១ កូរិន‌ថូស 6

6
1ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​រឿង​ទាស់​នឹង​អ្នក​ឯ​ទៀត តើ​ហ៊ាន​ប្តឹង​ដល់​ពួក​មនុស្ស​ទុច្ចរិត មិន​ប្តឹង​ដល់​ពួក​បរិសុទ្ធ​វិញ​ទេ​ឬ​អី 2តើ​មិន​ដឹង​ថា ពួក​បរិសុទ្ធ​នឹង​ជំនុំ‌ជំរះ​លោកីយ​ដែរ​ទេ​ឬ ដូច្នេះ បើ​អ្នក​រាល់​គ្នា​នឹង​ជំនុំ‌ជំរះ​លោកីយ​បាន នោះ​តើ​មិន​គួរ​នឹង​ជំនុំ‌ជំរះ​ការណ៍​តូច​បំផុត​នេះ​បាន​ដែរ​ទេ​ឬ​អី 3តើ​មិន​ដឹង​ថា យើង​រាល់​គ្នា​នឹង​ជំនុំ‌ជំរះ ដល់​ទាំង​ពួក​ទេវតា​ផង​ទេ​ឬ​អី ដូច្នេះ ចំណង់​បើ​ការណ៍​នៅ​ជីវិត​នេះ តើ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត 4ចុះ​បើ​អ្នក​រាល់​គ្នា​មាន​រឿង​អ្វី​ពី​ជីវិត​នេះ នោះ​តើ​នឹង​យក​មនុស្ស ដែល​ពួក​ជំនុំ​រាប់​អាន​តិច​ជាង​គេ ឲ្យ​បាន​ជំនុំ‌ជំរះ​រឿង​នោះ​ឬ​អី 5ដែល​ខ្ញុំ​និយាយ​ដូច្នេះ​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ខ្មាស​វិញ តើ​គ្មាន​អ្នក​មាន​ប្រាជ្ញា​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា សូម្បី​តែ​មួយ ដែល​អាច​នឹង​ជំនុំ‌ជំរះ​រឿង ដែល​ពួក​បង​ប្អូន​ប្តឹង‌ប្តល់​គ្នា​ទេ​ឬ​អី 6បាន​ជា​ពួក​បង​ប្អូន​កើត​ក្តី​នឹង​គ្នា ហើយ​នៅ​មុខ​ពួក​អ្នក​ដែល​មិន​ជឿ​ផង​ដូច្នេះ 7យ៉ាង​នោះ មាន​ពេញ​ជា​ការ​កំហុស ក្នុង​ពួក​អ្នក​រាល់​គ្នា​ហើយ គឺ​ដែល​គ្រាន់​តែ​កើត​ក្តី​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឯង ហេតុ​អ្វី​បាន​ជា​មិន​ស៊ូ​ទ្រាំ​ក្នុង​ការ​អាក្រក់​នោះ ហើយ​មិន​ស៊ូ​ទ្រាំ​ឲ្យ​គេ​បំបាត់​អ្នក​វិញ 8តែ​អ្នក​រាល់​គ្នា​ធ្វើ​បាប ហើយ​បំបាត់​គេ ទាំង​ប្រព្រឹត្ត​ដូច្នោះ​នឹង​ពួក​បង​ប្អូន​ផង 9តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ពួក​សហាយ‌ស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង 10ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះ‌តិះដៀល នឹង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ 11ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ នឹង​ព្រះ‌វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។
12ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន ប៉ុន្តែ​មិន​មែន​ការ​ទាំង​នោះ​មាន​ប្រយោជន៍​ទាំង​អស់​ទេ ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន​មែន ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​ក្នុង​អំណាច​នៃ​ការ​ណា​មួយ​នោះ​សោះ 13ឯ​ចំណី​អាហារ នោះ​សំរាប់​ក្រពះ ហើយ​ក្រពះ​ក៏​សំរាប់​ចំណី​អាហារ​ដែរ តែ​ព្រះ‌ទ្រង់​នឹង​ឲ្យ​ទាំង​២​យ៉ាង​សាប‌សូន្យ​ទៅ ឯ​រូប‌កាយ មិន​មែន​សំរាប់​ការ​កំផិត​ទេ គឺ​សំរាប់​តែ​ព្រះ‌អម្ចាស់​វិញ ហើយ​ព្រះ‌អម្ចាស់​ក៏​សំរាប់​រូប‌កាយ​ដែរ 14ព្រះ‌ទ្រង់​បាន​ទាំង​ប្រោស​ឲ្យ​ព្រះ‌អម្ចាស់​រស់​ឡើង​វិញ ហើយ​នឹង​ប្រោស​ឲ្យ​យើង​រាល់​គ្នា​រស់​ឡើង​ដែរ ដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ទ្រង់ 15តែ​មិន​ដឹង​ថា រូប‌កាយ​អ្នក​រាល់​គ្នា ជា​អវយវៈ​របស់​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី ដូច្នេះ តើ​ខ្ញុំ​នឹង​យក​អវយវៈ​របស់​ព្រះ‌គ្រីស្ទ ឲ្យ​ទៅ​ធ្វើ​ជា​អវយវៈ​របស់​ស្រី​សំផឹង​វិញ​ឬ ទេ មិន​ត្រូវ​ឡើយ 16ចុះ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា អ្នក​ណា​ដែល​ទៅ​សេព‌សម្ភព​នឹង​ស្រី​សំផឹង នោះ​ជា​រូប​សាច់​តែ​១​ផង​គ្នា ដ្បិត​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា «អ្នក​ទាំង​២​នឹង​ទៅ​ជា​សាច់​តែ​១» 17ឯ​អ្នក​ដែល​នៅ​ជាប់​នឹង​ព្រះ‌អម្ចាស់ នោះ​ក៏​ជា​វិញ្ញាណ​តែ​១​នឹង​ទ្រង់​ដែរ 18ចូរ​រត់​ពី​ការ​សហាយ‌ស្មន់​ចេញ គ្រប់​ទាំង​អំពើ​បាប​ណា​ដែល​មនុស្ស​ប្រព្រឹត្ត នោះ​នៅ​ខាង​ក្រៅ​រូប‌កាយ​ទេ តែ​អ្នក​ណា​ដែល​សហាយ‌ស្មន់​គ្នា នោះ​ឈ្មោះ​ថា​ធ្វើ​បាប​ដល់​រូប‌កាយ​ខ្លួន​ឯង​ផង 19តើ​មិន​ដឹង​ទេ​ឬ​អី​ថា រូប‌កាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ 20ដ្បិត​ព្រះ‌ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​ដំកើង​ព្រះ​នៅ​ក្នុង​រូប‌កាយ ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​របស់​ផង​ទ្រង់​ចុះ។

ទើបបានជ្រើសរើសហើយ៖

១ កូរិន‌ថូស 6: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល