លោកុប្បត្តិ 21
21
កំណើតអ៊ីសាក
1ព្រះយេហូវ៉ាបានប្រោសប្រណីដល់សារ៉ា ដូចដែលព្រះអង្គបានមានបន្ទូល ហើយព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះសារ៉ា ដូចដែលព្រះអង្គបានសន្យាទុក។ 2សារ៉ាក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់ឲ្យអ័ប្រាហាំក្នុងវ័យជរារបស់គាត់ តាមពេលកំណត់ដែលព្រះបានសន្យាដល់គាត់។ 3អ័ប្រាហាំដាក់ឈ្មោះកូនប្រុសរបស់គាត់ដែលកើតមកដល់គាត់ គឺកូនដែលសារ៉ាបង្កើតឲ្យគាត់នោះថា អ៊ីសាក។ 4លុះថ្ងៃទីប្រាំបីក្រោយពីអ៊ីសាកកូនប្រុសរបស់គាត់កើតមក អ័ប្រាហាំក៏ធ្វើពិធីកាត់ស្បែកឲ្យវា ដូចដែលព្រះបានបង្គាប់គាត់។ 5កាលអ៊ីសាកកូនប្រុសរបស់គាត់កើតមកដល់គាត់ អ័ប្រាហាំមានអាយុមួយរយឆ្នាំហើយ។
6សារ៉ាពោលថា៖ “ព្រះបានធ្វើឲ្យខ្ញុំសើចហើយ មនុស្សទាំងអស់ដែលឮនឹងសើចជាមួយខ្ញុំដែរ”។ 7នាងពោលទៀតថា៖ “តើនរណាបាននិយាយនឹងអ័ប្រាហាំថាសារ៉ានឹងបំបៅកូន? ប៉ុន្តែខ្ញុំបានបង្កើតកូនប្រុសម្នាក់ក្នុងវ័យជរារបស់គាត់”។
ហាការ និងអ៊ីសម៉ាអែលត្រូវបណ្ដេញចេញ
8កូននោះបានធំឡើង ហើយត្រូវផ្ដាច់ដោះ។ នៅថ្ងៃដែលអ៊ីសាកត្រូវផ្ដាច់ដោះ អ័ប្រាហាំក៏រៀបចំពិធីជប់លៀងដ៏ធំ។ 9សារ៉ាឃើញកូនប្រុសរបស់ហាការជាជនជាតិអេហ្ស៊ីបដែលនាងបានបង្កើតឲ្យអ័ប្រាហាំ កំពុងសើចចំអក#21:9 សើចចំអក―ឯកសារបុរាណខ្លះថា “លេងជាមួយអ៊ីសាកកូនប្រុសរបស់នាង”។ 10នាងក៏និយាយនឹងអ័ប្រាហាំថា៖ “ចូរបណ្ដេញស្ត្រីដែលជាបាវបម្រើ និងកូនរបស់នាងចេញទៅ! ដ្បិតកូនរបស់ស្ត្រីដែលជាបាវបម្រើនោះ មិនត្រូវទទួលមរតកជាមួយអ៊ីសាកកូនរបស់ខ្ញុំទាល់តែសោះ”។ 11ការនេះជាការគួរឲ្យព្រួយចិត្តយ៉ាងខ្លាំងក្នុងភ្នែករបស់អ័ប្រាហាំ ដោយព្រោះកូនប្រុសរបស់គាត់។ 12ប៉ុន្តែព្រះមានបន្ទូលនឹងអ័ប្រាហាំថា៖ “កុំព្រួយចិត្តអំពីក្មេងប្រុស និងស្ត្រីដែលជាបាវបម្រើរបស់អ្នកឡើយ។ ក្នុងការទាំងអស់ដែលសារ៉ាបានប្រាប់អ្នក ចូរស្ដាប់តាមសំឡេងរបស់នាងចុះ ដ្បិតពូជពង្សរបស់អ្នកនឹងត្រូវបានហៅឈ្មោះតាមរយៈអ៊ីសាក។ 13រីឯកូនរបស់ស្ត្រីដែលជាបាវបម្រើវិញ យើងនឹងធ្វើឲ្យវាទៅជាប្រជាជាតិមួយដែរ ពីព្រោះវាជាពូជពង្សរបស់អ្នក”។
14ដូច្នេះ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងទឹកមួយថង់ស្បែក ហើយប្រគល់ទៅហាការដោយដាក់លើស្មានាង ព្រមទាំងប្រគល់កូនទៅនាងផង រួចបញ្ជូននាងទៅ នាងក៏ចេញទៅ ហើយវង្វេងនៅក្នុងទីរហោស្ថានបៀរ-សេបា។ 15ពេលទឹកក្នុងថង់ស្បែកអស់ នាងក៏ទុកកូនចោលនៅក្រោមគុម្ពោតមួយ 16ហើយទៅអង្គុយតែម្នាក់ឯងទាំងបែរមុខទៅកូន ចម្ងាយប្រមាណមួយបាញ់ធ្នូ ដ្បិតនាងគិតថា៖ “កុំឲ្យខ្ញុំឃើញការស្លាប់របស់កូននេះឡើយ”។ ដូច្នេះ នាងក៏អង្គុយបែរមុខទៅកូន ហើយបន្លឺសំឡេងឡើង ទាំងយំសោក។
17ព្រះទ្រង់ឮសំឡេងរបស់ក្មេងប្រុសនោះ ហើយទូតសួគ៌របស់ព្រះក៏ហៅហាការពីលើមេឃមក និយាយនឹងនាងថា៖ “ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចឡើយ ដ្បិតព្រះទ្រង់ឮសំឡេងរបស់ក្មេងប្រុសនោះ ពីកន្លែងវាហើយ។ 18ចូរក្រោកឡើងទៅលើកក្មេងប្រុសឡើង ហើយត្រកងវាដោយដៃនាងចុះ ដ្បិតយើងនឹងធ្វើឲ្យវាទៅជាប្រជាជាតិដ៏ធំមួយ”។ 19ពេលនោះ ព្រះទ្រង់បើកភ្នែករបស់នាង នោះនាងឃើញអណ្ដូងទឹកមួយ នាងក៏ទៅដងទឹកឲ្យពេញថង់ស្បែក ហើយឲ្យក្មេងប្រុសផឹក។ 20ព្រះបានគង់នៅជាមួយក្មេងប្រុសនោះ ហើយវាក៏ធំឡើង។ វារស់នៅក្នុងទីរហោស្ថាន ហើយក្លាយជាអ្នកបាញ់ធ្នូ។ 21វារស់នៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្ដាយរបស់វាក៏យកប្រពន្ធពីដែនដីអេហ្ស៊ីបឲ្យវា។
សន្ធិសញ្ញារវាងអ័ប្រាហាំ និងអ័ប៊ីម្ម៉ាឡិច
22កាលនោះមានកើតឡើងដូច្នេះ: អ័ប៊ីម្ម៉ាឡិច និងភីកុលមេទ័ពរបស់ទ្រង់ និយាយនឹងអ័ប្រាហាំថា៖ “ព្រះទ្រង់គង់នៅជាមួយអ្នកក្នុងការទាំងអស់ដែលអ្នកធ្វើ។ 23ដូច្នេះឥឡូវនេះ ចូរស្បថនឹងយើងនៅទីនេះដោយអាងព្រះថា អ្នកនឹងមិនប្រព្រឹត្តដោយឧបាយកលទាស់នឹងយើង ឬកូនរបស់យើង ឬចៅរបស់យើងឡើយ។ ដូចដែលយើងបានប្រព្រឹត្តដល់អ្នកដោយសេចក្ដីមេត្តាយ៉ាងណា អ្នកត្រូវប្រព្រឹត្តដល់យើង និងទឹកដីដែលអ្នកបានរស់នៅបណ្ដោះអាសន្ននេះយ៉ាងនោះដែរ”។
24អ័ប្រាហាំទូលតបថា៖ “ខ្ញុំព្រះបាទសូមស្បថ”។ 25ក្នុងពេលជាមួយគ្នា អ័ប្រាហាំក៏បន្ទោសអ័ប៊ីម្ម៉ាឡិចអំពីអណ្ដូងទឹកដែលពួកបាវបម្រើរបស់អ័ប៊ីម្ម៉ាឡិចបានដណ្ដើមយក។
26អ័ប៊ីម្ម៉ាឡិចក៏តបថា៖ “យើងមិនដឹងថាអ្នកណាបានធ្វើរឿងនេះទេ ហើយអ្នកក៏មិនបានប្រាប់យើងដែរ ដូច្នេះយើងមិនបានឮរហូតដល់ថ្ងៃនេះ”។
27បន្ទាប់មក អ័ប្រាហាំនាំចៀម និងគោមកថ្វាយអ័ប៊ីម្ម៉ាឡិច ហើយពួកគេទាំងពីរក៏ចុះសន្ធិសញ្ញាជាមួយគ្នា។ 28រួចអ័ប្រាហាំដាក់កូនចៀមញីប្រាំពីរដោយឡែកពីហ្វូងចៀម។ 29អ័ប៊ីម្ម៉ាឡិចក៏សួរអ័ប្រាហាំថា៖ “តើកូនចៀមញីទាំងប្រាំពីរនេះដែលអ្នកបានដាក់ដោយឡែក មានន័យដូចម្ដេច?”។
30គាត់ទូលថា៖ “សូមព្រះករុណាទទួលយកកូនចៀមញីទាំងប្រាំពីរនេះពីដៃរបស់ខ្ញុំព្រះបាទចុះ ដើម្បីជាទីបន្ទាល់ដល់ខ្ញុំព្រះបាទថា ខ្ញុំព្រះបាទបានជីកអណ្ដូងនេះ”។ 31ដោយហេតុនេះ គាត់ដាក់ឈ្មោះកន្លែងនោះថាបៀរ-សេបា ពីព្រោះពួកគេទាំងពីរបានស្បថនៅទីនោះ។ 32គឺយ៉ាងនេះឯងដែលពួកគេចុះសន្ធិសញ្ញាជាមួយគ្នានៅបៀរ-សេបា រួចអ័ប៊ីម្ម៉ាឡិច និងភីកុលមេទ័ពរបស់ទ្រង់ ក៏ក្រោកឡើងត្រឡប់ទៅដែនដីភីលីស្ទីនវិញ។
33អ័ប្រាហាំបានដាំដើមតាម៉ារីសនៅបៀរ-សេបា ហើយនៅទីនោះ គាត់ស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ាជាព្រះដ៏អស់កល្បជានិច្ច។ 34រួចអ័ប្រាហាំបានរស់នៅបណ្ដោះអាសន្នក្នុងដែនដីភីលីស្ទីនជាយូរថ្ងៃ៕
Nke Ahọpụtara Ugbu A:
លោកុប្បត្តិ 21: GKHB
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative