​សោក​នៅ​ចំពោះ​សព​អ័ប៊ី‌នើរ​ទៅ ឯ​ដាវីឌ​ទ្រង់​ក៏​យាង​តាម​ក្តារ​មឈូស​ដែរ 32គេ​បញ្ចុះ​សព​អ័ប៊ី‌នើរ នៅ​ត្រង់​ហេប្រុន ហើយ​ស្តេច​ទ្រង់​ព្រះ‌កន្សែង នៅ​ត្រង់​ផ្នូរ​លោក ឯ​ពួក​រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​យំ​សោក​ដែរ 33ទ្រង់​ទួញ​ទំនួញ​នឹង​អ័ប៊ី‌នើរ​ថា តើ​គួរ​ឲ្យ​អ័ប៊ី‌នើរ​ស្លាប់ ដូច​ជា​មនុស្ស​លី‌លា​ដូច្នេះ​ឬ​អី 34ដៃ​ឯង​ឥត​ជាប់​ចំណង ហើយ​ជើង​ក៏​ឥត​ជាប់​ច្រវាក់​ដែរ ឯង​បាន​ដួល​ស្លាប់ ដូច​ជា​មនុស្ស​ដែល​ត្រូវ​ដួល​ស្លាប់ ដោយ‌សារ​ពួក​ទុច្ចរិត រួច​បណ្តាជន​ទាំង​អស់​គ្នា ក៏​យំ​នឹង​លោក​ម្តង​ទៀត 35នោះ​បណ្តាជន​ទាំង​ប៉ុន្មាន​ក៏​មូល​មក ដើម្បី​នឹង​តឿន​ឲ្យ​ដាវីឌ​សោយ​ព្រះ‌ស្ងោយ ក្នុង​ពេល​ដែល​នៅ​ភ្លឺ​នៅ​ឡើយ ប៉ុន្តែដាវីឌ​ទ្រង់​ស្បថ​ថា បើ​យើង​គ្រាន់​តែ​ភ្លក់​អាហារ ឬ​អ្វី​ទៀត​មុន​ដែល​ថ្ងៃ​លិច នោះ​សូម​ឲ្យ​ព្រះ‌ទ្រង់​ធ្វើ​ដល់​យើង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង​ចុះ 36ពួក​បណ្តាជន​ទាំង‌ឡាយ​ក៏​ឃើញ ហើយ​ការ​នោះ​បាន​ពេញ​ចិត្ត​ដល់​គេ ដូច​ជា​គ្រប់​ការ​ទាំង​អស់​ដែល​ស្តេច​ធ្វើ ក៏​ត្រូវ​ចិត្ត​គេ​ដែរ 37ដូច្នេះ នៅ​ថ្ងៃ​នោះបណ្តាជន នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​យល់​ឃើញ​ថា ដែល​គេ​បាន​សំឡាប់​អ័ប៊ី‌នើរ ជា​កូន​នើរ​ទៅ នោះ​មិន​មែន​មក​អំពី​ស្តេច​ទេ 38ស្តេច​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ថា តើ​មិន​ដឹង​ទេ​ឬ​អី ថា​នៅ​ថ្ងៃ​នេះ មាន​មេ​ជា​អ្នក​ធំ​ម្នាក់ ក្នុង​ពួក​អ៊ីស្រាអែល បាន​ដួល​ស្លាប់​ហើយ 39ហើយ​នៅ​ថ្ងៃ​នេះ ទោះ​បើ​គេ​បាន​ចាក់​ប្រេង​តាំង​យើង ឲ្យ​ធ្វើ​ជា​ស្តេច​ក៏​ដោយ គង់​តែ​យើង​ខ្សោយ​ដែរ ឯ​ពួក​កូន​សេរូយ៉ា​ទាំង​នេះ គេ​រឹង‌ទទឹង​នឹង​យើង​ហួស​ពេក ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នេះ តាម​ការ​អាក្រក់​របស់​ខ្លួន​គេ​ចុះ។

ទើបបានជ្រើសរើសហើយ៖

២ សាំយូ‌អែល 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល