លោកុប្បត្តិ 15
15
សម្ពន្ធមេត្រីរវាងព្រះ និងអាប់រ៉ាម
1ក្រោយពីហេតុការណ៍ទាំងនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់អាប់រ៉ាមក្នុងនិមិត្តថា៖
“អាប់រ៉ាមអើយ កុំខ្លាចឡើយ!
យើងជាខែលដល់អ្នក។
រង្វាន់របស់អ្នកធំណាស់”។
2ប៉ុន្តែអាប់រ៉ាមទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងប្រទានដល់ទូលបង្គំធ្វើអី បើទូលបង្គំនៅតែគ្មានកូន ហើយអ្នកទទួលផ្ទះទូលបង្គំជាមរតក គឺអេលាស៊ើរអ្នកដាម៉ាស់វិញ?”។ 3អាប់រ៉ាមទូលទៀតថា៖ “មើល៍! ព្រះអង្គមិនបានប្រទានកូនឲ្យទូលបង្គំសោះ ដូច្នេះមើល៍! កូនរបស់អ្នកផ្ទះទូលបង្គំនឹងទៅជាអ្នកទទួលមរតករបស់ទូលបង្គំវិញ”។
4នោះមើល៍! ព្រះបន្ទូលរបស់ព្រះយេហូវ៉ាមកដល់គាត់ថា៖ “ម្នាក់នេះនឹងមិនបានទៅជាអ្នកទទួលមរតករបស់អ្នកឡើយ គឺអ្នកដែលកើតចេញពីខ្លួនរបស់អ្នកវិញ ដែលនឹងទៅជាអ្នកទទួលមរតករបស់អ្នក”។ 5ព្រះអង្គក៏នាំគាត់ចេញទៅខាងក្រៅ ហើយមានបន្ទូលថា៖ “ចូរមើលទៅមេឃ ហើយរាប់ផ្កាយចុះ ប្រសិនបើអ្នកអាចរាប់ផ្កាយទាំងនោះបាន!”។ ព្រះអង្គមានបន្ទូលនឹងគាត់ទៀតថា៖ “ពូជពង្សរបស់អ្នកនឹងបានដូច្នោះ”។
6អាប់រ៉ាមបានជឿលើព្រះយេហូវ៉ា ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់។
7ព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “យើងជាយេហូវ៉ាដែលនាំអ្នកចេញមកពីអ៊ើរនៃជនជាតិខាល់ដេ ដើម្បីប្រគល់ទឹកដីនេះដល់អ្នក ឲ្យកាន់កាប់វា”។
8អាប់រ៉ាមទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាអើយ តើទូលបង្គំអាចដឹងដូចម្ដេចថាទូលបង្គំនឹងកាន់កាប់ទឹកដីនេះ?”។
9ព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “ចូរយកគោក្រមុំមួយក្បាលអាយុបីខួប ពពែញីមួយក្បាលអាយុបីខួប ចៀមឈ្មោលមួយក្បាលអាយុបីខួប លលកមួយក្បាល និងកូនព្រាបមួយក្បាលមកឲ្យយើង”។
10គាត់ក៏យកសត្វទាំងអស់នោះថ្វាយព្រះអង្គ ហើយពុះវាជាពីរចំកណ្ដាល រួចដាក់ចំហៀងនីមួយៗប្រទល់គ្នា រីឯសត្វស្លាបវិញ គាត់មិនបានពុះជាពីរទេ។ 11នៅពេលមានសត្វហើរចាប់រំពាចុះមកលើសាកសពទាំងនោះ អាប់រ៉ាមក៏ដេញវាចេញ។ 12លុះថ្ងៃជិតលិច ការលង់លក់បានធ្លាក់មកលើអាប់រ៉ាម នោះមើល៍! សេចក្ដីភ័យរន្ធត់ និងភាពងងឹតយ៉ាងខ្លាំងបានធ្លាក់មកលើគាត់!
13ពេលនោះ ព្រះអង្គមានបន្ទូលនឹងអាប់រ៉ាមថា៖ “អ្នកត្រូវដឹងជាប្រាកដថា ពូជពង្សរបស់អ្នកនឹងជាជនអន្តោប្រវេសន៍ក្នុងស្រុកដែលមិនមែនជារបស់ខ្លួន ហើយត្រូវបម្រើអ្នកស្រុកនោះ។ អ្នកស្រុកនោះនឹងធ្វើបាបពួកគេបួនរយឆ្នាំ។ 14ប៉ុន្តែយើងនឹងដាក់ទោសប្រជាជាតិដែលពួកគេបម្រើនោះ ហើយបន្ទាប់ពីការទាំងនេះ ពួកគេនឹងចេញមកជាមួយទ្រព្យសម្បត្តិជាច្រើន។ 15រីឯអ្នកវិញ អ្នកនឹងទៅឯពួកដូនតារបស់អ្នកដោយសុខសាន្ត អ្នកនឹងត្រូវគេបញ្ចុះក្រោយពីមានអាយុវែងល្អ។ 16នៅជំនាន់ទីបួន ទើបពួកគេត្រឡប់មកទីនេះវិញ ដ្បិតសេចក្ដីទុច្ចរិតរបស់ជនជាតិអាម៉ូរីមិនទាន់ពេញនៅឡើយ”។
17ពេលថ្ងៃលិចផុតទៅ វាក៏ងងឹត នោះមើល៍! មានឡភ្លើងដែលហុយផ្សែង និងចន្លុះដែលមានអណ្ដាតភ្លើងបានឆ្លងកាត់នៅចន្លោះដុំសាច់ទាំងនោះ! 18នៅថ្ងៃនោះ ព្រះយេហូវ៉ាបានតាំងសម្ពន្ធមេត្រីមួយជាមួយអាប់រ៉ាមដោយមានបន្ទូលថា៖ “យើងបានប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក ចាប់ពីទន្លេអេហ្ស៊ីបរហូតដល់ទន្លេធំ គឺទន្លេអ៊ើប្រាត 19ដោយមានទឹកដីរបស់#15:19 ទឹកដីរបស់―ជាពាក្យជំនួយ។ជនជាតិកែន ជនជាតិគេនិស៊ីត ជនជាតិកាត់ម៉ូនី 20ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិរេផែម#15:20 ជនជាតិរេផែម―ឬ “មនុស្សធំសម្បើម”។ 21ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិគើកាស៊ី និងជនជាតិយេប៊ូស”៕
Nke Ahọpụtara Ugbu A:
លោកុប្បត្តិ 15: GKHB
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative