ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ
កាលណាគេច្រូតស្រូវរួចរាល់ហើយ
អ្នកភ្ជួរក៏មកភ្ជួរភ្លាម។
ក្រោយពេលសាបព្រោះស្រូវរួចហើយ
អ្នកជាន់ផ្លែទំពាំងបាយជូរ
ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។
ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំ
យ៉ាងសម្បូណ៌ហូរហៀរ។
ពេលនោះ យើងនឹងនាំអ៊ីស្រាអែល
ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ
ឲ្យត្រឡប់មកវិញ។
ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត
ដើម្បីស្នាក់នៅ។
ពួកគេនឹងដាំទំពាំងបាយជូរ
ហើយផឹកស្រាពីចម្ការទំពាំងបាយជូរនោះ។
ពួកគេនឹងធ្វើចម្ការ ហើយបរិភោគ
ផលផ្លែពីចម្ការនោះដែរ។