លោកុប្បត្តិ 19
19
ការបំផ្លាញសូដុម និងកូម៉ូរ៉ា
1រីឯទូតសួគ៌ទាំងពីរនោះមកដល់សូដុមនៅពេលល្ងាច ពេលនោះឡុតកំពុងអង្គុយនៅខ្លោងទ្វារក្រុងសូដុម។ នៅពេលឡុតឃើញពួកគេ គាត់ក៏ក្រោកឡើងទៅទទួលពួកគេ ហើយក្រាបមុខដល់ដី 2រួចនិយាយថា៖ “មើល៍! លោកម្ចាស់របស់ខ្ញុំអើយ សូមបែរចូលទៅក្នុងផ្ទះរបស់បាវបម្រើពួកលោក ហើយស្នាក់នៅមួយយប់ ព្រមទាំងលាងជើងពួកលោកសិនចុះ រួចសឹមក្រោកឡើងទៅតាមផ្លូវរបស់ពួកលោកចុះ”។
ប៉ុន្តែពួកគេតបថា៖ “ទេ យើងនឹងស្នាក់នៅមួយយប់ក្នុងទីធ្លាក្រុង”។ 3ប៉ុន្តែឡុតទទូចដល់ពួកគេយ៉ាងខ្លាំង ដូច្នេះពួកគេក៏បែរទៅជាមួយគាត់ ហើយចូលក្នុងផ្ទះរបស់គាត់។ គាត់ក៏រៀបចំពិធីជប់លៀងសម្រាប់ពួកគេ ហើយដុតនំប៉័ងឥតមេ នោះពួកគេក៏ហូប។
4កាលពួកគេមិនទាន់ដេកនៅឡើយ អ្នកក្រុងនោះជាពួកប្រុសៗនៅសូដុមទាំងក្មេងទាំងចាស់ គឺប្រជាជនទាំងអស់ពីទូទាំងទីក្រុង បានឡោមព័ទ្ធជុំវិញផ្ទះឡុត។ 5ពួកគេស្រែកហៅឡុតដោយថា៖ “តើមនុស្សដែលមករកអ្នកឯងយប់នេះនៅឯណា? ចូរនាំពួកគេមកឯយើង ដើម្បីឲ្យយើងរួមដំណេកជាមួយពួកគេ!”។
6ឡុតក៏ចេញទៅឯពួកគេនៅមាត់ទ្វារ ព្រមទាំងបិទទ្វារពីក្រោយខ្នងផង 7ហើយនិយាយថា៖ “បងប្អូនរបស់ខ្ញុំអើយ សូមកុំធ្វើការអាក្រក់ឡើយ។ 8មើល៍! ខ្ញុំមានកូនស្រីពីរនាក់ដែលមិនទាន់រួមដំណេកជាមួយប្រុសណានៅឡើយ សូមឲ្យខ្ញុំនាំពួកនាងមកឯអ្នករាល់គ្នា ហើយចូរប្រព្រឹត្តដល់ពួកនាងតាមដែលល្អក្នុងភ្នែករបស់អ្នករាល់គ្នាចុះ ប៉ុន្តែកុំធ្វើអ្វីដល់មនុស្សទាំងនេះឡើយ ដ្បិតពួកគេបានមកក្រោមម្លប់នៃដំបូលផ្ទះខ្ញុំ”។
9ប៉ុន្តែពួកគេតបថា៖ “ថយចេញទៅ!” រួចនិយាយទៀតថា៖ “ម្នាក់នេះបានមកដើម្បីរស់នៅបណ្ដោះអាសន្ន ហើយវាចង់ធ្វើជាចៅក្រមទៀត! ឥឡូវនេះ យើងនឹងធ្វើអាក្រក់ដល់អ្នកឯងជាងពួកគេទៅទៀត”។ ពួកគេក៏ប្រជ្រៀតឡុតយ៉ាងខ្លាំង ព្រមទាំងចូលមកជិតដើម្បីទម្លាយទ្វារ។ 10ទូតសួគ៌ទាំងពីរនោះក៏លូកដៃទាញឡុតចូលមកក្នុងផ្ទះវិញ រួចបិទទ្វារ។ 11បន្ទាប់មក ពួកទូតសួគ៌ក៏វាយពួកមនុស្សដែលនៅមាត់ទ្វារផ្ទះដោយភាពងងឹតភ្នែកទាំងក្មេងទាំងចាស់ ដូច្នេះពួកគេនឿយណាយនឹងរកមាត់ទ្វារ។
12ពួកទូតសួគ៌និយាយនឹងឡុតថា៖ “តើមានអ្នកណាទៀតនៅទីនេះជាមួយអ្នក? ចូរនាំកូនប្រសាប្រុស កូនប្រុស និងកូនស្រីរបស់អ្នក ព្រមទាំងអស់អ្នកដែលនៅជាមួយអ្នកក្នុងទីក្រុងនេះ ចេញពីកន្លែងនេះទៅ! 13ដ្បិតយើងនឹងបំផ្លាញកន្លែងនេះ ពីព្រោះសម្រែករបស់ទីក្រុងនេះឮយ៉ាងខ្លាំងនៅចំពោះព្រះយេហូវ៉ា ដូច្នេះព្រះយេហូវ៉ាបានចាត់យើងឲ្យមកបំផ្លាញវា”។
14ឡុតក៏ចេញទៅប្រាប់ពួកកូនប្រសាប្រុសរបស់គាត់ដែលនឹងយកកូនស្រីគាត់ថា៖ “ចូរក្រោកឡើងចេញពីកន្លែងនេះទៅ ដ្បិតព្រះយេហូវ៉ានឹងបំផ្លាញទីក្រុងនេះហើយ”។ ប៉ុន្តែក្នុងភ្នែករបស់ពួកកូនប្រសាប្រុសរបស់គាត់ ហាក់ដូចជាគាត់និយាយលេង។
15លុះអរុណរះឡើង ពួកទូតសួគ៌ក៏តឿនឡុតថា៖ “ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកដែលនៅទីនេះចេញទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះ”។ 16ប៉ុន្តែឡុតបានបង្អែបង្អង់ នោះពួកទូតសួគ៌ក៏ចាប់ដៃរបស់គាត់ ព្រមទាំងដៃរបស់ប្រពន្ធគាត់ និងដៃរបស់កូនស្រីទាំងពីរ ហើយដោយសារតែព្រះហឫទ័យអាណិតអាសូររបស់ព្រះយេហូវ៉ាដល់គាត់ ពួកគេក៏នាំគាត់ចេញទៅ ហើយដាក់គាត់នៅខាងក្រៅទីក្រុង។
17កាលទូតសួគ៌ទាំងនោះបាននាំពួកគេមកខាងក្រៅ ទូតសួគ៌មួយរូបក៏និយាយថា៖ “ចូររត់គេចឲ្យរួចជីវិតទៅ! កុំមើលក្រោយ ហើយកុំឈប់នៅកន្លែងណាមួយក្នុងវាលទំនាបឡើយ។ ចូររត់គេចទៅតំបន់ភ្នំទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញ!”។
18ប៉ុន្តែឡុតនិយាយនឹងពួកគេថា៖ “ទេ! លោកម្ចាស់នៃខ្ញុំអើយ។ 19មើល៍! បាវបម្រើរបស់លោករកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក ហើយលោកក៏បានពង្រីកសេចក្ដីសប្បុរសរបស់លោកដែលសម្ដែងដល់ខ្ញុំដើម្បីរក្សាជីវិតរបស់ខ្ញុំដែរ។ យ៉ាងណាមិញ ខ្ញុំមិនអាចរត់គេចទៅតំបន់ភ្នំបានទេ ក្រែងលោមហន្តរាយតាមខ្ញុំទាន់ នោះខ្ញុំនឹងស្លាប់។ 20មើល៍! ទីក្រុងនេះនៅជិតល្មមនឹងរត់គេចទៅទីនោះបាន ហើយវាក៏តូចដែរ។ សូមឲ្យខ្ញុំរត់គេចទៅទីនោះទៅ——តើវាមិនតូចទេឬ? នោះខ្ញុំនឹងរួចជីវិត”។
21ទូតសួគ៌តបនឹងគាត់ថា៖ “មើល៍! យើងយល់ព្រមនឹងអ្នកចំពោះការនេះថា យើងមិនរំលាយទីក្រុងដែលអ្នកបាននិយាយនោះឡើយ។ 22ចូរប្រញាប់រត់គេចទៅទីនោះទៅ ដ្បិតយើងមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកទៅដល់ទីនោះសិន”។ ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថា សូអារ។
23ពេលឡុតបានទៅដល់សូអារ ព្រះអាទិត្យបានរះលើផែនដីហើយ។ 24ពេលនោះ ព្រះយេហូវ៉ាបានបង្អុរស្ពាន់ធ័រ និងភ្លើងទៅលើសូដុម និងកូម៉ូរ៉ា គឺវាចុះមកពីព្រះយេហូវ៉ា ពីលើមេឃ។ 25ព្រះអង្គបានរំលាយទីក្រុងទាំងនោះ និងវាលទំនាបទាំងមូល ព្រមទាំងមនុស្សទាំងអស់ដែលរស់នៅទីក្រុងទាំងនោះ និងអ្វីដែលដុះនៅដីផង។ 26រីឯប្រពន្ធរបស់ឡុតដែលនៅខាងក្រោយគាត់ បានមើលក្រោយ នោះនាងក៏ក្លាយជាបង្គោលអំបិល។
27អ័ប្រាហាំក្រោកឡើងពីព្រលឹម ទៅកន្លែងដែលគាត់បានឈរនៅចំពោះព្រះយេហូវ៉ា។ 28គាត់អើតមើលសូដុម និងកូម៉ូរ៉ា ព្រមទាំងផ្ទៃដីទាំងមូលនៃវាលទំនាប នោះមើល៍! គាត់ក៏ឃើញផ្សែងពីដី ហុយឡើងដូចជាផ្សែងពីឡភ្លើង។ 29នៅពេលព្រះបំផ្លាញទីក្រុងនានានៃវាលទំនាប ព្រះបាននឹកចាំអំពីអ័ប្រាហាំ ព្រះអង្គក៏នាំឡុតចេញពីកណ្ដាលមហន្តរាយ ពេលរំលាយទីក្រុងនានាដែលឡុតបានរស់នៅនោះ។
ដើមកំណើតរបស់ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន
30ឡុតក៏ឡើងពីសូអារមករស់នៅក្នុងតំបន់ភ្នំជាមួយកូនស្រីទាំងពីររបស់គាត់ ពីព្រោះគាត់ខ្លាចនឹងរស់នៅសូអារ។ ដូច្នេះ គាត់ក៏រស់នៅក្នុងរអាងភ្នំជាមួយកូនស្រីទាំងពីររបស់គាត់។ 31ពេលនោះ នាងបងនិយាយនឹងប្អូនថា៖ “ឪពុករបស់យើងចាស់ហើយ ក៏គ្មានមនុស្សប្រុសក្នុងស្រុកនេះចូលមកឯយើងតាមរបៀបពិភពលោកនេះដែរ។ 32មក៍! ចូរឲ្យយើងបំផឹកស្រាឪពុករបស់យើង ហើយរួមដំណេកជាមួយគាត់ទៅ ដើម្បីឲ្យយើងបានរក្សាពូជតាមរយៈឪពុករបស់យើង”។ 33ដូច្នេះនៅយប់នោះ ពួកនាងក៏បំផឹកស្រាឪពុករបស់ខ្លួន រួចនាងបងចូលទៅរួមដំណេកជាមួយឪពុករបស់ខ្លួន។ ប៉ុន្តែឪពុកមិនបានដឹងថានាងដេកពេលណា ឬក្រោកឡើងពេលណាឡើយ។
34នៅថ្ងៃបន្ទាប់ នាងបងនិយាយនឹងប្អូនថា៖ “មើល៍! យប់មិញបងបានរួមដំណេកជាមួយឪពុកហើយ។ យប់នេះ ចូរឲ្យយើងបំផឹកស្រាគាត់ទៀត រួចឯងចូលទៅរួមដំណេកជាមួយគាត់ចុះ ដើម្បីឲ្យយើងបានរក្សាពូជតាមរយៈឪពុករបស់យើង”។ 35ដូច្នេះនៅយប់នោះ ពួកនាងក៏បំផឹកស្រាឪពុករបស់ខ្លួនទៀត រួចនាងប្អូនក្រោកឡើងទៅរួមដំណេកជាមួយឪពុករបស់ខ្លួន។ ប៉ុន្តែឪពុកមិនបានដឹងថានាងដេកពេលណា ឬក្រោកឡើងពេលណាឡើយ។
36គឺយ៉ាងនេះឯងដែលកូនស្រីទាំងពីររបស់ឡុតមានផ្ទៃពោះជាមួយឪពុករបស់ខ្លួន។ 37នាងបងបង្កើតបានកូនប្រុសម្នាក់ ហើយដាក់ឈ្មោះវាថា ម៉ូអាប់។ គាត់ជាឪពុកនៃជនជាតិម៉ូអាប់នៅសព្វថ្ងៃ។ 38រីឯនាងប្អូនក៏បង្កើតបានកូនប្រុសម្នាក់ដែរ ហើយដាក់ឈ្មោះវាថា បេន-អាំមី។ គាត់ជាឪពុកនៃកូនចៅអាំម៉ូននៅសព្វថ្ងៃ៕
Nke Ahọpụtara Ugbu A:
លោកុប្បត្តិ 19: GKHB
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative