១ កូរិនថូស 7
7
1ឯសេចក្ដីដែលអ្នករាល់គ្នាបានផ្ញើទៅសួរខ្ញុំ នោះខ្ញុំយល់ឃើញថា បើមនុស្សប្រុសមិនដែលប៉ះពាល់នឹងស្រីសោះ នោះល្អជាជាង 2តែ ដោយព្រោះមានការសហាយស្មន់កើតឡើង បានជាគួរឲ្យគ្រប់គ្នាមានប្រពន្ធជារបស់ផងខ្លួនវិញ ហើយគ្រប់ទាំងស្រីក៏ត្រូវមានប្ដីជារបស់ផងខ្លួនដែរ 3ត្រូវឲ្យប្ដីប្រព្រឹត្តនឹងប្រពន្ធដោយចិត្តសប្បុរស ហើយត្រូវឲ្យប្រពន្ធប្រព្រឹត្តនឹងប្ដីក៏ដូច្នោះដែរ 4ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយខ្លួនឯងទេ គឺជាប្ដីវិញ ហើយប្ដីក៏មិនមែនជាម្ចាស់លើរូបកាយខ្លួនឯងដែរ គឺជាប្រពន្ធវិញ 5ដូច្នេះ កុំឲ្យបង្អត់គ្នាឡើយ លើកតែស្រុះចិត្តគ្នាក្នុង១ពេល ដើម្បីឲ្យបានជាទំនេរនឹងអធិស្ឋាន រួចត្រូវវិលមកនៅជាមួយគ្នាវិញ ក្រែងអារក្សសាតាំងល្បួងលួងអ្នករាល់គ្នា ដោយមិនចេះអត់ទ្រាំ 6ប៉ុន្តែ ខ្ញុំនិយាយសេចក្ដីនេះដោយអធ្យាស្រ័យទេ មិនមែនដោយបង្គាប់ឡើយ 7ខ្ញុំចូលចិត្តឲ្យគ្រប់មនុស្សទាំងអស់បានដូចជាខ្ញុំ តែគ្រប់គ្នាមានអំណោយទានមកពីព្រះផ្សេងគ្នារៀងខ្លួន គឺម្នាក់យ៉ាងនេះ ម្នាក់យ៉ាងនោះ 8ខ្ញុំក៏និយាយចំពោះនឹងពួកក្រមុំកំឡោះ ហើយនឹងពួកមេម៉ាយថា បើគេនៅដូចជាខ្ញុំ នោះល្អហើយ 9ប៉ុន្តែ បើអ្នកទាំងនោះអត់ទ្រាំមិនបាន នោះចូរយកប្ដីប្រពន្ធចុះ ដ្បិតដែលយកប្ដីប្រពន្ធ នោះជាជាងទ្រាំឲ្យមានសេចក្ដីរោលរាលវិញ 10ឯខាងអ្នកដែលមានប្ដីប្រពន្ធហើយ នោះខ្ញុំនឹងបង្គាប់ដែរ តែមិនគឺខ្ញុំ គឺជាព្រះអម្ចាស់វិញ ទ្រង់បង្គាប់ថា កុំឲ្យប្រពន្ធលែងប្ដីឡើយ 11ឬបើបានលែងប្ដីហើយ នោះចូរនៅជាឥតប្ដីទៅចុះ ឬឲ្យជានឹងប្ដីខ្លួនវិញទៅ ហើយឯប្ដី ក៏កុំឲ្យលែងប្រពន្ធខ្លួនដែរ។
12ឯមនុស្សឯទៀត មិនមែនព្រះអម្ចាស់មានបន្ទូលទេ គឺខ្លួនខ្ញុំនិយាយថា បើបងប្អូនណាមានប្រពន្ធដែលមិនជឿ តែព្រមនៅជាមួយនឹងខ្លួន នោះមិនត្រូវលះចោលនាងឡើយ 13ហើយស្ត្រីណាមានប្ដីដែលមិនជឿ តែព្រមនៅជាមួយនឹងនាង នោះក៏មិនត្រូវឲ្យនាងលះចោលគេដែរ 14ដ្បិតប្ដីដែលមិនជឿ នោះបានរាប់ជាស្អាតដោយសារប្រពន្ធ ហើយប្រពន្ធដែលមិនជឿក៏ដោយសារប្ដីដែរ ពុំនោះ កូនចៅគេមិនស្អាតទេ តែឥឡូវនេះ វាស្អាតហើយ 15តែបើអ្នកដែលមិនជឿ គេដកខ្លួនចេញ នោះឲ្យគេចេញចុះ យ៉ាងនោះ បងប្អូនប្រុសឬស្រី នឹងមិននៅជាប់ចំណងទៀតទេ ប៉ុន្តែ ព្រះទ្រង់បានហៅយើងរាល់គ្នាឲ្យមានសេចក្ដីមេត្រីនឹងគ្នាវិញ 16ដ្បិតឱស្ត្រីអើយ ប្រហែលជានាងនឹងសង្គ្រោះប្ដីបានទេដឹង ឬបុរសអើយ ប្រហែលជាអ្នកនឹងសង្គ្រោះប្រពន្ធបានដែរទេដឹង 17តែត្រូវឲ្យគ្រប់គ្នាដើរតាមដែលព្រះអម្ចាស់បានចែកឲ្យ ហើយតាមដែលព្រះបានហៅមករៀងខ្លួន ខ្ញុំក៏តាំងរបៀបយ៉ាងដូច្នេះ ក្នុងគ្រប់ទាំងពួកជំនុំដែរ 18បើទ្រង់បានហៅអ្នកណាដែលកាត់ស្បែកហើយ កុំឲ្យអ្នកនោះត្រឡប់ដូចជាមិនកាត់ស្បែកវិញឡើយ បើទ្រង់ហៅអ្នកណាដែលមិនបានកាត់ស្បែក កុំឲ្យអ្នកនោះកាត់ស្បែកឲ្យសោះ 19ព្រោះការកាត់ស្បែកមិនជាអ្វីទេ ឬដែលមិនកាត់ស្បែក នោះក៏មិនជាអ្វីដែរ តែដែលមានប្រយោជន៍ នោះគឺស្រេចនឹងកាន់តាមបញ្ញត្តរបស់ព្រះវិញ 20បើមនុស្សមានសណ្ឋានជាយ៉ាងណា ក្នុងកាលដែលព្រះទ្រង់ហៅ នោះឲ្យប្រព្រឹត្តតាមសណ្ឋាននោះចុះ 21កាលទ្រង់ហៅអ្នកមក តើអ្នកជាបាវបំរើគេឬអី កុំឲ្យព្រួយពីសេចក្ដីនោះឡើយ តែបើអាចនឹងដោះខ្លួនរួច នោះស៊ូដោះខ្លួនចេញទៅ 22ដ្បិតអ្នកណាដែលធ្វើជាបាវបំរើគេ ក្នុងកាលដែលព្រះអម្ចាស់ហៅមក នោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលទ្រង់ហៅមក នោះជាបាវបំរើនៃព្រះគ្រីស្ទវិញ 23ទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ កុំឲ្យត្រឡប់ជាបាវបំរើរបស់មនុស្សទៀតឡើយ 24បងប្អូនអើយ អ្នករាល់គ្នាមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះទ្រង់ហៅមក នោះឲ្យប្រព្រឹត្តតាមសណ្ឋាននោះ នៅចំពោះទ្រង់ចុះ។
25ឯត្រង់ពួកស្រីក្រមុំៗ ខ្ញុំគ្មានទទួលសេចក្ដីបង្គាប់ពីព្រះអម្ចាស់មកទេ តែខ្ញុំសំដែងដោយគំនិតខ្ញុំ ទុកដូចជាបានទទួលសេចក្ដីមេត្តាករុណាមកពីព្រះអម្ចាស់ ឲ្យបានគួរជឿដែរ 26ដូច្នេះ ដោយព្រោះគ្រាលំបាកនេះ ខ្ញុំស្មានជាយ៉ាងនេះបានស្រួល គឺថាគួរឲ្យមនុស្សនៅតែដដែលវិញ 27តើជាប់មានប្រពន្ធឬអី កុំឲ្យរកផ្លូវនឹងលែងគ្នាឡើយ បើមិនទាន់ជាប់មានប្រពន្ធនៅឡើយ នោះក៏កុំឲ្យរកប្រពន្ធដែរ 28ប៉ុន្តែ បើអ្នកបានយកប្រពន្ធហើយ នោះមិនមែនហៅថាមានបាបទេ ហើយបើស្ត្រីក្រមុំណាយកប្ដីហើយ នាងនោះក៏មិនមែនហៅថាមានបាបដែរ តែពួកអ្នកយ៉ាងនោះនឹងមានសេចក្ដីទុក្ខព្រួយខាងសាច់ឈាម ណ្ហើយ ខ្ញុំឈប់ស្លេះប៉ុណ្ណេះចុះ ដោយព្រោះអាណិតដល់អ្នករាល់គ្នា។
29បងប្អូនអើយ ខ្ញុំប្រាប់សេចក្ដីនេះថា ពេលវេលាចង្អៀតណាស់ហើយ ពីនេះទៅមុខ គួរតែឲ្យពួកអ្នកដែលមានប្រពន្ធ បាននៅដូចជាគ្មានវិញ 30ពួកដែលយំ ដូចជាមិនយំ ពួកដែលអរសប្បាយ ដូចជាមិនអរសប្បាយ ពួកដែលទិញ ដូចជាគ្មានអ្វីសោះ 31ហើយពួកអ្នកដែលប្រើប្រាស់លោកីយនេះ ដូចជាមិនប្រើហួសខ្នាតទេ ដ្បិតគំរូនៃលោកីយនេះតែងតែផ្លាស់ទៅ 32ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានរួចពីសេចក្ដីកង្វល់ ឯអ្នកដែលគ្មានប្រពន្ធ នោះតែងរវល់តែនឹងការរបស់ព្រះអម្ចាស់ ដែលនឹងធ្វើដូចម្តេចឲ្យទ្រង់សព្វព្រះហឫទ័យប៉ុណ្ណោះ 33តែអ្នកណាដែលមានប្រពន្ធ នោះតែងរវល់នឹងការនៅលោកីយនេះវិញ ដែលនឹងធ្វើដូចម្តេច ឲ្យប្រពន្ធបានពេញចិត្ត 34ស្ត្រីមានប្ដី នឹងស្ត្រីក្រមុំក៏ខុសពីគ្នាយ៉ាងនោះដែរ គឺស្ត្រីដែលគ្មានប្ដី នោះតែងរវល់នឹងការរបស់ព្រះអម្ចាស់ ឲ្យបានបរិសុទ្ធទាំងខ្លួនប្រាណ នឹងព្រលឹងវិញ្ញាណផង តែស្ត្រីណាដែលមានប្ដី នោះតែងរវល់នឹងការនៅលោកីយនេះវិញ ដែលនឹងធ្វើដូចម្តេចឲ្យប្ដីបានពេញចិត្ត 35ដែលខ្ញុំនិយាយសេចក្ដីនេះ នោះសំរាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា មិនមែនជាការដាក់អន្ទាក់រូតនៅមុខអ្នករាល់គ្នាទេ គឺសំរាប់ការដែលគួរគប្បី ហើយឲ្យអ្នករាល់គ្នាបានឧស្សាហ៍បំរើព្រះអម្ចាស់ ឥតមានសេចក្ដីណានាំឲ្យទាស់ចិត្តឡើយ 36បើមានអ្នកណាស្មានថា មិនគួរគប្បីចំពោះកូនក្រមុំ ដែលហួសអាយុគ្រប់ការហើយ ក៏មានសេចក្ដីបង្ខំក្នុងការនោះដែរ នោះឲ្យឪពុកធ្វើតាមចិត្តទៅ គឺឲ្យកូនយកប្ដីចុះ គ្មានបាបទេ 37តែឪពុកអ្នកណាដែលមានចិត្តដាច់ឥតមានសេចក្ដីបង្ខំទេ គឺមានអំណាចនឹងសំរេចដោយខ្លួនឯងបាន ហើយបានតាំងចិត្តថា នឹងទុកកូនឲ្យនៅជាក្រមុំដរាបទៅ នោះក៏ស្រួលហើយ 38បានជាអ្នកដែលឲ្យកូនទៅគេ ក៏បានប្រព្រឹត្តល្អ ហើយអ្នកដែលមិនឲ្យកូនទៅគេ នោះក៏ប្រព្រឹត្តល្អជាងទៅទៀត 39កាលប្ដីនៅរស់នៅឡើយ នោះប្រពន្ធត្រូវតែជាប់នៅក្នុងចំណងរបស់ប្ដីជាដរាប តែបើកាលណាប្ដីស្លាប់ទៅ នោះនាងមានច្បាប់នឹងយកប្ដីបានតាមចិត្ត ឲ្យតែយកក្នុងព្រះអម្ចាស់ 40ប៉ុន្តែ តាមគំនិតខ្ញុំយល់ថា បើនាងនោះនៅតែមេម៉ាយតទៅ នោះនាងបានសប្បាយជាង ហើយខ្ញុំស្មានថា ខ្ញុំមានវិញ្ញាណនៃព្រះដែរ។
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស 7: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.