អេសេគាល 9
9
ការដាក់ទោសក្រុងយេរូសាឡឹម
1បន្ទាប់មក ខ្ញុំឮព្រះអង្គមានព្រះបន្ទូលយ៉ាងខ្លាំងៗថា៖ «អស់អ្នកដែលត្រូវធ្វើទោសក្រុងយេរូសាឡឹមអើយ ចូរនាំគ្នាកាន់អាវុធសម្រាប់ប្រល័យជីវិតចូលមក!»។
2ពេលនោះ ខ្ញុំឃើញមានមនុស្សប្រាំមួយនាក់ចូលតាមទ្វារកំពែងខាងជើង ម្នាក់ៗកាន់អាវុធសម្រាប់ប្រហារជីវិត។ ក្នុងចំណោមអ្នកទាំងនោះ មានបុរសម្នាក់ពាក់អាវទេសឯកសុទ្ធ ស្ពាយប្រដាប់ប្រដាសរសេរនៅចង្កេះផង។ ពួកគេចូលមកឈរនៅខាងមុខអាសនៈលង្ហិន។ 3ពេលនោះ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែល ដែលស្ថិតនៅលើចេរូប៊ីន* ក៏អណ្ដែតឡើង ឆ្ពោះទៅមាត់ទ្វារព្រះដំណាក់។ ព្រះអម្ចាស់ត្រាស់ហៅបុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសម្រាប់សរសេរនោះមក 4 ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរដើរកាត់ក្រុងយេរូសាឡឹម ហើយគូសសញ្ញាជើងក្អែកលើថ្ងាសអស់អ្នកដែលស្រែកថ្ងូរ និងព្រួយចិត្ត ដោយឃើញអំពើគួរឲ្យស្អប់ខ្ពើមទាំងប៉ុន្មាន ដែលអ្នកក្រុងនេះប្រព្រឹត្ត»។ 5បន្ទាប់មក ខ្ញុំឮព្រះអង្គមានព្រះបន្ទូលទៅអ្នកឯទៀតៗថា៖ «ចូរដើរតាមក្រោយគាត់ ហើយប្រហារអ្នកក្រុងនេះទៅ កុំអាណិតមេត្តា និងត្រាប្រណីពួកគេឡើយ! 6ចូរសម្លាប់ពួកគេទាំងអស់គ្នាឲ្យផុតពូជ គឺទាំងចាស់ ទាំងកំលោះ ទាំងក្រមុំ ទាំងក្មេង ទាំងស្ត្រី តែកុំប៉ះពាល់អស់អ្នកដែលមានសញ្ញាជើងក្អែកឡើយ ។ ចូរចាប់ផ្ដើមពីទីសក្ការៈរបស់យើងទៅ!»។ អ្នកទាំងនោះក៏ចាប់ផ្ដើមសម្លាប់ពួកព្រឹទ្ធាចារ្យ* ដែលនៅខាងមុខព្រះដំណាក់។ 7ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ចូរធ្វើឲ្យព្រះដំណាក់ទៅជាសៅហ្មង ដោយទុកសាកសពចោលពាសពេញទីលាន រួចនាំគ្នាចេញទៅចុះ!»។ ពួកគេក៏ចេញទៅវាយប្រហារជីវិតប្រជាជននៅក្នុងទីក្រុង។
8ពេលអ្នកទាំងនោះប្រហារជីវិតប្រជាជន ខ្ញុំនៅតែម្នាក់ឯង ខ្ញុំក៏ក្រាបចុះ ឱនមុខដល់ដី ហើយស្រែកឡើងថា៖ «ព្រះជាអម្ចាស់អើយ តើព្រះអង្គជះព្រះពិរោធ មកលើក្រុងយេរូសាឡឹម ដោយប្រល័យជីវិតជនជាតិអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅសេសសល់ឬ?»។ 9ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ពូជពង្សអ៊ីស្រាអែល និងពូជពង្សយូដា មានកំហុសធ្ងន់ណាស់។ ពួកគេសម្លាប់គ្នាពាសពេញស្រុក ហើយអំពើទុច្ចរិតក៏មានពាសពេញទីក្រុងដែរ។ ពួកគេពោលថា “ព្រះអម្ចាស់បោះបង់ចោលស្រុកនេះហើយ ព្រះអម្ចាស់ទតអ្វីពុំឃើញទេ”។ 10ហេតុនេះ យើងមិនអាណិតអាសូរ និងត្រាប្រណីពួកគេឡើយ គឺយើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្ត»។ 11ពេលនោះ បុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសម្រាប់សរសេរ ទូលព្រះអង្គថា៖ «ទូលបង្គំបានធ្វើតាមបង្គាប់របស់ព្រះអង្គសព្វគ្រប់ហើយ»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 9: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.