១ របាក្សត្រ 21

21
1គ្រា​នោះ សាតាំង​ក៏​ឈរ​ឡើង ទាស់​នឹង​ពួក​អ៊ីស្រាអែល បណ្តាល​ឲ្យ​ដាវីឌ​រាប់​ចំនួន​បណ្តា‌រាស្ត្រ​ទាំង‌ឡាយ 2ដាវីឌ​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូអាប់ នឹង​ពួក​ជា​ប្រធាន​លើ​បណ្តាជន​ថា ចូរ​ទៅ​រាប់​ចំនួន​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់​ទៅ រួច​មក​ប្រាប់​យើង ឲ្យ​បាន​ដឹង​ចំនួន​ផង 3យ៉ូអាប់​តប​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ចំរើន​ពួក​ជន​របស់​ទ្រង់ ឲ្យ​បាន​១​ជា​១០០​ភាគ​ឡើង តែ​បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ តើ​គេ​មិន​មែន​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​ទ្រង់​ព្រះ‌ករុណា​ទេ​ឬ​អី ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្រះ‌ករុណា​បង្គាប់​ឲ្យ​ធ្វើ​ការ​នេះ ទ្រង់​ចង់​បណ្តាល​ឲ្យ​អ៊ីស្រាអែល មាន​ទោស​ធ្វើ​អី 4ប៉ុន្តែព្រះ‌បន្ទូល​នៃ​ស្តេច​បាន​ឈ្នះ​វិញ បាន​ជា​យ៉ូអាប់​លោក​បង្គំ​លា​ចេញ​ទៅ ដើរ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល រួច​ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ 5នោះ​យ៉ូអាប់​ក៏​បង្ហាញ​ចំនួន​នៃ​ជន​ទាំង‌ឡាយ ដែល​បាន​រាប់​នោះ​ថ្វាយ​ដាវីឌ គឺ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ដែល​ចេះ​កាន់​ដាវ នោះ​មាន​១​លាន​១​សែន​នាក់ ហើយ​ពួក​យូដា ដែល​ចេះ​កាន់​ដាវ នោះ​មាន​៤​សែន​៧​ម៉ឺន​នាក់ 6តែ​ពួក​លេវីនឹង​ពួក​បេន‌យ៉ាមីន លោក​មិន​បាន​រាប់​ក្នុង​ពួក​គេ​ទេ ដ្បិត​ព្រះ‌បន្ទូល​នៃ​ស្តេច​ជា​ទី​ទំនាស់​ចិត្តដល់​យ៉ូអាប់ 7ហើយ​ព្រះ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​នោះ​ដែរ ហេតុ​ដូច្នោះទ្រង់​ក៏​ប្រហារ​សាសន៍​អ៊ីស្រាអែល 8ឯ​ដាវីឌ​ទ្រង់​ទូល​ដល់​ព្រះ​ថា ទូលបង្គំ​បាន​ធ្វើ​បាប​មាន​ទំងន់​ណាស់ ដោយ​ធ្វើ​ការ​នេះ តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​ការ​អាក្រក់​របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត ដោយ​បែប​ចំកួត​ណាស់។
9ខណ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​កាឌ់ ជា​អ្នក​មើល‌ឆុត​របស់​ដាវីឌ 10ឲ្យ​ចូល​ទៅ​ប្រាប់​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​ដាក់​សេចក្ដី​ទាំង​៣​នេះ​ឲ្យ​ឯង ចូរ​រើស​យក​១​ចុះ ឲ្យ​អញ​បាន​ធ្វើ​យ៉ាង​នោះ​ដល់​ឯង 11កាឌ់​ក៏​ចូល​ទៅ​ទូល​នឹង​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​រើស​យក​១​ចុះ 12ទោះ​បើ​ជា​សេចក្ដី​អំណត់​អស់​៣​ឆ្នាំ ឬ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បំផ្លាញ ក្នុង​រវាង​៣​ខែ កំពុង​ដែល​ដាវ​របស់​ពួក​ខ្មាំង​តាម​ឯង​ទាន់ ឬ​ជា​ដាវ​នៃ​ព្រះ‌យេហូវ៉ា នៅ​រវាង​៣​ថ្ងៃ​វិញ គឺ​ជា​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក នឹង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បំផ្លាញ​ទួទៅ​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រាអែល ដូច្នេះ សូម​ពិចារណា​ឥឡូវ​នេះ​ចុះ តើ​ចង់​ឲ្យ​ទូលបង្គំ​ឆ្លើយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​ជា​យ៉ាង​ណា 13ដាវីឌ​ទ្រង់​មាន​បន្ទូល​ទៅ​កាឌ់​ថា យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​ធំ​ណាស់ កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​ឡើយ 14ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង ក្នុង​ពួក​អ៊ីស្រាអែល ហើយ​ពួក​អ៊ីស្រាអែល​ក៏​ដួល​ស្លាប់​អស់​៧​ម៉ឺន​នាក់ 15ព្រះ‌ទ្រង់​ក៏​ចាត់​ទេវតា​១​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡិម តែ​កាល​ទេវតា​នោះ​ហៀប​នឹង​បំផ្លាញ​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ ក៏​មាន​ព្រះ‌ហឫទ័យ​រំជួល ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ហើយ​មាន​បន្ទូល​ទៅ​ទេវតា​ដែល​បំផ្លាញ​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ឈរ នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស 16ដាវីឌ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​ឈរ នៅ​កណ្តាល​មេឃ នឹង​ផែនដី មាន​ដាវ​ហូត​ជា​ស្រេច​នៅ​ដៃ លូក​ទៅ​លើ​ក្រុង​យេរូ‌សាឡិម នោះ​ដាវីឌ នឹង​ពួក​ចាស់‌ទុំ​ដែល​ស្លៀក​សំពត់​ធ្មៃ​ក៏​ផ្តួល​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ 17ហើយ​ដាវីឌ​ទ្រង់​ទូល​ដល់​ព្រះ​ថា គឺ​ទូលបង្គំ​ទេ​តើ ដែល​បង្គាប់​ឲ្យ​រាប់​ចំនួន​ជន​ទាំង‌ឡាយ គឺ​ទូលបង្គំ​ដែល​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​ដោយ​ការ​ល្មើស តែ​ពួក​ចៀម​ទាំង​នេះ​វិញ តើ​គេ​បាន​ធ្វើ​ខុស​អ្វី ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​ទាស់​នឹង​ទូលបង្គំ ហើយ​នឹង​ពួក​វង្ស​របស់​ទូលបង្គំ​ចុះ សូម​កុំ​ឲ្យ​ទាស់​នឹង​រាស្ត្រ​របស់​ទ្រង់ ឲ្យ​គេ​ត្រូវ​វេទនា​ឡើយ។
18នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​កាឌ់ ឲ្យ​ទៅ​ទូល​ដាវីឌ ឲ្យ​ទ្រង់​ឡើង​ទៅ​ស្អាង​អាសនា​១ ថ្វាយ​ព្រះ‌យេហូវ៉ា ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស 19ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ តាម​ពាក្យ​ដែល​កាឌ់​បាន​ទូល​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា 20កាល​អ័រ៉ៅណា​កំពុង​តែ​បញ្ជាន់​ស្រូវ នោះ​ស្រាប់​តែ​បែរ​មក​ឃើញ​ទេវតា ឯ​កូន​គាត់​ទាំង​៤​នាក់ ដែល​នៅ​ជា​មួយ ក៏​ពួន​ខ្លួន 21ហើយ​កំពុង​ដែល​ដាវីឌ​យាង​មក​ឯ​អ័រ៉ៅណា នោះ​គាត់​ក៏​ក្រឡេក​ទៅ​ឃើញ រួច​ចេញ​ពី​ទី​លាន​មក ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី​នៅ​ចំពោះ​ដាវីឌ 22ឯ​ដាវីឌ ទ្រង់​មាន​បន្ទូល​នឹង​គាត់​ថា សូម​ឲ្យ​ដី​ទី​លាន​នេះ​មក​យើង​ចុះ ដើម្បី​នឹង​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​លក់​ឲ្យ​យើង​ពេញ​ថ្លៃ​ចុះ ប្រយោជន៍​ដើម្បី​ឲ្យ​សេចក្ដី​វេទនា​នេះ បាន​បាត់​ចេញ​ពី​បណ្តាជន​ទៅ 23អ័រ៉ៅណា​គាត់​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ទទួល​យក​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ធ្វើ​តាម​តែ​បំណង​ព្រះ‌ទ័យ​ទ្រង់​ចុះ មើល ទូលបង្គំ​ក៏​ថ្វាយ​គោ សំរាប់​ដង្វាយ​ដុត ប្រដាប់​បញ្ជាន់​ស្រូវ សំរាប់​ជា​ឧស នឹង​ស្រូវ​នេះ សំរាប់​ជា​ដង្វាយ​ម្សៅ​ផង ទូលបង្គំ​ថ្វាយ​ទាំង​អស់ 24តែ​ស្តេច​ដាវីឌ​ទ្រង់​មាន​បន្ទូល​នឹង​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ ដោយ​ពេញ​ថ្លៃ​វិញ យើង​មិន​ព្រម​យក​របស់​ឯង ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​ដង្វាយ​ដុត​ណា ដោយ​ឥត​បង់​ថ្លៃ​ទិញ​នោះ​ឡើយ 25ដូច្នេះ ដាវីឌ​ក៏​ថ្លឹង​មាស​ដំឡៃ​៦០០​រៀល ឲ្យ​ដល់​អ័រ៉ៅណា ប្តូរ​នឹង​ទី​លាន 26រួច​ទ្រង់​ស្អាង​អាសនា​១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​ដង្វាយ​ដុតនឹង​ដង្វាយ​មេត្រី ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ​ទ្រង់​ក៏​តប​ពី​ស្ថាន‌សួគ៌​មក ដោយ​ភ្លើង​នៅ​លើ​អាសនា​ដង្វាយ​ដុត 27ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ទៅ ហើយ​ទេវតា​ក៏​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ។
28នៅ​វេលា​នោះ កាល​ដាវីឌ​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​តប​មក​ទ្រង់ នៅ​ត្រង់​ទី​លាន​របស់​អ័រ៉ៅណា​ជា​សាសន៍​យេប៊ូស​ដូច្នេះ នោះ​ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ 29ដ្បិត​រោង​ឧបោសថ​នៃ​ព្រះ‌យេហូវ៉ា ដែល​លោក​ម៉ូសេ​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន ហើយ​អាសនា​ដង្វាយ​ដុត​នោះ​នៅ​លើ​ទី​ខ្ពស់​ត្រង់​ក្រុង​គីបៀន​វិញ 30ដាវីឌ​យាង​ទៅ​ឯ​មុខ​អាសនា​នោះ ដើម្បី​ទូល​សួរ​ដល់​ព្រះ​មិន​បាន ដោយ​ភ័យ​ខ្លាច ដល់​ដាវ​របស់​ទេវតា​នៃ​ព្រះ‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

១ របាក្សត្រ 21: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល