ខណៈនោះ សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលបានឡើងផុតពីចេរូប៊ីន ជាកន្លែងដែលធ្លាប់សណ្ឋិតនៅទៅដល់មាត់ទ្វារព្រះវិហារ ព្រះអង្គមានព្រះបន្ទូលហៅអ្នកម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរដើរបង្ហូតទីក្រុង គឺបង្ហូតកណ្ដាលក្រុងយេរូសាឡិមទៅ ហើយធ្វើទីសម្គាល់នៅថ្ងាសរបស់ពួកមនុស្សដែលដកដង្ហើមធំ ហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង»