១ ពេត្រុស 1:3-12

១ ពេត្រុស 1:3-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​សរសើរ​តម្កើង​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​រាល់​គ្នា ដែល​ព្រះ‌អង្គ​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដ៏​ធំ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​មាន​សង្ឃឹម​ដ៏​រស់ តាម​រយៈ​ការ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ហើយ​ឲ្យ​បាន​មត៌ក ដែល​មិន​ចេះ​ពុក​រលួយ ឥត​សៅ‌ហ្មង ក៏​មិន​ចេះ​ស្រពោន ជា​មត៌ក​ដែល​បម្រុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌។ អ្នក​រាល់​គ្នា​មាន​ព្រះ‌ចេស្តា​របស់​ព្រះ​កំពុង​ថែ​រក្សា តាម​រយៈ​ជំនឿ ដើម្បី​ទទួល​ការ​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សម្តែង​មក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ ដោយ​សារ​សេចក្តី​នេះ អ្នក​រាល់​គ្នា​មាន​អំណរ​យ៉ាង​ខ្លាំង ទោះ​បើ​សព្វ​ថៃ្ង​នេះ​ត្រូវ​រង​ទុក្ខ​លំបាក​ផ្សេងៗ​ជា​យូរ​បន្តិច​ក៏​ដោយ ដើម្បី​ឲ្យ​ជំនឿ​ដ៏​ពិត​ឥត​ក្លែង​របស់​អ្នក​រាល់​គ្នា កាន់​តែ​មាន​តម្លៃ​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ ហើយ​អាច​ទទួល​បាន​ការ​សរសើរ សិរី​ល្អ និង​កេរ្តិ៍‌ឈ្មោះ នៅ​ពេល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​លេច​មក។ ទោះ​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ព្រះ‌អង្គ តែ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អង្គ ហើយ​សូម្បី​តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ព្រះ‌អង្គ ក៏​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌អង្គ ហើយ​ត្រេក​អរ​ដោយ​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន ដ្បិត​អ្នក​រាល់​គ្នា​កំពុង​ទទួល​ផល​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា គឺ​ការ​សង្គ្រោះ​ដល់​ព្រលឹង។ ពួក​ហោរា​ដែល​បាន​ទាយ​ពី​ព្រះ‌គុណ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា បាន​ស្រាវ​ជ្រាវ​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ខំ​រក​ឲ្យ​ដឹង​ពី​ការ​សង្គ្រោះ​នេះ ទាំង​ស្វែង​រក​ឲ្យ​ដឹង​ពី​អ្នក​ណា ឬ​ពេល​វេលា​ណា ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ​សណ្ឋិត​ក្នុង​គេ ទ្រង់​ធ្វើ​បន្ទាល់​ជា​មុន អំពី​ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក និង​ពី​សិរីល្អ​ដែល​ត្រូវ​មក​តាម​ក្រោយ។ ព្រះ​បាន​សម្តែង​ឲ្យ​គេ​ដឹង​ថា ការ​ទាំង​នោះ​មិន​មែន​សម្រាប់​គេ​ទេ គឺ​សម្រាប់​អ្នក​រាល់​គ្នា ជា​អ្វី​ដែល​ឥឡូវ​នេះ អស់​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ‌អង្គ​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​ការ​ទាំង​នោះ​ដែរ។

ចែក​រំលែក
អាន ១ ពេត្រុស 1

១ ពេត្រុស 1:3-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​សរសើរ​តម្កើង​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​យើង​ឲ្យ​កើត​ជា​ថ្មី ដោយ​ប្រោស​ព្រះ‌យេស៊ូ‌គ្រិស្ត*​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ស្រប​តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លុប​របស់​ព្រះអង្គ ដូច្នេះ យើង​មាន​សេចក្ដី​សង្ឃឹម​ដែល​មិន​ចេះ​សាប​សូន្យ ហើយ​យើង​នឹង​ទទួល​មត៌ក ដែល​មិន​ចេះ​រលួយ មិន​ចេះ​សៅ‌ហ្មង មិន​ចេះ​ស្រពោន។ ព្រះ‌ជា‌ម្ចាស់​បម្រុង​ទុក​មត៌ក​នេះ​ឲ្យ​បងប្អូន​នៅ​ស្ថាន​បរម‌សុខ* ហើយ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ថែ‌រក្សា​បងប្អូន ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​បងប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ព្រះអង្គ​បាន​រៀបចំ​ទុក​ជា​ស្រេច ហើយ​ដែល​ព្រះអង្គ​នឹង​សម្តែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។ ហេតុ​នេះ​ហើយ​បាន​ជា​បងប្អូន​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ទោះ​បី​ពេល​នេះ បងប្អូន​ព្រួយ​ចិត្ត​ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ក្នុង​មួយ​រយៈ​ពេល​ខ្លី​ក៏​ដោយ។ ទុក្ខ​លំបាក​ទាំង​នេះ​នឹង​លត់‌ដំ ​ជំនឿ​របស់​បងប្អូន ឲ្យ​មាន​តម្លៃ​លើស​មាស ដែល​តែងតែ​រលាយ​សូន្យ​នោះ​ទៅ​ទៀត គឺ​មាស​ដែល​សម្រាំង​ក្នុង​ភ្លើង។ នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ​គ្រិស្ត​សម្តែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ឃើញ ជំនឿ​របស់​បងប្អូន​នឹង​ទទួល​ការ​សរសើរ ទទួល​សិរី‌រុងរឿង និង​កិត្តិយស​ជា​មិន​ខាន។ បងប្អូន​មិន​ដែល​បាន​ឃើញ​ព្រះអង្គ​ទេ តែ​បងប្អូន​ស្រឡាញ់​ព្រះអង្គ ទោះ​បី​បងប្អូន​នៅ​តែ​ពុំ​ទាន់​ឃើញ​ព្រះអង្គ​ក្ដី ក៏​បងប្អូន​ជឿ​លើ​ព្រះអង្គ ហើយ​មាន​អំណរ​សប្បាយ​ដ៏​រុងរឿង​រក​ថ្លែង​ពុំ​បាន ព្រោះ​បងប្អូន​បាន​ទទួល​ការ​សង្គ្រោះ​សម្រាប់​ព្រលឹង​ខ្លួន ដែល​ជា​ទី‌ដៅ​នៃ​ជំនឿ​របស់​បងប្អូន។ ព្យាការី*​ដែល​ថ្លែង​ព្រះ‌បន្ទូល*​អំពី​ព្រះ‌គុណ ដែល​បម្រុង​សម្រាប់​បងប្អូន បាន​នាំ​គ្នា​ស្រាវ‌ជ្រាវ និង​រិះ​រក​ចង់​ដឹង​អំពី​ការ​សង្គ្រោះ​នេះ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ត​ដែល​គង់​នៅ​ក្នុង​ព្យាការី​ទាំង​នោះ បាន​បញ្ជាក់​ប្រាប់​ជា​មុន​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ត និង​អំពី​សិរី‌រុងរឿង​ដែល​ព្រះអង្គ​នឹង​ទទួល​តាម​ក្រោយ។ ពួក​លោក​ក៏​បាន​រិះគិត​ចង់​ដឹង​ថា តើ​ព្រឹត្តិ‌ការណ៍​នេះ​នឹង​កើត​មាន​នៅ​ជំនាន់​ណា ក្នុង​កាលៈ‌ទេសៈ​ណា។ ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​ឲ្យ​ព្យាការី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​លោក​ថ្លែង​មិន​មែន​សម្រាប់​ពួក​លោក​ទេ គឺ​សម្រាប់​បងប្អូន​វិញ។ ឥឡូវ​នេះ ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​បាន​នាំ​ដំណឹង​មក​ប្រាប់​បងប្អូន​អំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​ពី​ស្ថាន​បរម‌សុខ​មក។ សូម្បី​តែ​ពួក​ទេវតា*​ក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។

ចែក​រំលែក
អាន ១ ពេត្រុស 1

១ ពេត្រុស 1:3-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ឲ្យ​យើង​បាន​មរដក ដែល​មិន​ចេះ​ពុក‌រលួយ ក៏​ឥត​សៅ‌ហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ ជា​មរដក ដែល​បំរុង​ទុក​ឲ្យ​យើង​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌ គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ‌ចេស្តា​នៃ​ព្រះ​កំពុង​តែ​ថែ​រក្សា ដោយ‌សារ​សេចក្ដី​ជំនឿ សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ អ្នក​រាល់​គ្នា​ក៏​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ក្នុង​សេចក្ដី​សង្គ្រោះ​នោះ ទោះ​បើ​សព្វ​ថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្ដី​ល្បួង​ផ្សេងៗ​ក៏​ដោយ ដើម្បី​ឲ្យ​ការ​សាកល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា ដ៏​វិសេស​ជាង​មាស​ដែល​តែង‌តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ នោះ​បាន​ឃើញ​សំរាប់​ជា​សេចក្ដី​សរសើរ កេរ្តិ៍‌ឈ្មោះ នឹង​សិរី‌ល្អ ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក ដែល​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេក‌អរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន ដោយ​បាន​ទទួល​ចុង​បំផុត​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង ឯ​ពួក​ហោរា ជា​អ្នក​បាន​ទាយ​ពី​ព្រះ‌គុណ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា គេ​បាន​ស៊ើប​សួរ ហើយ​ខំ​រក​ឲ្យ​ដឹង​ពី​សេចក្ដី​សង្គ្រោះ​នោះ ទាំង​ស្វែង​រក​ឲ្យ​ដឹង​ពេល​វេលា​ណា ឬ​គ្រា​យ៉ាង​ណា ដែល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គ្រីស្ទ​ដ៏​សណ្ឋិត​ក្នុង​គេ ទ្រង់​ចង្អុល​បង្ហាញ ក្នុង​កាល​ដែល​ទ្រង់​ធ្វើ​បន្ទាល់​ជា​មុន អំពី​ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ពី​សិរី‌ល្អ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​មក​តាម​ក្រោយ តែ​ទ្រង់​បាន​សំដែង​ឲ្យ​គេ​ដឹង​ថា សេចក្ដី​ទាំង​នោះ​មិន​មែន​សំរាប់​គេ​ទេ គឺ​សំរាប់​យើង​រាល់​គ្នា​វិញ គឺ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឥឡូវ​នេះ ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​សេចក្ដី​ទាំង​នោះ​ដែរ។

ចែក​រំលែក
អាន ១ ពេត្រុស 1

១ ពេត្រុស 1:3-12

១ ពេត្រុស 1:3-12 គខប១ ពេត្រុស 1:3-12 គខប១ ពេត្រុស 1:3-12 គខប១ ពេត្រុស 1:3-12 គខប១ ពេត្រុស 1:3-12 គខប១ ពេត្រុស 1:3-12 គខប១ ពេត្រុស 1:3-12 គខប១ ពេត្រុស 1:3-12 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ