១ សាំយូ‌អែល 21

21
1ដាវីឌ​ក៏​ទៅ​ឯ​អ័ហ៊ី‌ម៉ា‌លេក​ដ៏​ជា​សង្ឃ នៅ​ត្រង់​ណូប ឯ​អ័ហ៊ី‌ម៉ា‌លេក ក៏​ចេញ​មក​ទទួល​ទាំង​ភ័យ​ញ័រ ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​មក​ជា​មួយ​ផង​ដូច្នេះ 2ដាវីឌ​ឆ្លើយ​ថា ស្តេច​ទ្រង់​បាន​បង្គាប់​ការ​មក​ខ្ញុំ ដោយ​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​អ្វី​ពី​ដំណើរ ដែល​អញ​ចាត់​ឯង​ឲ្យ​ទៅ​ធ្វើ​នោះ ឬ​ពី​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​ឯង​ឡើយ ឯ​ខ្ញុំ​បាន​ដំរូវ​ឲ្យ​ពួក​កំឡោះៗ​នៅ​ចាំ​ត្រង់​កន្លែង​១​នោះ 3ដូច្នេះ តើ​មាន​អ្វី​ខ្លះ​នៅ​ក្នុង​បន្ទុក​លោក​ដែរ សូម​ឲ្យ​នំបុ័ង​៥​ដុំ ដែល​នៅ​ក្នុង​បន្ទុក​លោក​នោះ​មក​ខ្ញុំ ឬ​របស់​អ្វី​ក៏​ដោយ ដែល​លោក​មាន​ផង 4សង្ឃ​ឆ្លើយ​តប​ថា ខ្ញុំ​គ្មាន​នំបុ័ង​ធម្មតា​នៅ​ក្នុង​បន្ទុក​របស់​ខ្ញុំ​ទេ មាន​តែ​នំបុ័ង​បរិសុទ្ធ​ប៉ុណ្ណោះ បើ​ពួក​កំឡោះ​នោះ​បាន​តម​តែ​ស្រី​ប៉ុណ្ណោះ នោះ​បាន​ហើយ 5រួច​ដាវីឌ​ឆ្លើយ​កាត់​ថា នេះ​គឺ​គេ​បាន​បង្អត់​យើង​ជា​ស្រេច តាំង​តែ​ពី​ខ្ញុំ​ចេញ​ធ្វើ​ដំណើរ បាន​៣​ថ្ងៃ​មក​ហើយ បាន​ជា​ពួក​ខ្ញុំបាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ទេ ឯ​នំបុ័ង​នេះ​ក៏​ជា​នំបុ័ង​ធម្មតា​ម្យ៉ាង​ដែរ ទោះ​បើ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ចាន​នៅ​ថ្ងៃ​នេះ​ឯង​ក៏​ដោយ 6ដូច្នេះសង្ឃ​ក៏​ឲ្យ​នំបុ័ង​បរិសុទ្ធ​ទៅ​លោក ដ្បិត​នៅ​ទី​នោះគ្មាន​នំបុ័ង​ណា​ផ្សេង​ទៀត​ឡើយ មាន​តែ​នំបុ័ង​តាំង​ទុក​ប៉ុណ្ណោះ គឺ​ជា​នំបុ័ង​ដែល​បាន​យក​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក ដើម្បី​នឹង​ដាក់​នំបុ័ង​ក្តៅ នៅ​ថ្ងៃ​ដែល​គេ​យក​នំបុ័ង​ចាស់​នោះ​ចេញ។
7នៅ​ថ្ងៃ​នោះ​ឯង ក៏​មាន​ពួក​អភិបាល​ម្នាក់​របស់​សូល​នៅ​ទី​នោះ ត្រូវ​ឃាត់​ទុក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គាត់​នោះ​ឈ្មោះ​ដូអេក ជា​សាសន៍​អេដំម ធ្វើ​ជា​មេ​ដំរួត​លើ​ពួក​គង្វាល​សត្វ​របស់​សូល 8ឯ​ដាវីឌ​ក៏​សួរ​អ័ហ៊ី‌ម៉ា‌លេក​ថា នៅ​ទី​នេះ​មាន​លំពែង ឬ​ដាវ ក្នុង​បន្ទុក​លោក​ឬ​ទេ ដ្បិត​ខ្ញុំ​មិន​បាន​ជាប់​ដាវ​ឬ​គ្រឿង​សស្ត្រា‌វុធ​មក​ជា​មួយ​ទេ ពី​ព្រោះ​ការ​របស់​ស្តេច​នេះ ជា​ការ​ប្រញាប់​ណាស់ 9សង្ឃ​ឆ្លើយ​ថា មាន​តែ​ដាវ​របស់​កូលី‌យ៉ាត ជា​សាសន៍​ភីលីស្ទីន ដែល​លោក​បាន​សំឡាប់ នៅ​ក្នុង​ច្រក​ភ្នំ​អេឡា​ប៉ុណ្ណោះ បាន​រុំ​នឹង​សំពត់ ដាក់​នៅ​ខាង​ក្រោយ​អេផូឌ បើ​លោក​ត្រូវ​ការ សូម​យក​ចុះ ដ្បិត​គ្មាន​អ្វី​ទៀត​នៅ​ទី​នេះ​ទេ នោះ​ដាវីឌ​ឆ្លើយ​ថា គ្មាន​ដាវ​ណា​ដូច​ដាវ​នោះ​ទេ ដូច្នេះ សូម​ឲ្យ​មក​ខ្ញុំ​ចុះ។
10នៅ​ថ្ងៃ​នោះ​ឯង ដាវីឌ​ក៏​ចេញ​រត់​ទៅ​ឯ​អ័គីស ជា​ស្តេច​ក្រុង​កាថ ដោយ​ខ្លាច​សូល 11នោះ​ពួក​មហា‌តលិក​របស់​អ័គីស​ទូល​ថា អ្នក​នេះ​តើ​មិន​មែន​ជា​ដាវីឌ ជា​ស្តេច​នៃ​ស្រុក​នោះ​ទេ​ឬ​អី តើ​គេ​មិន​បាន​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ពី​ដំណើរ​អ្នក​នេះ ទាំង​លោត‌កញ្ឆេង​ផង​ថា សូល​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន​ទេ​ឬ​អី 12ដាវីឌ​ក៏​កំណត់​ទុក​ពាក្យ​ទាំង​នោះ នៅ​តែ​ក្នុង​ចិត្ត ហើយ​មាន​សេចក្ដី​ភ័យ​ដោយ​ព្រោះ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​ខ្លាំង 13ដូច្នេះ លោក​ផ្លាស់​ភាព​ប្រព្រឹត្ត​នៅ​មុខ​គេ ទាំង​ក្លែង​ធ្វើ​ជា​ឆ្កួត​នៅ​កណ្តាល​ពួក​គេ គឺ​ធ្វើ​ជា​គូរ​វាស​នៅ​នា​ទ្វារ ហើយ​បង្ហៀរ​ទឹក​មាត់​លើ​ពុក‌ចង្កា 14នោះ​អ័គីស​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ថា មើល ឯង​រាល់​គ្នា​ឃើញ​ថា មនុស្ស​នេះ​ឆ្កួត​ដែរ ម្តេច​ក៏​នាំ​វា​មក​ឯ​អញ​ធ្វើ​អី 15តើ​អញ​ខ្វះ​មនុស្ស​ឆ្កួត​ឬ​អី បាន​ជា​ឯង​រាល់​គ្នា​នាំ​អា​នេះ​មក​ឲ្យ​ឆ្កួត​នៅ​ចំពោះ​មុខ​អញ​ទៀត តើ​គួរ​ឲ្យ​វា​ចូល​មក​ក្នុង​ដំណាក់​អញ​ឬ​អី។

ទើបបានជ្រើសរើសហើយ៖

១ សាំយូ‌អែល 21: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល