១ កូរិន‌ថូស 7

7
1ឯ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​សួរ​ខ្ញុំ នោះ​ខ្ញុំ​យល់​ឃើញ​ថា បើ​មនុស្ស​ប្រុស​មិន​ដែល​ប៉ះ​ពាល់​នឹង​ស្រី​សោះ នោះ​ល្អ​ជា​ជាង 2តែ ដោយ​ព្រោះ​មាន​ការ​សហាយ‌ស្មន់​កើត​ឡើង បាន​ជា​គួរ​ឲ្យ​គ្រប់​គ្នា​មាន​ប្រពន្ធ​ជា​របស់​ផង​ខ្លួន​វិញ ហើយ​គ្រប់​ទាំង​ស្រី​ក៏​ត្រូវ​មាន​ប្ដី​ជា​របស់​ផង​ខ្លួន​ដែរ 3ត្រូវ​ឲ្យ​ប្ដី​ប្រព្រឹត្ត​នឹង​ប្រពន្ធ​ដោយ​ចិត្ត​សប្បុរស ហើយ​ត្រូវ​ឲ្យ​ប្រពន្ធ​ប្រព្រឹត្ត​នឹង​ប្ដី​ក៏​ដូច្នោះ​ដែរ 4ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​ខ្លួន​ឯង​ទេ គឺ​ជា​ប្ដី​វិញ ហើយ​ប្ដី​ក៏​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​ខ្លួន​ឯង​ដែរ គឺ​ជា​ប្រពន្ធ​វិញ 5ដូច្នេះ កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ លើក​តែ​ស្រុះ​ចិត្ត​គ្នា​ក្នុង​១​ពេល ដើម្បី​ឲ្យ​បាន​ជា​ទំនេរ​នឹង​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជា​មួយ​គ្នា​វិញ ក្រែង​អារក្ស​សាតាំង​ល្បួង​លួង​អ្នក​រាល់​គ្នា ដោយ​មិន​ចេះ​អត់​ទ្រាំ 6ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្ដី​នេះ​ដោយ​អធ្យា‌ស្រ័យ​ទេ មិន​មែន​ដោយ​បង្គាប់​ឡើយ 7ខ្ញុំ​ចូល​ចិត្ត​ឲ្យ​គ្រប់​មនុស្ស​ទាំង​អស់​បាន​ដូច​ជា​ខ្ញុំ តែ​គ្រប់​គ្នា​មាន​អំណោយ​ទាន​មក​ពី​ព្រះ​ផ្សេង​គ្នា​រៀង​ខ្លួន គឺ​ម្នាក់​យ៉ាង​នេះ ម្នាក់​យ៉ាង​នោះ 8ខ្ញុំ​ក៏​និយាយ​ចំពោះ​នឹង​ពួក​ក្រមុំ​កំឡោះ ហើយ​នឹង​ពួក​មេម៉ាយ​ថា បើ​គេ​នៅ​ដូច​ជា​ខ្ញុំ នោះ​ល្អ​ហើយ 9ប៉ុន្តែ បើ​អ្នក​ទាំង​នោះ​អត់​ទ្រាំ​មិន​បាន នោះ​ចូរ​យក​ប្ដី​ប្រពន្ធ​ចុះ ដ្បិត​ដែល​យក​ប្ដី​ប្រពន្ធ នោះ​ជា​ជាង​ទ្រាំ​ឲ្យ​មាន​សេចក្ដី​រោល‌រាល​វិញ 10ឯ​ខាង​អ្នក​ដែល​មាន​ប្ដី​ប្រពន្ធ​ហើយ នោះ​ខ្ញុំ​នឹង​បង្គាប់​ដែរ តែ​មិន​គឺ​ខ្ញុំ គឺ​ជា​ព្រះ‌អម្ចាស់​វិញ ទ្រង់​បង្គាប់​ថា កុំ​ឲ្យ​ប្រពន្ធ​លែង​ប្ដី​ឡើយ 11ឬ​បើ​បាន​លែង​ប្ដី​ហើយ នោះ​ចូរ​នៅ​ជា​ឥត​ប្ដី​ទៅ​ចុះ ឬ​ឲ្យ​ជា​នឹង​ប្ដី​ខ្លួន​វិញ​ទៅ ហើយ​ឯ​ប្ដី ក៏​កុំ​ឲ្យ​លែង​ប្រពន្ធ​ខ្លួន​ដែរ។
12ឯ​មនុស្ស​ឯ​ទៀត មិន​មែន​ព្រះ‌អម្ចាស់​មាន​បន្ទូល​ទេ គឺ​ខ្លួន​ខ្ញុំ​និយាយ​ថា បើ​បង​ប្អូន​ណា​មាន​ប្រពន្ធ​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​ខ្លួន នោះ​មិន​ត្រូវ​លះ​ចោល​នាង​ឡើយ 13ហើយ​ស្ត្រី​ណា​មាន​ប្ដី​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​នាង នោះ​ក៏​មិន​ត្រូវ​ឲ្យ​នាង​លះ​ចោល​គេ​ដែរ 14ដ្បិត​ប្ដី​ដែល​មិន​ជឿ នោះ​បាន​រាប់​ជា​ស្អាត​ដោយ‌សារ​ប្រពន្ធ ហើយ​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ដោយ‌សារ​ប្ដី​ដែរ ពុំ​នោះ កូន​ចៅ​គេ​មិន​ស្អាត​ទេ តែ​ឥឡូវ​នេះ វា​ស្អាត​ហើយ 15តែ​បើ​អ្នក​ដែល​មិន​ជឿ គេ​ដក​ខ្លួន​ចេញ នោះ​ឲ្យ​គេ​ចេញ​ចុះ យ៉ាង​នោះ បង​ប្អូន​ប្រុស​ឬ​ស្រី នឹង​មិន​នៅ​ជាប់​ចំណង​ទៀត​ទេ ប៉ុន្តែ ព្រះ‌ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា​ឲ្យ​មាន​សេចក្ដី​មេត្រី​នឹង​គ្នា​វិញ 16ដ្បិត​ឱ​ស្ត្រី​អើយ ប្រហែល​ជា​នាង​នឹង​សង្គ្រោះ​ប្ដី​បាន​ទេ​ដឹង ឬ​បុរស​អើយ ប្រហែល​ជា​អ្នក​នឹង​សង្គ្រោះ​ប្រពន្ធ​បាន​ដែរ​ទេ​ដឹង 17តែ​ត្រូវ​ឲ្យ​គ្រប់​គ្នា​ដើរ​តាម​ដែល​ព្រះ‌អម្ចាស់​បាន​ចែក​ឲ្យ ហើយ​តាម​ដែល​ព្រះ​បាន​ហៅ​មក​រៀង​ខ្លួន ខ្ញុំ​ក៏​តាំង​របៀប​យ៉ាង​ដូច្នេះ ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ​ដែរ 18បើ​ទ្រង់​បាន​ហៅ​អ្នក​ណា​ដែល​កាត់​ស្បែក​ហើយ កុំ​ឲ្យ​អ្នក​នោះ​ត្រឡប់​ដូច​ជា​មិន​កាត់​ស្បែក​វិញ​ឡើយ បើ​ទ្រង់​ហៅ​អ្នក​ណា​ដែល​មិន​បាន​កាត់​ស្បែក កុំ​ឲ្យ​អ្នក​នោះ​កាត់​ស្បែក​ឲ្យ​សោះ 19ព្រោះ​ការ​កាត់​ស្បែក​មិន​ជា​អ្វី​ទេ ឬ​ដែល​មិន​កាត់​ស្បែក នោះ​ក៏​មិន​ជា​អ្វី​ដែរ តែ​ដែល​មាន​ប្រយោជន៍ នោះ​គឺ​ស្រេច​នឹង​កាន់​តាម​បញ្ញត្ត​របស់​ព្រះ​វិញ 20បើ​មនុស្ស​មាន​សណ្ឋាន​ជា​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ហៅ នោះ​ឲ្យ​ប្រព្រឹត្ត​តាម​សណ្ឋាន​នោះ​ចុះ 21កាល​ទ្រង់​ហៅ​អ្នក​មក តើ​អ្នក​ជា​បាវ​បំរើ​គេ​ឬ​អី កុំ​ឲ្យ​ព្រួយ​ពី​សេចក្ដី​នោះ​ឡើយ តែ​បើ​អាច​នឹង​ដោះ​ខ្លួន​រួច នោះ​ស៊ូ​ដោះ​ខ្លួន​ចេញ​ទៅ 22ដ្បិត​អ្នក​ណា​ដែល​ធ្វើ​ជា​បាវ​បំរើ​គេ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​ហៅ​មក នោះ​ជា​អ្នក​ជា​របស់​ព្រះ‌អម្ចាស់ ហើយ​អ្នក​ជា​ណា​ដែល​ទ្រង់​ហៅ​មក នោះ​ជា​បាវ​បំរើ​នៃ​ព្រះ‌គ្រីស្ទ​វិញ 23ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ កុំ​ឲ្យ​ត្រឡប់​ជា​បាវ​បំរើ​របស់​មនុស្ស​ទៀត​ឡើយ 24បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ហៅ​មក នោះ​ឲ្យ​ប្រព្រឹត្ត​តាម​សណ្ឋាន​នោះ នៅ​ចំពោះ​ទ្រង់​ចុះ។
25ឯ​ត្រង់​ពួក​ស្រី​ក្រមុំៗ ខ្ញុំ​គ្មាន​ទទួល​សេចក្ដី​បង្គាប់​ពី​ព្រះ‌អម្ចាស់​មក​ទេ តែ​ខ្ញុំ​សំដែង​ដោយ​គំនិត​ខ្ញុំ ទុក​ដូច​ជា​បាន​ទទួល​សេចក្ដី​មេត្តា‌ករុណា​មក​ពី​ព្រះ‌អម្ចាស់ ឲ្យ​បាន​គួរ​ជឿ​ដែរ 26ដូច្នេះ ដោយ​ព្រោះ​គ្រា​លំបាក​នេះ ខ្ញុំ​ស្មាន​ជា​យ៉ាង​នេះ​បាន​ស្រួល គឺ​ថា​គួរ​ឲ្យ​មនុស្ស​នៅ​តែ​ដដែល​វិញ 27តើ​ជាប់​មាន​ប្រពន្ធ​ឬ​អី កុំ​ឲ្យ​រក​ផ្លូវ​នឹង​លែង​គ្នា​ឡើយ បើ​មិន​ទាន់​ជាប់​មាន​ប្រពន្ធ​នៅ​ឡើយ នោះ​ក៏​កុំ​ឲ្យ​រក​ប្រពន្ធ​ដែរ 28ប៉ុន្តែ បើ​អ្នក​បាន​យក​ប្រពន្ធ​ហើយ នោះ​មិន​មែន​ហៅ​ថា​មាន​បាប​ទេ ហើយ​បើ​ស្ត្រី​ក្រមុំ​ណា​យក​ប្ដី​ហើយ នាង​នោះ​ក៏​មិន​មែន​ហៅ​ថា​មាន​បាប​ដែរ តែ​ពួក​អ្នក​យ៉ាង​នោះ​នឹង​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម ណ្ហើយ ខ្ញុំ​ឈប់​ស្លេះ​ប៉ុណ្ណេះ​ចុះ ដោយ​ព្រោះ​អាណិត​ដល់​អ្នក​រាល់​គ្នា។
29បង​ប្អូន​អើយ ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ថា ពេល​វេលា​ចង្អៀត​ណាស់​ហើយ ពី​នេះ​ទៅ​មុខ គួរ​តែ​ឲ្យ​ពួក​អ្នក​ដែល​មាន​ប្រពន្ធ បាន​នៅ​ដូច​ជា​គ្មាន​វិញ 30ពួក​ដែល​យំ ដូច​ជា​មិន​យំ ពួក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ ពួក​ដែល​ទិញ ដូច​ជា​គ្មាន​អ្វី​សោះ 31ហើយ​ពួក​អ្នក​ដែល​ប្រើ​ប្រាស់​លោកីយ​នេះ ដូច​ជា​មិន​ប្រើ​ហួស​ខ្នាត​ទេ ដ្បិត​គំរូ​នៃ​លោកីយ​នេះ​តែង‌តែ​ផ្លាស់​ទៅ 32ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ពី​សេចក្ដី​កង្វល់ ឯ​អ្នក​ដែល​គ្មាន​ប្រពន្ធ នោះ​តែង​រវល់​តែ​នឹង​ការ​របស់​ព្រះ‌អម្ចាស់ ដែល​នឹង​ធ្វើ​ដូច​ម្តេច​ឲ្យ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ប៉ុណ្ណោះ 33តែ​អ្នក​ណា​ដែល​មាន​ប្រពន្ធ នោះ​តែង​រវល់​នឹង​ការ​នៅ​លោកីយ​នេះ​វិញ ដែល​នឹង​ធ្វើ​ដូច​ម្តេច ឲ្យ​ប្រពន្ធ​បាន​ពេញ​ចិត្ត 34ស្ត្រី​មាន​ប្ដី នឹង​ស្ត្រី​ក្រមុំ​ក៏​ខុស​ពី​គ្នា​យ៉ាង​នោះ​ដែរ គឺ​ស្ត្រី​ដែល​គ្មាន​ប្ដី នោះ​តែង​រវល់​នឹង​ការ​របស់​ព្រះ‌អម្ចាស់ ឲ្យ​បាន​បរិសុទ្ធ​ទាំង​ខ្លួន​ប្រាណ នឹង​ព្រលឹង​វិញ្ញាណ​ផង តែ​ស្ត្រី​ណា​ដែល​មាន​ប្ដី នោះ​តែង​រវល់​នឹង​ការ​នៅ​លោកីយ​នេះ​វិញ ដែល​នឹង​ធ្វើ​ដូច​ម្តេច​ឲ្យ​ប្ដី​បាន​ពេញ​ចិត្ត 35ដែល​ខ្ញុំ​និយាយ​សេចក្ដី​នេះ នោះ​សំរាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​ជា​ការ​ដាក់​អន្ទាក់​រូត​នៅ​មុខ​អ្នក​រាល់​គ្នា​ទេ គឺ​សំរាប់​ការ​ដែល​គួរ​គប្បី ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឧស្សាហ៍​បំរើ​ព្រះ‌អម្ចាស់ ឥត​មាន​សេចក្ដី​ណា​នាំ​ឲ្យ​ទាស់​ចិត្ត​ឡើយ 36បើ​មាន​អ្នក​ណា​ស្មាន​ថា មិន​គួរ​គប្បី​ចំពោះ​កូន​ក្រមុំ ដែល​ហួស​អាយុ​គ្រប់​ការ​ហើយ ក៏​មាន​សេចក្ដី​បង្ខំ​ក្នុង​ការ​នោះ​ដែរ នោះ​ឲ្យ​ឪពុក​ធ្វើ​តាម​ចិត្ត​ទៅ គឺ​ឲ្យ​កូន​យក​ប្ដី​ចុះ គ្មាន​បាប​ទេ 37តែ​ឪពុក​អ្នក​ណា​ដែល​មាន​ចិត្ត​ដាច់​ឥត​មាន​សេចក្ដី​បង្ខំ​ទេ គឺ​មាន​អំណាច​នឹង​សំរេច​ដោយ​ខ្លួន​ឯង​បាន ហើយ​បាន​តាំង​ចិត្ត​ថា នឹង​ទុក​កូន​ឲ្យ​នៅ​ជា​ក្រមុំ​ដរាប​ទៅ នោះ​ក៏​ស្រួល​ហើយ 38បាន​ជា​អ្នក​ដែល​ឲ្យ​កូន​ទៅ​គេ ក៏​បាន​ប្រព្រឹត្ត​ល្អ ហើយ​អ្នក​ដែល​មិន​ឲ្យ​កូន​ទៅ​គេ នោះ​ក៏​ប្រព្រឹត្ត​ល្អ​ជាង​ទៅ​ទៀត 39កាល​ប្ដី​នៅ​រស់​នៅ​ឡើយ នោះ​ប្រពន្ធ​ត្រូវ​តែ​ជាប់​នៅ​ក្នុង​ចំណង​របស់​ប្ដី​ជា​ដរាប តែ​បើ​កាល​ណា​ប្ដី​ស្លាប់​ទៅ នោះ​នាង​មាន​ច្បាប់​នឹង​យក​ប្ដី​បាន​តាម​ចិត្ត ឲ្យ​តែ​យក​ក្នុង​ព្រះ‌អម្ចាស់ 40ប៉ុន្តែ តាម​គំនិត​ខ្ញុំ​យល់​ថា បើ​នាង​នោះ​នៅ​តែ​មេម៉ាយ​ត​ទៅ នោះ​នាង​បាន​សប្បាយ​ជាង ហើយ​ខ្ញុំ​ស្មាន​ថា ខ្ញុំ​មាន​វិញ្ញាណ​នៃ​ព្រះ​ដែរ។

ទើបបានជ្រើសរើសហើយ៖

១ កូរិន‌ថូស 7: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល