១ សាំយូ‌អែល 22

22
1ដូច្នេះដាវីឌ​ក៏​ចេញ​ពី​ទី​នោះ ភៀស‌ខ្លួន​ទៅ​ឯ​រអាង​អាឌូឡាម កាល​ពួក​បង​ប្អូន នឹង​ពួក​គ្រួ​របស់​ឪពុក​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង នោះ​គេ​ក៏​នាំ​គ្នា​ចុះ​ទៅ​ឯ​លោក​នៅ​ទី​នោះ​ដែរ 2ហើយ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​វេទនា នឹង​អស់​អ្នក​ណា​ដែល​ជាប់​បំណុល ហើយ​នឹង​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ជូរ​ជ្រេញ​ក្នុង​ចិត្ត គេ​ក៏​ទៅ​មូល​ជុំ​គ្នា​នៅ​ឯ​លោក មាន​ចំនួន​ប្រហែល​ជា​៤០០​នាក់​នៅ​ជា​មួយ​នឹង​លោក ហើយ​លោក​ធ្វើ​ជា​មេ​លើ​គេ។
3ពី​ទី​នោះ ដាវីឌ​ក៏​ចេញ​ទៅ​ឯ​មីសប៉ា នៅ​ស្រុក​ម៉ូអាប់ លោក​ទូល​សូម​ស្តេច​ម៉ូអាប់​ថា សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ឪពុក​ម្តាយ​របស់​ទូលបង្គំ​មក​នៅ​អាស្រ័យ​នឹង​ទ្រង់​ផង ដរាប​ដល់​ទូលបង្គំ​បាន​ដឹង​ជា​ព្រះ‌ទ្រង់​នឹង​ប្រព្រឹត្ត​ដល់​ទូលបង្គំ​ជា​យ៉ាង​ណា 4លោក​ក៏​នាំ​យក​ឪពុក​ម្តាយ​ទៅ​គាល់​នៅ​ចំពោះ​ស្តេច​ម៉ូអាប់ រួច​គេ​អាស្រ័យ​នៅ​ជា​មួយ​នឹង​ទ្រង់ អស់​កំណត់​ពេល​ដែល​ដាវីឌ​នៅ​ក្នុង​ទី​ពំនួន 5ឯ​ហោរា​កាឌ់​ក៏​ជំរាប​លោក​ថា កុំ​ឲ្យ​នៅ​ក្នុង​ទី​ពំនួន​នេះ​ឡើយ សូម​ទៅ​ឯ​ស្រុក​យូដា​វិញ​ទៅ នោះ​ដាវីឌ​ក៏​ចេញ​ទៅ​អាស្រ័យ​នៅ​ឯ​ព្រៃ​ហោរេក។
6ឯ​សូល ទ្រង់​ក៏​ឮ​ថា មាន​គេ​បាន​ឃើញ​ដាវីឌ នឹង​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​លោក គ្រា​នោះ សូល​ទ្រង់​កំពុង​គង់​នៅ​ក្រោម​ដើម​ម៉ៃសាក់ ត្រង់​គីបៀរ​នៅ​ស្រុក​រ៉ាម៉ា មាន​ទាំង​លំពែង​នៅ​ព្រះ‌ហស្ត ហើយ​ពួក​មហា‌តលិក​ទ្រង់​ឈរ​ព័ទ្ធ​ជុំវិញ​ផង 7ទ្រង់​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក ដែល​ឈរ​ជុំវិញ​នោះ​ថា នែ ពួក​បេន‌យ៉ាមីន​អើយ ចូរ​ស្តាប់​អញ តើ​កូន​អ៊ីសាយ​នោះ​នឹង​ចែក​ស្រែ​ចំការ​ឲ្យ​ដល់​ឯង​គ្រប់​គ្នា​ឬ តើ​វា​នឹង​តាំង​ឯង​ទាំង​អស់​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​១​ពាន់​នាក់ ហើយ​លើ​១០០​នាក់​ឬ​អី 8បាន​ជា​ឯង​ទាំង​អស់​គ្នា​បាន​រួម​គំនិត​គិត​ក្បត់​អញ​ដូច្នេះ ហើយ​គ្មាន​អ្នក​ណា​មួយ​ប្រាប់​ឲ្យ​អញ​ដឹង ក្នុង​កាល​ដែល​កូន​អញ​បាន​ចុះ​សញ្ញា​នឹង​កូន​អ៊ីសាយ​នោះ ក៏​គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​ឯង ដែល​ឈឺ‌ឆ្អាល​នឹង​អញ​សោះ ឬ​បង្ហាញ​ឲ្យ​ដឹង ជា​កូន​អញ​បាន​ពន្យុះ​អ្នក​បំរើ​របស់​អញ ឲ្យ​លប​ចាំ​ទាស់​នឹង​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ​ផង 9នោះ​ដូអេក ជា​សាសន៍​អេដំម ដែល​ឈរ​ជិត​ពួក​មហា‌តលិក​របស់​សូល ក៏​ទូល​ឆ្លើយ​ឡើង​ថា ទូលបង្គំ​បាន​ឃើញ​កូន​អ៊ីសាយ​មក​ឯ​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័ហ៊ី‌ទូប នៅ​ត្រង់​ណូប 10ហើយ​លោក​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​វា ក៏​បាន​ឲ្យ​អាហារនឹង​ដាវ​របស់​កូលី‌យ៉ាត​ជា​សាសន៍​ភីលីស្ទីន​ទៅ​វា​ផង។
11នោះ​ស្តេច​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​អ័ហ៊ី‌ម៉ា‌លេក ជា​សង្ឃ​ដែល​ជា​កូន​អ័ហ៊ី‌ទូប នឹង​ពួក​គ្រួ​ឪពុក​លោក​ទាំង​អស់​ដែល​នៅ​ត្រង់​ណូប​មក គេ​ក៏​មក​ឯ​ស្តេច​ទាំង​អស់​គ្នា 12រួច​សូល​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ស្តាប់​ចុះ កូន​អ័ហ៊ី‌ទូប​ឯង លោក​ក៏​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌បពិត្រ 13រួច​សូល​ទ្រង់​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង នឹង​កូន​អ៊ីសាយ​បាន​រួម​គំនិត​ទាស់​នឹង​អញ​ដូច្នេះ ដោយ​ឯង​បាន​ឲ្យ​អាហារ នឹង​ដាវ​ដល់​វា ហើយ​ទូល​ព្រះ​ឲ្យ​វា​ផង ដើម្បី​ឲ្យ​វា​បាន​លើក​គ្នា មក​លប​ចាំ​ទាស់​នឹង​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ 14អ័ហ៊ី‌ម៉ា‌លេក​ទូល​ឆ្លើយ​ថា នៅ​ក្នុង​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន តើ​មាន​អ្នក​ឯ​ណា​ដែល​ស្មោះ‌ត្រង់​ដូច​ដាវីឌ ជា​កូន​ប្រសា​ទ្រង់ ដែល​ស្តាប់​បង្គាប់​ទ្រង់ ហើយ​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ដំណាក់​ទ្រង់​ផង​នោះ 15ដូច្នេះនៅ​ថ្ងៃ​នេះ ដែល​ទូលបង្គំ​បាន​ទូល​សួរ​ដល់​ព្រះ នោះ​តើ​បាន​ទូល​សួរ​ឲ្យ​លោក​ឬ​អី សូម​ឲ្យ​សេចក្ដី​នោះ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ កុំ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ប្រចាប់​ទូលបង្គំ ជា​បាវ​បំរើ​របស់​ទ្រង់ ឬ​អ្នក​ណា​មួយ​ក្នុង​ពួក​គ្រួ​ឪពុក​ទូលបង្គំ​ដូច្នេះ​ឡើយ ដ្បិត​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ មិន​បាន​ដឹង​អ្វី​ពី​រឿង​ទាំង​នេះ ទោះ​ច្រើន ឬ​តិច​នោះ​ទេ 16តែ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា អ័ហ៊ី‌ម៉ា‌លេក​ឯង​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ គឺ​ឯងហើយ នឹង​ពួក​គ្រួ​ឪពុក​ឯង​ទាំង​អស់​គ្នា​ផង 17រួច​ស្តេច​ក៏​បង្គាប់​ដល់​ពួក​ដំរួត​ដែល​ឈរ​នៅ​ជុំវិញ​ថា ចូរ​ឯង​រាល់​គ្នា​សំឡាប់​ពួក​សង្ឃ​របស់​ព្រះ‌យេហូវ៉ា​ចោល​ទៅ ពី​ព្រោះ​គេ​បាន​ចូល​ដៃ​នឹង​ដាវីឌ​ហើយ គេ​បាន​ដឹង​ថា​វា​រត់ តែ​មិន​បាន​ប្រាប់​ដល់​អញ​សោះ តែ​ពួក​ដំរួត​របស់​ស្តេច គេ​មិន​ព្រម​លើក​ដៃ​ទៅ​សំឡាប់​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ 18នោះ​ស្តេច​ទ្រង់​បង្គាប់​ដល់​ដូអេក​ថា ចូរ​ឯង​ទៅ​សំឡាប់​ពួក​សង្ឃ​ទៅ ដូច្នេះ ដូអេក ជា​សាសន៍​អេដំម ក៏​ស្ទុះ​ទៅ​លើ​ពួក​សង្ឃ​សំឡាប់​ស្លាប់​អស់​៨៥​នាក់​នៅ​ថ្ងៃ​នោះ សុទ្ធ​តែ​ជា​អ្នក​ពាក់​អេផូឌ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស 19ឯ​ក្រុង​ណូប​ជា​ទី​ក្រុង​របស់​ពួក​សង្ឃ​នោះ វា​ក៏​ប្រហារ​ដោយ​មុខ​ដាវ​ដែរ គឺ​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង នឹង​កូន​ដែល​នៅ​បៅ ទាំង​គោ ទាំង​លា ហើយ​នឹង​ចៀម​ផង។
20តែ​មាន​ម្នាក់​ឈ្មោះ​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក​ដែល​ជា​កូន​អ័ហ៊ី‌ទូប បាន​រត់​រួច​ទៅ​ដល់​ដាវីឌ 21ជំរាប​ពី​ដំណើរ ដែល​សូល​បាន​សំឡាប់​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​អស់​ហើយ 22នោះ​ដាវីឌ​មាន​ប្រសាសន៍​ទៅ​អ័បៀ‌ថើរ​ថា នៅ​ថ្ងៃ​នោះ កាល​ខ្ញុំ​ឃើញ​ដូអេក ជា​សាសន៍​អេដំម នៅ​ទី​នោះ ខ្ញុំ​បាន​ដឹង​ថា វា​នឹង​ទូល​ពិត​ដល់​សូល​ជា​មិន​ខាន ដំណើរ​នេះខ្ញុំ​បាន​នាំ​ឲ្យ​ពួក​គ្រួ​ឪពុក​អ្នក ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ហើយ 23ដូច្នេះ ចូរ​អ្នក​នៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ កុំ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អ្នក​ដែល​ស្វែង​រក​ជីវិត​ខ្ញុំ ក៏​រក​ជីវិត​អ្នក​ដែរ តែ​នៅ​ជា​មួយ​នឹង​ខ្ញុំ​នេះ អ្នក​នឹង​បាន​សេចក្ដី​សុខ​វិញ។

ទើបបានជ្រើសរើសហើយ៖

១ សាំយូ‌អែល 22: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល