១ របាក្សត្រ 21:1-17

១ របាក្សត្រ 21:1-17 ពគប

គ្រា​នោះ សាតាំង​ក៏​ឈរ​ឡើង ទាស់​នឹង​ពួក​អ៊ីស្រាអែល បណ្តាល​ឲ្យ​ដាវីឌ​រាប់​ចំនួន​បណ្តា‌រាស្ត្រ​ទាំង‌ឡាយ ដាវីឌ​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូអាប់ នឹង​ពួក​ជា​ប្រធាន​លើ​បណ្តាជន​ថា ចូរ​ទៅ​រាប់​ចំនួន​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់​ទៅ រួច​មក​ប្រាប់​យើង ឲ្យ​បាន​ដឹង​ចំនួន​ផង យ៉ូអាប់​តប​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ចំរើន​ពួក​ជន​របស់​ទ្រង់ ឲ្យ​បាន​១​ជា​១០០​ភាគ​ឡើង តែ​បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ តើ​គេ​មិន​មែន​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​ទ្រង់​ព្រះ‌ករុណា​ទេ​ឬ​អី ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្រះ‌ករុណា​បង្គាប់​ឲ្យ​ធ្វើ​ការ​នេះ ទ្រង់​ចង់​បណ្តាល​ឲ្យ​អ៊ីស្រាអែល មាន​ទោស​ធ្វើ​អី ប៉ុន្តែព្រះ‌បន្ទូល​នៃ​ស្តេច​បាន​ឈ្នះ​វិញ បាន​ជា​យ៉ូអាប់​លោក​បង្គំ​លា​ចេញ​ទៅ ដើរ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល រួច​ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ នោះ​យ៉ូអាប់​ក៏​បង្ហាញ​ចំនួន​នៃ​ជន​ទាំង‌ឡាយ ដែល​បាន​រាប់​នោះ​ថ្វាយ​ដាវីឌ គឺ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ដែល​ចេះ​កាន់​ដាវ នោះ​មាន​១​លាន​១​សែន​នាក់ ហើយ​ពួក​យូដា ដែល​ចេះ​កាន់​ដាវ នោះ​មាន​៤​សែន​៧​ម៉ឺន​នាក់ តែ​ពួក​លេវីនឹង​ពួក​បេន‌យ៉ាមីន លោក​មិន​បាន​រាប់​ក្នុង​ពួក​គេ​ទេ ដ្បិត​ព្រះ‌បន្ទូល​នៃ​ស្តេច​ជា​ទី​ទំនាស់​ចិត្តដល់​យ៉ូអាប់ ហើយ​ព្រះ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​នោះ​ដែរ ហេតុ​ដូច្នោះទ្រង់​ក៏​ប្រហារ​សាសន៍​អ៊ីស្រាអែល ឯ​ដាវីឌ​ទ្រង់​ទូល​ដល់​ព្រះ​ថា ទូលបង្គំ​បាន​ធ្វើ​បាប​មាន​ទំងន់​ណាស់ ដោយ​ធ្វើ​ការ​នេះ តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​ការ​អាក្រក់​របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត ដោយ​បែប​ចំកួត​ណាស់។ ខណ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​កាឌ់ ជា​អ្នក​មើល‌ឆុត​របស់​ដាវីឌ ឲ្យ​ចូល​ទៅ​ប្រាប់​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​ដាក់​សេចក្ដី​ទាំង​៣​នេះ​ឲ្យ​ឯង ចូរ​រើស​យក​១​ចុះ ឲ្យ​អញ​បាន​ធ្វើ​យ៉ាង​នោះ​ដល់​ឯង កាឌ់​ក៏​ចូល​ទៅ​ទូល​នឹង​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​រើស​យក​១​ចុះ ទោះ​បើ​ជា​សេចក្ដី​អំណត់​អស់​៣​ឆ្នាំ ឬ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បំផ្លាញ ក្នុង​រវាង​៣​ខែ កំពុង​ដែល​ដាវ​របស់​ពួក​ខ្មាំង​តាម​ឯង​ទាន់ ឬ​ជា​ដាវ​នៃ​ព្រះ‌យេហូវ៉ា នៅ​រវាង​៣​ថ្ងៃ​វិញ គឺ​ជា​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក នឹង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បំផ្លាញ​ទួទៅ​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រាអែល ដូច្នេះ សូម​ពិចារណា​ឥឡូវ​នេះ​ចុះ តើ​ចង់​ឲ្យ​ទូលបង្គំ​ឆ្លើយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​ជា​យ៉ាង​ណា ដាវីឌ​ទ្រង់​មាន​បន្ទូល​ទៅ​កាឌ់​ថា យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​ធំ​ណាស់ កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​ឡើយ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង ក្នុង​ពួក​អ៊ីស្រាអែល ហើយ​ពួក​អ៊ីស្រាអែល​ក៏​ដួល​ស្លាប់​អស់​៧​ម៉ឺន​នាក់ ព្រះ‌ទ្រង់​ក៏​ចាត់​ទេវតា​១​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡិម តែ​កាល​ទេវតា​នោះ​ហៀប​នឹង​បំផ្លាញ​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ ក៏​មាន​ព្រះ‌ហឫទ័យ​រំជួល ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ហើយ​មាន​បន្ទូល​ទៅ​ទេវតា​ដែល​បំផ្លាញ​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ឈរ នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស ដាវីឌ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​ឈរ នៅ​កណ្តាល​មេឃ នឹង​ផែនដី មាន​ដាវ​ហូត​ជា​ស្រេច​នៅ​ដៃ លូក​ទៅ​លើ​ក្រុង​យេរូ‌សាឡិម នោះ​ដាវីឌ នឹង​ពួក​ចាស់‌ទុំ​ដែល​ស្លៀក​សំពត់​ធ្មៃ​ក៏​ផ្តួល​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ ហើយ​ដាវីឌ​ទ្រង់​ទូល​ដល់​ព្រះ​ថា គឺ​ទូលបង្គំ​ទេ​តើ ដែល​បង្គាប់​ឲ្យ​រាប់​ចំនួន​ជន​ទាំង‌ឡាយ គឺ​ទូលបង្គំ​ដែល​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​ដោយ​ការ​ល្មើស តែ​ពួក​ចៀម​ទាំង​នេះ​វិញ តើ​គេ​បាន​ធ្វើ​ខុស​អ្វី ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​ទាស់​នឹង​ទូលបង្គំ ហើយ​នឹង​ពួក​វង្ស​របស់​ទូលបង្គំ​ចុះ សូម​កុំ​ឲ្យ​ទាស់​នឹង​រាស្ត្រ​របស់​ទ្រង់ ឲ្យ​គេ​ត្រូវ​វេទនា​ឡើយ។