អេម៉ុស 9
9
និមិត្តហេតុអស្ចារ្យចុងក្រោយ
1ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំឈរលើ
អាសនៈ ព្រះអង្គមានព្រះបន្ទូលថា៖
«ចូរវាយក្បាលសសរឲ្យកក្រើក
រហូតដល់ជើងសសរ!
ចូរកិនកម្ទេចមេដឹកនាំរបស់
ពួកគេទាំងអស់គ្នា!
យើងនឹងប្រហារបរិវាររបស់ពួកគេ
ឲ្យវិនាសដោយមុខដាវ
គ្មាននរណាម្នាក់អាចរត់គេចខ្លួន
គ្មាននរណាម្នាក់រួចជីវិតបានឡើយ។
2ទោះបីពួកគេចុះទៅដល់ស្ថានមនុស្សស្លាប់ក្ដី
ក៏យើងទៅអូសយកមកវិញ
ទោះបីពួកគេឡើងទៅដល់ស្ថានសួគ៌ក្ដី
ក៏យើងទាញទម្លាក់ចុះមកវិញដែរ។
3ទោះបីពួកគេទៅពួននៅកំពូលភ្នំកើមែលក្ដី
ក៏យើងទៅរកពួកគេ ហើយចាប់យកមកវិញ
ទោះបីពួកគេលាក់ខ្លួននៅបាតសមុទ្រ
ដើម្បីកុំឲ្យយើងឃើញក្ដី
ក៏យើងប្រើនាគឲ្យទៅខាំពួកគេដែរ។
4ទោះបីពួកគេត្រូវខ្មាំងកៀរទៅជាឈ្លើយក្ដី
ក៏យើងប្រើដាវឲ្យទៅតាមប្រហារពួកគេ
យើងនឹងតាមមើលពួកគេជានិច្ច
ដើម្បីធ្វើឲ្យពួកគេវេទនា
គឺមិនមែនផ្ដល់សេចក្ដីសុខទេ»។
5 ព្រះជាអម្ចាស់នៃពិភពទាំងមូលពាល់ផែនដី
នោះផែនដីរញ្ជួយញាប់ញ័រ
ប្រជាជនទាំងអស់នៅផែនដីនាំគ្នាកាន់ទុក្ខ។
ផែនដីកក្រើកឡើង ស្ងប់ទៅវិញ
ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង
រួចស្រកទៅវិញដែរ។
6ព្រះអង្គសង់ព្រះដំណាក់នៅលើមេឃ
ព្រះអង្គដាក់លំហអាកាសនៅលើផែនដី
ព្រះអង្គហៅទឹកសមុទ្រ
ឲ្យមកស្រោចស្រពផែនដី
ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
7«កូនចៅអ៊ីស្រាអែលអើយ
យើងមិនចាត់ទុកអ្នករាល់គ្នាប្រសើរជាង
ជនជាតិអេត្យូពីទេ។
យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប
ហើយយើងក៏បាននាំជនជាតិភីលីស្ទីន
ចេញពីស្រុកកាប់ថោរ
ព្រមទាំងនាំជនជាតិស៊ីរីចេញពីស្រុកគៀរ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
8យើងជាព្រះជាអម្ចាស់
យើងតាមមើលនគរដែលមានទោស
យើងនឹងកម្ទេចនគរនេះ
ឲ្យវិនាសបាត់ពីផែនដី។
ប៉ុន្តែ យើងនឹងមិនកម្ទេចកូនចៅលោកយ៉ាកុប
ឲ្យវិនាសសូន្យទាំងស្រុងទេ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9យើងបញ្ជាឲ្យគេរែងពូជពង្សអ៊ីស្រាអែល
ក្នុងចំណោមប្រជាជាតិទាំងអស់
ដូចគេរែងយកថ្មចេញពីអង្ករ។
សូម្បីតែក្រួសតូចមួយ ក៏មិនឲ្យជ្រុះដល់ដីដែរ។
10មនុស្សបាបក្នុងចំណោមប្រជារាស្ត្ររបស់យើង
នឹងត្រូវស្លាប់ដោយមុខដាវទាំងអស់គ្នា
អ្នកទាំងនោះពោលថា:
“ព្រះអង្គមិនធ្វើឲ្យទុក្ខវេទនាចូលមកជិត
ឬកើតមានដល់ពួកយើងឡើយ”។
ព្រះបន្ទូលសន្យាស្ដារស្រុកអ៊ីស្រាអែលឡើងវិញ
11 «នៅថ្ងៃនោះ យើងនឹងលើកខ្ទមរបស់ដាវីឌ
ដែលជិតរលំទៅហើយនោះឡើងវិញ
យើងនឹងជួសជុលកន្លែងធ្លុះធ្លាយ
យើងនឹងលើកកន្លែងដែលរលំបាក់បែក
ហើយសង់ខ្ទមនោះឲ្យបានល្អដូចដើមវិញ
12ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាប់យក
ស្រុកអេដុមដែលនៅសេសសល់
ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់
ដែលជាកម្មសិទ្ធិរបស់យើងកាលពីដើម»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ដែលនឹងសម្រេចការទាំងនោះ។
13 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ
កាលណាគេច្រូតស្រូវរួចរាល់ហើយ
អ្នកភ្ជួរក៏មកភ្ជួរភ្លាម។
ក្រោយពេលសាបព្រោះស្រូវរួចហើយ
អ្នកជាន់ផ្លែទំពាំងបាយជូរ
ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។
ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំ
យ៉ាងសម្បូណ៌ហូរហៀរ។
14ពេលនោះ យើងនឹងនាំអ៊ីស្រាអែល
ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ
ឲ្យត្រឡប់មកវិញ។
ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត
ដើម្បីស្នាក់នៅ។
ពួកគេនឹងដាំទំពាំងបាយជូរ
ហើយផឹកស្រាពីចម្ការទំពាំងបាយជូរនោះ។
ពួកគេនឹងធ្វើចម្ការ ហើយបរិភោគ
ផលផ្លែពីចម្ការនោះដែរ។
15យើងនឹងឲ្យពួកគេរស់នៅយ៉ាងស្ថិតស្ថេរ
លើទឹកដីរបស់ខ្លួន
គ្មាននរណាអាចបណ្ដេញពួកគេចេញពីស្រុក
ដែលយើងបានប្រគល់ឲ្យពួកគេ
នេះទៀតឡើយ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះរបស់អ្នក។
ទើបបានជ្រើសរើសហើយ៖
អេម៉ុស 9: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.