១ របាក្សត្រ 21:1-17

១ របាក្សត្រ 21:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មារ*​សាតាំង​បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ជំរុញ​ព្រះ‌បាទ​ដាវីឌ​ឲ្យ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ និង​មន្ត្រី​ឯ​ទៀតៗ​របស់​ប្រជា‌ជន​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​ប្រជា‌ជន​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ក្រុង​បៀរ‌សេបា រហូត​ដល់​ក្រុង​ដាន់ រួច​ធ្វើ​របាយ‌ការណ៍​ឲ្យ​យើង ដ្បិត​យើង​ចង់​ដឹង​ចំនួន​ប្រជា‌ជន»។ លោក​យ៉ូអាប់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​អម្ចាស់! សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ កើន​ចំនួន​ឡើង​មួយ​រយ​ដង​ច្រើន​ជាង​នេះ! ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទាំង​អស់​គ្នា​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ជ្រាប​អំពី​ចំនួន​របស់​ពួក​គេ​ទៀត? ធ្វើ​ដូច្នេះ ក្រែង​លោ​បណ្ដាល​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ទោស»។ ប៉ុន្តែ ដោយ​ស្ដេច​ចេញ​បញ្ជា​យ៉ាង​ម៉ឺង‌ម៉ាត់​ពេក លោក​យ៉ូអាប់​ត្រូវ​តែ​អនុវត្ត​តាម។ លោក​យ៉ូអាប់​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​គ្រប់​ទិស‌ទី​ក្នុង​ស្រុក​អ៊ីស្រា‌អែល រួច​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។ លោក​យ៉ូអាប់​ចូល​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​អំពី​ចំនួន​ប្រជា‌ជន គឺ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល មាន​ទាហាន​ប្រដាប់​អាវុធ ១ ១០០ ០០០​នាក់ ហើយ​នៅ​ស្រុក​យូដា​មាន ៤៧០ ០០០​នាក់។ លោក​ពុំ​បាន​ជំរឿន​ប្រជា‌ជន​ក្នុង​កុល​សម្ព័ន្ធ​លេវី និង​បេន‌យ៉ាមីន​ទេ ដ្បិត​លោក​មិន​ពេញ​ចិត្ត នឹង​បញ្ជា​របស់​ស្ដេច​ទាល់​តែ​សោះ។ ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ហេតុ‌ការណ៍​នេះ​ទេ ព្រះអង្គ​ក៏​ប្រហារ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌បាទ​ដាវីឌ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ព្រះអង្គ​អត់‌ទោស​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​កាដ ជា​គ្រូ​ទាយ​របស់​ព្រះ‌បាទ​ដាវីឌ​ថា៖ «ចូរ​ទៅ​ប្រាប់​ដាវីឌ​ដូច​ត​ទៅ “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​មាន​ទណ្ឌ‌កម្ម​បី​យ៉ាង​សម្រាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ! យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ”»។ លោក​កាដ​ចូល​គាល់​ព្រះ‌បាទ​ដាវីឌ ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: សូម​ជ្រើស​រើស​ចុះ តើ​ព្រះ‌ករុណា​ចង់​ឲ្យ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ ឬ​ត្រូវ​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ដាវ​របស់​ខ្មាំង​សត្រូវ អស់​រយៈ​ពេល​បី​ខែ ឬ​ចង់​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក គឺ​ទេវតា​របស់​ព្រះ‌អម្ចាស់​បំផ្លាញ​ប្រជា‌ជន​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល អស់​រយៈ​ពេល​បី​ថ្ងៃ។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ពិចារណា​ចុះ ទូលបង្គំ​នឹង​នាំ​ចម្លើយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​បាន​ចាត់​ទូលបង្គំ​មក»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​កាដ​ថា៖ «យើង​តប់‌ប្រមល់​ខ្លាំង​ណាស់! សូម​ឲ្យ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌អម្ចាស់ ជា​ជាង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង»។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​មាន​ប្រជា‌ជន​ស្លាប់​អស់​៧០ ០០០​នាក់។ ព្រះ‌ជាម្ចាស់​ចាត់​ទេវតា​ឲ្យ​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម​ទៀត ប៉ុន្តែ កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ទេវតា​បំផ្លាញ​ក្រុង​នោះ ព្រះអង្គ​ក៏​ប្រែ​ព្រះ‌ហឫទ័យ​មិន​ព្រម​ដាក់​ទោស​ក្រុង​នោះ​ទេ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ដែល​មក​បំផ្លាញ​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។ ព្រះ‌បាទ​ដាវីឌ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង ទត​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​ចន្លោះ​មេឃ និង​ផែនដី ដោយ​កាន់​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម​ជា​ស្រេច ហើយ​បែរ​មុខ​តម្រង់​ទៅ​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌បាទ​ដាវីឌ និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ ដែល​ស្លៀក​បាវ​កាន់​ទុក្ខ ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។ ព្រះ‌បាទ​ដាវីឌ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «ទូលបង្គំ​ទេ​តើ​ដែល​បញ្ជា​ឲ្យ​ជំរឿន​ប្រជា‌ជន ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​អាក្រក់។ ប្រជា‌ជន​ទាំង​នេះ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ដាក់​ទោស​តែ​ទូលបង្គំ និង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ប៉ុណ្ណោះ​បាន​ហើយ! សូម​កុំ​ឲ្យ​គ្រោះ​កាច​នេះ​កើត​មាន​ដល់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ឡើយ!»។

១ របាក្សត្រ 21:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សាតាំង​ក៏​ឈរ​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល បណ្ដាល​ឲ្យ​ព្រះបាទ​ដាវីឌ​រាប់​ចំនួន​ប្រជា​រាស្ត្រ​ទាំង‌ឡាយ។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូអាប់ និង​ពួក​ជា​ប្រធាន​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​សាសន៍​អ៊ីស្រា‌អែល ចាប់​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់ រួច​មក​ប្រាប់​យើង​ឲ្យ​បាន​ដឹង​ចំនួន​ផង»។ យ៉ូអាប់​តប​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ចម្រើនប្រជា​រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​មួយ​រយ​ដង តែ​បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ តើ​គេ​មិន​មែន​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទេ​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​បង្គាប់​ឲ្យ​ធ្វើ​ការ​នេះ បណ្ដាល​ឲ្យ​អ៊ីស្រា‌អែល​មាន​ទោស?» ប៉ុន្តែ បង្គាប់​របស់​ស្តេច​បាន​ទាស់​នឹង​លោក​យ៉ូអាប់ លោក​ក៏​លា​ចេញ​ទៅ ដើរ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល រួច​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម​វិញ។ យ៉ូអាប់​ក៏​បង្ហាញ​ចំនួន​ប្រជា​ជន​ដែល​បាន​រាប់​ថ្វាយព្រះបាទ​ដាវីឌ គឺ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​ចេះ​កាន់​ដាវ មាន​មួយ​លាន​មួយ​សែន​នាក់ ហើយ​ពួក​យូដា​ដែល​ចេះ​កាន់​ដាវ មាន​បួន​សែន​ប្រាំពីរ​ម៉ឺន​នាក់។ តែ​គាត់​មិន​រាប់​ពួក​លេវី និង​ពួក​បេនយ៉ាមីន ដ្បិត​បញ្ជា​របស់​ស្តេច​ទាស់​ចិត្តលោក​យ៉ូអាប់។ ព្រះ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ការ​នោះ​ដែរ ហេតុ​ដូច្នោះ ទ្រង់​ក៏​ប្រហារ​សាសន៍​អ៊ីស្រា‌អែល។ ឯ​ព្រះបាទ​ដាវីឌ​ទូល​ដល់​ព្រះ​ថា៖ «ទូល‌បង្គំ​បាន​ធ្វើ​បាប​ធ្ងន់​ណាស់ ដោយ​ធ្វើ​ការ​នេះ តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​ការ​អាក្រក់​របស់​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ចម្កួត»។ ខណៈ​នោះ ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​កាដ ជា​អ្នក​មើល​ឆុត​របស់​ព្រះបាទ​ដាវីឌ ឲ្យ​ចូល​ទៅ​ប្រាប់ព្រះបាទ​ដាវីឌ​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "យើង​ដាក់​សេចក្ដី​ទាំង​បី​នេះ​ឲ្យ​ឯង ចូរ​រើស​យក​មួយ​ចុះ ឲ្យ​យើង​បាន​ធ្វើ​យ៉ាង​នោះ​ដល់​ឯង"»។ កាដ​ក៏​ចូល​ទៅ​ទូលព្រះបាទ​ដាវីឌ​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "ចូរ​រើស​យក​មួយ​ចុះ ទោះ​បើ​អំណត់​បី​ឆ្នាំ ឬ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បំផ្លាញ​ក្នុង​រវាង​បី​ខែ កំពុង​ដែល​ដាវ​របស់​ពួក​ខ្មាំង​តាម​ឯង​ទាន់ ឬ​ជា​ដាវ​នៃ​ព្រះ‌យេហូវ៉ា នៅ​រវាង​បី​ថ្ងៃ​វិញ គឺ​ជា​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក និង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បំផ្លាញ​ទួទៅ​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រា‌អែល"។ ឥឡូវ​នេះ ចូរ​ពិចារ‌ណា​ឥឡូវ តើ​ចង់​ឲ្យ​ទូល‌បង្គំ​ឆ្លើយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ទូល‌បង្គំ​មក​ជា​យ៉ាង​ណា»។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាដ​ថា៖ «យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​ធំ​ណាស់ កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មនុស្ស​ឡើយ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ដួល​ស្លាប់​អស់​ប្រាំពីរ​ម៉ឺន​នាក់។ ព្រះ​ក៏​ចាត់​ទេវតា​មួយ​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡិម តែ​កាល​ទេវតា​នោះ​ហៀប​នឹង​បំផ្លាញ នោះ​ព្រះ‌យេហូវ៉ា​ទត​ឃើញ ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​បំផ្លាញ​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណៈ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ឈរ នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស។ ព្រះបាទ​ដាវីឌ​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​ឈរ​នៅ​កណ្ដាល​មេឃ និង​ផែនដី មាន​ដាវ​ហូត​ជា​ស្រេច​នៅ​ដៃ លូក​ទៅ​លើក្រុង​យេរូ‌សាឡិម នោះ​ដាវីឌ និង​ពួក​ចាស់​ទុំ​ដែល​ស្លៀក​សំពត់​ធ្មៃ​ក៏​ផ្តួល​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ ហើយ​ព្រះបាទ​ដាវីឌ​ទូល​ដល់​ព្រះ​ថា៖ «គឺ​ទូល‌បង្គំ​ទេ​តើ ដែល​បង្គាប់​ឲ្យ​រាប់​ចំនួន​ជន​ទាំង‌ឡាយ គឺ​ទូល‌បង្គំ​ដែល​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​ល្មើស តែ​ពួក​ចៀម​ទាំង​នេះ​វិញ តើ​គេ​បាន​ធ្វើ​ខុស​អ្វី? ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​ទាស់​នឹង​ទូល‌បង្គំ និង​ពួក​វង្ស​របស់​ទូល‌បង្គំ​ចុះ សូម​កុំ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​គេ​ត្រូវ​វេទនា​ឡើយ»។

១ របាក្សត្រ 21:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ សាតាំង​ក៏​ឈរ​ឡើង ទាស់​នឹង​ពួក​អ៊ីស្រាអែល បណ្តាល​ឲ្យ​ដាវីឌ​រាប់​ចំនួន​បណ្តា‌រាស្ត្រ​ទាំង‌ឡាយ ដាវីឌ​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូអាប់ នឹង​ពួក​ជា​ប្រធាន​លើ​បណ្តាជន​ថា ចូរ​ទៅ​រាប់​ចំនួន​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់​ទៅ រួច​មក​ប្រាប់​យើង ឲ្យ​បាន​ដឹង​ចំនួន​ផង យ៉ូអាប់​តប​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ចំរើន​ពួក​ជន​របស់​ទ្រង់ ឲ្យ​បាន​១​ជា​១០០​ភាគ​ឡើង តែ​បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ តើ​គេ​មិន​មែន​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​ទ្រង់​ព្រះ‌ករុណា​ទេ​ឬ​អី ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្រះ‌ករុណា​បង្គាប់​ឲ្យ​ធ្វើ​ការ​នេះ ទ្រង់​ចង់​បណ្តាល​ឲ្យ​អ៊ីស្រាអែល មាន​ទោស​ធ្វើ​អី ប៉ុន្តែព្រះ‌បន្ទូល​នៃ​ស្តេច​បាន​ឈ្នះ​វិញ បាន​ជា​យ៉ូអាប់​លោក​បង្គំ​លា​ចេញ​ទៅ ដើរ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល រួច​ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ នោះ​យ៉ូអាប់​ក៏​បង្ហាញ​ចំនួន​នៃ​ជន​ទាំង‌ឡាយ ដែល​បាន​រាប់​នោះ​ថ្វាយ​ដាវីឌ គឺ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ដែល​ចេះ​កាន់​ដាវ នោះ​មាន​១​លាន​១​សែន​នាក់ ហើយ​ពួក​យូដា ដែល​ចេះ​កាន់​ដាវ នោះ​មាន​៤​សែន​៧​ម៉ឺន​នាក់ តែ​ពួក​លេវីនឹង​ពួក​បេន‌យ៉ាមីន លោក​មិន​បាន​រាប់​ក្នុង​ពួក​គេ​ទេ ដ្បិត​ព្រះ‌បន្ទូល​នៃ​ស្តេច​ជា​ទី​ទំនាស់​ចិត្តដល់​យ៉ូអាប់ ហើយ​ព្រះ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​នោះ​ដែរ ហេតុ​ដូច្នោះទ្រង់​ក៏​ប្រហារ​សាសន៍​អ៊ីស្រាអែល ឯ​ដាវីឌ​ទ្រង់​ទូល​ដល់​ព្រះ​ថា ទូលបង្គំ​បាន​ធ្វើ​បាប​មាន​ទំងន់​ណាស់ ដោយ​ធ្វើ​ការ​នេះ តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​ការ​អាក្រក់​របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត ដោយ​បែប​ចំកួត​ណាស់។ ខណ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​កាឌ់ ជា​អ្នក​មើល‌ឆុត​របស់​ដាវីឌ ឲ្យ​ចូល​ទៅ​ប្រាប់​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​ដាក់​សេចក្ដី​ទាំង​៣​នេះ​ឲ្យ​ឯង ចូរ​រើស​យក​១​ចុះ ឲ្យ​អញ​បាន​ធ្វើ​យ៉ាង​នោះ​ដល់​ឯង កាឌ់​ក៏​ចូល​ទៅ​ទូល​នឹង​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​រើស​យក​១​ចុះ ទោះ​បើ​ជា​សេចក្ដី​អំណត់​អស់​៣​ឆ្នាំ ឬ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បំផ្លាញ ក្នុង​រវាង​៣​ខែ កំពុង​ដែល​ដាវ​របស់​ពួក​ខ្មាំង​តាម​ឯង​ទាន់ ឬ​ជា​ដាវ​នៃ​ព្រះ‌យេហូវ៉ា នៅ​រវាង​៣​ថ្ងៃ​វិញ គឺ​ជា​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក នឹង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បំផ្លាញ​ទួទៅ​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រាអែល ដូច្នេះ សូម​ពិចារណា​ឥឡូវ​នេះ​ចុះ តើ​ចង់​ឲ្យ​ទូលបង្គំ​ឆ្លើយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​ជា​យ៉ាង​ណា ដាវីឌ​ទ្រង់​មាន​បន្ទូល​ទៅ​កាឌ់​ថា យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​ធំ​ណាស់ កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​ឡើយ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង ក្នុង​ពួក​អ៊ីស្រាអែល ហើយ​ពួក​អ៊ីស្រាអែល​ក៏​ដួល​ស្លាប់​អស់​៧​ម៉ឺន​នាក់ ព្រះ‌ទ្រង់​ក៏​ចាត់​ទេវតា​១​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡិម តែ​កាល​ទេវតា​នោះ​ហៀប​នឹង​បំផ្លាញ​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ ក៏​មាន​ព្រះ‌ហឫទ័យ​រំជួល ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ហើយ​មាន​បន្ទូល​ទៅ​ទេវតា​ដែល​បំផ្លាញ​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ឈរ នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស ដាវីឌ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​ឈរ នៅ​កណ្តាល​មេឃ នឹង​ផែនដី មាន​ដាវ​ហូត​ជា​ស្រេច​នៅ​ដៃ លូក​ទៅ​លើ​ក្រុង​យេរូ‌សាឡិម នោះ​ដាវីឌ នឹង​ពួក​ចាស់‌ទុំ​ដែល​ស្លៀក​សំពត់​ធ្មៃ​ក៏​ផ្តួល​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ ហើយ​ដាវីឌ​ទ្រង់​ទូល​ដល់​ព្រះ​ថា គឺ​ទូលបង្គំ​ទេ​តើ ដែល​បង្គាប់​ឲ្យ​រាប់​ចំនួន​ជន​ទាំង‌ឡាយ គឺ​ទូលបង្គំ​ដែល​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​ដោយ​ការ​ល្មើស តែ​ពួក​ចៀម​ទាំង​នេះ​វិញ តើ​គេ​បាន​ធ្វើ​ខុស​អ្វី ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​ទាស់​នឹង​ទូលបង្គំ ហើយ​នឹង​ពួក​វង្ស​របស់​ទូលបង្គំ​ចុះ សូម​កុំ​ឲ្យ​ទាស់​នឹង​រាស្ត្រ​របស់​ទ្រង់ ឲ្យ​គេ​ត្រូវ​វេទនា​ឡើយ។