សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ ហើយឲ្យយើងបានមរដក ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ ជាមរដក ដែលបំរុងទុកឲ្យយើងរាល់គ្នានៅស្ថានសួគ៌ គឺឲ្យយើងរាល់គ្នា ដែលព្រះចេស្តានៃព្រះកំពុងតែថែរក្សា ដោយសារសេចក្ដីជំនឿ សំរាប់ឲ្យបានសេចក្ដីសង្គ្រោះ ដែលប្រុងប្រៀបនឹងសំដែងមកនៅជាន់ក្រោយបង្អស់នោះ អ្នករាល់គ្នាក៏មានសេចក្ដីអំណរជាខ្លាំង ក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ ដើម្បីឲ្យការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសំរាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ នឹងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្ដីសង្គ្រោះដល់ព្រលឹង ឯពួកហោរា ជាអ្នកបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា គេបានស៊ើបសួរ ហើយខំរកឲ្យដឹងពីសេចក្ដីសង្គ្រោះនោះ ទាំងស្វែងរកឲ្យដឹងពេលវេលាណា ឬគ្រាយ៉ាងណា ដែលព្រះវិញ្ញាណនៃព្រះគ្រីស្ទដ៏សណ្ឋិតក្នុងគេ ទ្រង់ចង្អុលបង្ហាញ ក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយពីសិរីល្អទាំងប៉ុន្មាន ដែលត្រូវមកតាមក្រោយ តែទ្រង់បានសំដែងឲ្យគេដឹងថា សេចក្ដីទាំងនោះមិនមែនសំរាប់គេទេ គឺសំរាប់យើងរាល់គ្នាវិញ គឺជាសេចក្ដីទាំងប៉ុន្មាន ដែលឥឡូវនេះ ពួកអ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលសេចក្ដីទាំងនោះដែរ។
អាន ១ ពេត្រុស 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពេត្រុស 1:3-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ