ពេលនោះ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែល ដែលស្ថិតនៅលើចេរូប៊ីន* ក៏អណ្ដែតឡើង ឆ្ពោះទៅមាត់ទ្វារព្រះដំណាក់។ ព្រះអម្ចាស់ត្រាស់ហៅបុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសម្រាប់សរសេរនោះមក ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរដើរកាត់ក្រុងយេរូសាឡឹម ហើយគូសសញ្ញាជើងក្អែកលើថ្ងាសអស់អ្នកដែលស្រែកថ្ងូរ និងព្រួយចិត្ត ដោយឃើញអំពើគួរឲ្យស្អប់ខ្ពើមទាំងប៉ុន្មាន ដែលអ្នកក្រុងនេះប្រព្រឹត្ត»។